អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជានៅចំពោះមុខការលេចឡើងនៃមេរោគកូវីដ១៩បំប្លែងខ្លួន «អូមីក្រុង»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទើប​តែ​លេច​មុខ​ឡើង​មែន​ពិត តែ​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី ឈ្មោះ «អូមីក្រុង» បាន​បង្ក​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ទាំង​អស់​ នៅ​ទូទាំង​ពិភពលោក​​។ ជា​បន្ត​បន្ទាប់ ប្រទេស​នានា​បាន​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង ដើម្បី​បង្ការ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩ អូមីក្រុង ចូល​មក​ប្រទេស​របស់​ខ្លួន​។ ចំណែក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​វិញ ក៏​បាន​ប្រាប់​ឲ្យ​កម្ពុជា​ត្រៀម​ខ្លួន និង​កែ​តម្រូវ​វិធានការ​ឆ្លើយ​តប​ចំពោះ​វត្តមាន​នៃ​មេរោគ​កូវីដ​១៩បំប្លែង​ថ្មី​នេះផង​ដែរ​។

កម្ពុជានៅចំពោះមុខការលេចឡើងនៃមេរោគកូវីដ១៩បំប្លែងខ្លួន «អូមីក្រុង»
កម្ពុជានៅចំពោះមុខការលេចឡើងនៃមេរោគកូវីដ១៩បំប្លែងខ្លួន «អូមីក្រុង» © សហការី
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​បាន​បង្ហាញ​សញ្ញា​ធូរ​ស្រាល​ឡើង​វិញ​ទៅ​ហើយ​នោះ ស្រាប់​តែ​រំកិល​​មួយ​រំពេច​​មក​ដល់​មាត់​ជ្រោះ​​សារ​ជា​ថ្មី​។ នោះ​ក៏​ព្រោះ​តែ​ពិភពលោក​រក​ឃើញ​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី ដែល​មាន​អត្តសញ្ញាណ B.1.1.529 ឬ​ហៅ​ដោយ​ខ្លី​​ថា «អូមីក្រុង​»​។ អង្គការ​សុខភាព​ពិភពលោក បាន​ដាក់​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី ឈ្មោះ អូមីក្រុង នេះ ទៅ​ក្នុង​បញ្ជី​មេរោគ​បំប្លែង​ខ្លួន «គួរ​ឲ្យ​ព្រួយ​បារម្ភ» នៅ​ថ្ងៃ​ទី​២៦​វិច្ឆិកា ដោយ​បញ្ជាក់​ថា អូមីក្រុង មាន​ចំនួន​បំប្លែង​ខ្លួន​ច្រើន​មែន​ទែន។ ពោល គឺ​មិន​តិច​ជាង​៣០​ដង​ទេ បើ​ធៀប​ទៅ​នឹង​មេរោគ​កូវីដ​១៩បំប្លែង​ខ្លួន «ដែលតា» ដែល​មាន​ចំនួន​តែ​២​ដង​ប៉ុណ្ណោះ​។ ការណ៍​នេះ នាំ​ឲ្យ​គេ​បារម្ភ​ថា ​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួន​ អូមីក្រុង អាច​នឹងមាន​​អត្រា​ឆ្លង​លឿន​រហ័ស ​និង​បង្ក​​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​សុខភាព​និង​ជីវិត​មនុស្ស​។ មួយវិញទៀត អ្នកវិទ្យាសាស្ត្រ នៅមិនទាន់ដឹងអំពីប្រសិទ្ធភាពវ៉ាក់សាំងចំពោះវីរុសបំប្លែងខ្លួនថ្មីនេះទេ។

បើ​ទោះ​បី​ជា​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​មាន​ការ​សិក្សាបែប​​វិទ្យាសាស្ត្រ​យ៉ាង​លម្អិតអំពី​មេរោគ​បំប្លែង​ខ្លួន អូមីក្រុង​ ក៏​ដោយ ក៏​គេ​កត់​សម្គាល់​ឃើញ​ថា ប្រទេស​ជា​ច្រើន​នៅ​លើ​សកល​លោក ចាប់​ផ្ដើម​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ភ្លាម​ៗ ធ្វើ​យ៉ាង​ណា​ទប់​ឲ្យ​ជាប់ កុំ​ឲ្យ​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួន អូមីក្រុង ដែល​មាន​ប្រភព​ពី​តំបន់​អាហ្វ្រិក​ខាង​ត្បូង​នេះ ចូល​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន​បាន​។

សហភាព​អឺរ៉ុប បាន​ដាក់​ចេញ​នូវ​វិធានការ​ហាម​ឃាត់​និង​ពិនិត្យ​យ៉ាង​តឹង​តែង​ជា​ទី​បំផុត ចំពោះ​អ្នក​ដំណើរ​ដែល​មក​ពី​តំបន់​អាហ្វ្រិក​ខាង​ត្បូង ខណៈ​ដែល​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួន អូមីក្រុង នេះ បាន​ចល័ត​ទៅ​ដល់​ប្រទេស​នៅ​អឺរ៉ុប​ទៅ​ហើយ​។ ចំណែក​អាមេរិក កាណាដា អូស្ត្រាលី រុស្ស៊ី និង​ប្រេស៊ីលវិញ ក៏​បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាង​ត្បូង​ដែរ​។ រី​ឯ​អ៊ីស្រាអែល​វិញ ដាក់​ចេញ​វិធានការ​កាន់​តែ​តឹង​តែង​ថែម​ទៀត គឺ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ពី​បរទេស​ទាំង​ស្រុង​តែ​ម្ដង​។ ដោយ​ឡែក ប្រទេស​ថៃក្បែរ​ខាង​កម្ពុជា ​បាន​សម្រេច​ហាម​ឃាត់​ការ​ហោះហើរ​ពី​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាង​ត្បូង ចាប់​ពី​ខែ​ធ្នូ​ខាង​មុខ​ត​ទៅ​។

នៅ​កម្ពុជា កាល​ពី​យប់​ថ្ងៃ​​សៅរ៍​ទី​២៧​វិច្ឆិកា អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក្រើនរំឭកដល់កម្ពុជា ឲ្យត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុក ជាយថាហេតុ នូវករណីជំងឺកូវីដ១៩។ លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា សង្កត់ធ្ងន់ថា កម្ពុជាគួរតែបារម្ភពីវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ដែលទើបរកឃើញនេះ បើទោះបីជាកម្ពុជា សម្រេចបានអត្រាចាក់វ៉ាក់សាំងកូវីដ១៩ខ្ពស់ក៏ដោយ។ និងថា បុគ្គលគ្រប់រូប គួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុ នៃករណីជំងឺកូវីដ១៩ យើងគួរតែបន្តរៀនសូត្រ និងកែតម្រូវវិធានការឆ្លើយតបផងដែរ។

មែន​ទែនទៅ កម្ពុជា​មិន​បាន​បិទ​ភ្នែក បិទ​ច្រមុះ មិន​អើ​ពើ​ចំពោះ​ការ​វិវដ្ត​នេះ​ទេ​។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​មុខ​ព្រមាន​ពី​ហានិភ័យ​នៃ​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី ឈ្មោះ អូមីក្រុង នេះ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ក៏​បាន​ថ្លែង​សារ​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​អំពី​មេរោគ​ប្រភេទ​ថ្មី​នេះ​ដែរ ដោយ​ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា លទ្ធភាព​ដែល​អាច​ឆ្លង អូមីក្រុង គឺ​ប្រាកដ​ជា​មាន ព្រោះ​តែ​ចរាចរណ៍​អ្នក​ដំណើរ​ចេញ​ចូល​កម្ពុជា​។ ក្នុង​ដំណាក់​កាល​នេះ លោក​ស្រី​ប្រកាស​ថា ក្រសួង​សុខាភិបាល​នឹង​រឹត​បន្តឹង​វិធានការ​សុខាភិបាល និងធ្វើ​តេស្ត​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​អ្នក​ដំណើរ​ដែល​ចូល​មក​ស្រុក​ខ្មែរ ទាំង​តាម​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​។

យ៉ាង​ណា​ក៏​ដោយ វិធានការ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត ឃើញ​ថា នៅ​មាន​លក្ខណៈ​ធូរ​ស្រាល​នៅ​ឡើយ​។ តើ​កម្ពុជា​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​យ៉ាងណា​បន្ថែមទៀត នៅ​ចំពោះ​មុខ​ការ​លេច​ឡើង​នៃ​មេរោគ​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី ឈ្មោះ «អូមីក្រុង»? នេះ​គឺ​ជា​សំណួរ​ដ៏​លំបាក ដែល​តម្រូវ​ឲ្យ​​​រដ្ឋាភិបាល​កម្ពុជាគិត​គូរ ពិនិត្យ​ពិច័យ ​និង​វាយ​តម្លៃ​ឲ្យ​បាន​ហ្មត់ចត់ មុន​នឹង​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ