អានតួអត្ថបទ

គណបក្ស​ភ្លើងទៀន​ថា ​អាជ្ញាធរ​ធ្វើឲ្យ​រាំងស្ទះ​សំណើរ​សុំ​ផ្លាស់ប្តូរ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន

នៅថ្ងៃ​ទី​២២ ​ខែ​មករា​នេះ ​គណបក្ស​ភ្លើងទៀន​បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ ​ដោយ​សម្តែង​ការ​ខកចិត្ត ​និង​ស្នើឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​នូវការ​រាំងស្ទះ​ក្នុងការ​ផ្លាស់ប្តូរ​សមាជិក​ក្រុមប្រឹក្សាឃុំ ​សង្កាត់​ជាប់ឆ្នោត​របស់ខ្លួន​។ ​ប្រតិកម្ម​របស់​គណបក្ស​ភ្លើងទៀន​ធ្វើឡើង ​បន្ទាប់ពី​ស្ថាប័ន​មានសមត្ថកិច្ច ​មិនបាន​ឆ្លើយតប​រួសរាន់​នឹង​សំណើរ​សុំផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ដែល​ចេញទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង​។

សមាជិកគណបក្សភ្លើងទៀន នៅក្នុងឱកាសនៃកិច្ចប្រជុំនាទីស្នាក់ការកណ្តាល
សមាជិកគណបក្សភ្លើងទៀន នៅក្នុងឱកាសនៃកិច្ចប្រជុំនាទីស្នាក់ការកណ្តាល © CLP
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ភ្លើងទៀន​បានសម្តែង​នូវ​ការបារម្ភ ​និង​ខកចិត្ត​ចំពោះ​ការធ្វើ​ឲ្យរាំងស្ទះ​ក្នុងការផ្លាស់​ប្តូរ ​ឬ​ដោះដូរ​សមាជិកក្រុម​ប្រឹក្សាឃុំ ​សង្កាត់​ជាប់ឆ្នោត​មកពី​គណបក្ស​ភ្លើងទៀន​។

តាមរយៈសេចក្តី​ថ្លែងការណ៍​របស់ខ្លួន ​គណបក្សប្រឆាំង ​ដែលមិនមានសិទ្ធិ​បោះឆ្នោតមួយនេះ​ចាត់ទុកថា​ ទង្វើរបស់អាជ្ញាធរ​ហាក់ដូចជា​មានចេតនាក្នុងការ​បំបាក់ស្មារតី​អង្គបោះឆ្នោត ​ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ​គណបក្សភ្លើងទៀន ​បំពានលើមាត្រា​១៦ នៃច្បាប់​ស្តីពីការគ្រប់គ្រង​រដ្ឋបាលឃុំ ​សង្កាត់ និងមិនស្រប​តាមសេចក្តីណែនាំ​របស់ក្រសួង​មហាផ្ទៃ​។

សូមបញ្ជាក់ថា​សមាជិកក្រុមប្រឹក្សាឃុំ ​សង្កាត់ ចំនួន​៣២នាក់ របស់​គណបក្សភ្លើងទៀន ​ត្រូវបានគណបក្ស​ស្នើសុំផ្លាស់ប្តូរឈ្មោះ​ដាក់អ្នកថ្មី ​បន្ទាប់ពីពួកគេ​បានទៅគាំទ្រ​គណបក្សផ្សេង ​ដែលគេដឹងថា​ជាគណបក្ស​កម្លាំងជាតិ​។

លោក​ លី សុធារ៉ាយុត្តិ ​អគ្គលេខាធិការ​គណបក្សភ្លើងទៀន​បានប្រាប់វិទ្យុ​បារាំង RFI​ នៅថ្ងៃចន្ទ ទី​២២ មករានេះថា ​គណបក្សបានស្នើ​សុំទៅស្ថាប័ន​មានសមត្ថកិច្ចនៅតាម​ទីតាំងផ្សេងៗ​ជាយូរមកហើយ​ ពោលគឺមានរយៈពេល​ចាប់ពី១ខែ​ទៅ៥ខែ ​ឲ្យធ្វើការផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សាថ្មី​ទាំងជាង៣០នាក់​។ ប៉ុន្តែនៅមិនទាន់​មានការឆ្លើយតប​ពីស្ថាប័នមាន​សមត្ថកិច្ចទាំងនោះ​នៅឡើយ។​ លោកថា​តាមនីតិវិធី​ គេមិនអាចប្រើពេល​យូររាប់ខែដូចនេះ​ទេ។ អាជ្ញាធរមាន​សមត្ថកិច្ច ក៏ដូចជា​ក្រសួងមហាផ្ទៃ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណានៅឡើយ​ជុំវិញបញ្ហានេះ​។

សូមរំលឹកថា ​គណបក្ស​ភ្លើងទៀនមាន​ក្រុមប្រឹក្សាឃុំ ​សង្កាត់ជាប់ឆ្នោត​របស់ខ្លួន​សរុបចំនួន ​២១៩៨នាក់​។តែដោយ​គណបក្សនេះ​មិនមានសិទ្ធិ​ចូលរួមបោះឆ្នោត​ព្រឹទ្ធសភានៅថ្ងៃ​ទី២៥ ខែ​កុម្ភៈខាងមុខ​ គណបក្សភ្លើងទៀន​បានជ្រើសរើស​បក្សឆន្ទៈខ្មែរ ​ដែលនៅក្នុង​សម្ព័ន្ធភាពជាមួយគ្នា​ឲ្យឈរឈ្មោះ​ប្រកួតប្រជែង​។

ក៏ប៉ុន្តែ​ ក្រុមមេដឹកនាំ​មួយចំនួន​របស់គណបក្ស​ភ្លើងទៀន​មិនគាំទ្រ ហើយ​ចេញទៅបង្កើត​គណបក្ស​កម្លាំងជាតិ និង​បានអូសទាញ​សមាជិកក្រុម​ប្រឹក្សាឃុំ​សង្កាត់របស់​គណបក្ស​ភ្លើងទៀន ដែលជា​អង្គបោះឆ្នោត​ដ៏សំខាន់សម្រាប់​ជ្រើសតាំង​ព្រឹទ្ធសភានីតិកាល​ទី៥នេះ​។

ដូច្នេះ ​បើអាជ្ញាធរ​យឺតយ៉ាវក្នុងការ​យល់ព្រមលើ​សំណើរសុំផ្លាស់ប្តូរ​សមាសភាពរបស់​គណបក្សភ្លើងទៀន​ មានន័យថា​គណបក្សភ្លើងទៀន​ ដែលពេលនេះ​ជំនួសដោយ​គណបក្សឆន្ទៈខ្មែរ ​នឹងបាត់បង់​អង្គបោះឆ្នោតជាង​៣០រូប ដែលទៅ​គាំទ្រគណបក្ស​កម្លាំងជាតិ និង​អាចបាត់បង់​អាសនៈព្រឹទ្ធសភា​មួយចំនួនទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ