អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្ត្រីជាដៃគូមិនអាចខ្វះបាននៅក្នុងវិស័យវិទ្យាសាស្ត្រ ក្នុងបរិបទបច្ចេកវិទ្យា៤.០

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមរយៈ​ការធ្វើ​ជំរឿន​ចុងក្រោយ​នៅឆ្នាំ​២០១៩​ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន​គេកំណត់​ថាមាន​ចំនួន​សរុប​ ជាង​១៥,៥​លាន​នាក់ ​ក្នុងនោះ​ស្រ្តីមានជិត​៨លាន​នាក់​។ ​ក៏ប៉ុន្តែ​ស្ត្រី​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ ​មាន​តិចតួច​នៅឡើយ​ប្រៀបធៀប​ទៅនឹង​បុរស​។ ​នៅក្នុង​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម​ ៤.០​ និង​ឈរលើ​សមភាព​យ៉ែនឌ័រ​ផងនោះ ​ប្រទេស​កម្ពុជា​ពិតជា​មិនអាច​មើលរំលង​លើ​នារី​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​បានឡើយ​។ ​ហេតុអ្វី​ត្រូវ​ជម្រុញ​ឲ្យ​ស្ត្រី​ចូល​ប្រឡូក​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ?

យុវនារីដែលជាអនាគតធនធានដ៏រឹងមុំា (រូបដំណាង)
យុវនារីដែលជាអនាគតធនធានដ៏រឹងមុំា (រូបដំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រទេសកម្ពុជា ស្ត្រីត្រូវគេមើលឃើញថាមានប្រមាណជា៥%ប៉ុណ្ណោះ ដែលបានចាប់អារម្មណ៍សិក្សា និងចាប់យកការងារបែបវិទ្យាសាស្ត្រ ដូចជាជំនាញបច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យាជាដើម។ ចំនួននេះ នៅតិចតួចណាស់ បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់ និងពិភពលោក ដែលប្រទេសខ្លះចំនួនស្ត្រីនៅក្នុងវិស័យវិទ្យាសាស្ត្រមានប្រហាក់ប្រហែលនិងបុរស។  

ការដែលប្រទេសកម្ពុជាមានចំនួនស្ត្រីតិចតួច នៅក្នុងវិស័យវិទ្យាសាស្ត្រ គឺរឿងនេះទាក់ទងទៅនឹងកត្តាមួយចំនួន ក្នុងនោះក៏មានកត្តាសង្គម វប្បធម៌ ទំនៀមទំលាប់ប្រពៃណីដែរ។ នៅពេលដែលប្រទេសក្នុងតំបន់កំពុងតែអភិវឌ្ឍន៍ ជាពិសេសលើផ្នែកសមភាពយ៉េនឌ័រ ស្ត្រីកម្ពុជា កំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ដែលបានកើតឡើងពីរបបមួយទៅរបបមួយឥតឈប់ឈរ។

ការសិក្សារបស់ស្ត្រីកាលពីជំនាន់មុនៗ បានធ្វើឡើង គ្រាន់តែឲ្យស្គាល់អក្សរ និងចេះដឹងបន្តិចបន្តួចនៅក្នុងកំរិតមួយ ដែលមិនអាចយកទៅប្រើការ នៅក្នុងការងារជំនាញ ឬបច្ចេកទេសវិទ្យាសាស្ត្របានទេ។ ម្យ៉ាងទៀត ក្មេងស្រីនៅក្នុងគ្រួសារ តាមប្រពៃណីខ្មែរតំណតមក តែងផ្សារភ្ជាប់តែចង្ក្រានជើងឆ្នាំង។ អត្រាបោះបង់ចោលការសិក្សារបស់សិស្សស្រី មានកំរិតខ្ពស់ ខណៈដែលប្រទេសកម្ពុជាបានស្ថិតនៅក្រោមបន្ទាត់ក្រីក្រ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍។ ស្ត្រីភាគច្រើន មិនទាន់យល់បានទូលំទូលាយពីសារៈសំខាន់នៃ ​វិទ្យាសាស្ត្រ និងមិនទាន់ទុកចិត្តខ្លួនឯងថា មានសមត្ថភាពដូចបុរស។

ក៏ប៉ុន្តែបដិវត្តឧស្សាហកម្ម៤.០ នាបច្ចុប្បន្ននេះ បើទោះណាជាកម្ពុជានៅយឺតជាងគេក៏ដោយ ក៏វាជាការ ជួយពញ្ញាក់អារម្មណ៍ឲ្យប្រទេសនេះ បង្ខំចិត្តត្រូវតែរត់ឲ្យទាន់គេលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ ដោយមានការចូលរួមទាំងបុរស ទាំងស្ត្រី។ តើធ្វើដូចម្តេចដើម្បី ឲ្យស្ត្រីខ្មែរចូលរួមកាន់តែច្រើន នៅក្នុងវិស័យវិទ្យាសាស្ត្រ?

នោះគឺទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន រួមនឹងស្ត្រីខ្លួនឯង ត្រូវមានឆន្ទៈចូលរួម ស្វែងរកយន្តការដ៏មានប្រសិទ្ធភាព ដែលអាចអនុញ្ញាតឲ្យមានវត្តមានស្ត្រីកាន់តែច្រើននៅក្នុងវិស័យវិទ្យាសាស្ត្រ។ តាមសមភាពយ៉ែនឌ័រ គេត្រូវតែជម្រុញស្ត្រីឲ្យបានកាន់តែច្រើនដែលអាចធ្វើទៅបាន បានចូលសិក្សាចាប់ពីកំរិតបឋម រហូតដល់ថ្នាក់ឧត្តមសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ជំនាញវិជ្ជាជីវៈ។

ក្រវ៉ាត់ចោលនូវទស្សនៈ ជាប្រពៃណីអន់ថយ ដែលថា«ស្ត្រីបង្វិលចង្ក្រានមិនជុំ» ហើយជំនួសមកវិញនូវទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

វិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ មិនត្រឹមតែជួយលើកមុខមាត់ស្ត្រី នៅក្នុងវិស័យវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជួយលើកស្ទួយតម្លៃស្ត្រីនៅក្នុងសង្គមផងដែរ ដោយមានការផ្លាស់ប្តូរផ្នត់គំនិតគិតមិនដល់ ឆ្ងល់មិនជ្រៅ ទៅជាអ្នកដែលមានផែនការបង្កើតថ្មី ដែលចំណុចនេះ ជាធាតុផ្សំចាំបាច់ក្នុងការអភិវឌ្ឍន៍សង្គមគ្រួសារ និងប្រទេសជាតិ។

នៅប្រទេសជឿនលឿន ស្ត្រីត្រូវបានរាប់បញ្ចូលទៅក្នុងចំណោមកម្លាំងពលរដ្ឋសកម្មរបស់ប្រទេស ដោយសារស្ត្រី និងបុរសបានចូលរួមដូចៗគ្នា នៅក្នុងវិស័យវិទ្យាសាស្ត្រ ដែលរូបភាពនេះគឺជាទំនួលខុសត្រូវរបស់ពលរដ្ឋក្នុងសង្គមមួយ ជួយធ្វើឲ្យប្រទេសជាតិមានការរីកចំរើន និងវឌ្ឍនភាព។

សម្រាប់ប្រទេសកម្ពុជា ដើម្បីសម្រេចគោលដៅដូចនេះ គឺនៅតែអាចធ្វើទៅបាន ដោយសារក្នុងកាលៈទេសៈនេះ អ្វីៗសុទ្ធតែអភិវឌ្ឍន៍ទៅតាមលំអាននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងភាពឆ្លាតវៃ។ ជាឧទាហរណ៍ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) បានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃការចាប់អារម្មណ៍ និងចូលរៀនផ្នែកជំនាញបច្ចេកទេស វិទ្យាសាស្ត្រ វិស្វករ មានការកើនឡើងគួរកត់សម្គាល់។

ទិន្នន័យ ដែលបានបង្ហាញដោយ​វេទិកាសេដ្ឋកិច្ចកាលពីប៉ុន្មានឆ្នាំមុន នៅកម្ពុជា ៩៥% នៃនិស្សិតថ្នាក់បណ្ឌិត ជាបុរស និងមានប្រមាណជា ៧៩% នៃអ្នកស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ក៏សុទ្ធតែជាបុរសដែរ។

ដូច្នេះ ដើម្បីឲ្យប្រទេសកម្ពុជា មានការជឿនលឿនទៅបាន ស្របតាមបរិបទបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងនវានុវត្តន៍ នៅក្នុងដំណាក់កាលនៃឧស្សាហកម្ម ៤.០ ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនេះ គឺជាការចាំបាច់។ ចាំបាច់ ដោយសារតាមទ្រឹស្តីយ៉ែនឌ័រ បុរស និងស្ត្រី ប្រៀបបាន ដៃស្តាំ និងដៃឆ្វេង របស់មនុស្សដូច្នោះដែរ។ ការអភិវឌ្ឍណាមួយ ដែលមានតែដៃម្ខាង នឹងមិនអាចមានប្រសិទ្ធភាព និងជោគជ័យ ដូចការអភិវឌ្ឍដែលមានដៃទាំងពីរនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ