អានតួអត្ថបទ
បទយកការណ៍

ជំងឺទឹកនោមផ្អែម៖ «ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្រឡាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំណី ជា​ពាក្យ​ខ្លី​តែ​មាន​ន័យ​ដែល​ត្រូវ​អនុវត្ត ជា​ពិសេស​ក្នុង​បរិបទ​សុខភាព​។  អ្នកជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​ថា របប​អាហារ​មិន​ត្រឹមត្រូវ នាំ​ឲ្យ​មនុស្ស​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​ចង្អុល​មុខ​ទឹក​នោម​ផ្អែម ថា​ជាឃាតករ​លាក់​មុខ និង​កំពុង​សម្លាប់​មនុស្សបន្តិច​ម្ដងៗ ដោយ​ពុំ​ដឹង​ខ្លួន។

ការញ៉ាំតាមអារម្មណ៍ជាមូលហេតុសំខាន់ ដែលនាំឲ្យកើតជំងឺទឹកនោមផ្អែម
ការញ៉ាំតាមអារម្មណ៍ជាមូលហេតុសំខាន់ ដែលនាំឲ្យកើតជំងឺទឹកនោមផ្អែម © Hello Krupet
ផ្សាយពាណិជ្ជកម្ម

រាល់​ថ្ងៃ​នេះ ភាគ​ច្រើន​នៃ​មនុស្ស​ចាស់​ជួប​គ្នា​តែងតែ​លើក​យក​ប្រធាន​បទ​ទឹកនោម​ផ្អែម​មក​ជជែក សួរនាំពី​កម្រិត​ជាតិ​ស្ករ កម្រិតឈាម កម្រិតខ្លាញ់ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​ជាដើម។ ការ​ប្រើប្រាស់​ថ្នាំ អ្នក​ខ្លះ​និយាយ​ថា ធ្លាប់​សាក​ថ្នាំ​ខ្មែរ​តាម​ការ​ណែនាំ​នានា​ដែរ តែ​មិនមាន​ប្រសិទ្ធិ​ភាព ក៏​ត្រឡប់មក​ប្រើ​ថ្នាំ​ពេទ្យ​វិញ​ក៏​មាន​។ ថ្នាំ​ខ្មែរ​មិនត្រឹម​តែ​គ្មាន​ប្រសិទ្ធ​ភាព ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹក​នោមផ្អែម​ហើយ ថែម​ទាំង​បង្កើត​ជំងឺ​ថ្មីៗ​ទៀត​ផង។ ទំនោរ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​កំពុង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ភាគ​ច្រើនខ្លាច​រអា៖ «ខ្ញុំ​ស្ដាប់​តែ​ពេទ្យ​ទេ។  តែ​កាល​ពី​មុន ខ្ញុំ​តាម​ចៅ​វា​ប្រាប់​ថា ទឹក​ម្រះ​ហ្នឹង​ព្យាបាល​ជំងឺ​ទឹក​នោមផ្អែម​បាន ក៏​ទៅ​ទិញ​ម៉ាស៊ីន​កិន​ផ្លែ​ឈើ​មក​សាក តែគិត​យូរៗ​ទៅ​ក៏​ខ្ជិល​វិញ ហើយ​យក​ម៉ាស៊ីន​នោះ​ទៅ​កិនអង្ករ​លីង កិន​ម្រេច ជំនួស​វិញ។ មាន​អ្នក​ទឹក​នោម​ផ្អែម​ខ្លះ​ប្រាប់​ខ្ញុំ​ថា គាត់​ប្រើ​ថ្នាំ​ខ្មែរ​ប្រភេទ​រុក្ខជាតិ​ប្រម៉ាត់ខ្លាឃ្មុំបីខែ ធ្វើឲ្យខូចតម្រង់នោម បន្ថែមពីលើអាទឹកនោមផ្អែមមួយមុខទៀត ដល់ហើយគេយកអាប្រម៉ាត់ខ្លាឃ្មុំនេះមកឲ្យទាំងល្អី មកឲ្យខ្ញុំដែរតែខ្ញុំអត់ដាំផឹកទេ។ គេទៅបាត់យើងបោះចោល។ សូម្បីតែគ្រាប់ម្រុំក៏គេថា ព្យាបាលអ្នកជំងឺទឹកនោមផ្អែមបានដែរ  តែខ្ញុំអត់សាក។»

ប្រភេទរុក្ខជាតិឈ្មោះម្រុំដែលអ្នកជំងឺទឹកនោមផ្អែមមួយចំនួនមានជំនឿថាព្យាបាលជា ខណៈដែលគ្រូពេទ្យអះអាងថា គ្មានការព្យាបាលណាល្អជាងថ្នាំពេទ្យទេ
ប្រភេទរុក្ខជាតិឈ្មោះម្រុំដែលអ្នកជំងឺទឹកនោមផ្អែមមួយចំនួនមានជំនឿថាព្យាបាលជា ខណៈដែលគ្រូពេទ្យអះអាងថា គ្មានការព្យាបាលណាល្អជាងថ្នាំពេទ្យទេ © KhmerLoad

មិនខុសពីម្រុំ រុក្ខជាតិឈ្មោះប្រម៉ាត់ខ្លាឃ្មុំក៏នាំឲ្យមានការយល់ច្រឡំថាព្យាបាលជំងឺទឹកនោមផ្អែមជាដែរ
មិនខុសពីម្រុំ រុក្ខជាតិឈ្មោះប្រម៉ាត់ខ្លាឃ្មុំក៏នាំឲ្យមានការយល់ច្រឡំថាព្យាបាលជំងឺទឹកនោមផ្អែមជាដែរ © FB

នេះគឺជាការជជែកគ្នាអំពីការប្រើប្រាស់ថ្នាំ​ខ្មែរព្យាបាលទឹកនោមផ្អែមរវាងស្ត្រីអ្នកកើតជំងឺទឹកនោមផ្អែមពីរនាក់ រស់នៅម្ដុំផ្លូវរទេះភ្លើង​ រាជធានីភ្នំពេញ។ ស្ត្រីម្នាក់ក្នុងចំណោមនេះ មានឈ្មោះ មាជ លីណា។ អ្នកស្រីលីណា កើតមានជំងឺទឹកនោមផ្អែម១៤ឆ្នាំមកហើយ ពី២០០៦ដល់២០២០។ ពេលធ្វើដំណើរទៅដល់ផ្ទះគាត់ អ្វីដែលចាប់អារម្មណ៍មុនគេ គឺនៅពីមុនផ្ទះមានដាក់ស្លាកជាប់ដើមដូងថា បណ្ដាញមិត្តអប់រំមិត្ត។ អ្នកស្រីលីណាវ័យ៥០ឆ្នាំ បញ្ជាក់​ថា អ្នក​ស្រី​បាន​ដើរតួនាទីអប់រំប្រជាពលរដ្ឋ នៅក្នុងសហគមន៍ឲ្យបានដឹង និងបង្ការផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម។​

អ្នកស្រី មាជ លីណា ជាអ្នកជំងឺទឹកនោមផ្អែម ដែលជោគជ័យនៅក្នុងការថែរក្សាសុខភាពមិនឲ្យធ្លាក់ដុនដាប
អ្នកស្រី មាជ លីណា ជាអ្នកជំងឺទឹកនោមផ្អែម ដែលជោគជ័យនៅក្នុងការថែរក្សាសុខភាពមិនឲ្យធ្លាក់ដុនដាប © សហការី
នៅក្នុងស្នាមញញឹមទទួលភ្ញៀវនិងជាស្ត្រីមេផ្ទះដ៏ចំណាន អ្នកស្រីលីណាដកឃ្លាទុកការងារផ្ទះបាយមួយឡែក ដោយដើរមកនិយាយលេងជាមួយអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិRFI អំពីរឿងរ៉ាវផ្ទាល់ខ្លួនដែលគាត់បានរស់នៅជាមួយជំងឺទឹកនោមផ្អែមរយៈ១៤ឆ្នាំកន្លងមកនេះ។ អ្នកស្រីលីណា បានប្រាប់ពីដំណើរដើមទងដែលនំាំឲ្យគាត់កើតមានជំងឺទឹកនោមផ្អែមយ៉ាងដូច្នេះថា៖ «​ខ្ញុំដំបូងឡើយអត់ស្រួលខ្លួននៅផ្សារហើយក៏ងងឹតមុខចង់ដួល  មានអ្នកលក់ក្បែរនោះណែនាំឲ្យទិញក្រូច [ញាំលោ] ឡើងឈាម ញ៉ាំទៅក៏ស្វាងបន្តិច បន្ទាប់មកក៏ចុះមកជាន់ផ្ទាល់ដី ក៏ធ្វើទុក្ខម្ដងទៀត ក៏ងាកមកកោសខ្យល់ម្ដងក៏ស្វាងប្រហែលបាន១០នាទីក៏ធ្វើទុក្ខទៀត សម្រេចចិត្តជិះកង់បីមកផ្ទះ។  មកដល់ផ្ទះហើយ ខ្ញុំក៏តេហៅបងថ្លៃដែលធ្វើការនៅមន្ទីរពេទ្យព្រះកេតុមាលាឲ្យមកមើល គាត់ក៏ថា ខ្ញុំមានជំងឺលើសឈាម និងទឹកនោមផ្អែម។

កើតជំងឺទឹកនោមផ្អែមទន្ទឹមនឹងជំងឺលើសឈាម ជាស្ថានភាពមួយពិបាកនឹងទទួលយកសម្រាប់អ្នកស្រីណាស់។ ប៉ុន្តែការតាំងចិត្តធ្វើឲ្យគាត់យកឈ្នះជំងឺលើសឈាមបានមួយមុខ តាមរយៈការលេបថ្នាំព្យាបាលរយៈពេល១ឆ្នាំ។

មែនទែនទៅជំងឺទាំងពីរនេះមានឱកាសចូលមករស់នៅក្នុងខ្លួនអ្នកស្រីលីណាបានយ៉ាងងាយដូច្នេះ ដោ​យ​​សារគាត់មើលស្រាលការហូបចុករាល់ថ្ងៃ៖ «ខ្ញុំញាំអត់គិត ណាមួយកាលហ្នឹងខ្ញុំលក់ដូរនៅផ្សារ ហើយឃ្លានអីញាំហ្នឹងទៅ ដោយអត់បានគិតដល់ផលប៉ះពាល់លើសុខភាពទេ។​»

ទោះជាទឹកនោមផ្អែមជាជំងឺមួយប្រភេទដែលងាយ នឹងកើតមានក៏ដោយ តែគ្រប់គ្នាក៏មានវិធីបណ្ដេញជំងឺប្រភេ​ទនេះបានយ៉ាងងាយដែរ សម្រាប់អ្នកមិនទាន់កើត។ នេះបើតាមអ្នកស្រីលីណាដែលរាល់ថ្ងៃហូបបាយសម្រូបជំនួសបាយស៖ «បើអ្នកមិនទាន់មានជំងឺទឹកនោមផ្អែម ចៀសវាងអាហារកំប៉ុង គ្រប់គ្រងរបបអាហារ និងធ្វើលំហាត់ប្រាណ។ ហើយអ្នកដែលកំពុងតែកើតមានជំងឺទឹកនោមផ្អែមដូចខ្ញុំ ក៏អនុវត្តបីរបៀបនេះដូចគ្នា។ សម្រាប់ខ្ញុំ លំហាត់ប្រាណសំខាន់បំផុត បន្ទាប់មកការគ្រប់គ្រងអាហារ ខណៈថ្នាំជួយបានតែ២០ភាគរយទេ បើអនុវត្តបានបីរបៀបនេះ ខ្ញុំធានាថា យើងអាចគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមបានមួយរយភាគរយ។»

លំហាត់ប្រាណ គឺជាសកម្មភាពមួយដ៍ចាំបាច់ ក្នុងការបញ្ជៀសមនុស្សពីជំងឺទឹកនោមផ្អែម
លំហាត់ប្រាណ គឺជាសកម្មភាពមួយដ៍ចាំបាច់ ក្នុងការបញ្ជៀសមនុស្សពីជំងឺទឹកនោមផ្អែម © Internet
ជួបជាមួយអ្នកកើតជំងឺទឹកនោមផ្អែមម្នាក់ទៀតជាបុរសឈ្មោះលោក សំ ឈាងម៉ៃ វ័យ៥៥ឆ្នាំ។ លោក ឈាងម៉ៃ រស់ជាមួយនឹងជំងឺទឹកនោមផ្អែម៥ឆ្នាំហើយដោយអាការៈរោគនេះចាប់ផ្ដើមទុក្ខនៅក្នុងឆ្នាំ២០​១​៥​៖ «ពីដំបូងឡើយ ខ្ញុំបត់ជើងតូចញឹកដល់ទៅជួសឈាម គេពិនិត្យឃើញកម្រិតទឹកនោមផ្អែមឡើងដល់៣០០។»  មុនពេលរកឃើញមានជំងឺទឹកនោមផ្អែម លោក សំ ឈាងម៉ៃ មានចំណង់ចំណូល​ចិត្តហូបសាច់ និងការទទួលទានស្រាស។ លោក សំ ឈាងម៉ៃ ក៏មិនខុសពីអ្នកស្រីលីណា ក្រោយដឹងខ្លួនថា មានជំងឺទឹកនោមផ្អែម បានប្ដូររបៀបរស់នៅ និងការហូបចុកស្ទើរតែទាំងស្រុង៖«ដំបូងវាពិបាកនៅក្នុងការតមអាហារ តែបើកាលណាមិនតមវារឹតតែធ្ងន់ធ្ងរ ដល់តមទៅវាធ្វើឲ្យស្ថានភាពយើងធូរស្រាល ជាតិស្ករថយចុះ។»

រស់នៅក្នុងជីវភាពធូរធា ផ្ទះថ្មបីជាន់ និងឡានមួយគ្រឿង លោក សំ ឈាងម៉ៃ គឺអ្នកជំងឺទឹកនោមផ្អែមម្នាក់ទទួលបានការយកចិត្តទុកដាក់ថែទាំពីភរិយាគឺអ្នកស្រី សុខ ចាន់ណា។ នៅចំពោះមុខលោក ឈាងម៉ៃ​ អ្នកស្រីចាន់ណា មានកាតព្វកិច្ចមើលថែប្ដីរបស់គាត់ តាមរយៈការរៀបចំរបបអាហារប្រចាំថ្ងៃ។ តាមរយៈទឹកមុខ និងពាក្យសម្ដីបង្ហាញមកថា អាណិតប្ដីដែលកំពុងតែកើតមានជំងឺទឹកនោមផ្អែម អ្នកស្រី សុខ ចាន់ណា លើកឡើងថា៖ «ជាមេផ្ទះអ៊ីចឹង! ត្រូវរៀបឲ្យបានត្រឹមត្រូវអាហារសម្រាប់គាត់ បន្ទាប់ពីហូបបាយហើយត្រូវមានផ្លែឈើ បន្លែ។ បើមិនមានក្រុមអាហារដូចខ្ញុំរៀបរាប់នេះទេ គឺគាត់នឹងមានប្រតិកម្មភ្លាមៗតែម្ដងៗ។ ហើយពេលគាត់មានប្រតិកម្មម្ដងៗ ខ្ញុំចាប់ផ្ដើមគិត និងបន្ទោសខ្លួនឯងថា រៀបចំខ្វះខាតមុខណាបានជាគាត់មិនស្រួលខ្លួនអ៊ីចឹង!»

អាហារដែលត្រូវបានអ្នកជំនាញអះអាងថា ជាមូលហេតុសំខាន់នាំឲ្យមនុស្សកើតជំងឺទឹកនោមផ្អែម
អាហារដែលត្រូវបានអ្នកជំនាញអះអាងថា ជាមូលហេតុសំខាន់នាំឲ្យមនុស្សកើតជំងឺទឹកនោមផ្អែម © Internet

ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ឃ្លាន និងភ្លេចខ្លួន លួចហូបអាហារតាមតែចិត្តចង់ ហើយការថែរក្សាអ្នកជំងឺកើតទឹកនោមផ្អែមដូចគ្នា នឹងការមើលថែទារកដែរ។ នេះបើតាមអ្នកស្រី សុខ ចាន់ណា ដែល អះអាងបន្តថា អំឡុងពេលថែទាំប្ដីជាឱកាសមួយដែលគាត់បង្ការខ្លួនឯងពីជំងឺទឹកនោមផ្អែមដែរ៖ «គាត់តមផ្អែម ខ្ញុំត្រូវតមដែរ តមរហូតខ្វះស្ករ សូម្បីតែធុរ៉េនឬខ្នុរ ក៏ខ្ញុំអត់ហ៊ានទិញហូបដែរ ព្រោះបើខ្ញុំហូប គាត់មិនហូបវាមិនកើត តែក្រោយមកខ្ញុំដូររបៀបគិតដោយទិញមកហូបធម្មតា និងឲ្យគាត់ហូបដែរ តែមានចំនួនកំណត់។ ហើយអ្នកជំងឺទឹកនោមផ្អែមគឺឃ្លានណាស់។ ខ្ញុំចាំបានពេលមួយខ្ញុំទិញរបស់ផ្អែមៗមកច្រើនគឺគាត់ឃ្លានតែម្ដង ដល់ឃើញអ៊ីចឹងខ្ញុំប្ដូរទិញតិចៗវិញដើម្បីកាត់បន្ថយការឃ្លានរបស់គាត់។​»

ក្រៅពីហូបបន្លែបៃតងនៅរៀងរាល់ថ្ងៃ លោក សំ ឈាងម៉ៃ ត្រូវបានប្រពន្ធគាត់ផ្ដល់អាហារូបត្ថម្ភបន្ថែមជំនួយដល់រាងកាយ គឺប្រភេទផ្លែឈើសំបូរជាតិកាល់ស្យូមដូចជា៖ ត្របែក ទន្លាប់ ប៉ោម ក្រូចថ្លុងជាដើម​។

ផ្លែឈើដែលមនុស្សគ្រប់រូបគួរទទួលទានមិនចំពោះតែអ្នកជំងឺទឹកនោមផ្អែមនោះទេ
ផ្លែឈើដែលមនុស្សគ្រប់រូបគួរទទួលទានមិនចំពោះតែអ្នកជំងឺទឹកនោមផ្អែមនោះទេ © FB
គួរ​បញ្ជាក់​ថា ជំងឺទឹកនោមផ្អែមកើតមានលើមនុស្សគ្រប់វ័យ គ្រប់ឋានៈ បុណ្យសក្ដិ មិនថា អ្នកមាន ឬអ្នកក្រឡើយ។ តែចំពោះអ្នកមានជីវភាពធូរធារ និងជីវភាពសមរម្យ គេមានរបៀបថែទាំខ្លួនបានល្អប្រសើរជាងអ្នកក្រខ្សត់។

ជាមនុស្សបានសម្ដី ស្រ្តីម្នាក់មានអាយុ៥៧ឆ្នាំ សុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងខេត្តកំពង់ចាម លើកឡើងថា រាល់ថ្ងៃគាត់ឃ្លានអាហារគ្រប់មុខតាមដែលចិត្តចង់ ហើយពេលខ្លះក៏បណ្ដោយអារម្មណ៍តាមចិត្តហូបគ្រប់មុខ៖ «ថ្ងៃណាហេវដាក់ឲ្យរាងក្រែលតិចទៅ ថ្ងៃមិនណាមិនសូវហេវទៅ ដាក់ល្មម សរុបមកវាពិបាកណាស់  តែបើតមអាហារពេកវាហេវ  ហើយគ្រាន់តែថ្ងៃមុនខ្ញុំចង់ហូបស៊ុបក៏ឲ្យកូនទិញឆ្អឹងគោមកធ្វើស៊ុបហូបព្រឹកល្ងាច ក៏ចេញអាការៈមកសឺៗដូចមនុស្សស្រវឹងស្រាអ៊ីចឹង!។»

ជាការពិត សូម្បីតែពេទ្យក៏និយាយដែលថា ភាគច្រើនអ្នកកើតទឹកនោមផ្អែកគឺឃ្លានខ្លាំងជាងមនុស្សធម្មតា បើគ្មានការមើលថែទាំឲ្យបានដិតដល់ពីមនុស្សជាទេ ពួកគេនឹងប្រឈមស្ថានភាពធ្ងន់ធ្ងរមិនខាន។

ការស្រេកឃ្លានកើតមានខ្លាំង អំឡុងពេលកើតមានជំងឺទឹកនោមផ្អែម ដែលចំណែកនេះអ្នក​ឯកទេសសុខភាពស្នើឲ្យអ្នកជំងឺទឹកនោមផ្អែម គ្រប់គ្រងអារម្មណ៍ឲ្យបាន
ការស្រេកឃ្លានកើតមានខ្លាំង អំឡុងពេលកើតមានជំងឺទឹកនោមផ្អែម ដែលចំណែកនេះអ្នក​ឯកទេសសុខភាពស្នើឲ្យអ្នកជំងឺទឹកនោមផ្អែម គ្រប់គ្រងអារម្មណ៍ឲ្យបាន © Internet
ដូចពាក្យចាស់លោកថា “ការពារប្រសើរជាងព្យាបាល” ! ប្រសិនបើយើងមានការប្រុងប្រយ័ត្ន និងចេះការពារជាមុន នោះគ្រោះកើតជំងឺទឹកនោមផ្អែម នឹងក្រកើតមានចំពោះខ្លួនយើង។ ការពារដែលមិនមែនមានន័យថាការពារមិនឲ្យកើតទេ តែគឺឲ្យក្រមានជំងឺទឹកនោមផ្អែម និងការពារកុំឲ្យជំងឺនេះធ្លាក់ដុនដាបខ្លាំង បំផ្លាញសុខភាពនិងជីវិតរស់នៅប្រចាំថ្ងៃបានឆាប់រហ័សពេក។

ស្ត្រីសុំមិនបញ្ចេញឈ្មោះដដែលឲ្យដឹងថា បងប្អូនរបស់បង្កើតរបស់គាត់យ៉ាងហោចណាស់៥នាក់ក្នុងចំណោមបងប្អូនសរុប១០នាក់កើតមានជំងឺទឹកនោមផ្អែមក្នងកម្រិតធម្យម និងធ្ងន់អាស្រ័យលើកត្តាជីវភាពជាក់ស្ដែង។

អ្នកជំនាញសុខភាពឬអ្នកជំងឺ សុទ្ធតែបន្ទោសលើភេសជ្ជៈកំប៉ុង ដែលនាំឲ្យមនុស្សភាគច្រើនមានជំងឺទឹកនោមផ្អែម ឬកំពុងមានជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។ ដូច្នេះទម្លាប់​ល្អក្នុងគ្រួសារ​កាត់បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​ដល់​៨០%

ភាពសម្បូរបែបនៃភេសជ្ជៈកំប៉ុងក៏ជាចំណែកមួយនាំឲ្យកើតជំងឺទឹកនោមផ្អែមដែរ
ភាពសម្បូរបែបនៃភេសជ្ជៈកំប៉ុងក៏ជាចំណែកមួយនាំឲ្យកើតជំងឺទឹកនោមផ្អែមដែរ © Hello Krupet
ត្បិតតែមិនមែនជាប្រភេទជំងឺឆ្លងតែទឹកនោមផ្អែមត្រូវបានចង្អុលមុខដោយអ្នកជំនាញសុខភាពថា ជាឃាតករលាក់មុខ និងព្យាបាលមិនជាឡើយ។ នៅកម្ពុជាអត្រាមរណនៃជំងឺមិនឆ្លង រួមមាន៖ ទឹកនោមផ្អែម ជំងឺស្ទះសរសៃបេះដូង មហារីក ជាដើមចូលរួមសម្លាប់មនុស្ស៦៤ភាគរយក្នុងចំណោមប្រជាជនសរុប១៦លាននាក់។

លោកវេជ្ជបណ្ឌិត ឃាង សូយទី ប្រធានអង្គការអភិវឌ្ឍសុខភាព និងសង្គម (HSD) ថ្លែងថា មែនទែនទៅមានមនុស្សតិចណាស់ដែលដឹងថា ខ្លួនឯងកំពុងមានទឹកនោមផ្អែម៖ «ដឹងបានលុះត្រាតែ ទៅដល់សេវាសុខាភិបាលហើយអ្នកជំនាញប្រាប់ថា ជាតិស្ករឡើង ស្របពេលដែលអ្នកជំងឺនោះទៅពិនិត្យរករោគអ្វីផ្សេង។ អ៊ីចឹង! ហើយបានជាគេលើកឡើងថា ទឹកនោមផ្អែមជាឃាតករលាក់មុខ។ ឃាតករលាក់មុខហ្នឹងយ៉ាងម៉េច? គឺរោគទឹកនោមផ្អែមនេះ អត់បានលេចមុខមកហឹកហាក់អីហ្នឹងគេទេ ក៏ប៉ុន្តែដល់ពេលចេញជារូបរាងមកគឺធ្វើឲ្យយើងមានផលលំបាកតែម្ដង ហើយផលលំបាកនោះអាចប៉ះពាល់ទៅលើសេរីរាង្គសំខាន់ៗដូចជាៈតម្រង់នោម​ សរសៃឈាមបេះដូង និងសរសៃភ្នែកតូចៗ។ បើស្ថានភាពនេះអូសបន្លាយយូរពេក វាធ្វើឲ្យប៉ះពាល់ឈានដល់កាត់អវយវៈ ហើយ យើងវាអត់ចង់ឲ្យស្ថានភាពទឹកនោមផ្អែមឈានទៅដល់ស្ថានភាពហ្នឹង។

លោកវេជ្ជបណ្ឌិត ឃាង សូយទី ប្រធានអង្គការអភិវឌ្ឍសុខភាព និងសង្គម (HSD)
លោកវេជ្ជបណ្ឌិត ឃាង សូយទី ប្រធានអង្គការអភិវឌ្ឍសុខភាព និងសង្គម (HSD) © FB

កុំឲ្យក្លាយខ្លួនជាមនុស្សពិការដោយសារតែឃាតករលាក់មុខនេះ លោកវេជ្ជបណ្ឌិតសូយទី ណែនាំយ៉ាងដូច្នេះ៖ «ចាប់ពីអាយុ៤០ឆ្នាំ សូមចាប់ផ្ដើមស្រាវជ្រាវ រកជំងឺទឹកនោមផ្អែម តាមរយៈការឆែកសុខភាព រកបរិមាណស្ករ ហើយបច្ចុប្បន្ននេះ យើងក៏មានម៉ាស៊ីនតូច អាចវាស់កម្រិតជាស្ករបានដែរ​។​នៅពេលដែលយើងថា កម្រិតជាស្ករប៉ុណ្ណាហើយនោះ យើងអាចបង្ការវាជាមុនបានតាមរយៈការប្ដូរឥរិយាបថរស់នៅ ជាពិសេសសតាមរយៈរបបអាហារកុំញាំតាមឃ្លាន​ និងអនុវត្តកាយវប្បកម្ម លំហាត់ប្រាណ) ឲ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន។»

សូមកុំភ្លេចថា អាការៈទឹកនោមផ្អែមស្ដែងឡើងដោយធាតុ​សំខាន់​បួន​យ៉ាង​ នោម​ច្រើន ស្រេក​ទឹក ចុះ​ស្គមអស់​កម្លាំង។  បើតាមអ្នកជំនាញ អត្រានៃអ្នកកើតជំងឺទឹកផ្អែម កំពុងមានកើនឡើងខ្លាំងនៅក្នុងប្រទេសក្រីក្រ​ និងប្រទេសដែលចំណូលកម្រិតមធ្យម។ នៅចំពោះមុនស្ថានភាពគំរាមកំហែងរបស់ជំងឺទឹកនោមផ្អែមដែលបង្ករឡើងដោយអាហារ គេតែងឮការប្រដូចសម័យបច្ចុប្បន្ន និងសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃថា គ្មានហូបក៏ស្លាប់ មានហូបស្លាប់។ តែលោកវេជ្ជបណ្ឌិតសូយទី មិនគិតអ៊ីចឹងទេ«បើធៀបនឹងកាលពីដើម មនុស្សឥលូវបានប្ដូររបៀបរបបនៃការរស់នៅ ជាពិសេសការផ្លាស់ប្ដូររបស់មនុស្សវ័យជំទង់ផ្លាស់ពីជនបទមកទីក្រុងតាមរយៈការរស់នៅក្រុម ហើយរីករាយនឹងភាពសំបូរបែបនៃម្ហូបអាហារនៅតាមតំបន់ដែលពួកគេរស់នៅ។ ហើយឥលូវនេះយើងកំពុងតែព្រួយបារម្ភពីប្រភេទអាហារបំប៉នសុខភាពទៀតដែលចូលរួមចំណែកបង្កទឹកនោមផ្អែមទៀត។»

សូមជម្រាបជូនថា ជំងឺទឹកនោមផ្អែមកំពុងក្លាយជាក្ដីបារម្ភរបស់ពិភពទាំងមូល និងនិយាយដោយឡែកសម្រាប់ប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០១៦ អត្រានៃអ្នកកើតទឹកនោមផ្អែមនៅកម្ពុជាមានចំនួន១០ភាគរយស្មើនឹង១លាននាក់ដែលមានអាយុចន្លោះពី១៨ទៅ៦៩ឆ្នាំ។

ក្រៅពីជំងឺទឹកនោមផ្អែម បច្ចុប្បន្ននេះអ្នកជំនាញផ្នែកសុខភាពកំពុងបង្ហាញក្ដីបារម្ភរួមគ្នាពីប្រភេទជំងឺរបេងទឹកនោមផ្អែមមួយមុខទៀត។ អ្វីទៅជាប្រភេទជំងឺរបេងទឹកនោមផ្អែម? បើសិនជាយើងមានទឹកនោមផ្អែម អ្នកនោះឯងអាចប្រឈមនឹងការកើតជំងឺរបេងដល់ទៅបីដង​ឯណោះ បើធៀបនឹងអ្នកដែលគ្មានទឹកនោមផ្អែម។ ផ្ទុយទៅវិញបើសិនជាបុគ្គល (ក) មានជំងឺរបេង មាន​ន័យ​ថា គាត់​ប្រឈម​នឹង​​ជំងឺទឹកនោមផ្អែមប្រមាណ១០ភាគរយរួចទៅហើយ។  អ៊ីចឹង! សរុបមក យើងឲ្យឈ្មោះជំងឺទាំងពីរថា របេងទឹកនោមផ្អែម ទឹកនោមផ្អែមរបេង ដែលវាមានភាពប្រទាក់ប្រឡារួមដំណើរមកជាមួយគ្នាពួនសំងំក្នុងរាងកាយរបស់មនុស្ស ហើយស្ថានភាពនៃជំងឺនេះកើតមានច្រើនទៀតផង ហើយការព្យាបាលជំងឺទាំងពីរប្រឈមនឹងអន្តរកម្ម(ប្រឆាំងគ្នា)នៃថ្នាំខ្លាំងណាស់។

ភាពជាប់ទាក់ទងគ្នារវាងជំងឺរបេង និងជំងឺទឹកនោមផ្អែម ឬហៅថារបេងទឹកនោមផ្អែម
ភាពជាប់ទាក់ទងគ្នារវាងជំងឺរបេង និងជំងឺទឹកនោមផ្អែម ឬហៅថារបេងទឹកនោមផ្អែម © សហការី
លោក ឃុន​ គឹម​អ៊ាម​ នាយករង​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគរបេង​ ឲ្យដឹងថា ការព្យាបាលជំងឺរបេងគឺមានសង្ឃឹមជាដាច់ដោយប្រើពេលវេលា៦ខែ តែការព្យាលជំងឺទឹកនោមផ្អែមប្រើពេលវេលាមួយជីវិត៖ «ទឹកនោមផ្អែមមិនទាន់មានឱសថព្យាបាលជាទេ ហើយឆ្លៀតឱកាសនេះដែរ ខ្ញុំសូមអំពាវនាវដល់បងប្អូន យើងដែលកំពុងមានជំងឺទឹកនោមផ្អែម សុំកុំជឿថា ថ្នាំខ្មែរព្យាបាលទឹកនោមផ្អែមជាឲ្យសោះ។ សូមប្ដូរឥរិយាបថនេះជាបន្ទាន់ បើមិនអ៊ីចឹងទេ នឹងធ្វើឲ្យស្ថានភាពជំងឺរបស់យើង​ កាន់តែដុនដាប ហើយអស់លុយទៀត។ ធ្លាប់មានច្រើនណាស់បងប្អូនយើងដែលកំពុងព្យាបាលជំងឺទឹកនោមផ្អែមសុខៗងាកទៅថ្នាំខ្មែរ សាកថ្នាំខ្មែរអស់ចិត្តក៏ងាកមកថ្នាំពេទ្យ។ បើយើងបណ្ដែតបែបនេះអាចធ្វើឲ្យអ្នកមានជំងឺទឹកនោមផ្អែមប្រឈមនឹងការដំបៅ​ជើង ខូចតម្រងនោម ឬពិបាកភ្នែកជាដើម។»

លោក ឃុន គឹមអ៊ាម នាយករងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង
លោក ឃុន គឹមអ៊ាម នាយករងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង © FB

ចុងក្រោយនៃសេចក្ដីសន្និដ្ឋានរបស់ខ្លួន លោកវេជ្ជបណ្ឌិតលោក ឃុន គឹមអ៊ាម មើលឃើញថា ផលប៉ះពាល់នៃជំងឺរបេង ធ្វើ​ឲ្យ​ប្រជាជនកម្ពុជាមានការយល់ដឹងច្រើនជាងជំងឺទឹកនោមផ្អែម។ នេះក៏ព្រោះតែនោមផ្អែមជាប្រភេទជំងឺមិនឆ្លង និងឆ្លងមកមនុស្សដោយភាពស្ងៀមស្ងាត់ ខណៈដែលជំងឺរបេងជាប្រភេទជំងឺឆ្លងស្ដែងឡើងតាមរយៈក្អក ក្រដាស ចុះស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នង ជាដើម។

គ្រោះថ្នាក់នៃជំងឺគ្រប់ប្រភេទពិសេស​​ជំងឺទឹកនោមផ្អែម ត្រូវ​បាន​អ្នកឯកទេសផ្នែកសុខភាពពន្យល់​ថា គួរបញ្ចូលនៅក្នុងកម្មវិធីអប់រំតាំងពីថ្នាក់មតេយ្យ។ កន្លងមកក្រសួងអប់រំក៏ធ្លាប់ចេញផ្សាយវីដេអូស្តីពីសុវត្ថិភាពចំណីអាហារនៅតាមសាលារៀន។

បន្ថែមលើនេះអ្នកឯកទេសផ្នែកសុខភាព ស្នើឲ្យអ្នកពាក់ព័ន្ធបញ្ជូលសារអប់រំពីគ្រោះថ្នាក់​នៃជំងឺទឹកនោមផ្អែម ក្នុងការសម្ដែងនានា មិនថាក្នុងទម្រង់សិល្បៈណាឡើយ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ