អានតួអត្ថបទ

Nikkia Asia៖ក្រុមហ៊ុនក្នុងស្រុកកំពុងទាក់ទាញវិនិយោគពីអាស៊ាន ខណៈចិនកំពុងដើរចេញពីកម្ពុជា

សារព័ត៌មានជប៉ុន Nikkia Asia បានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសាថា ក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគមកពីប្រទេសក្នុងតំបន់អាស៊ាន បន្ទាប់ពីអ្នកវិនិយោគចិនមួយចំនួនកំពុងរៀបចំចាកចេញពីទឹកដីកម្ពុជា។ ដោយមិនបានប្រតិកម្មទៅនឹងការចុះផ្សាយរបស់ Nikkia Asia អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាថា រដ្ឋាភិបាលតែងតែធ្វើការទូតសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

Nikkia Asia៖ក្រុមហ៊ុនក្នុងស្រុកកំពុងទាក់ទាញវិនិយោគពីអាស៊ាន ខណៈចិនកំពុងដើរចេញពីកម្ពុជា
Nikkia Asia៖ក្រុមហ៊ុនក្នុងស្រុកកំពុងទាក់ទាញវិនិយោគពីអាស៊ាន ខណៈចិនកំពុងដើរចេញពីកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន Nikkia Asia បានផ្តោតសំខាន់លើក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ាពុង ឃាវសែដែលបានកំពុងទាក់ទាញអ្នកវិនិយោគពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន មិនថាម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ឬប្រទេសថៃ។ ជាក់ស្តែង OCIC កំពុងសាងសង់ហាងទំនើបលើផ្ទៃដី២៧០០០ ម៉ែត្រការ៉េស្ថិតក្នុងភូមិសាស្ដ្រខណ្ឌជ្រោយចង្វារដោយសហការជាមួយក្រុមហ៊ុន Big C របស់ថៃ។ អនុប្រធានក្រុមហ៊ុន OCIC លោក ទា ធារីបានប្រាប់សារព័ត៌មាន Nikkia Asia ថា ការសាងសង់ហាងទំនើបនេះមានតម្លៃវិនិយោគចំនួន ១៥លានដុល្លារដែលក្រុមហ៊ុន OCIC ជាម្ចាស់ដី ហើយក្រុមហ៊ុន Big C ជាអ្នកជួលក្នុងរយៈពេល ៣០ឆ្នាំ។ ជាមួយប្រទេសសិង្ហបុរី ក្រុមហ៊ុនលោកពុង ឃាវសែទើបបានប្រកាសនៅចុងខែមីនាកន្លងទៅថ្មីៗនេះពីការវិនិយោគលើអចលនទ្រព្យដែលបំពេញតម្រូវការស្នាក់នៅរយៈពេលខ្លី និងរយៈពេលវែង។  

កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន OCIC ដដែលនេះបានចាប់ដៃគូជាមួយអាកាសយាដ្ឋានរបស់ប្រទេសសិង្ហបុរីដើម្បីផ្គត់ផ្គង់ម្ហូបអាហារ និងភេសជ្ជៈដល់អាកាសយានដ្ឋានមរតតេជោក្នុងប្រទេសកម្ពុជាដែល OCIC ជាអ្នកទទួលការសាងសង់។ តាម Nikkia Asia ហេតុផលដែលនាំឱ្យបណ្ដាប្រទេសអាស៊ានចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា គឺដោយផ្អែកតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីADB ដែលថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៥.៨% ក្នុងឆ្នាំ ២០២៤ និងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចលូតលាស់លឿន។ តែបើតាមទិន្នន័យចេញផ្សាយដោយវិទ្យាស្ថានសម្រាប់កិច្ចការរូបិយវត្ថុអន្តរជាតិនៅទីក្រុងតូក្យូ ចិននៅជាប្រទេសវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជាដែលមានប្រមាណ៤០% នៃការវិនិយោគបរទេសសរុបរបស់កម្ពុជា។

ទោះជាយ៉ាងណា ការវិនិយោគរបស់ចិននៅកម្ពុជាហាក់ជាប់គាំងនារយៈពេលចុងក្រោយនេះ។ ជាក់ស្ដែង គម្រោងសាងសង់ព្រលានយន្ដហោះក្នុងខេត្តមណ្ឌលគិរីត្រូវបានផ្អាក និងសំណង់អគាររាប់រយក្នុងក្រុងព្រះសីហនុក៏នៅមិនទាន់បានបញ្ចប់ ក្រោយចិនដកខ្លួនដោយសារតែជំងឺកូវីដ១៩ និងការធ្លាក់ចុះនៃវិស័យអចនលទ្រព្យនៅចិន។ តែលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី២ ឧសភា នេះថា មានគម្រោងមួយចំនួននៅខេត្តព្រះសីហនុបានចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗដោយមានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យសុំវិនិយោគឡើងវិញ និងថា មានក្រុមហ៊ុនមួយចំនួនក៏ទទួលបានការអនុញ្ញាតឲ្យវិនិយោគ។ តាមលោកប៉ែន បូណា រដ្ឋាភិបាលកម្ពុជាតែងតែធ្វើការទូតសេដ្ឋកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគទុនមកពីគ្រប់ទិសទី ពោលមិនមែនតែក្នុងតំបន់អាស៊ាននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ