អានតួអត្ថបទ
កម្ពុជា-សង្គម

កំពង់ចាម៖ដីជាង៩ម៉ឺនម៉ែត្រការ៉េ ដែលផ្ទេរទៅឱ្យគណបក្សប្រជាជនមិនមែនជាដីរបស់រដ្ឋទេ

នៅថ្ងៃទី០៦ ឧសភា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដីខេត្តកំពង់ចាមបានបកស្រាយថា ដីជាង៩ម៉ឺន៣ពាន់ម៉ែត្រការ៉េដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតប្រគល់ឱ្យគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមមិនមែនជាដីរបស់រដ្ឋទេ។ ការចេញមុខបកស្រាយដូចនេះបានធ្វើឡើង ក្រោយពីមានការរិះគន់នាពេលថ្មីៗនេះពីការកាត់ដីរដ្ឋឱ្យគណបក្សប្រជាជនដែលកំពុងកាន់អំណាចសព្វថ្ងៃ។

រូបតំណាង
រូបតំណាង © គណបក្សប្រជាជនកម្ពុជា
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៦ ខែឧសភា មន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តកំពង់ចាមបានបញ្ជាក់ថា ដីទំហំ៩៣ ២២៤ ម៉ែត្រការ៉េ ដែលរដ្ឋាភិបាលផ្ទេរទៅឱ្យគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមមិនមែនជាដីរបស់រដ្ឋដូចមានការលើកឡើងនៅតាមបណ្តាញសង្គមមួយចំនួននោះឡើយ។ សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ដីនេះជាដីរបស់គណបក្សប្រជាជនខេត្តកំពង់ចាមដែលមានសិទ្ធិកាន់កាប់ តមក ៤ជំនាន់ ពោលតាំងពីឆ្នាំ ១៩៩៨។ ដើមចមនៃដីនេះគឺថានៅឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាមដែលមានបញ្ហាសុខភាពមិនបានផ្តល់ឯកសារទៅឱ្យក្រុមការងារវាស់វែងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ទើបធ្វើឱ្យមានការយល់ច្រឡំថាដីនេះជាដីរបស់រដ្ឋ។

តាមសេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា មុនលោក ហ៊ុន ម៉ាណែតប្រគល់ដីខាងលើទៅឱ្យគណបក្សប្រជាជនខេត្តកំពង់ចាម ទាំងគណៈកម្មាធិការសុរិយោដីខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីបានពិនិត្យរួចរាល់ និងឃើញថាពិតជាដីរបស់គណបក្សប្រជាជនខេត្តកំពង់ចាមមែន។ ជុំវិញការពន្យល់បកស្រាយរបស់មន្ទីររៀបចំដែនដីខេត្តកំពង់ចាមពេលនេះត្រូវបានលោកនី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកយល់ថាមិនសមហេតុផល។ មិនសមហេតុផល ព្រោះបើដីខាងលើពិតជាអតីតដីរបស់គណបក្សប្រជាជនខេត្តកំពង់ចាមមែន រដ្ឋាភិបាលមិនចាំបាច់ធ្វើអនុប្បយោគនោះទេ។

គួរជម្រាបថានៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យដោយប្រគល់ដីប្រមាណជាង៩ម៉ឺនម៉ែត្រការ៉េទៅគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងដែលរឿងនេះបានបំផុតឲ្យមានប្រតិកម្មពីអ្នកវិភាគ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ