អានតួអត្ថបទ

កម្ពុជាបន្តពន្យល់ពីគម្រោងព្រែកជីកហ្វូណន និងច្រានចោលកង្វល់នានា

លោក ស៊ុន ចាន់ថុល ​អនុ​ប្រធាន​ទី​១​នៃ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​នៅ​បន្ត​ចេញ​ពន្យល់​សាធារ​ណ​ជន​ពី​គម្រោង​ព្រែក​ហ្វូណន​បន្ថែម​ទៀត ​នៅថ្ងៃ​សៅរ៍​នេះ ​ធ្វើ​ឡើង​នៅ​វិទ្យា​ស្ថាន​ពហុ​ច្ចេក​វិទ្យា​(តិចណូ)។​ ការ​បន្ត​ចេញ​មុខ​ពន្យល់​ពី​គម្រោង​នេះ ​ខណៈ​ដែល​គណៈ​កម្មា​ការ​ទន្លេ​មេគង្គ​វៀត​ណាម​ នៅ​ថ្ងៃ​ទី​០៣ ​ឧសភា​ បាន​បន្ត​ស្នើ​ឱ្យ​កម្ពុជា​ផ្តល់​ព័ត៌មាន​លម្អិត​ពី​គម្រោង​ព្រែក​ជីក​នេះ ​និង​ជំរុ​ញ​ឱ្យមាន​កិច្ច​សហការ​វាយ​តម្លៃ​ពី​ផលប៉ះ​ពាល់ និង​ស្វែង​រក​ដំណោះស្រាយ​រួម​គ្នា​។​​

កម្ពុជាបន្តពន្យល់ពីគម្រោងព្រែកជីកហ្វូណន និងច្រានចោលកង្វល់នានា
កម្ពុជាបន្តពន្យល់ពីគម្រោងព្រែកជីកហ្វូណន និងច្រានចោលកង្វល់នានា © សាធារណៈការ
ផ្សាយពាណិជ្ជកម្ម

ក្នុងបទបង្ហាញដល់សិស្ស-និស្សិត នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានពន្យល់ទៅកាន់អ្នកទាំងឡាយ​ដែល​ប្រឆាំងនឹងគម្រោងព្រែកជីករបស់កម្ពុជានោះថា គម្រោងនេះ​គឺបាន​ប្រើ​ពេល​សិក្សា​អស់រយៈពេល​២៦​ខែ​ដោយមានអ្នកជំនាញ និង​ប្រើ​ដ្រូនហោះពិនិត្យ​ស្ថានភាពជាក់ស្តែង​។

បើតាម លោក ស៊ុន ចាន់ថុល អ្នកដែលនិយាយថា ព្រែកជីកនេះ​ធ្វើបាត់ទឹក ៥០ភាគរយហូរចូល​សមុទ្រនោះ គឺអ្នកនិយាយទាំងនោះ មិនបានសិក្សាឱ្យបានច្បាស់លាស់ ទើបពួកគាត់មិនដឹង ប៉ុន្តែលោកថា អ្នកខ្លះទៀតបានដឹងហើយ តែនៅតែធ្វើមិនដឹង ទើបលោកនៅតែបន្តចេញមុខពន្យល់។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ទឹកសាបដែលហូរចូលសមុទ្រតាមព្រែកជីកថ្មីនេះ មានកម្រិតត្រឹម ០.០៦ភាគរយប៉ុណ្ណោះ។

នៅថ្ងៃទី០៣ ឧសភា កាសែតក្នុងស្រុកវៀតណាម Vietnam Net បានរាយការណ៍ថា គណៈកម្មាការទន្លេមេគង្គវៀតណាមបានរៀបចំសិក្ខាសាលាមួយដើម្បីជជែកពីគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា។

សម្រាប់វៀតណាម គម្រោងព្រែកជីកនេះបង្កផលប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គ និងការហូរទឹកប្រៃពីសមុទ្រចូលទន្លេដែលអាចជះផលអវិជ្ជមានខ្លាំងដល់ជីវិតរស់នៅរបស់ពលរដ្ឋតាមដីសណ្តទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ី ជាដើម។

ជុំវិញការស្នើរបស់វៀតណាមនេះ លោក ស៊ុន ចាន់ថុល បានថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៣ ឧសភានេះថា កម្ពុជាបានប្រគល់ឯកសារស្តីពីផលប៉ះពាល់ដល់គណៈកម្មាការទន្លេមេគង្គអន្តរជាតិ(MRC)រួចរាល់ហើយ។ ដូច្នេះវៀតណាមអាចស្នើគណៈកម្មាការទន្លេមេគង្គអន្តរជាតិដើម្បីពិនិត្យមើលឯកសារទាំងនោះបាន។

នៅថ្ងៃទី៣ឧសភា ដដែល លោក ស៊ុន ចាន់ថុល ក៏បានប្រាប់ទៅលោក Paul Clement ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា(IBC) ថាគម្រោងព្រែកជីករបស់កម្ពុជានេះ ពុំមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ។ ផ្ទុយទៅវិញ បើតាម​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជារូបនេះ គម្រោងព្រែកជីក បានផ្តល់អត្ថប្រយោជន៍ដល់សកលលោកទាំងមូល ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដោយសារចម្ងាយ ការធ្វើនាវាចរណ៍ មានរយៈចម្ងាយខ្លីជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ