អានតួអត្ថបទ

លោកសុក ហាច ត្រូវបានសមាជបក្សឆន្ទៈខ្មែរតែងតាំង ជាប្រធានគណបក្ស

នៅថ្ងៃទី២០ មករា ឆ្នាំ២០២៤នេះ គណបក្សឆន្ទះខ្មែរបានធ្វើសមាជដើម្បីផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំគណបក្ស បន្ទាប់ពីប្រធានគណបក្សនេះបានទៅចូលរួមជាមួយគណបក្សភ្លើងទៀនតាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ ប៉ុន្តែការធ្វើសមាជរបស់គណបក្សជំទាស់ពេល នេះ គឺដើម្បីចូលរួមបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ កុម្ភៈ ២០២៤។ នេះដោយសារតែគណបក្សឆន្ទះខ្មែរត្រូវបានចាត់តាំងឲ្យជំនួសគណបក្សភ្លើងទៀន ខណៈដែលបក្សភ្លើងទៀនបាត់សំបុត្រកំណើត។ 

លទ្ធផលសមាជ៖ បណ្ឌិត សុក ហាច ក្លាយជាប្រធានគណបក្សឆន្ទះខ្មែរ
លោកបណ្ឌិត សុក ហាច ក្លាយជាប្រធានគណបក្សឆន្ទះខ្មែរ © FB
ផ្សាយពាណិជ្ជកម្ម

 

លទ្ធផលនៃសមាជរបស់គណបក្សឆន្ទះខ្មែរនៅរសៀលថ្ងៃទី២០ មករា ២០២៤ បានសម្រេចជ្រើសរើសលោកបណ្ឌិត សុក ហាច ឲ្យធ្វើជាប្រធានគណបក្ស លោក សុន ឆ័យ លោក ហុង សុខហួរ និង លោក សេង មារឌី គឺជាអនុប្រធាន ខណៈលោក គីមសួរ ភីរិទ្ធ ត្រូវបានជ្រើសរើសជាប្រធាន​ក្រុម​ប្រឹក្សាវិន័យ។ ចំណែក លោក គង់ ម៉ូនីកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ ត្រូវបានជ្រើសរើសជាអគ្គលេខាធិការ និងលោក មាស ខេង ជាអគ្គហិរញ្ញឹក។

សូមរំឭកថា លោក គង់ ម៉ូនីកា និងថ្នាក់ដឹកនាំ ប្រមាណ ២០នាក់របស់គណបក្សឆន្ទៈខ្មែរបានទៅចូលរួមធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន បន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់ កាលពីខែមិថុនា ២០២២។ នៅពេល នោះ លោក ផល សុផា ត្រូវបានតែងតាំងជាប្រធានគណបក្សឆន្ទះខ្មែរ ហើយលោក គង់ ម៉ូនីកា ក្លាយជាអគ្គលេខាធិការរងគណបក្សភ្លើងទៀន។

ប៉ុន្តែពេលនេះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនភាគច្រើនបំផុតបានចាកចេញពីផ្ទះភ្លើងទៀន ទៅចូលរួមជាមួយគណបក្សឆន្ទះខ្មែរវិញដោយសារតែបក្សភ្លើងទៀនមិនអាចឈរបោះឆ្នោតព្រឹទ្ធសភាបាន។ 

គួរជម្រាបជូនថា គណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក គង់ គាំ ត្រូវបានបង្កើតឡើងនៅក្រោយការំលាយគណបក្សសង្គ្រោះជាតិពីតុលាការកំពូលក្នុង ឆ្នាំ ២០១៧។ គណបក្សឆន្ទៈខ្មែរបានចូលរួមការបោះឆ្នោតឆ្នាំ២០១៨ តែមិនទទួលបានកៅអីតំណាងរាស្ត្រ។ ចំណែក ការចូលរួមបោះឆ្នោតឃុំ សង្កាត់កាលពីឆ្នាំ២០២២ កន្លងមកក៏ គណបក្សជំទាស់មួយនេះមិនទទួលបានកៅអីក្រុមប្រឹក្សាដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ