អានតួអត្ថបទ

អាជ្ញាធរអះអាងថា ទឹកលិចក្រុង ដោយសារការប្រែប្រួលអាកាសធាតុ

ភ្ញៀងធ្លាក់មួយមេធ្វើឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញចាប់ផ្ដើមលិចទឹកជាបណ្ដើរៗហើយ ដែលបញ្ហានេះជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនារដូវ​វស្សាឆ្នាំនេះ។ ប៉ុន្តែ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បន្តបដិសេធថាការលិចទឹកនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ មិនមែនកើតឡើងដោយសារតែការលុបបឹងឡើយ។ បើតាមអភិបាលរងរូបនេះ អាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេចក្នុងការរំដោះទឹកចេញ ដែលកើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុនេះ។

រូបភាពទឹកលិចផ្លូវនៅក្នុងរាជធានីភ្នំពេញ
រូបភាពទឹកលិចផ្លូវនៅក្នុងរាជធានីភ្នំពេញ © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

លោក កើត ឆែ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរ​បានធ្វើការរៀបចំប្រព័ន្ធរំដោះទឹកចេញពីរាជធានីភ្នំ​ពេញ​រួចហើយ ពោលមិនមែនទើបតែធ្វើនៅពេលនេះនោះទេ។ លោកបន្ថែមថា ការរៀបចំប្រព័ន្ធរំដោះទឹកចេញពីក្រុងនេះ បច្ចុប្បន្នមានស្ថាប័នចំនួន៣ គឺមានក្រសួងធនធានទឹក ក្រសួងសាធារណការ និងរដ្ឋបាលសាលារាជធានីភ្នំពេញ។ តាមអភិបាលរងរាជធានីភ្នំពេញរូបនេះ ការរៀបចំប្រព័ន្ធរំដោះទឹកចេញ​ពីក្រុង គឺធ្វើទៅតាមការប្រែប្រួលអាកាសធាតុ។

ការប្រែប្រួលអាកាសធាតុនេះ ត្រូវលោក កើត ឆែ អះអាងថា ​ធ្វើឲ្យប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា​លិចលង់ដោយសារតែជំនន់ទឹកភ្លៀងកាលពីពេលថ្មីកន្លងទៅនេះ។ លោកថា ការប្រែប្រួលអាកាសធាតុនេះ ធ្វើឲ្យ​​ភ្លៀងធ្លាក់មានរយៈពេលយូរជាងមុន ទើបធ្វើឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញលិចទឹក។

សម្រាប់សកម្មជនបរិស្ថាន និងក្រុមប្រឆាំងវិញ បានរិះគន់ថាជំនន់ទឹកភ្លៀងលិចរាជធានីភ្នំពេញនេះ គឺ កើតឡើងដោយសារតែអាជ្ញាធរលុបបឹងដើម្បីធ្វើការអភិវឌ្ឍន៍ ដែលជាផ្នែកមួយគ្មានកន្លែងរំដោះទឹកចេញ​ពីក្រុង ទើបបណ្ដាលឲ្យលិចលង់បែបនេះ។ ប៉ុន្តែការរិះគន់នេះត្រូវបានលោក កើត ឆែ បដិសេធដោយចាត់ទុកការលើកឡើងនេះថា ពុំបានឆ្លុះបញ្ចាំងពីអ្វីដែលបានកើតឡើយ ហើយថា ករណីលិចលង់នេះ គឺកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ និងការចោលសំរាមគ្មានសណ្ដាប់ធ្នាប់ នាំស្ទះប្រព័ន្ធរំដោះទឹកជាដើម។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញចាប់ផ្ដើមមានភ្លៀងធ្លាក់ជាបណ្ដើរៗហើយនៅប៉ុន្មានថ្ងៃមកនេះ។ ភ្លៀងនេះ ធ្វើប្រជាពលរដ្ឋខ្លះបង្ហាញការសប្បាយចិត្ត ពីព្រោះវាបានធ្វើឲ្យកម្ដៅថយចុះខ្លះ។ ប៉ុន្តែភ្លៀងនេះ បានធ្វើឲ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញចាប់ផ្ដើមលិច ដែលជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនារដូវ​វស្សាឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ