អានតួអត្ថបទ

ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី រងបណ្តឹងឆបោកប្រាក់ជាង១២លានរៀល

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិរងបណ្ដឹងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីឆបោកប្រាក់ដែលប្ដឹងដោយ លោក ស៊ន សុខហេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ។ លោក ស៊ន សុខហេងបានប្តឹងលោកស៊ុន ចន្ធី ទៅកាន់សាលាដំបូង ខេត្តកំពង់ធំកាលពីថ្ងៃទី១ ខែកុម្ភៈ។ តែលោក ស៊ុន ចន្ធីនៅមិនទាន់ឆ្លើយតបយ៉ាងណានឹងបណ្ដឹងនេះនៅឡើយទេមកដល់ពេលនេះ។

ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី រងបណ្តឹងឆបោកប្រាក់ជាង១២លានរៀល
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី រងបណ្តឹងឆបោកប្រាក់ជាង១២លានរៀល © Internet
ផ្សាយពាណិជ្ជកម្ម

ពាក្យបណ្តឹងប្តឹងលោកស៊ុន ចន្ធី ទៅកាន់សាលាដំបូងខេត្តកំពង់ធំបានធ្វើឡើងដោយអ្នកតំណាងលោក ស៊ន សុខហេង។ នៅក្នុងពាក្យបណ្តឹងដែលមានស្នាមមេដៃទទួលស្គាល់ដោយមនុស្ស៥នាក់ផ្សេងទៀតបានរៀបរាប់ថា កាលនៅជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំស្រុកសន្ទុក លោក ស៊ុន ចន្ធី បានប្រមូលថវិកាពីសមាជិកចំនួន១៩នាក់ដោយម្នាក់ៗត្រូវបង់ជាង១លានរៀល(១,៦០,០០០រៀល) ដោយអ្នកខ្លះបង់គ្រប់ និងអ្នកខ្លះបង់បានពាក់កណ្ដាលដើម្បីចូលរួមចំណាយនៅក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតក្នុង២០២៣។ 

លោក ស៊ន សុខហេង បានរៀបរាប់នៅក្នុងពាក្យបណ្ដឹងថា លោកស៊ុន ចន្ធី បានសន្យានៅពេលនោះថា បើមិនបានឃោសនាទេ លោកនឹងប្រគល់ប្រាក់ទៅសមាជិកទាំង១៩នាក់វិញ។ តែផ្ទុយមកវិញ លោក ស៊ុន ចន្ធី យកប្រាក់ទាំងនោះទៅបង្កើតគណបក្សថ្មីដោយមិនបានបង់សង់ត្រឡប់វិញដូចការសន្យាឡើយ។

បន្ទាប់ពីបានរៀបរាប់សាវតានៃរឿងរ៉ាវរួចហើយ ម្ចាស់បណ្ដឹងលោក ស៊ន សុខហេងបានស្នើឲ្យសាលាដំបូងខេត្តកំពង់ធំរកយុត្តិធម៌ជូនលោក និងមនុស្ស៨នាក់ផ្សេងទៀត។ ទន្ទឹមគ្នានេះ លោកស៊ន សុខហេងបានសំណូពរ ៣ចំណុច ទី១ គឺផ្ដន្ទាទោសលោក ស៊ុន ចន្ធីតាមផ្លូវច្បាប់ ទី២ សងប្រាក់ជាង១២លានរៀលឲ្យអ្នកទាំង៩នាក់វិញ និងទី៣ សងជំងឺចិត្ត និងសងការចំណាយផ្សេងៗ សរុបចំនួន ៥ពាន់ដុល្លារ។ ជុំវិញពាក្យបណ្តឹងដែលលោកស៊ន សុខហេងបានប្តឹងលោកសុន ចន្ធីពេលនេះ វិទ្យុបារាំងអន្តរជាតិបានព្យាយាមទាក់ទងលោក ស៊ុន ចន្ធី តាមទូរស័ព្ទច្រើនដង តែអត់មានអ្នកលើក។ 

គួរបញ្ជាក់ថា បន្ទាប់ពីលាឈប់ពីតំណែងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ស៊ុន ចន្ធី ចេញមកបង្កើតគណបក្សនយោបាយថ្មីនេះមានឈ្មោះថា «គណបក្សកម្លាំងជាតិ» និងបានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣។

មួយវិញទៀត លោក ស៊ុន ចន្ធី ដែលជាមនុស្សស្និទ្ធនឹងលោក សម រង្ស៊ីធ្លាប់បានចូលរួមជាមួយបក្សប្រឆាំងយូរដែរ ពោលពីនៅជាមួយអតីតគណបក្សសង្គ្រោះជាតិមកម្ល៉េះ។ លោកស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាង១០០នាក់របស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានដកសិទ្ធិមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ គឺទើបនៅចុងឆ្នាំ២០២១ ដែលលោកទទួលបានសិទ្ធិធ្វើនយោបាយវិញ បន្ទាប់ពីបានស្នើសុំទៅរដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ