អានតួអត្ថបទ

បក្សកម្លាំងជាតិស្នើមហាផ្ទៃកុំឲ្យទទួលស្គាល់ក្រុមប្រឹក្សាថ្មីរបស់បក្សភ្លើងទៀន

គណ​បក្ស​កម្លាំង​ជាតិ​ចេញ​មុខ​បរិហារ​គណ​បក្ស​ភ្លើង​ទៀន​ពី​បទ​បាន​បោះ​បង់​គោល​ជំហរ​ដើម​ជា​អ្នក​ប្រជាធិ​ប​តេយ្យ សេរី និង​បាន​ងាក​ទៅចាប់​យក​ជម្រើស​ផ្តាច់​ការ​នៅ​ពេល​ចុង​ក្រោយ​នេះ​។ ​ការ​បរិហារ​បែប​នេះ​ធ្វើឡើង​ បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀនបាន​បណ្តេញ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ជាប់​ឆ្នោត ចំនួន​៥​រូប​បន្ថែម​ទៀត​ ចេញពី​គណ​បក្ស កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ត្រង់ចំណុចនេះ គណបក្សកម្លាំងជាតិស្នើឲ្យក្រសួងមហាផ្ទៃកុំទទួលស្គាល់សំណើរបស់គណបក្សភ្លើងទៀនដែលសុំផ្លាស់ប្តូរក្រុមប្រឹក្សាឃុំសង្កាត់។

លោក ទាវ វណ្ណុល និង លោក ស៊ុន ចន្ធី
លោក ទាវ វណ្ណុល និង លោក ស៊ុន ចន្ធី © RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិដែលបែកចេញពីគណបក្សភ្លើងទៀនបានចាត់ទុកមេដឹកនាំគណបក្សភ្លើងពេលនេះថាជាអ្នកបង្កើតនូវភាពអយុត្តិធម៌ និងការឈឹចាប់ដល់សមាជិកក្រុមប្រឹក្សា ដែលជាប់ឆ្នោតទូទាំងប្រទេស។

តែលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ការដែលគណបក្សរបស់លោកលុបឈ្មោះសមាជិកមួយចំនួនចេញពីបញ្ជីគណបក្សនៅពេលនេះ ក៏ព្រោះតែអ្នកទាំងនោះ បានទៅចូលរួមជាមួយគណបក្សនយោបាយផ្សេងទៀត។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ ដែលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោតពីគណបក្សភ្លើងទៀនត្រូវបានបណ្តេញចេញពីគណបក្ស។ តាមគណបក្សភ្លើងទៀន មានក្រុមប្រឹក្សាសរុបជាង៣០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះក៏មានឈ្មោះរបស់អ្នកដែលទៅចុះចូលជាមួយគណបក្សកម្លាំងជាតិដែរ។

ជាការកត់សំគាល់ ការដែលគណបក្សចេញមកពីក្រុមតែមួយបើកការបរិហារគ្នាចំៗពេលនេះ គឺស្របពេលដែលការបោះឆ្នោតព្រឹទ្ធសភាកាន់តែខិតចូលជិតដល់នៅថ្ងៃទី២៥កុម្ភៈខាងមុខ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី២២ មករា គណបក្សកម្លាំងជាតិបានដាក់លិខិតសុំជួបមេដឹកនាំគណបក្សភ្លើងទៀនដើម្បីជជែកពីការបែងចែកមណ្ឌលគ្នាក្នុងការឈរឈ្មោះបោះឆ្នោតដើម្បីកុំឲ្យបែកសំឡេងបក្សប្រឆាំងសម្រាប់ការបោះឆ្នោតអសកលខាងមុខ។ បក្សភ្លើងទៀនបានឆ្លើយតបនឹងលិខិតរបស់បក្សកម្លាំងជាតិដោយផ្តល់ឱកាសឲ្យជួបពិភាក្សានៅថ្ងៃទី៩កុម្ភៈ។ តែលោក ស៊ុន ចន្ធី ប្រធានគណកម្លាំងជាតិប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា គឺយឺតពេលដែលត្រូវពិភាក្សាគ្នា ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតត្រូវចាប់ផ្តើមនៅថ្ងៃទី១០កុម្ភៈ។

តាម លោក ស៊ុន ចន្ធី គណបក្សប្រឆាំងអាចទទួលបានកៅអីសមាជិកព្រឹទ្ធសភាចំនួនយ៉ាងតិច ៨អាសនៈ ប្រសិនបើគណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀនស្រុះស្រួលគ្នានៅមុនការបោះឆ្នោត។ តែលោកព្រមានថា បើគណបក្សប្រឆាំងទាំងពីរនេះមិនរួមគ្នាទេ សំឡេងរបស់គណបក្សប្រឆាំងនឹងធ្លាក់ទៅគណបក្សផ្សេងទៀតដែលចូលរួមប្រកួតដណ្តើមកៅអីព្រឹទ្ធសភាដែលមានសរុប ៥៨អាសនៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ