អានតួអត្ថបទ

បក្ស​ប្រឆាំង​រិះគន់​សេដ្ឋកិច្ច​បច្ចុប្បន្ន​ តែ​បក្ស​កាន់អំណាច​ថា​មាន​ស្ថិរភាព

នៅក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​រកសម្លេង​គាំទ្រ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥នេះ ​គណបក្ស​ឆន្ទៈខ្មែរ​ ដែលជា​គណបក្ស​ប្រឆាំង​បានលើកឡើង​ថា​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើនយឺត​ជាងគេ​ធៀបនឹង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​។ តែ​គណបក្ស​កាន់អំណាច​ថា​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ធានា​នូវអត្រា​កំណើនខ្ពស់ ​ប្រកបដោយ​ចីរភាព ​និង​បរិយាបន្ន​។

តំណាងគណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាជនកម្ពុជា អំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា២០២៤
តំណាងគណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាជន អំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា២០២៤ © FB
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត ​សុខ ហាច ​ប្រធានគណបក្ស​ឆន្ទៈខ្មែរ ​បានចាត់ទុកថា​ប្រទេសកម្ពុជា​សព្វថ្ងៃកំពុង​ជួបប្រទះវិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ ​វិបត្តិទាំងនោះ​មានបញ្ហាបំណុល ​ទីផ្សារការងារ​ ចំណូល​ប្រជាពលរដ្ឋទាប។​ ប្រធានគណបក្ស​ប្រឆាំងដែល​ចូលរួមការបោះឆ្នោត​ព្រឹទ្ធសភានីតិកាល​ទី​៥នេះ បានលើកយក​វិស័យកសិកម្ម ​និងធារាសាស្ត្រ​មករំលេច ដូចជា​កង្វះខាតទឹក​នៅរដូវប្រាំង ​ទីផ្សារកសិផល​តូច និង​មិនមានភាព​នឹងន។

មេដឹកនាំ​គណបក្សឆន្ទៈខ្មែរ ​ក៏បានរិះគន់ផងដែរ​ដល់វិស័យឧស្សាហកម្ម​ និងកាត់ដេរដែលមាន​ការធ្លាក់ចុះ។ តាមលោក​ សុខ ហាច ដើម្បីឲ្យ​វិស័យកាត់ដេរមានភាព​ប្រសើរលុះត្រាតែកម្ពុជា​មានការគោរពសិទ្ធិ​មនុស្សនិងលទ្ធិ​ប្រជាធិបតេយ្យ​ ព្រមទាំងទទួលបាន​នូវភាពអនុគ្រោះពន្ធពី​អឺរ៉ុប(EBA) និង​ភាពអនុគ្រោះពន្ធ​ពីអាមេរិក(GSP)​។ លោកថា ដើម្បី​ឲ្យសេដ្ឋកិច្ចកម្ពុជា​មានការប្រសើរឡើង ​លុះត្រាតែបញ្ហាដូចដែល​គណបក្សឆន្ទៈខ្មែរ​លើកឡើងខាងលើ​ត្រូវបានដោះស្រាយ​។

ដោយឡែក​ លោក ប៉ុល លឹម​ បេក្ខជនសមាជិក​ព្រឹទ្ធសភាមកពី​គណបក្សប្រជាជនកម្ពុជា​ មិនបានធ្វើការឆ្លើយតប​អ្វីទេ នៅក្នុងអំឡុង​យទ្ធនាការផ្សព្វផ្សាយ​តាមប្រព័ន្ធឃោសនានេះ​ គឺគ្រាន់តែ​លើកឡើងពីគោល​នយោបាយរបស់​គណបក្សលើវិស័យ​សេដ្ឋកិច្ចប៉ុណ្ណោះ​។

តាមលោក ​ប៉ុល លឹម គណបក្ស​ប្រជាជនបន្តធានា​ឲ្យបាននូវស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​សាធារណៈ រក្សា​អត្រាអតិផរណា​ក្នុងកំរិតទាប ​ស្ថិរភាពអត្រា​ប្តូរប្រាក់ និង​រក្សាតុល្យភាព​ថវិកាជាតិ។ ​គណបក្សកាន់អំណាច​ប្តេជ្ញានឹងបន្ត​ធានាឲ្យបានកំណើន​សេដ្ឋកិច្ចខ្ពស់នូវ​អត្រាមធ្យមប្រចាំឆ្នាំ​ក្នុងរង្វង់៧%​ ប្រកបដោយ​ចីរភាព និងបរិយាបន្ន​ ដើម្បីកាត់បន្ថយ​ភាពក្រីក្រក្នុងអត្រា​ទាបជាង១០%​។

លើសពីនេះ​ លោក ប៉ុល លឹម ​ក៏បានបញ្ជាក់ដែរ​ថាគណបក្ស​ប្រជាជននឹងជំរុញ​ប្រភពកំណើន​ថ្មីរួមមានវិស័យ​កសិកម្ម ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ សេវាកម្ម ការ​វិនិយោគ និង​ទេសចរណ៍ ព្រមទាំង​បង្កើនសមត្ថភាព​ប្រកួតប្រជែង ​អភិវឌ្ឍន៍សហគ្រាស​ធុនតូច និងមធ្យម​ រួមនឹង​គោលនយោបាយ​ជំរុញសេដ្ឋកិច្ច ​ពាណិជ្ជកម្ម និង​ការការពារសិទ្ធិមនុស្ស​ផងដែរ។

សូម​បញ្ជាក់ថាប្រទេស​កម្ពុជានឹងមាន​ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា​នីតិកាលពី៥ ​នៅថ្ងៃទី២៥ ​ខែកុម្ភៈ ឆ្នាំ​២០២៤នេះ ​ដោយមាន​គណបក្សចំនួន​៤ចូលរួម​ប្រកួតប្រជែង គឺ​គណបក្សប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈខ្មែរ ​គណបក្ស​ហ្វុនស៊ិនប៉ិច ​និងគណបក្ស​កម្លាំងជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ