លោកមីន អ៊ុងឡាំង នឹងពិចារណាសំណើលោក ហ៊ុន សែន សុំជួបលោកស្រី អ៊ុង សានស៊ូជី
ជាថ្មីម្តងទៀត លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើទៅកាន់មេដឹកនាំភូមាលោក មីន អ៊ុងឡាំង ដើម្បីជួបជាមួយលោកស្រី អ៊ុង សានស៊ូជី តាមប្រព័ន្ធវីដេអូ។ សំណើនេះត្រូវបានលោក ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូនៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៦
នៅក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើជាថ្មីម្តងទៀតឲ្យលោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋភូមាពិចារណារៀបចំឲ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងលោក និងលោកស្រីអ៊ុង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខដោយសារលោក ហ៊ុន សែន និងលោកស្រី ស៊ូជី ធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។ នេះបើតាមការផ្សាយឲ្យដឹងនៅលើហ្វេសប៊ុកផ្លូវការលោក ហ៊ុន សែន។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច របស់អាស៊ាន និងរំពឹងថា ការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានភូមាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។
ដោយឡែក អតីតនាយករដ្ឋមន្ត្រីខ្មែររូបនេះ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលបានបញ្ជូនតំណាងមិននយោបាយឲ្យចូលរួមនៅក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីខែមករាកន្លងទៅ និងលើកទឹកចិត្តឲ្យភូមាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗផ្សេងទៀតរបស់អាស៊ាន។ ជាការឆ្លើយតប លោក មីន អ៊ុងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួនឲ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
មេដឹកនាំកំពូលភូមារូបនេះ ដដែលក៏បានបញ្ជាក់ប្រាប់លោក ហ៊ុន សែន ដែរថា នឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជាពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៌ និងមានតម្លាភាព។
សូមរំលឹកថា នៅក្នុងអំឡុងកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ជម្លោះនយោបាយនៅភូមាជាប្រធានបទក្តៅមួយដែលមិនទាន់អាចរកច្រកចេញបាន។ ក្រុមមេដឹកនាំយោធាភូមាត្រូវអាស៊ានវាយតម្លៃថាមិនមានឆន្ទៈក្នុងការគោរពឲ្យបានប្រសើរនូវគោលការណ៍ជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។
ចំណែកមេដឹកនាំប្រជាធិបតេយ្យភូមាលោកស្រី អ៊ុង សានស៊ូជី ត្រូវបានរបបយោធាឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានក្រុមយោធាចោទប្រកាន់ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចុងក្រោយនេះរហូតជាង២០ឆ្នាំ ក្រោមបទល្មើសផ្សេងៗគ្នាជាច្រើន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ