អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​ប្រកាស​បិទ​ក្លឹប​បាញ់កាំភ្លើង​ខេត្ត​ព្រះសីហនុ​ និង​បិទ​ការស្នើ​សុំ​ទូទាំង​ប្រទេស

នៅក្នុង​ពិធី​ដាក់ឲ្យ​ដំណើរការ​«កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤​»​ នាព្រឹក​ថ្ងៃទី​៣១ ​ខែ​មករា ​ឆ្នាំ​២០២៤​នេះ ​នៅខេត្ត​ព្រះសីហនុ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បាន​ប្រកាសជា​សាធារណៈ​ឲ្យបិទ​ក្លឹប​បាញ់កាំភ្លើង​ឯកជន​ទាំងអស់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ពី​ពេលនេះ​តទៅ​។ ​ការប្រកាស​បិទក្លឹប​បាញ់កាំភ្លើង​ឯកជននេះ ​លោក​នាយក​រដ្ឋមន្ត្រី​សំអាង​ថា​ខេត្ត​ព្រះសីហនុ​មិនមាន​ភាពចាំបាច់​ ហើយ​ប្រាប់ឲ្យ​ទេសចរ​ដើរ​កម្សាន្ត​តាម​កោះវិញ​ល្អជាង​។ ​បន្ថែមពីនេះ ​លោក ហ៊ុន ម៉ាណែត ​ក៏បាន​បង្ហើប​ថា​លោកបាន​ឲ្យ​មន្ត្រីរបស់លោក​ព្រាង​សារាចរណ៍​ណែនាំ​ទូទាំង​ប្រទេសមួយ ​មិន​អនុញ្ញាត​ច្បាប់ឲ្យ​មានការ​បើក​កន្លែងបាញ់ស៊ីប​ថ្មី ​ព្រមទាំង​ឲ្យ​ពិនិត្យមើល​ឡើងវិញ​ទីតាំង​បាញ់កាំភ្លើង​ដែលមាន​ស្រាប់​។សូមរំលឹកថា​ចាប់តាំងពី​មាន​ការអភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​កាលពីចុង​ឆ្នាំ ​២០១០ ​ខេត្ត​ព្រះសីហនុ​ត្រូវបានញ៉ាំញី​ដោយ​អំពើហិង្សា ​បាញ់បោះ​ដោយអាវុធ ​ដែលភាគច្រើន​បង្កឡើង​ដោយ​ជនជាតិ​ចិន​ទៅលើ​ជនជាតិ​ចិនគ្នា​ឯង​ ឬទៅលើ​ជនបរទេស​ដទៃ​។ ក៏ប៉ុន្តែ​ស្ថានភាពនេះ​បានស្ងប់ស្ងាត់​ទៅវិញ​ដោយអន្លើរ​បន្ទាប់ពី​មានកិច្ច​សហការ​រវាង​សមត្ថកិច្ច​ប៉ូលិសខ្មែរ ​និង​ស្ថាប័ន​សន្តិសុខចិន​។ ទោះយ៉ាងណា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាមិនបាន​បញ្ជាក់ថា​វត្តមាន​អាជីវកម្ម​ក្លឹបបាញ់កាំភ្លើង​ឯកជន​នៅខេត្ត​ព្រះសីហនុ​មានជាប់ពាក់ព័ន្ធ​ទៅនឹង​អំពើ​ហិង្សា​របស់​ជនបរទេស​នៅក្នុង​ខេត្ត​ទេសចរណ៍​នេះ​នោះ​ទេ​៕

នាយករដ្ឋមន្ត្រីបញ្ជាឲ្យបិទក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុ
ក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុត្រូវបានបិទ ក្រោមបញ្ជានាយករដ្ឋមន្ត្រី © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ