អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ពលរដ្ឋខ្មែរធ្វើបាតុកម្មនៅមុខទីស្នាក់ការ UN ទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម

នៅថ្ងៃទី៧ ឧសភា ពលរដ្ឋខ្មែរក្រៅប្រទេសបានធ្វើបាតុកម្មនៅមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ ប្រទេសស៊្វីសដើម្បីទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម ១៣អង្គ/នាក់ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារវៀតណាម។ បាតុកម្មនេះធ្វើឡើងចំពេលដែលតំណាងវៀតណាមចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤។

ពលរដ្ឋខ្មែរធ្វើបាតុកម្មនៅមុខទីស្នាក់ការ UN ទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម
ពលរដ្ឋខ្មែរធ្វើបាតុកម្មនៅមុខទីស្នាក់ការ UN ទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម © AFP
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមកពីបារាំង អ៊ីតាលី ស្វីស ហូឡង់ និងបណ្តាប្រទេសនៅអ៊ឺរ៉ុបផ្សេងទៀតបាននាំគ្នាធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្រុងហ្សឺណែវ ប្រទេសស៊្វីស។ តាមសារព័ត៌មានសំឡេងកម្ពុជា (VOKK) ដែលបានចុះយកព័ត៌មានផ្ទាល់ មានពលរដ្ឋប្រមាណជាង ១០០អង្គ/នាក់បានចូលរួមធ្វើបាតុកម្មនេះដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារវៀតណាមចំនួន ១៣អង្គ/នាក់។ បាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះធ្វើឡើង ចំពេលដែលតំណាងប្រទេសវៀតណាមចូលរួមនៅក្នុងកិច្ចប្រជុំមួយរបស់អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤។

នៅក្នុងកិច្ចប្រជុំមួយនេះដែរ វៀតណាមក៏ត្រូវឆ្លើយបំភ្លឺចំពោះអង្គការសហប្រជាជាតិអំពីការសន្យារបស់ខ្លួនក្នុងការអនុវត្តអនុសាសន៍ដែលដាក់ជូនដោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិនាកិច្ចប្រជុំត្រួតពិនិត្យជុំទី៣កាលពីឆ្នាំ ២០១៩។ សម្រាប់ក្រុមបាតុករ ការចូលរួមធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិពេលនេះជាការបង្ហាញឱ្យសហគមន៍អន្តរជាតិបានឃើញថា សេចក្តីថ្លែងការណ៍ និងការធ្វើរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាមជារឿងមិនពិត និងជាការភូតភរកុហកសហគមន៍អន្តរជាតិ។

ក្រុមបាតុករខ្មែរនៅក្រៅប្រទេសចាត់ទុកការចាប់ឃុំពលរដ្ឋខ្មែរទាំង ១៣អង្គ/នាក់របស់រដ្ឋវៀតណាមក្នុងរយៈពេលជាង៦ខែកន្លងទៅជាអំពើអយុត្តិធម៌ ជិះជាន់ ឈ្លានពាន និងជាការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមនៅវៀតណាម។ ក្នុងន័យនេះ ក្រុមបាតុករទាមទារឲ្យរដ្ឋវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមជាប់ឃុំទាំងអស់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ គួររម្លឹកថា ពលរដ្ឋខ្មែរក្រោមទាំង ១៣អង្គ/នាក់ត្រូវបានអាជ្ញាធរវៀតណាម​សម្រេចកាត់ទោស និងចាប់ឃុំក្នុងបទរំលោភបំពានច្បាប់រដ្ឋវៀតណាម។

ដើម្បីបន្តទាមទារដាក់សម្ពាធឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមទាំង១៣នាក់នេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រកាសពីគម្រោងដឹកនាំបន្តធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមក្នុងប្រទេសផ្សេងទៀតដូចជានៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី១១ ឧសភា និងនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ