អានតួអត្ថបទ

លោក ស៊ុន ចន្ធី៖ជំនួបរវាងបក្សភ្លើងទៀននិងបក្សកម្លាំងជាតិគ្មានលទ្ធផលវិជ្ជមាន

ដូចការគ្រោងទុកគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិបានជួបពិភាក្សាគ្នាលើកដំបូង។ ជាជំនួបដែលស្នើឡើងដោយគណបក្សកម្លាំងជាតិ ដើម្បីពិភាក្សាពីការបែងចែកមណ្ឌលភូមិភាគសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ តែបើតាមប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ជំនួបពិភាក្សានេះពុំទទួលបានលទ្ធផលវិជ្ជមានឡើយ។

លោក ស៊ុន ចន្ធី៖ជំនួបរវាងបក្សភ្លើងទៀននិងបក្សកម្លាំងជាតិគ្មានលទ្ធផលវិជ្ជមាន
លោក ស៊ុន ចន្ធី៖ជំនួបរវាងបក្សភ្លើងទៀននិងបក្សកម្លាំងជាតិគ្មានលទ្ធផលវិជ្ជមាន © Internet
ផ្សាយពាណិជ្ជកម្ម

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៤នេះថា ជំនួបពិភាក្សារវាងគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិកាលពីថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០២៤ ពុំបានជជែកគ្នាពីការបែងចែកមណ្ឌលភូមិភាគសម្រាប់ការបោះឆ្នោតជ្រើសតាំងសមា​ជិក​ព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលស្នើដោយបក្សកម្លាំងជាតិទេ។ 

តាមប្រធានគណបក្សកម្លាំងជាតិរូបនេះដដែល ទោះបីជាជំនួបរវាងគណបក្សទាំងពីរពុំបានជជែកពិភាក្សាពីការបែងចែកមណ្ឌលគ្នាក៏ដោយ ក៏បក្សកម្លាំងជាតិបានសម្រេចឈរឈ្មោះតែចំនួន២ភូមិភាគគត់ក្នុងចំណោម៨ភូមិភាគ។ ក្រៅពីនេះ លោក ស៊ុន ចន្ធី ថាទុកឲ្យគណបក្សភ្លើងទៀនជាអ្នកឈរឈ្មោះទាំងអស់សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ គណបក្សភ្លើងទៀនបានប្រកាស ស្វាគមន៍ពិភាក្សាការងារជាមួយគ្រប់គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យទាំងអស់ក្នុងស្មារតី និងក្នុងបំណងបង្រួបបង្រួមអ្នកប្រជាធិតេយ្យ តាមរយៈ “សម្ព័ន្ធភាពឆ្ពោះទៅអនាគត”។ តាមគណបក្សភ្លើងទៀន ការរួបរួមគ្នានេះនឹងក្លាយជាកម្លាំងនយោបាយថ្មីមួយ សម្រាប់ការស្តារ និងកសាងលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសកម្ពុជា។ 

ការបោះដៃប្រកាសស្វាគមន៍របស់បក្សភ្លើងទៀននេះធ្វើឡើងក្រោយពីបក្សកម្លាំងជាតិស្នើសុំពិភាក្សារឿងការបែងចែកមណ្ឌលភូមិភាគសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ