អានតួអត្ថបទ

ក្រសួងមហាផ្ទៃព្រមានរំលាយគណបក្សប្រឆាំង បើធ្វើតាមលោក សម រង្ស៊ី

ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​១២​មករា​២០២៤ ​បាន​ចេញ​លិខិត​ព្រមាន​ជា​ចំហ​មួយ​សំដៅទៅ​គណ​បក្ស​ប្រ​ឆាំង បន្ទាប់​ពី​លោក សម រង្ស៊ី អំ​ពាវ​នាវ​ឲ្យ​គណ​បក្ស​៣​រួម​កម្លាំង​គ្នា​ទៅ​កាន់​គោល​ដៅ​តែ​មួយ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ​។​ ប៉ុន្តែ​បើ​តាម​ក្រសួង​មហាផ្ទៃ​ ការ​អំពាវនាវ​របស់​លោក សម ​រង្ស៊ី ​គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​ច្បាប់​ ខណៈ​ច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ ​បាន​ហាម​មិន​ឲ្យ​គណ​បក្ស​នយោបាយ ​មាន​ការ​ពាក់​ព័ន្ធ​នឹង​ទណ្ឌិត​។

អ្នកគាំទ្រ គណបក្សភ្លើងទៀន គ្រវីទង់ ខណៈពួកគេចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
អ្នកគាំទ្រ គណបក្សភ្លើងទៀន គ្រវីទង់ ខណៈពួកគេចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ REUTERS - STAFF
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតដដែល ក្រសួងមហាផ្ទៃបានព្រមានទុកជាមុនឲ្យគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥កុម្ភៈ២០២៤ បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយមាត្រា៦ថ្មី(ពីរ)។ មាត្រាថ្មីមួយ នេះត្រូវបានធ្វើវិសោនកម្មបន្ថែម ក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ ក្នុងន័យ ហាមប្រាមមិនគណបក្សនយោបាយទាក់ទងជាមួយបុគ្គលដែលត្រូវបានតុលាការកាត់ទោស ឬហៅថា «ទណ្ឌិត»។ 

បើតាមក្រសួងមហាផ្ទៃ មាត្រា៤៤ថ្មីនៃច្បាប់ដដែលនេះក៏បានចែងថា គណបក្សណាដែលប្រព្រឹត្តិល្មើស គឺអាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមនឹងការរំលាយដោយតុលាការ។ 

អ្វី ជា ការកត់សម្គាល់ ការព្រមានរបស់ក្រសួងមហាផ្ទៃបានសំដៅចំៗលើលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិដែលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវឲ្យកម្លាំងប្រជាធិបតេយ្យទាំងអស់រួបរួមគ្នា និងឈប់វាយប្រហារគ្នា។  

ការចេញសារជាលើកទីពីររបស់លោក សម រង្ស៊ី ធ្វើឡើងក្នុងគោលដៅឲ្យគណបក្សប្រឆាំងចំនួន៣នៅកម្ពុជា រួមគ្នាតែមួយ ដើម្បីយកជ័យជម្នះលើការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងន័យនេះ លោក សម រង្ស៊ី បានស្នើឲ្យអ្នកគាំទ្រគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ រក្សាភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន រក្សាឧត្តមគតិដើម ឈរលើសីលធម៌ សច្ចធម៌ និងយុត្តិធម៌។ 

បើតាមលោក សម រង្ស៊ី ឧត្តមគតិដើមជារឿងសំខាន់ដែលធ្វើឲ្យព្រលឹងជាតិរស់រវើកជានិច្ច ខណៈលោក ចាត់ទុកឈ្មោះគណបក្សដែលកំពុងមានការប្រទាញប្រទង់គ្នានៅពេលនេះជារឿងមិនសំខាន់ឡើយ។ 

  

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក សម រង្ស៊ី ក៏បានចេញសារបង្រួបបង្រួមសកម្មជន និងអ្នកនយោបាយប្រឆាំងម្តងហើយ អំឡុងពេលគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ បើកការវាយប្រហារគ្នា។ ប៉ុន្តែ បច្ចុប្បន្នអ្នកនយោបាយនៃគណបក្សទាំងពីរ កំពុងបន្តឃោសនាអូសទាញអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនចំនួនជាង២ពាន់នាក់ ដើម្បីទុកសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ដែលមានការចូលរួមពីគណបក្សប្រឆាំងចំនួនពីរគឺ ឆន្ទៈខ្មែរ និងកម្លាំងជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ