ប្រាសាទបុរាណទាំងអស់ត្រូវការការយកចិត្តទុកដាក់ថែរក្សានិងផ្ដល់តម្លៃពីសំណាក់ប្រជាជាតិខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៤៨
កម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌ ជាពិសេសប្រាសាទបុរាណ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលា ទង្វើមនុស្ស និងបាតុភូតធម្មជាតិកំពុងតែធ្វើឲ្យប្រាសាទបុរាណខ្មែរចាស់ទ្រុឌទ្រោមជាបន្តបន្ទាប់។ ប្រឈមនឹងស្ថានការណ៍នេះ ប្រាសាទខ្លះត្រូវរៀបចំឲ្យមានការជួសជុលឡើងវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងការងាររបស់ស្ថាប័នពាក់ព័ន្ធ ប្រាសាទបុរាណខ្មែរទាំងអស់ក៏ត្រូវការការយកចិត្តទុកដាក់ ចូលរួមថែរក្សា និងផ្ដល់តម្លៃ ពីសំណាក់ប្រជាជាតិខ្មែរទាំងមូលឲ្យបានជាប់លាប់ផងដែរ។
កម្ពុជា គឺជាប្រទេសតែមួយគត់លើលោកដែលមានរូបសំណង់ប្រាសាទនៅក្នុងទង់ជាតិ។ នេះគឺជាសក្ខីភាពដែលបង្ហាញថា ប្រាសាទបុរាណ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងជីវិតមនុស្សខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។
ដោយមានឥទ្ធិពលពីឥណ្ឌា ព្រះរាជាខ្មែរចាប់ផ្ដើមសាងសង់ប្រាសាទ ដើម្បីឧទ្ទិសដល់ទេវនិងសាសនាផ្សេងៗ។ ឬបើពុំដូច្នោះទេ គេស្ថាបនាប្រាសាទឡើងដើម្បីតំណាងឲ្យកំពូលភ្នំហិមាល័យ ដែលជាទីលំនៅរបស់ទេវតា។ ក៏មានផងដែរ ប្រាសាទដែលត្រូវបានសាងសង់ឡើងដើម្បីថ្វាយព្រះភ្លើង ឬឧទ្ទិសដល់បុគ្គលសំខាន់ណាមួយ។ ប្រាសាទនៅក្នុងទឹកដីខ្មែរ ចាប់ផ្ដើមមានវត្តមានដំបូងនៅសម័យចេនឡា ពោលគឺក្នុងអំឡុងសតវត្សទី៦នៃគ្រឹស្តសករាជ។
ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលា ទង្វើមនុស្ស និងបាតុភូតធម្មជាតិកំពុងតែធ្វើឲ្យប្រាសាទបុរាណខ្មែរចាស់ទ្រុឌទ្រោមជាបន្តបន្ទាប់។ ក្នុងចំណោមប្រាសាទបុរាណនៅទូទាំងប្រទេសកម្ពុជាប្រមាណ១ពាន់ប្រាសាទ មានប្រាសាទជិត៤០០ហើយ ដែលត្រូវដួលរលំបាក់បែកបាត់រូបរាង។ របាយការណ៍របស់ក្រសួងវប្បធម៌នៅឆ្នាំ២០១០បង្ហាញថា ប្រាសាទដែលនៅមានរូបរាង មានប្រមាណតែជាង៥០០ប្រាសាទប៉ុណ្ណោះ។
ក្នុងគោលដៅថែរក្សាប្រាសាទបុរាណខ្មែរទាំងអស់ឲ្យឋិតឋេរគង់វង្ស គេសង្កេតឃើញថា ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធបានធ្វើការងារច្រើនណាស់។ ប្រាសាទខ្លះត្រូវរៀបចំឲ្យមានការជួសជុលឡើងវិញ និងខ្លះទៀតបានត្រឹមធ្វើការងារអភិរក្ស។ យ៉ាងណាក៏ដោយ ការងាររបស់ស្ថាប័នពាក់ព័ន្ធតែប៉ុននេះ នៅមិនទាន់គ្រប់គ្រាន់ទេ។ ប្រាសាទបុរាណខ្មែរទាំងអស់ ត្រូវការការយកចិត្តទុកដាក់ ចូលរួមថែរក្សា និងផ្ដល់តម្លៃ ពីសំណាក់ប្រជាជាតិខ្មែរទាំងមូលឲ្យបានជាប់លាប់។
សព្វថ្ងៃនេះ ត្បិតតែពលរដ្ឋខ្មែរជាពិសេសយុវជន បានបង្ហាញទឹកចិត្តស្រឡាញ់ និងផ្ដល់តម្លៃដល់បេតិកភណ្ឌប្រាសាទបុរាណក៏ដោយ ក៏គេកត់សម្គាល់ឃើញថា ទឹកចិត្តស្រឡាញ់ចំពោះប្រាសាទបុរាណទាំងអស់នោះ មិនបានបង្ហាញចេញជាសកម្មភាពជាក់ស្ដែងឡើយ។
ពលរដ្ឋខ្លះបានប្រៀបធៀបប្រាសាទបុរាណទៅនឹងដុំថ្ម ដូចជា៖ ទៅមើលប្រាសាទ ដូចទៅមើលថ្ម។ ចំណែកអ្នកខ្លះទៀតពិសេសយុវជនតែម្ដង បានយកថ្មទៅគូសវាសនៅលើជញ្ជាំងប្រាសាទបុរាណជាឈ្មោះរបស់ខ្លួន ឬជាអក្សរផ្សេងៗថែមទៀត។ សូម្បីតែការចោលសម្រាមពាសវាលពាសកាលនៅក្នុងតំបន់ប្រាសាទជាបេតិកភណ្ឌ ក៏ជាទង្វើដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរដែរ។
បើតាមអ្នកជំនាញ ពលរដ្ឋខ្មែរស្រឡាញ់សម្បត្តិបេតិកភណ្ឌ ពិសេសប្រាសាទបុរាណដែលមាននៅរាយប៉ាយទូទាំងប្រទេស។ ប៉ុន្តែ សកម្មភាពមិនសមទំនងទាំងឡាយដែលបានលើកឡើងខាងដើមនេះ កើតឡើងដោយសារតែការយល់ដឹងនៅមានកម្រិត មិនទាន់យល់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌ ថាមានសារៈសំខាន់សម្រាប់ប្រជាជាតិមួយយ៉ាងណា។
បើទោះបីជាស្ថាបនាពីដី ពីឥដ្ឋ ឬពីថ្មក៏ដោយ ប្រាសាទបុរាណ គឺជាកេរដំណែលរបស់បុព្វបុរសខ្មែរ ដែលបានកសាងទុកឲ្យកូនចៅជំនាន់ក្រោយ។ ប្រាសាទបុរាណដែលប្រឹងឈរទប់ខ្លួនរាប់រយឆ្នាំ ក្រោមព្យុះភ្លៀងនិងភ្លើងសង្គ្រាម គឺជាភស្តុតាងនៃប្រវត្តិសាស្ត្រដ៏យូរលង់ ព្រមទាំងអត្តសញ្ញាណរបស់ខ្មែរ។ ប្រាសាទបុរាណប្រៀបបានទៅនឹងដួងព្រលឹងជាតិ។
ក្នុងន័យនេះ ពលរដ្ឋពិសេសយុវជនដែលអះអាងថាស្រឡាញ់ជាតិ គួរតែប្រុងប្រយ័ត្នចំពោះឥរិយាបទរបស់ខ្លួនចំពោះប្រាសាទបុរាណ។ ទង្វើមិនគួរគប្បីនានា ដូចជាការគូសវាសលើប្រាសាទ ឬចោលសម្រាមពាសវាលពាសកាលនៅក្នុងបរិវេណប្រាសាទ ល្មមដល់ពេលផ្លាស់ប្ដូរហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ