អានតួអត្ថបទ
កម្ពុជា-សង្គម

OCHCR ស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ក្រោយតុលាការកំពូលរក្សាទោស២ឆ្នាំដដែល

នៅថ្ងៃទី០៣​ ខែឧសភា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញមកទាមទារឱ្យតុលាការ​​ដោះលែងមេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការទាមទារសារជាថ្មីនេះ ធ្វើឡើងក្រោយតុលាការកំពូលសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ធរណ៍ទុកជាបានការ និងតម្រូវឱ្យកញ្ញា ឈឹម ស៊ីថរ បន្តជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមបទចោទ«ញុះញង់»។

ក្រុមកូដករណាហ្គាវើលដ៍ចេញតវ៉ាទាមទារដោះលែងកញ្ញា ឈឹំម ស៊ីថរ
ក្រុមកូដករណាហ្គាវើលដ៍ចេញតវ៉ាទាមទារដោះលែងកញ្ញា ឈឹំម ស៊ីថរ © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោក Jeremy Laurence បានលើកឡើងពីក្តីកង្វល់កាន់តែខ្លាំង ហើយអំពាវនាវដល់តុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់មកលើ កញ្ញា ឈឹម ស៊ីថរ រួមនឹងថ្នាក់ដឹកនាំសហជីពផ្សេងទៀត។

អ្នកនាំពាក្យ OHCHR ក៏ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបានពេញលេញលើការការពារសិទ្ធិមនុស្សដែលទទួលស្គាល់ដោយច្បាប់ជាតិ និងអន្តរជាតិ និងត្រូវបើកលំហរសិទ្ធិសេរីភាពឱ្យពលរដ្ឋអាចអនុវត្តសិទ្ធិរបស់ពួកគេដោយសេរី និងគ្មានការគំរាមកំហែងក្រោមរូបភាពណាមួយ។

ការសម្រេចតម្កល់សាលដីកាផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំដដែលនេះ ត្រូវបានអ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សចាត់ទុកថា ជារឿងអយុត្តិធម៌។ អយុត្តិធម៌ត្រង់ថា កញ្ញា ឈឹម ស៊ីថរ គឺជាបុគ្គលតែម្នាក់គត់ដែលកំពុងជាប់ពន្ធនាគារ ខណៈថ្នាក់ដឹកនាំសហជីពផ្សេងទៀតត្រូវតុលាការអនុវត្តទោសព្យូរឱ្យនៅក្រៅឃុំ។

​លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFI​​ថា ការទាមទាររបស់តំណាងសិទ្ធិមនុស្សប្រចាំកម្ពុជាគឺជាសិទ្ធិរបស់ពួកគេ។ តែលោក​យល់ថា នេះទំនងជារបៀបវារៈនយោបាយ។

បើតាម លោក ជិន ម៉ាលីន ការដោះលែងឬមិនដោះលែង​ អាស្រ័យទៅលើអង្គហេតុ និងអង្គច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

​សូមជម្រាបថា កាលពីដើម ខែមករា ឆ្នាំ២០២២ តុលាការបានចេញដីកាចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ និងសហជីព៦នាក់ទៀតក្រោមបទចោទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជុំវិញសកម្មភាពធ្វើកូដកម្មនៅពីមុខអគារកាស៊ីណូណាហ្គាវើលដ៍កាលពីអំឡុងឆ្នាំ២០២១។ បន្ទាប់មក កញ្ញា ឈឹម ស៊ីថរ ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ខណៈថ្នាក់ដឹកនាំសហជីពផ្សេងទៀត តុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែ តែអនុវត្តព្យូរទោស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ