«ប្រវត្តិសាស្ត្រខ្មែរក្រហម» កាន់តែសាបរលាបពីចំណាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០០
ថ្ងៃទី១៦សីហានេះគឺជាថ្ងៃដំបូងដែលតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បើកសវនាការលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង០០២ វគ្គ២។ សម្រាប់ជនរងគ្រោះផ្ទាល់ដោយរបបខ្មែរក្រហម សវនាការនេះមានសារៈសំខាន់ណាស់នៅក្នុងដំណើរការស្វែងរកយុត្តិធម៌ជូនពួកគេ។ ប៉ុន្តែជាការកត់សម្គាល់ រឿងក្ដីនេះ និងប្រវត្តិសាស្ត្រខ្មែរក្រហមទាំងមូល ហាក់លែងសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន ជាពិសេសយុវជនដូចមុនឡើយ។ តើប្រវត្តិសាស្ត្រខ្មែរក្រហម សាបរលាបពីចំណាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយហើយឬ?
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពួកទាហានខ្មែរក្រហមបានចូលកាន់កាប់រាជធានីភ្នំពេញ បន្ទាប់ពីទទួលជ័យជំនះលើរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់ នល់។ ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមួយចំនួនបានសម្ដែងការអបអរសាទរចំពោះការផ្ដួលរំលំនេះដោយគិតថា សង្គ្រាមបានចប់សព្វគ្រប់ ហើយមេដឹកនាំថ្មីនឹងនាំមកនូវសន្តិភាព សុវត្ថិភាព និងការកសាងប្រទេស។ ប៉ុន្តែផ្ទុយស្រឡះ កងទ័ពខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជនទាំងអស់ដោយបង្ខំ ទៅតំបន់ជនបទដាច់ស្រយាល។
នៅក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរបបថ្មីមួយទៀត ជារបបកុម្មុយនីស្ត សម្លាប់រង្គាល ដឹកនាំដោយពួកខ្មែរក្រហម។ ចំណងគ្រួសារ របៀបរបបរស់នៅ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនត្រូវបានបំផ្លាញចោលទាំងស្រុង។ ក្រោមមនោគមវិជ្ជារបស់ពួកខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរចំនួន៧លាននាក់ត្រូវរស់នៅរងទុក្ខវេទនាដូចធ្លាក់នរកទាំងរស់ ហើយក្នុងចំណោមនោះ មានជិត២លាននាក់ត្រូវស្លាប់បាត់បង់ជីវិត។
សម្រាប់អ្នកប្រវត្តិសាស្ត្រ របបខ្មែរក្រហម គឺជារបត់ដ៏សំខាន់មួយ ដែលធ្វើឲ្យប្រជាជនកម្ពុជាទាំងអស់ក្លាយទៅជាជនរងគ្រោះ។ ប្រជាជនខ្មែរត្រូវកាន់ទុក្ខ ចងចាំ និងរៀនសូត្រអំពីឫសគល់ ព្រមទាំងដំណើររឿងទាំងឡាយណាដែលពាក់ព័ន្ធនឹងរបបនេះ។
ប៉ុន្តែជាការកត់សម្គាល់ បើទោះបីជាអ្នកប្រវត្តិសាស្ត្រនិងអ្នកនយោបាយ ចាត់ទុករបបកម្ពុជាប្រជាធិបតេយ្យថា ជាមេរៀនដ៏សំខាន់ ដែលខ្មែរត្រូវរៀនសូត្រក៏ដោយ ក៏គេសង្កេតឃើញថា យុវជនខ្មែរជំនាន់ក្រោយ ហាក់មិនបានដឹង ឬមិនបានចាប់អារម្មណ៍ និងសិក្សាឲ្យបានស៊ីជម្រៅទាល់តែសោះ ចំពោះរបត់ប្រវត្តិសាស្ត្រនេះ។
មានមូលហេតុសំខាន់យ៉ាងហោចណាស់ពីរ ដែលអាចពន្យល់ពីការណ៍នេះបាន។ ទី១៖ ការអប់រំអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាក្នុងកម្មវិធីសិក្សានៅមានកម្រិត ខណៈយុវជនខ្លួនឯងផ្ទាល់ ភាគច្រើនមិនទាន់បានស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរឲ្យបានស៊ីជម្រៅនៅឡើយ។ ទី២៖ យុវជនមួយចំនួនយល់ឃើញថា របបខ្មែរក្រហមគឺជារឿងឈឺចាប់ ដែលមិនគួរឲ្យរំឭកឡើងវិញ។ ម្យ៉ាង យុវជនសម័យថ្មីនេះ ផ្ដល់ភាពសំខាន់ដល់អនាគតច្រើនជាងអតីតកាល។ នេះជាហេតុដែលធ្វើឲ្យពួកគេមិនសូវចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ស្វែងយល់ពីប្រវត្តិសាស្ត្ររបបខ្មែរក្រហមប៉ុន្មានទេ។
ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ការមិនស្វែងយល់ពីអតីតកាលឲ្យបានស៊ីជម្រៅ មិនអាចឲ្យយុវជនដើរទៅរកអនាគតដ៏ប្រសើរទេ។ ក្នុងន័យនេះ អ្នកជំនាញណែនាំឲ្យយុវជន ងាកមកយកចិត្តទុកដាក់សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្មែរ ជាពិសេសអំពីកំណើតរបបខ្មែរក្រហមនិងរបបខ្មែរក្រហមនេះទាំងមូល។
គឺការសិក្សានេះហើយ ដែលនឹងឈានទៅបញ្ជៀសកុំឲ្យប្រវត្តិសាស្ត្រនេះ កើតឡើងច្រំដែលលើដែនដីកម្ពុជាទៀត។ គឺការសិក្សាដដែលនេះហើយ ដែលនឹងជួយផ្សះផ្សារស្មារតីរបស់ប្រជាជនខ្មែរ ទាំងអ្នកដែលធ្លាប់ឆ្លងកាត់របបខ្មៅងងឹតនេះក៏ដោយ និងមិនបានឆ្លងកាត់ក៏ដោយ ឲ្យយល់ពីសច្ចភាពពិតប្រាកដនៃរបបនេះ។
ជាការពិតហើយថា ការសិក្សាពីរបបខ្មែរក្រហមគឺជាការងារដ៏ទូលំទូលាយ និងមិនមែនជារឿងងាយស្រួលឡើយ។ តើហេតុអ្វីបានជាមានរបបខ្មែរក្រហម? តើការដួលរលំនៃរបបសេនាប្រមុខលន់នល់ គឺជាកំណើតនៃរបបខ្មែរក្រហម ឬមែនទែនទៅ ចលនាខ្មែរក្រហមមានកំណើតយូរលង់មុននេះមកហើយ? តើហេតុអ្វីបានជារបបនេះកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង? តើការកាប់សម្លាប់ខ្មែរគ្នាឯង ផ្អែកលើគំនិតជាតិនិយមដែរឬទេ? នេះគឺជាសំណួរចាំបាច់ទាំងឡាយដែលយុវជនគួរស្វែងរកចម្លើយឲ្យបាន បើមិនបានទាំងស្រុង ក៏គួរតែបានមួយផ្នែកដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ