អានតួអត្ថបទ
កម្ពុជា-ប្រព័ន្ធសុខាភិបាល

ពេទ្យបង្អែកខេត្តបាត់ដំបងរងការចោទថាខ្វះការយកចិត្តទុកដាក់បណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់

មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរងការចោទប្រកាន់ពីក្រុមគ្រួសារជនរងគ្រោះថា ខ្វះការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺម្នាក់ដែលទើបសម្រាលកូន រហូតបណ្តាលឱ្យស្លាប់ដោយរោគវិនិច្ឆ័យពុលខួរក្បាលនៅថ្ងៃទី៣០មេសា ឆ្នាំ២០២៤។ តែមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ក្នុងថ្ងៃទី៩ឧសភាម្សិលមិញថា ក្រុមគ្រូពេទ្យបានប្រឹងប្រែងព្យាបាលសង្គ្រោះជីវិតអ្នកជំងឺរូបនោះអស់លទ្ធភាពហើយ។

ពេទ្យបង្អែកខេត្តបាត់ដំបងរងការចោទថាខ្វះការយកចិត្តទុកដាក់បណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់
ពេទ្យបង្អែកខេត្តបាត់ដំបងរងការចោទថាខ្វះការយកចិត្តទុកដាក់បណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់ © ប្រភព
ផ្សាយពាណិជ្ជកម្ម

ក្នុងសំណេរហ្វេសប៊ុក ជនដែលអះអាងថាជាកូនស្រីរបស់ស្ត្រីដែលបានស្លាប់បានរៀបរាប់ថា នៅថ្ងៃទី២២មេសា ម្តាយរបស់ខ្លួនបានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយមានជំងឺប្រចាំកាយរួមមាន លើសឈាម ទឹកនោមផ្អែម និងជាតិពុលក្នុងថ្លើម។ អំឡុងពេលព្យាបាល ម្តាយនាងដែលកំពុងពពោះកូន៨ខែចាប់មានអាការៈឈឺពោះ និងបានលេបថ្នាំ២គ្រាប់ដែលពេទ្យផ្តល់ឱ្យដោយមិនពិនិត្យឯកសារនិងអាការៈអ្នកជំងឺ។ តាមកូនស្រីអ្នកជំងឺដដែល លុះ១ម៉ោងកន្លះក្រោយ ដោយអាការៈរបស់ម្តាយនៅតែមិនធូរស្បើយ នាងរត់ទៅប្រាប់ពេទ្យម្តងទៀត ទើបដឹងថាគ្រូពេទ្យផ្តល់ថ្នាំព្យាបាលអ្នកជំងឺដោយមិនដឹងថាអ្នកជំងឺកំពុងពពោះ។

អ្នកជំងឺបានសម្រាលកូនមុនកំណត់នៅថ្ងៃទី២៧មេសា។ កូនស្រីអ្នកជំងឺបន្តថា ម្តាយនាងនៅតែបន្តឈឺពោះខុសធម្មតា ហើយនាងបានតាមពេទ្យពិនិត្យម្តាយប្រហែល១០ដង តែការពិនិត្យនោះបានត្រឹមការវាស់ឈាមនិងយកដៃសង្កត់ពោះ ព្រោះពេទ្យថាវាជាអាការៈកន្ត្រាក់ស្បូនក្រោយសម្រាល។

ដោយស្ថានភាពម្តាយធ្ងន់ធ្ងរលែងដឹងខ្លួន នាងបានស្នើសុំឆ្លុះអេកូសាស្ត្រដែលតម្រូវឱ្យបង់ជាប្រាក់មុន និងដែលត្រូវចាយពេលចាំ២ម៉ោងព្រោះខ្វះបុគ្គលិក។ បន្ទាប់មក ម្តាយនាងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ និង ស្លាប់នៅថ្ងៃទី៣០មេសា ដោយរោគវិនិច្ឆ័យពុលខួរក្បាលដោយសារពុលថ្លើមខ្លាំង។ ចំពោះគ្រួសារជនរងគ្រោះ អ្នកជំងឺស្លាប់ ដោយសារការមិនយកចិត្តទុកដាក់ ទុកអ្នកជំងឺចោល ដែលជាទង្វើខ្វះក្រមសិលធម៌វិជ្ជាជីវៈពេទ្យ។

បញ្ហានេះត្រូវបានក្រុមគ្រួសារជនរងគ្រោះអំពាវនាវរកយុត្តិធម៌ និងស្នើឱ្យមន្ទីរពេទ្យខេត្តបាត់ដំបងចេញមុខទទួលខុសត្រូវ និងសុំទោសគ្រួសារនាងជាសាធារណៈ។ តែមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ក្នុងថ្ងៃទី៩ឧសភាម្សិលមិញថា ក្រុមគ្រូពេទ្យបានប្រឹងប្រែងសង្គ្រោះជីវិត និងព្យាបាលអ្នកជំងឺរូបនេះដោយឱសថ និងដោយមធ្យោបាយបច្ចេកទេសពេទ្យអស់ពីលទ្ធភាពហើយ និងថាខ្លួនរន្ធត់ចិត្តនិងសោកស្តាយចំពោះមរភាពរបស់អ្នកជំងឺរូបនេះ។ តាមមន្ទីរសុខាភិបាលខេត្តបាត់ដំបង អ្នកជំងឺអាយុ៤៣ឆ្នាំ ដែលធ្លាប់មានផ្ទៃពោះ៧ដង បានចូលមកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងស្ថានភាពខ្សោយថ្លើមនិងខ្សោយតម្រងនោមចុងក្រោយ និងមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ