អានតួអត្ថបទ

បោះឆ្នោត​ព្រឹទ្ធសភា៖​សង្គមស៊ីវិល១​ក្រុមអំពាវនាវ​ឲ្យអង្គបោះឆ្នោត​បក្សភ្លើងទៀន​ពហិការ​ តែបក្សប្រឆាំង​ថា​គ្មាន​ឥទ្ធិពល

នៅថ្ងៃ​ទី​០៨ ​ខែ​កុម្ភៈ​នេះ ​សង្គម​ស៊ីវិល​ចំនួន​៥០ ​ដែលមាន​និន្នាការ​គាំទ្រ​នយោបាយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ​បានចេញ​សារ​អំពាវនាវ​មួយ​ដល់​អង្គ​បោះឆ្នោត​គណបក្ស​ភ្លើងទៀន​ឲ្យ​ពិចារណា​កុំទៅ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នា​ពេល​ខាងមុខ​។ ប៉ុន្តែ​អតីត​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ បានហៅ​ការអំពាវនាវ​នេះថា​មិនមាន​ឥទ្ធិពល​លើ​អង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​ឡើយ​។

សកម្មជនគណបក្សភ្លើងទៀននៅតាមមូលដ្ឋាន
សកម្មជនគណបក្សភ្លើងទៀននៅតាមមូលដ្ឋាន © CLP
ផ្សាយពាណិជ្ជកម្ម

សហភាព​អង្គការ​សង្គមស៊ីវិល​គាំទ្រ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​ដែល​អះអាងថា​តំណាង​ឲ្យសង្គមស៊ីវិល​ចំនួន​៥០ ​បាន​លើក​ហេតុផល ​៣​ចំណុច​ទាក់ទងនឹង​ការអំពាវនាវ​ដល់​អង្គបោះឆ្នោត​គណបក្ស​ភ្លើងទៀន​ឲ្យពិចារណា​កុំទៅ​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ​នៅថ្ងៃទី​២៥ ខែ​កុម្ភៈខាងមុខ​។

ចំណុចទី១ គឺ​គណបក្សភ្លើងទៀន​បង្កើតវប្បធម៌​អាក្រក់ដល់​សង្គមជាតិ គឺ​វប្បធម៌បែកបាក់​។ ចំណុចទី​២ អង្គបោះឆ្នោត​នឹងត្រូវ​ដកចេញពីគណបក្ស ​ឬតំណែង​ក្រុមប្រឹក្សាឃុំ ​សង្កាត់របស់​គណបក្ស​ភ្លើងទៀន​ ប្រសិនបើ​ពួកគេបោះឆ្នោត​ឲ្យគណបក្ស​ឆន្ទៈខ្មែរ ឬបោះឆ្នោត​ឲ្យគណបក្ស​កម្លាំងជាតិ និង​ចំណុចទី ​៣ ចុងក្រោយ ​មេដឹកនាំគណបក្ស​ភ្លើងទៀនគិតតែ​ប្រយោជន៍ផ្ទាល់ខ្លួន ​តាមរយៈការ​វាយប្រហារគ្នា​ដើម្បីអំណាច​។

ក៏ប៉ុន្តែ ​លោក គីមសួរ ភីរិទ្ធ អតីត​អ្នកនាំពាក្យ​គណបក្សភ្លើងទៀនបាន​ប្រតិកម្មតបវិញថា ​ការអំពាវនាវរបស់​អង្គការសង្គមស៊ីវិល​ទាំងនេះ ធ្វើឡើងគ្រាន់ជា​ការឃោសនាឲ្យ​គណបក្សដែល​ជាដៃគូប្រកួតប្រជែង​ធំរបស់គណបក្ស​ប្រឆាំងតែប៉ុណ្ណោះ។ ​តាមលោក ​គីមសួរ ភីរិទ្ធ ការអំពាវនាវ​របស់ក្រុមអង្គការ​ទាំងនោះ មិនបាន​ធ្វើឲ្យប៉ះពាល់ដល់​អង្គបោះឆ្នោតរបស់​គណបក្ស​ភ្លើងទៀនទេ​។

អតីតអ្នកតំណាងរាស្ត្រ​បក្សប្រឆាំង ​៤អាណត្តិរូបនេះ​បន្ថែមថា គណបក្ស​ភ្លើងទៀនក៏ដូចជា​គណបក្សឆន្ទៈខ្មែរ​ផ្តល់ជាយោបល់ឲ្យ​ក្រុមអង្គការសង្គម​ស៊ីវិលទាំងនេះ ​សម្លឹងមើល​តួនាទីខ្លួនឯងថា ​តើការអំពាវនាវ​របស់ខ្លួនអាចជា​ការញុះញង់​នយោបាយធ្វើឲ្យ​គេមានការបែកបាក់ ​ឬ​យ៉ាងណា​។

សូមរំលឹកថា ​កម្ពុជានឹងរៀបចំការ​បោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភានីតិកាល​ទី៥ នៅថ្ងៃ​ទី២៥ ​ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយមានគណបក្ស​ចំនួន៤ ចុះឈ្មោះ​ចូលរួមប្រកួតប្រជែង ​គឺគណបក្ស​ប្រជាជនកម្ពុជា​គណបក្សឆន្ទៈខ្មែរ ​គណបក្សកម្លាំងជាតិ ​និងគណបក្សហ្វុនស៊ិនប៉ិច​។ យុទ្ធនាការឃោសនា​បោះឆ្នោតព្រឹទ្ធសភា​ដែលមានរយៈពេល​១៤ថ្ងៃ នឹងចាប់ផ្តើម​ពីថ្ងៃទី១០ ​ដល់ថ្ងៃទី២៣ ​ខែកុម្ភៈ ឆ្នាំ​២០២៤​។

គណបក្សភ្លើងទៀន​ដែលមានអង្គបោះឆ្នោត​ចំនួនជាង ២ពាន់នាក់​មិនមានសិទ្ធិ​ចូលរួមបោះឆ្នោត​ទេ​ព្រោះខ្វះឯកសារ​ចុះបញ្ជីគណបក្ស​ច្បាប់ដើម។​ តែបក្សប្រឆាំងមួយនេះ​បានជ្រើសរើស​គណបក្សឆន្ទៈ​ខ្មែរ​ ដែលស្ថិតនៅក្នុង​សម្ព័ន្ធភាពជាមួយគ្នា​ជាតំណាង​ក្នុងការប្រកួតប្រជែង​ការបោះឆ្នោត​អសកលនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ