អានតួអត្ថបទ

បក្ស​ភ្លើងទៀន​ថាអាជ្ញាធរ​បំបាក់ស្មារតី​សកម្មជន​ខ្លួន តែ​តុលាការ​ថា​ពួកគេ​ធ្វើ​ខុសច្បាប់

នៅថ្ងៃ​ទី​០១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៤​នេះ ​គណបក្ស​ភ្លើងទៀន​បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​អាជ្ញាធរ​ក្រុងភ្នំពេញ ​ដែលបាន​បន្តចាប់​សកម្មជន​របស់ខ្លួន​ពីរនាក់​បន្ថែមទៀត​នៅ​​ភ្នំពេញ​។ ​ប៉ុន្តែចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ​បញ្ជាក់ថា ​ការបង្គាប់​ឲ្យ​នាំខ្លួន​សកម្មជន​បក្សប្រឆាំង​ទាំង២​​រូប​គឺលោក ​ម៉ា ចិន្តា ​និងលោក​ ហាក់ កុសល ​ធ្វើឡើង​ក្រោម​បទចោទ​ក្លែងបន្លំ​ឯកសារ​។

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនថ្នាក់មូលដ្ឋាន២រូប ត្រូវអាជ្ញាធរចាប់ខ្លួន
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនថ្នាក់មូលដ្ឋាន២រូប ត្រូវអាជ្ញាធរចាប់ខ្លួន © CLP
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ភ្លើងទៀន​បានហៅ​ការចាប់ខ្លួន ​លោក​ ហាក់ កុសល ​លេខាគណៈកម្មាធិការ​ប្រតិបត្តិ​គណបក្សនៅ​ខណ្ឌជ្រោយចង្វារ ​និង​លោក ​ម៉ា ចិន្តា ​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ប្រចាំ​ខណ្ឌដូនពេញ​ថាជារូបភាព​គំរាមកំហែង​ថ្មីៗ​ទៀត ​ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​ មិនឲ្យ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​។

ទង្វើ​របស់​អាជ្ញាធរ​ដោយមិន​បង្ហាញដីកា ​និង​មិនបង្ហាញ​ពីមូលហេតុ​ច្បាស់លាស់ ​បានធ្វើឲ្យ​បរិយាកាស​មុនការ​បោះឆ្នោត​អសកល​ក្នុងឆ្នាំ​២០២៤នេះ ​រឹតតែ​មានភាព​អាប់អួរ​ថែមទៀត​។ ​នេះបើតាម​សេចក្តីថ្លែងការណ៍​ររបស់​គណបក្ស​ភ្លើងទៀន​។

ជាមួយគ្នានេះ ​គណបក្ស​ភ្លើងទៀន​ក៏បាន​អំពាវនាវឲ្យ​អាជ្ញាធរដោះលែង​សកម្មជន​ទាំងពីរ​ដោយគ្មាន​លក្ខខណ្ឌ ​ហើយ​បញ្ឈប់​ការចាប់ខ្លួន ​និង​ការធ្វើទុក្ខ​បុកម្នេញ​ដល់​ថ្នាក់ដឹកនាំ ​និង​សកម្មជន​បក្សប្រឆាំង​ ដើម្បី​ធានាឲ្យ​មានភាពសេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​ដល់ការ​បោះឆ្នោត​អសកល​ខាងមុខ​។

តែយោងតាម​ដីកា​បង្គាប់​ឲ្យនាំខ្លួន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​យី សុខវួច ​ចុះថ្ងៃ​ទី​៣១ ​ខែ​មករា ​ឆ្នាំ​២០២៣ ​លោក ​ហាក់ កុសល ​និង​លោក ​ម៉ា ចិន្តា ​បានជាប់​ពាក់ព័ន្ធ​នឹងបទ​ក្លែងបន្លំ ​និង​បទប្រើប្រាស់​លិខិតក្លែង​ប្រព្រឹត្ត​នៅភ្នំពេញ​ក្នុងអំឡុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ដែលជា​បទល្មើស​ព្រហ្មទណ្ឌ​។

ចៅក្រមក៏បាន​បញ្ជាក់ដែរថា​ការនាំខ្លួនអ្នកទាំងពីរ​ គឺដើម្បីធានាដល់​ការបង្ហាញខ្លួន​ជនត្រូវចោទ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ ​និងធានាដល់​ការ​ស៊ើបសួរ​ឲ្យបាន​ពេញលេញ​។

សូមរំលឹកថា​កាលពីថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ លោក ​ខឹម ចាន់វណ្ណៈ ​ប្រធានស្ដីទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្សភ្លើងទៀន​ប្រចាំរាជធានី​ភ្នំពេញត្រូវបាន​អាជ្ញាធរចាប់ខ្លួន​ក្រោមហេតុផល​ដូចគ្នា។​ តាមរយៈ​ដីកា​របស់តុលាការ​នៅពេលនេះ ​ការចាប់ខ្លួន​សកម្មជន​បក្សភ្លើងទៀន​២នាក់​បន្ថែមទៀត ​គឺ​ដោយសារ​អ្នកទាំងពីរ​ជាប់ពាក់ព័ន្ធ​ជាគូកន​នឹង​លោក ​ខឹម ចាន់វណ្ណៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ