អានតួអត្ថបទ

លោកហ៊ុន ម៉ាណែត៖ចំណូល​ពន្ធគយ​ធ្លាក់​ចុះ​មិនមែន​ជា​បញ្ហា ព្រោះ​ពន្ធដារ​កើន​ឡើង

លោក​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ​ថា ទោះ​បី​ចំណូល​ពន្ធគយ​ដែល​បាន​ពី​ការ​នាំចូល​បាន​ធ្លាក់​ចុះ​ក៏​ដោយ​ក៏​មិនមែន​ជា​បញ្ហា​សម្រាប់​កម្ពុជា​ដែរ។ មិនមែន​ជា​បញ្ហា ព្រោះ​ក្រុមហ៊ុន ឬ​រោងចក្រ​ដែល​បាន​នាំ​ចូល​ទាំង​នោះ​បានមក​បើក​ដំណើរ​ការ​ផលិត​នៅ​កម្ពុជា​ដោយ​បាន​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ និង​នាំ​ឱ្យ​ពន្ធដារ​អាច​ប្រមូល​ពន្ធអាករ​បាន​វិញ។

លោកហ៊ុន ម៉ាណែត៖ចំណូល​ពន្ធគយ​ធ្លាក់​ចុះ​មិនមែន​ជា​បញ្ហា ព្រោះ​ពន្ធដារ​កើន​ឡើង
លោកហ៊ុន ម៉ាណែត៖ចំណូល​ពន្ធគយ​ធ្លាក់​ចុះ​មិនមែន​ជា​បញ្ហា ព្រោះ​ពន្ធដារ​កើន​ឡើង © hun manet
ផ្សាយពាណិជ្ជកម្ម

លោក​ហ៊ុន ម៉ាណែត​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត​តូយូតា​ដោយ​បញ្ជាក់​ថា ចំណូល​ពន្ធគយ​ធ្លាក់​ចុះ តែ​ពន្ធដារ​កើន​ឡើង​ដែល​លោក​បាន​ប្រៀប​ដូច​ជា​លុយចេញ​ពី​ហោប៉ៅឆ្វេង​ចូល​ហោប៉ៅស្ដាំ។ តាមលោកហ៊ុន ម៉ាណែត​ ​ការបង្កើតរោងចក្រ ឬក្រុមហ៊ុនក្នុងស្រុក នឹងនាំឱ្យមានការងារដល់ពលរដ្ឋ និងចំណូលពន្ធដារសម្រាប់សេដ្ឋកិច្ចកម្ពុជា។ គួរជម្រាបថា នៅពេលមានការបង្កើតរោចក្រ ឬក្រុមហ៊ុនដែលផលិតក្នុងស្រុក គឺជាឱកាសសម្រាប់យកពន្ធអាករ​ ពិសេស​ពន្ធលើប្រាក់ចំណេញ និង​ពន្ធច្រើនមុខផ្សេងទៀតពីក្រុមហ៊ុន ឬរោងចក្រទាំងនោះ។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយកាលពីចុងឆ្នាំ ២០២៣ ថា​ នាយកដ្ឋានគយបានបាត់ចំណូលពន្ធគយប្រមាណជាង ៤០០លានដុល្លារពីការនាំចូលសរុបក្នុងឆ្នាំ ២០២៣។ ការបាត់បង់ចំណូលពន្ធគយដ៏ច្រើនសន្ធឹកសន្ធាប់នេះដោយសារកម្ពុជាអនុវត្តពាណិជ្ជកម្មសេរីដូចជាពហុភាគី និងទ្វេភាគី។ ចំណែកអគ្គនាយកដ្ឋានពន្ធដារបានប្រកាសថា ការប្រមូលពន្ធក្នុងឆ្នាំ២០២៣​មានទឹកប្រាក់ជាង ៣៦០០លានដុល្លារ ពោលកើន ៤,៤៩% ធៀបនឹងឆ្នាំ២០២២។

កំណើន​នេះត្រូវបានអគ្គនាយកពន្ធដារកម្ពុជាលោក គង់ វិបុលចាត់ទុកជាការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ដោយឡែក​ លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា​ ការធ្លាក់ចុះពន្ធគយ តែកើនពន្ធដារបង្ហាញឱ្យឃើញពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាកើនឡើងជាងមុន តាមរយៈការកាត់បន្ថយការនាំចូល និងកើនឡើងការផលិតក្នុងស្រុក។ តែលោក គី សេរីវឌ្ឍន៍មិនភ្លេចបញ្ជាក់ថា ក្នុងរយៈពេលវែងនឹងជួយជំរុញសន្ទុះនៃការកំណើនសេដ្ឋកិច្ចឡើងវិញ។

គួររម្លឹកថាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកាត់បន្ថយ ឬលុបបំបាត់ពន្ធគយសម្រាប់ទំនិញនាំចូលទាំងឡាយដែលមានដើមកំណើតមកពីប្រទេសអាស៊ានទាំង១០ និងជប៉ុន។ តែដើម្បីបំពេញការបាត់បង់ចំណូលពន្ធគយមួយនេះ រដ្ឋាភិបាលបានបង្កើន​ពន្ធអាករផ្សេង ពិសេសបន្ថែមលើផលិតផលមួយចំនួនដែលប៉ះពាល់ដល់បរិស្ថាន ឬសុខភាពពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ