អានតួអត្ថបទ

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ពាក្យ“ថោ្កលទោស”របស់បក្សកម្លាំងជាតិចំពោះច្បាប់ ជារឿងមិនត្រឹមត្រូវ

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញមកបកស្រាយ នៅយប់ថ្ងៃទី៩ ខែឧសភា ទៅនឹងសេចក្ដីថ្លែងការណ៍ដែលនៅក្នុងនោះ គណបក្សកម្លាំងជាតិសំដែងការសោកស្ដាយដែលសមត្ថកិច្ចចាប់ខ្លួនប្រធានគណបក្ស លោក ស៊ុន ចន្ធី ។ បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ការណ៍ដែលគណបក្សកម្លាំងជាតិប្រើពាក្យ “ថោ្កលទោស” ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបានទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ពាក្យ“ថោ្កលទោស”របស់បក្សកម្លាំងជាតិចំពោះច្បាប់ ជារឿងមិនត្រឹមត្រូវ
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ពាក្យ“ថោ្កលទោស”របស់បក្សកម្លាំងជាតិចំពោះច្បាប់ ជារឿងមិនត្រឹមត្រូវ © គណបក្សកម្លាំងជាតិ
ផ្សាយពាណិជ្ជកម្ម

ពាក្យ “ថោ្កលទោស” ដែលគណបក្សកម្លាំងជាតិប្រើក្នុងសេចក្ដីថ្លែងការណ៍ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ចាត់ទុកថា មិនត្រឹមត្រូវ ព្រោះថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។

ប៉ុន្មានម៉ោងក្រោយការចាប់ខ្លួនលោក ស៊ុន ចន្ធី ដែលជាមេដឹកនាំរបស់ខ្លួន កាលពីថ្ងៃទី០៩ ឧសភា គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការទង្វើរបស់អាជ្ញាធរ។

បើតាមក្រសួងយុត្តិធម៌ ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺពាក់ព័ន្ធនឹងអង្គហេតុនៃបទល្មើស ហើយជាការអនុវត្តច្បាប់សុទ្ធសាធ និងបានប្រាប់ទៅកាន់គណបក្សកម្លាំងជាតិថាគប្បីពិនិត្យពិចារណាឡើងវិញ ក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាឲ្យបាននូវធម្មានុរូបភាព ជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់នៅក្នុងសង្គមនីតិរដ្ឋ។

គណបក្សភ្លើងទៀនឯណោះវិញ ដែលជាគណបក្សប្រឆាំង និងជាប្រភពដើមនៃគណបក្សកម្លាំងជាតិក៏បានអំពាវនាវឱ្យមានការដោះលែងលោក ស៊ុន ចន្ធី ភ្លាមៗដែរ។ តាមគណបក្សភ្លើងទៀន ការឃាត់ខ្លួន ប្រធានគណបក្សកម្លាំងជាតិ ជាការបំភិតបំភ័យ និងគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលនឹងរៀបចំឡើងនៅ២សប្ដាហ៍ខាងមុខ។

លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូ ចាត់ទុករូបភាពចាប់ខ្លួនមុនពេលបោះឆ្នោតថា ជាការបង្កឱ្យមានមតិរិះគន់កាន់តែច្រើន លើបញ្ហាសិទ្ធិមនុស្ស និងសេរីភាពនយោបាយ នៅកម្ពុជា។ នាយកអង្គការលីកាដូរូបនេះ មិនភ្លេចបញ្ជាក់ថា ចំណុចនេះហើយដែលនាំឱ្យសហគមន៍អន្ដរជាតិរិះគន់កម្ពុជាម្ដងហើយម្ដងទៀត។

គួរជម្រាបថា លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្ដហោះក្រុងភ្នំពេញ បន្ទាប់ពីលោកទើបវិលមកពីប្រទេសជប៉ុន ដើម្បីចូលរួមការផ្សព្វផ្សាយគោលនយោបាយគណបក្សនៅក្រៅប្រទេស។ តុលាការបានបញ្ចេញហេតុផលតាមទម្លាប់ដោយថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី មានពាក់ព័ន្ធនឹងការ “ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។ បើតាមតុលាការខ្មែរ លោក ស៊ុន ចន្ទី បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល ក្នុងការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋមានភាពលម្អៀង និងរើសអើង។ តុលាការបញ្ជាក់ថា លោក ស៊ុន ចន្ធី ក៏បាននិយាយមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់ បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ