អានតួអត្ថបទ

លោក​សម រង្ស៊ី​ ប្រាប់ឲ្យ​សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង​តែមួយ​ពេល​បោះឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ

នៅថ្ងៃ​ទី​១១ ​ខែ​មករា ​ឆ្នាំ​២០២៤ ​លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​បាន​អំពាវនាវ​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​រួបរួមគ្នា ​និង​ឈប់​វាយប្រហារ​គ្នា​។ ការ​ចេញសារ​ជាលើក​ទីពីរ​របស់​លោក ​សម រង្ស៊ី ​ធ្វើឡើង​ក្នុង​គោលដៅ​ឲ្យ​គណបក្ស​ប្រឆាំង​ចំនួន​៣​នៅ​កម្ពុជា​រួមគ្នា​តែមួយ​ ដើម្បី​យក​ជ័យជម្នះ​លើការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៤​នេះ​។

លោក សម រង្ស៊ី អំពាវនាវឲ្យគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិរួមគ្នា
ឡូហ្គោគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តង​ទៀត ​លោក សម រង្ស៊ី ​ប្រធានស្តីទីអតីត​គណបក្សសង្គ្រោះជាតិ ​បានប្រាប់កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់នៅក្នុង​ប្រទេសកម្ពុជា​ឲ្យសហការគ្នា​លើកកម្ពស់លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា​។​ ក្នុងន័យនេះ ​លោកបានស្នើ​ឲ្យអ្នកគាំទ្រ​គណបក្សប្រឆាំង​ចំនួនបី គឺ​គណបក្សភ្លើងទៀន ​គណបក្សកម្លាំងជាតិ​ និងគណបក្សឆន្ទៈខ្មែរ​ រក្សាភាពស្មោះត្រង់​ចំពោះជាតិ និង​ប្រជាជន រក្សា​ឧត្តមគតិដើម​ ឈរលើសីលធម៌​ សច្ចធម៌ និង​យុត្តិធម៌​។

នៅក្នុងលិខិត​បង្ហោះតាម​ហ្វេសប៊ុកពី​ទីក្រុងប៉ារីស ​ប្រទេសបារាំង​ លោក សម រង្ស៊ី ​បានពន្យល់ទៅកាន់​អ្នកគាំទ្រគណបក្ស​ទាំងបីថា ​ឧត្តមគតិដើម ​គឺជារឿងសំខាន់​ដែលធ្វើឲ្យព្រលឹង​ជាតិរស់រវើក​ជានិច្ច​។ ​លោក សម រង្ស៊ី បានបញ្ជាក់​ថា ឈ្មោះគណបក្ស​ដែលអ្នកគាំទ្រ​កំពុងប្រទាញប្រទង់​គ្នាមិនសំខាន់ ​និង​ណែនាំឲ្យសហការ​គ្នារវាងគណបក្ស​កម្លាំងជាតិ ​និងគណបក្ស​ឆន្ទៈខ្មែរ ​ក្នុងការចូលរួម​បោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភានៅ​ខែកុម្ភៈខាងមុខ​ ដោយចៀសវាង​ការប្រកួតប្រជែងគ្នា​នៅតាមភូមិភាគ​នីមួយៗ​ដែលនាំឲ្យ​បរាជ័យ​ទាំងអស់គ្នា​។

មេដឹកនាំបក្ស​ប្រឆាំងចាស់វស្សា​រូបនេះ ក៏បាន​ប្រាប់ទៅអង្គបោះឆ្នោត​គណបក្សភ្លើងទៀន ​ដែលមិនមានសិទ្ធិ​ចូលរួមបោះឆ្នោត​ព្រឹទ្ធសភានោះ ​ឲ្យប្រកាន់ខ្ជាប់​នូវវិន័យ ​បោះឆ្នោតដោយ​សម្ងាត់តាម​សម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ ឲ្យ​គណបក្សប្រជាធិបតេយ្យ​ណាមួយ​រវាងគណបក្ស​កម្លាំងជាតិ និង​គណបក្សឆន្ទៈខ្មែរ​នៅតាមភូមិភាគ​នីមួយៗ​។

ជុំវិញសារ​អំពាវនាវជាថ្មី​របស់លោក សម រង្ស៊ី​ពេលនេះ ​អ្នកនយោបាយ​គណបក្សប្រឆាំង​ទាំងពីរក្រុម​នៅមិនទាន់​មានអត្ថាធិប្បាយ​យ៉ាងណា​នៅឡើយទេ​។ ក៏ប៉ុន្តែ​លោក ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​យល់ឃើញថា​ លោក សម រង្ស៊ី ​នៅតែមានឥទ្ធិពល​ទៅលើគណបក្ស​ប្រឆាំងនៅកម្ពុជា​ ហើយសារ​របស់លោក​អាចមានប្រសិទ្ធភាព​។ លោក ​ឯម សុវណ្ណារ៉ា ​មានជំនឿថា ​អ្នកនយោបាយ​ប្រឆាំងនឹងស្តាប់​លោក សម រង្ស៊ី ​ហើយរក​យន្តការជជែក​គ្នា​ដើម្បីរួមកម្លាំង​តែមួយ​។

សូមរំលឹកថា​កាលពីថ្ងៃទី៧ ​ខែធ្នូ ឆ្នាំ​២០២៣ កន្លងទៅ ​លោក សម រង្ស៊ី ​ក៏បាន​ចេញសារ​បង្រួបបង្រួម​សកម្មជន ​និង​អ្នកនយោបាយ​ប្រឆាំងម្តងហើយ​អំឡុងពេល​គណបក្សភ្លើងទៀន ​និង​គណបក្ស​កម្លាំងជាតិ​បើកការ​វាយប្រហារគ្នា​។

បច្ចុប្បន្ន​អ្នកនយោបាយ​នៃគណបក្ស​ទាំងពីរ ក៏កំពុង​បន្តឃោសនា​ហែកទាញ​អង្គបោះឆ្នោត​របស់​គណបក្សភ្លើងទៀន​ចំនួនជាង​២ពាន់នាក់ ​តាមរយៈឈ្មោះ​គណបក្ស​ឆន្ទៈខ្មែរ ​និង​គណបក្ស​កម្លាំងជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ