អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អូមីក្រុងស្លូត តែជាផ្នែកមួយបន្ថែមបន្ទុកក្រីក្រដល់ប្រជាពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វីរុសបំប្លែងថ្មី​ប្រភេទអូមីក្រុង​ បាន​មកដល់​ប្រទេសកម្ពុជា​ និង​ឆ្លងចូលសហគមន៍​ កាលពីដើម​ខែមករា​ ឆ្នាំ២០២២​នេះ។​ តាមលក្ខណៈ​ជីវសាស្ត្រ ​មេរោគកូវីដអូមីក្រុង​នេះ ​មានការ​ចម្លងលឿន​ពីមនុស្ស​ម្នាក់ទៅមនុស្ស​ច្រើននាក់​ តែមិនមាន​សភាពកាច​ដូចជាវីរុសកូវីដ​ពពួកវ៉ារីយ៉ង់​ដែលតា ​ឬអាល់ហ្វាទេ។ ​ ទោះយ៉ាងណា​វត្តមាន​របស់វីរុស​កូវីដបំប្លែងថ្មី​អូមីក្រុងនេះ ​បានជះឥទ្ធិពល​ដល់សេដ្ឋកិច្ច​និងភាពក្រីក្រ​ផងដែរ។​

វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង
វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រោយប្រទេសកម្ពុជាបានប្រកាសបើកឲ្យដំណើរការសេដ្ឋកិច្ចសង្គម ឡើងវិញកាលពីដើមខែមករា ក្រោយរងវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ វ៉ារីយ៉ង់ដែលតា និងអាល់ហ្វាមក វីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង ក៏បានមកដល់ដែរ ហើយក៏បានឆ្លងចូលសហគមន៍យ៉ាងឆាប់រហ័ស។ 

តាមការឲ្យដឹងពីក្រសួងសុខាភិបាល ការស្លាប់ដោយវីរុសបំប្លែងថ្មីអូមីក្រុងនេះ គឺមិនមានទេអស់រយៈពេលជាង១ខែ។ ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ ការស្លាប់ដោយសារអូមីក្រុងចាប់ផ្តើមមានជាប់ៗគ្នា តែក្នុងចំនួនមួយតិចតួច។ ទិដ្ឋភាពនេះ អាចរាប់បានថា មិនមានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ ប្រភេទដែលតា និងអាល់ហ្វាទេ ដែលពលរដ្ឋកម្ពុជាបានស្លាប់ដោយសារជំងឺនេះ ដល់ទៅជាង៣ពាន់នាក់ អំឡុងពេលនៃរាតត្បាតរយៈពេលជិត២ឆ្នាំ។

ទោះយ៉ាងណាការមកដល់នៃវីរុសអូមីក្រុង អស់រយៈពេលជិត២ខែមកនេះ មិនអាចជាឧបសគ្គក្នុងដំណើរការបើកប្រទេសឡើងវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចនោះទេ។ ពិធីបុណ្យធំៗជាលក្ខណៈប្រមូលផ្តុំមនុស្សដូចជាពិធីឆ្លងឆ្នាំសកល បុណ្យចូលឆ្នាំចិន វៀតណាម ថ្ងៃឈប់សម្រាកសាធារណៈ ដែលមានមនុស្សដើរកម្សាន្តច្រើន នៅតែអាចធ្វើទៅបាន ដោយមិនមានការហាមឃាត់។

ទាំងអស់នេះ គឺដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ច មានដំណើរការទូទាំងប្រទេស ចាប់ពីសេដ្ឋកិច្ចកញ្រ្ចែងល្អី រហូតដល់សេដ្ឋកិច្ចធំៗរបស់ជាតិ ដោយមានការបន្ធូរបន្ថយលក្ខខណ្ឌជាច្រើនពាក់ព័ន្ធនឹងការរឹតបន្តឹង នៅពេលដែលមានមនុស្សម្នាឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ មានន័យថាអ្នកឈឺត្រូវសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ឬនៅតាមផ្ទះ ហើយអ្នកមិនទាន់ឈឺនៅតែបន្តធ្វើការងារ និងប្រកបអាជីវកម្មដំណាលគ្នា។

តាមតួលេខផ្លូវការពីក្រសួងសុខាភិបាល មានអ្នកជំងឺថ្មីក្នុងរង្វង់ពី៤០០ ទៅជាង៥០០នាក់ ក្នុងមួយថ្ងៃនាប៉ុន្មានថ្ងៃចុងក្រោយនេះ បានឆ្លងវីរុសកូវីដ-១៩ អូមីក្រុង។ ក៏ប៉ុន្តែតួលេខមិនផ្លូវការត្រូវគេមើលឃើញថា មានច្រើនលើសពីនេះ ដោយសារអ្នកជំងឺមិនបានរាយការណ៍ ហើយសម្រាកព្យាបាលដោយស្ងៀមស្ងាត់នៅឯផ្ទះ។

ដូច្នេះ ត្បិតជំងឺកូវីដអូមីក្រុង មិនមានចរិកកាចមែន ក៏ប៉ុន្តែមេរោគបំប្លែងថ្មីនេះ បានរំខានយ៉ាងខ្លាំងដល់ការចេញទៅក្រៅដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត និងបំរើការងារផ្សេងៗ ដោយសារតែជំងឺនេះឆ្លងលឿន។

ការខកខានមិនបានប្រកបអាជីវកម្ម និងមិនបានបំពេញការងារជាពិសេសសម្រាប់បុគ្គលិកសហគ្រាសឯកជន គឺជាហេតុផលមួយដែលនាំទៅរកការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ខណៈពលរដ្ឋក្រីក្រជាច្រើនរកចំណូលត្រឹមតែមួយថ្ងៃដើម្បីតែមួយថ្ងៃ។ ប្រសិនបើមានការខកខានមួយថ្ងៃ ពីរថ្ងៃ ឬដល់ទៅរាប់សប្តាហ៍ ដោយសារវិជ្ជមានជំងឺកូវីដ-១៩ នោះនៅក្នុងគ្រួសារមួយដែលពឹងផ្អែកតែលើមេគ្រួសារតែម្នាក់ នឹងមានការលំបាក។

លំបាកដោយសារអ្នកជំងឺ និងក្រុមគ្រួសារត្រូវការអាហារប្រចាំថ្ងៃ និងជាពិសេសថ្នាំព្យាបាល រួមនឹងឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ អាល់កុលសម្រាប់សម្លាប់មេរោគ និងម៉ាស់ការពារផងដែរ។ នៅក្នុងដំណាក់កាលមួយ ដែលមានការផ្ទុះការរាតត្បាតខ្លាំងដោយជំងឺកូវីដអូមីក្រុង វត្ថុសំខាន់ ចាំបាច់ទាំងអស់នេះត្រូវបានលក់ក្នុងតម្លៃមួយថ្លៃជាងមុន ដោយសារតែតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់។ ចំណុចនេះ មានសំណួរជាច្រើនបានចោទសួរដូចៗគ្នាថា តើពលរដ្ឋក្រីក្រអាចមានលទ្ធភាពប្រជែង ទិញរបស់ទាំងអស់នេះមកប្រើប្រាស់និងព្យាបាលបានឬទេ?

បញ្ហានេះ បានបង្កើតភាពទាល់ច្រកសម្រាប់អ្នកក្រ ជាហេតុនាំទៅរកការខ្ចីបុល ដោយក្នុងនោះមានទាំងបំណុលក្នុងសហគមន៍ និងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុកន្លងមក។ «អាចាស់មិនទាន់អស់ អាស្រស់មកដល់»។ នៅក្នុងបរិការណ៍នេះ ចង់មិនចង់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ពិតជាឧបសគ្គក្នុងការលូតលាស់សេដ្ឋកិច្ចជាពិសេសសេដ្ឋកិច្ចគ្រួសារ ហើយជាពិសេសមួយទៀតគឺបន្ទុកនេះ បានធ្លាក់ទៅលើពលរដ្ឋក្រីក្រច្រើនជាង។

ទាំងអស់នេះជាបញ្ហាសង្គម និងសុខមាលភាពប្រជាពលរដ្ឋដែលមិនអាចមើលរំលងបានឡើងជាពិសេសសម្រាប់អ្នកដឹកនាំរដ្ឋ។ ជាការពិតរដ្ឋាភិបាលបានប្រឹងប្រែងធ្វើច្រើនហើយ ក្នុងការរារាំងការដកហូតជីវិតពលរដ្ឋពីជំងឺកូវីដ ដូចជាការផ្តល់វ៉ាក់សាំងសន្ធឹកសន្ធាប់ និងទាន់ពេលវេលា ការផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ការឧបត្ថម្ភសាច់ប្រាក់ខ្លះៗសម្រាប់ពលរដ្ឋទីទាល់ក្រ និងបុគ្គលិក កម្មករ ដែលបាត់បង់ការងារដោយសារគាំងច្រវ៉ាក់ផលិតកម្មជាដើម។

ក៏ប៉ុន្តែនៅមិនគ្រប់គ្រាន់ទេ រដ្ឋគួរតាមដានប្រកបដោយតម្លាភាពនូវរាល់សកម្មភាពបង្កឲ្យមានការហើមប៉ោងតម្លៃទីផ្សារលើវត្ថុចាំបាច់មួយចំនួន ដូចជាថ្នាំព្យាបាលកូវីដ ឧបករណ៍ធ្វើតេស្តរហ័ស ទប់ស្កាត់ចរាចរថ្នាំព្យាបាលកូវីដក្លែងក្លាយ ឬបញ្ហាផ្សេងៗទៀត ដែលធានាដល់ការជួយទ្រទ្រង់ជាពិសេសដល់អ្នកក្រីក្រ ដើម្បីស្របតាមការតាំងចិត្ត និងគោលនយោបាយកាត់បន្ថយភាពក្រីក្រពីក្នុងរង្វង់ពលរដ្ឋខ្មែរឲ្យនៅទាបបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ