អានតួអត្ថបទ

ចិននឹងបញ្ជូននាវាពីរគ្រឿងមកកម្ពុជាក្នុងសមយុទ្ធនាគមាស

ក្រសួងការពារជាតិចិនបានបញ្ជាក់ថា នឹងបញ្ជូននាវា២គ្រឿង ដែលជានាវាហ្វឹកហ្វឺន និងនាវាចម្បាំង មកទឹកដីកម្ពុជា ចាប់ពីពាក់កណ្ដាលខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅថ្ងៃទី៩ ឧសភា។ ប៉ុន្តែ អ្នកនាំពាក្យកងទ័ពកម្ពុជាលោក ថោង សូលីម៉ូ បញ្ជាក់ថា នាវាចិននឹងវិលត្រឡប់ទៅប្រទេសចិនវិញ ក្រោយចូលរួមសមយុទ្ធរួមគ្នាជាមួយកងទ័ពកម្ពុជា នៅខែឧសភានេះ។

ចិននឹងបញ្ជូននាវាពីរគ្រឿងមកកម្ពុជាក្នុងសមយុទ្ធនាគមាស
ចិននឹងបញ្ជូននាវាពីរគ្រឿងមកកម្ពុជាក្នុងសមយុទ្ធនាគមាស © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិចិនបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ថា ចិននឹងបញ្ជូននាវាហ្វឹកហ្វឺនកងទ័ពជើងទឹក(Qijiguang) និងនាវាចម្បាំង (Jinggangshan)ដ៏ធំរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា និងទីម័រ។ បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន នាវាទាំងពីរគ្រឿងនេះ គឺសម្រាប់ការហ្វឹកហ្វឺនជាមួយទាហានជើងទឹកក្នុងតំបន់ ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ គឺកម្ពុជា-ចិន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានអង់គ្លេស Reuters ការបញ្ជូននាវាពីរគ្រឿងមកកម្ពុជា ធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក តុង ជុន Dong Jun កាលពីខែមីនាកន្លងទៅ បានជួបជាមួយមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ម៉ៅ សុផាន់ នៅទីក្រុងប៉េកាំង។

លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោពលខេមរភូមិន្ទបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃសុក្រនេះថា នាវាទាំងពីរគ្រឿងនេះ នឹងដឹកគ្រឿងបរិក្ខារ និងកម្លាំងកងទ័ពដើម្បីមកចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤។ តែលោកមិនភ្លេចបញ្ជាក់ថា ក្រោយការបញ្ចប់ធ្វើសមយុទ្ធនាគមាស នាវានេះនឹងវិលត្រឡប់ទៅប្រទេសចិនវិញ ពោលគឺមិននៅកម្ពុជា ដល់ពាក់កណ្ដាលខែមិថុនា ដូចការលើកឡើងរបស់ក្រសួងការពារជាតិចិន ដែលទីភ្នាក់ងារReuters យកមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

នាវាកងទ័ពចិនចូលមកកម្ពុជា នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប្រចាំឆ្នាំ ដូច្នេះកម្ពុជាមិនចាំបាច់អីទៅស្នើសុំ ឬទៅជម្រាបប្រាប់អ្នកណានោះឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងទ័ពកម្ពុជា។

យោងតាម Reuters ដដែល នាវាចម្បាំង Jinggangshan មានសមត្ថភាពអាចផ្ទុកឧទ្ធម្ភាគចក្រ រថពាសដែក ទូកពោង និងទូកដឹកទាហានចូលច្រាំង ព្រមទាំងកងទ័ពជិត ១០០០នាក់។ ចំណែកនាវាហ្វឹកហ្វឺន Qijiguang មានទំហំតូចជាងនាវាចម្បាំង ប៉ុន្តែជានាវាយោធាទំនើបបំផុតតាមបច្ចេកវិទ្យារបស់ចិន។

នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជា និងចិន នឹងធ្វើសមយុទ្ធនាគមាសរួមគ្នា នៅខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ឧសភា ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។

សូមរំលឹកថា ចិនបញ្ជូននាវាយោធា២គ្រឿងបន្ថែមទៀត នៅក្នុងអំឡុងសមយុទ្ធយោធារួមគ្នាកម្ពុជា-ចិន ឆ្នាំ២០២៤ នឹងធ្វើឲ្យនាវាយោធាចិនកើនឡើងដល់ទៅ៤គ្រឿង ដោយ២គ្រឿងមានវត្តមានរួចជាស្រេចនៅកំពង់ផែយោធារាម។ នាវា២គ្រឿងដែលកំពុងចតនៅកំពង់ផែរាមនេះ បានបង្កឲ្យមានភាពចម្រូងចម្រាសគ្នា មួយរយៈចុងក្រោយនេះជុំវិញវត្តមានយោធាចិន នៅទឹកដីកម្ពុជា។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ បានបំភ្លឺកាលពីថ្ងៃពុធកន្លងទៅថា វត្តមាននាវាចិន២គ្រឿងដែលសំចតនៅមូលដ្ឋានទ័ពរាម មិនបង្កើតជាការដាក់ពង្រាយអចិន្ត្រៃយ៍នៃយោធាចិននៅក្នុងប្រទេសនោះទេ។ លោកបញ្ជាក់ថា វត្តមាននាវាទាំងពីរគ្រឿងនោះ ជាការឯកភាពគ្នារវាងប្រទេសទាំងពីរ ដោយចិននឹងបណ្ដុះបណ្ដាលការប្រើប្រាស់នាវា ខណៈកម្ពុជានឹងទិញនាវាបែបនេះ ដើម្បីបម្រើវិស័យយោធានៅពេលខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ