អានតួអត្ថបទ

ក្រសួងការងារព្រមានម្ចាស់សហគ្រាសក្នុងករណីមានអគ្គិភ័យដោយខ្វះការត្រួតពិនិត្យ

 ក្រសួង​ការងារ​ព្រមាន​ម្ចាស់​សហ​គ្រាស​ ឬ​នាយក​សហគ្រាស ​គ្រឹះស្ថាន​ថា ​បើ​ធ្វេស​ប្រហែស​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាប​ឆេះ ប៉ះពាល់អាយុជីវិត ព្រទ្យសម្បត្តិ និង​សន្តិសុខ ​គឺ​ត្រូវ​ទទួល​រង​ការ​ពិន័យ ​តាម​ច្បាប់​ស្តីពី​ការ​ងារ​។ លើស​ពី​នេះក៏​ត្រូវ​ផ្តន្ទា​ទោស​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត​ តាម​មាត្រា​៣០​ នៃ​ ច្បាប់​ស្តីពី​ការ​បង្កា ​និង​ពន្លត់​អគ្គិភ័យ​ដែរ​។

ក្រុម​ពន្លត់​អង្គីភ័យ​កំពុង​ព្យាយាម​ពន្លត់​ភ្លើង បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​នៅ​ហាង​លក់​ហ្គាស​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់ផ្សារ​ថ្មី​៣ រាជធានី​ភ្នំពេញ​។
ក្រុម​ពន្លត់​អង្គីភ័យ​កំពុង​ព្យាយាម​ពន្លត់​ភ្លើង បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​នៅ​ហាង​លក់​ហ្គាស​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់ផ្សារ​ថ្មី​៣ រាជធានី​ភ្នំពេញ​។ © នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ
ផ្សាយពាណិជ្ជកម្ម

ការចេញមកព្រមានយ៉ាងដូច្នេះរបស់ក្រសួងការងារធ្វើឡើងតាមរយៈសេចក្តីណែនាំចុះថ្ងៃទី១៩មករាឆ្នាំ២០២៤ ពោលបន្ទាប់ពី មានអគ្គិភ័យបានឆាបឆេះរោងចក្រយីដា(Yi Da Manufacturer Co;Ltd) នៅស្រុកកៀនស្វាយ ខេត្ដកណ្ដាលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ អគ្គិភ័យនេះបានបណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ 

ប្រធានសហជីពស៊ីខាវឌូ (C.CADWU) ប្រចាំរោងចក្រយីដាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ដោយស្រង់សម្តី កម្មករថា អគ្គិភ័យនោះ គឺមកពីផ្ទុះសេខ្សែភ្លើង ឆេះចេញពីកន្លែងផ្ទុកសារធាតុគីមីសម្រាប់បោកខោអាវ។ 

សេចក្តីណែនាំរបស់ក្រសួងការងារបានគូសបញ្ជាក់ថា ក្នុងករណីចាំបាច់ ម្ចាស់សហគ្រាស ឬនាយកគ្រឹះស្ថាន ត្រូវទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះវាយតម្លៃពីហានិភ័យដែលអាចកើតមានចំពោះសុវត្ថិភាពកម្មករ និយោជិត នៅក្នុងអំឡុងពេលដែលសីតុណ្ហភាពឡើងកម្តៅខ្លាំង។

 

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក កម្តៅនឹងកើនឡើងដល់៤១អង្សាសេនៅអំឡុងខែមេសា និងខែឧសភាឆ្នាំ២០២៤នេះ។ នៅក្នុងករណីនេះ ក្រសួងការងារបានរំឭកឲ្យសហគ្រាសទាំងអស់បង្កើនការត្រួតពិនិត្យជាប្រចាំលើប្រព័ន្ធអគ្គិសនី វាយតម្លៃពីហានិភ័យនៅកន្លែងការងារ អប់រំបុគ្គលិក កម្មករ ឲ្យយល់ដឹងពីសញ្ញាសុវត្ថភាព និងត្រួតពិនិត្យជាប្រចាំនូវច្រកចេញពេលប្រកាសអាសន្ន។

 

នៅឆ្នាំ២០២៣ មានគ្រោះអគ្គីភ័យកើតឡើងសរុបចំនួន៧៦១លើក កើនឡើងលើសឆ្នាំ២០២២ចំនួន១៤៣លើក។ ក្នុងនោះបណ្តាលឱ្យជនរងគ្រោះចំនួន៥៤នាក់បានស្លាប់បាត់បង់ជីវិត និង៩៧នាក់ផ្សេងទៀតរងរបួស ហើយផ្ទះ៥៧៩ខ្នង និងតូបចំនួន៥៧ ត្រូវបានបំផ្លាញដោយសារអគ្គិភ័យ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានបង្កា ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

បើតាមសមត្ថកិច្ចជំនាញ កម្ពុជាអាចប្រឈមនឹងអគ្គិភ័យកាន់តែច្រើន ដោយសារអាគារខ្ពស់ៗកើនឡើង ខ្វះអ្នកជំនាញ និងសម្ភារៈជួយសង្រ្គោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ