អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជាត្រូវធ្វើអ្វីដើម្បីទាញប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀង RCEP?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ហៅកាត់​ថា RCEP បាន​ចូល​ជា​ធរមាន​រួច​រាល់​ហើយ នៅ​ដើម​ឆ្នាំ​២០២២​នេះ​។ RCEP គឺជា​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​និង​សំខាន់​​បំផុត​នៅ​លើ​ពិភពលោក ដោយ​ហេតុ​ថា ផលិតផល​សរុប​របស់​ប្រទេស​ហត្ថលេខី​ទាំង​អស់ មាន​ទំហំ​ដល់​ទៅ​៣០​ភាគ​រយ​នៃ​ផលិតផល​ក្នុង​ពិភពលោក​។ កាល​ពី​សប្ដាហ៍​មុន រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្ត បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ការ​នាំ​ចេញ​របស់​កម្ពុជា អាច​នឹង​មាន​កំណើន​ជាង​៧​ភាគរយ ខណៈ​ការ​វិនិយោគ អាច​កើន​ឡើង​ប្រមាណ​២៣​ភាគរយ ខណៈ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប នឹង​មាន​កំណើន​ក្នុងអត្រា ២ភាគរយ​។ តើ​ដើម្បី​ទទួលបាន​ប្រយោជន៍ពី​កិច្ច​ព្រមព្រៀង RCEP ​ដូច​ដែល​បាន​លើក​ឡើង​នេះ តើ​កម្ពុជា​ត្រូវ​ធ្វើ​ការ​ងារ​អ្វី​ខ្លះ?

កំពង់ផែស្វយ័ត
កំពង់ផែស្វយ័ត © សហការី
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ទៅដល់​ការ​ទាញ​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​នេះ គេ​ត្រូវ​ស្វែង​យល់​ពី​សវតា​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​បន្តិច​សិន​។ កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ ហៅ​កាត់​ថា RCEP ត្រូវ​បាន​ស្នើ​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១២ នា​ទីក្រុង​ភ្នំពេញ ដោយ​មានប្រទេស​ជា​សមាជិក​ចំនួន​១៦ រួម​មាន​​ប្រទេស​អាស៊ាន​ទាំង​១០ និង​ដៃគូ​សន្ទនា​ចំនួន​៦​ផ្សេង​ទៀត​ គឺ ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្ត្រាលី និង​ណូវែលសេឡង់​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១២​នោះ កិច្ច​ព្រម​ព្រៀង RCEP នេះ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឡើយ ដោយ​សារ​តែ​អាមេរិក​បាន​ដឹក​នាំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អន្ដរប៉ាស៊ីហ្វិក ដែល​ធំ​ជាង​នេះ​។

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​អាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រ​ម​ព្រៀង​អន្ដរប៉ាស៊ីហ្វិក ចិន​បាន​ឆក់​ឱកាស​ប្រមូល​បណ្ដា​ប្រទេស​អាស៊ាននិង​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​ជាមួយ​ខ្លួន នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង RCEP។ ចិន​រំពឹង​ថា កិច្ច​ព្រម​ព្រៀង​ RCEP នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ចុង​ឆ្នាំ​២០១៩​​។

ប៉ុន្តែ​នៅចុង​ឆ្នាំ​២០១៩​នោះ ឥណ្ឌា​​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​មហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP។ ដូច្នេះ​ទើប​ពេល​នេះ មហា​កិច្ច​ព្រម​ព្រៀង​សេរី RCEP ​មាន​សមាជិក​តែ១៥ប្រទេស។

វត្តមាន​នៃ​កិច្ច​ព្រម​ព្រៀង RCEP និង​ក្នុង​ពេល​ដែល​ចិន​និង​អាមេរិក​កំពុង​មាន​​​សង្គ្រាម​ពាណិជ្ជកម្ម គេ​ប្រមើល​ឃើញ​ថា ក្រុម​ប្រទេស​អាស៊ាន​អាច​ទទួល​បាន​ផល​ប្រយោជន៍ច្រើន ពេល​​មាន​កិច្ច​ព្រមព្រៀង RCEP។ មាន​ប្រយោជន៍​ព្រោះ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក អាច​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អន្ដរជាតិ ងាក​មក​បង្កើត​រោងចក្រ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត ក្រៅ​ពី​ចិន ដើម្បី​ចៀស​ផុត​ពី​ទណ្ឌកម្មអាមេរិក​។ ដូច្នេះ ប្រទេស​អាស៊ាន អាច​ក្លាយ​ទៅ​ជា​គោលដៅ​ថ្មី​សម្រាប់​ប្រទេស​ទាំង​នោះ​។ កម្ពុជា​ក៏ដូច្នោះ​ដែរ​។

យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឲ្យ​វិនិយោគិន​ចូល​មក​ដាក់​ទុន​វិនិយោគ​ក្នុង​តំបន់​ខ្លួន អាស៊ាន​ ជា​ពិសេស​កម្ពុជាត្រូវ​ត្រៀម​ខ្លួន ត្រៀម​ហេដ្ឋារចនាសម្ព័ន្ធ វត្ថុធាតុដើម ហើយ​ត្រូវ​មាននីតិវិធី​ច្បាប់​គ្រប់​គ្រាន់​និង​ត្រឹម​ត្រូវ ដើម្បី​ធានា​ដល់​អ្នក​វិនិយោគ​ដែរ​។ នេះ​ជា​ការ​ប្រឈម​មួយ​សម្រាប់​អាស៊ាន​ និយាយ​ជា​រួម និង​សម្រាប់​កម្ពុជា និយាយ​ដោយ​ឡែក​។

សម្រាប់​កម្ពុជា ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​មហា​កិច្ច​ព្រម​ព្រៀង​ RCEP នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​កម្ពុជា​ពន្លឿន​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន ​ឲ្យ​បាន​លឿន​រហ័ស​។ ក្នុង​នោះ មាន​វិស័យ​មួយ​ចំនួន ដែល​កម្ពុជា​អាច​យក​ចិត្ត​ទុកដាក់ ដើម្បី​ពង្រីក​​សសរ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់ខ្លួន​។ ទីមួយ គឺ​ការ​ជំរុញ​វិស័យ​កសិឧស្សាហកម្ម​ ដែល​ជា​សសរ​គ្រឹះ​គាំទ្រ​កំណើន​​វិស័យ​កសិកម្ម​ កាត់ដេរ​ និង​ទេសចរណ៍។ ទីពីរ ​ពង្រីក​សិប្បកម្ម​និង​ឧស្សាហកម្ម​ ដើម្បី​ជំរុញ​ការ​នាំចេញ​ និង​បំពេញ​តម្រូវការ​ក្នុង​ស្រុក​។ ​ទីបី​ស្វែងរក​ឧស្សាហកម្ម​​ថ្មី​ៗ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ស្រប​ទៅ​តាម​ទីផ្សារ​ការងារ​អន្ដរជាតិ​។

កម្ពុជា​ដែលត្រូវបាន​គេ​វាយ​តម្លៃ​ថា ជាប្រទេស​ដែលមាន​​ប្រជាជន​វ័យក្មេង​និង​សកម្មច្រើន គួរ​តែ​អាច​ទាញ​យក​ផល​ប្រយោជន៍​កម្លាំង​​ទាំងនេះ តាម​រយៈការ​បង្កើត​ការងារ​តាមជំនាញ​សម្រាប់​ពួកគេ។ ប្រសិន​បើកម្ពុជា​អាចបង្កើត​ទម្រ​មូលដ្ឋា​នគ្រឹះ​សេដ្ឋកិច្ច​បានច្រើន​មែននោះ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ជឿ​ថា កម្ពុជា​នឹងអាច​ទាញ​យក​ផល​ចំណេញ​យ៉ាង​មហិមា​ ពីកិច្ច​ព្រម​ព្រៀង RCEP ​ជាក់​ជា​ពុំ​ខាន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ