អានតួអត្ថបទ
បទយកការណ៍

ជំងឺទឹកនោមផ្អែម៖ «ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្រឡាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំណី ជា​ពាក្យ​ខ្លី​តែ​មាន​ន័យ​ដែល​ត្រូវ​អនុវត្ត ជា​ពិសេស​ក្នុង​បរិបទ​សុខភាព​។  អ្នកជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​ថា របប​អាហារ​មិន​ត្រឹមត្រូវ នាំ​ឲ្យ​មនុស្ស​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​ចង្អុល​មុខ​ទឹក​នោម​ផ្អែម ថា​ជាឃាតករ​លាក់​មុខ និង​កំពុង​សម្លាប់​មនុស្សបន្តិច​ម្ដងៗ ដោយ​ពុំ​ដឹង​ខ្លួន។

ការញ៉ាំតាមអារម្មណ៍ជាមូលហេតុសំខាន់ ដែលនាំឲ្យកើតជំងឺទឹកនោមផ្អែម
ការញ៉ាំតាមអារម្មណ៍ជាមូលហេតុសំខាន់ ដែលនាំឲ្យកើតជំងឺទឹកនោមផ្អែម © Hello Krupet
ផ្សាយពាណិជ្ជកម្ម

រាល់​ថ្ងៃ​នេះ ភាគ​ច្រើន​នៃ​មនុស្ស​ចាស់​ជួប​គ្នា​តែងតែ​លើក​យក​ប្រធាន​បទ​ទឹកនោម​ផ្អែម​មក​ជជែក សួរនាំពី​កម្រិត​ជាតិ​ស្ករ កម្រិតឈាម កម្រិតខ្លាញ់ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​ជាដើម។ ការ​ប្រើប្រាស់​ថ្នាំ អ្នក​ខ្លះ​និយាយ​ថា ធ្លាប់​សាក​ថ្នាំ​ខ្មែរ​តាម​ការ​ណែនាំ​នានា​ដែរ តែ​មិនមាន​ប្រសិទ្ធិ​ភាព ក៏​ត្រឡប់មក​ប្រើ​ថ្នាំ​ពេទ្យ​វិញ​ក៏​មាន​។ ថ្នាំ​ខ្មែរ​មិនត្រឹម​តែ​គ្មាន​ប្រសិទ្ធ​ភាព ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹក​នោមផ្អែម​ហើយ ថែម​ទាំង​បង្កើត​ជំងឺ​ថ្មីៗ​ទៀត​ផង។ ទំនោរ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​កំពុង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ភាគ​ច្រើនខ្លាច​រអា៖ «ខ្ញុំ​ស្ដាប់​តែ​ពេទ្យ​ទេ។  តែ​កាល​ពី​មុន ខ្ញុំ​តាម​ចៅ​វា​ប្រាប់​ថា ទឹក​ម្រះ​ហ្នឹង​ព្យាបាល​ជំងឺ​ទឹក​នោមផ្អែម​បាន ក៏​ទៅ​ទិញ​ម៉ាស៊ីន​កិន​ផ្លែ​ឈើ​មក​សាក តែគិត​យូរៗ​ទៅ​ក៏​ខ្ជិល​វិញ ហើយ​យក​ម៉ាស៊ីន​នោះ​ទៅ​កិនអង្ករ​លីង កិន​ម្រេច ជំនួស​វិញ។ មាន​អ្នក​ទឹក​នោម​ផ្អែម​ខ្លះ​ប្រាប់​ខ្ញុំ​ថា គាត់​ប្រើ​ថ្នាំ​ខ្មែរ​ប្រភេទ​រុក្ខជាតិ​ប្រម៉ាត់ខ្លាឃ្មុំបីខែ ធ្វើឲ្យខូចតម្រង់នោម បន្ថែមពីលើអាទឹកនោមផ្អែមមួយមុខទៀត ដល់ហើយគេយកអាប្រម៉ាត់ខ្លាឃ្មុំនេះមកឲ្យទាំងល្អី មកឲ្យខ្ញុំដែរតែខ្ញុំអត់ដាំផឹកទេ។ គេទៅបាត់យើងបោះចោល។ សូម្បីតែគ្រាប់ម្រុំក៏គេថា ព្យាបាលអ្នកជំងឺទឹកនោមផ្អែមបានដែរ  តែខ្ញុំអត់សាក​។»

នេះគឺជាការជជែកគ្នាអំពីការប្រើប្រាស់ថ្នាំ​ខ្មែរព្យាបាលទឹកនោមផ្អែមរវាងស្ត្រីអ្នកកើតជំងឺទឹកនោមផ្អែមពីរនាក់ រស់នៅម្ដុំផ្លូវរទេះភ្លើង​ រាជធានីភ្នំពេញ។ ស្ត្រីម្នាក់ក្នុងចំណោមនេះ មានឈ្មោះ មាជ លីណា។ អ្នកស្រីលីណា កើតមានជំងឺទឹកនោមផ្អែម១៤ឆ្នាំមកហើយ ពី២០០៦ដល់២០២០។ ពេលធ្វើដំណើរទៅដល់ផ្ទះគាត់ អ្វីដែលចាប់អារម្មណ៍មុនគេ គឺនៅពីមុនផ្ទះមានដាក់ស្លាកជាប់ដើមដូងថា បណ្ដាញមិត្តអប់រំមិត្ត។ អ្នកស្រីលីណាវ័យ៥០ឆ្នាំ បញ្ជាក់​ថា អ្នក​ស្រី​បាន​ដើរតួនាទីអប់រំប្រជាពលរដ្ឋ នៅក្នុងសហគមន៍ឲ្យបានដឹង និងបង្ការផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម។​

អ្នកស្រី លីណា រស់នៅជាមួយជំងឺទឹកនោមផ្អែមរយៈពេល១៤ឆ្នាំ
អ្នកស្រី លីណា រស់នៅជាមួយជំងឺទឹកនោមផ្អែមរយៈពេល១៤ឆ្នាំ © សហការី

នៅក្នុងស្នាមញញឹមទទួលភ្ញៀវនិងជាស្ត្រីមេផ្ទះដ៏ចំណាន អ្នកស្រីលីណាដកឃ្លាទុកការងារផ្ទះបាយមួយឡែក ដោយដើរមកនិយាយលេងជាមួយអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិRFI អំពីរឿងរ៉ាវផ្ទាល់ខ្លួនដែលគាត់បានរស់នៅជាមួយជំងឺទឹកនោមផ្អែមរយៈ១៤ឆ្នាំកន្លងមកនេះ។ អ្នកស្រីលីណា បានប្រាប់ពីដំណើរដើមទងដែលនំាំឲ្យគាត់កើតមានជំងឺទឹកនោមផ្អែមយ៉ាងដូច្នេះថា៖ «​ខ្ញុំដំបូងឡើយអត់ស្រួលខ្លួននៅផ្សារហើយក៏ងងឹតមុខចង់ដួល  មានអ្នកលក់ក្បែរនោះណែនាំឲ្យទិញក្រូច [ញាំលោ] ឡើងឈាម ញ៉ាំទៅក៏ស្វាងបន្តិច បន្ទាប់មកក៏ចុះមកជាន់ផ្ទាល់ដី ក៏ធ្វើទុក្ខម្ដងទៀត ក៏ងាកមកកោសខ្យល់ម្ដងក៏ស្វាងប្រហែលបាន១០នាទីក៏ធ្វើទុក្ខទៀត សម្រេចចិត្តជិះកង់បីមកផ្ទះ។  មកដល់ផ្ទះហើយ ខ្ញុំក៏តេហៅបងថ្លៃដែលធ្វើការនៅមន្ទីរពេទ្យព្រះកេតុមាលាឲ្យមកមើល គាត់ក៏ថា ខ្ញុំមានជំងឺលើសឈាម និងទឹកនោមផ្អែម។

 

កើតជំងឺទឹកនោមផ្អែមទន្ទឹមនឹងជំងឺលើសឈាម ជាស្ថានភាពមួយពិបាកនឹងទទួលយកសម្រាប់អ្នកស្រីណាស់។ ប៉ុន្តែការតាំងចិត្តធ្វើឲ្យគាត់យកឈ្នះជំងឺលើសឈាមបានមួយមុខ តាមរយៈការលេបថ្នាំព្យាបាលរយៈពេល១ឆ្នាំ។

មែនទែនទៅជំងឺទាំងពីរនេះមានឱកាសចូលមករស់នៅក្នុងខ្លួនអ្នកស្រីលីណាបានយ៉ាងងាយដូច្នេះ ដោ​យ​​សារគាត់មើលស្រាលការហូបចុករាល់ថ្ងៃ៖ «ខ្ញុំញាំអត់គិត ណាមួយកាលហ្នឹងខ្ញុំលក់ដូរនៅផ្សារ ហើយឃ្លានអីញាំហ្នឹងទៅ ដោយអត់បានគិតដល់ផលប៉ះពាល់លើសុខភាពទេ។​»

ទោះជាទឹកនោមផ្អែមជាជំងឺមួយប្រភេទដែលងាយ នឹងកើតមានក៏ដោយ តែគ្រប់គ្នាក៏មានវិធីបណ្ដេញជំងឺប្រភេ​ទនេះបានយ៉ាងងាយដែរ សម្រាប់អ្នកមិនទាន់កើត។ នេះបើតាមអ្នកស្រីលីណាដែលរាល់ថ្ងៃហូបបាយសម្រូបជំនួសបាយស៖ «បើអ្នកមិនទាន់មានជំងឺទឹកនោមផ្អែម ចៀសវាងអាហារកំប៉ុង គ្រប់គ្រងរបបអាហារ និងធ្វើលំហាត់ប្រាណ។ ហើយអ្នកដែលកំពុងតែកើតមានជំងឺទឹកនោមផ្អែមដូចខ្ញុំ ក៏អនុវត្តបីរបៀបនេះដូចគ្នា។ សម្រាប់ខ្ញុំ លំហាត់ប្រាណសំខាន់បំផុត បន្ទាប់មកការគ្រប់គ្រងអាហារ ខណៈថ្នាំជួយបានតែ២០ភាគរយទេ បើអនុវត្តបានបីរបៀបនេះ ខ្ញុំធានាថា យើងអាចគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមបានមួយរយភាគរយ។»

 

លំហាត់ប្រាណ គឺជាសកម្មភាពមួយដ៍ចាំបាច់ ក្នុងការបញ្ជៀសមនុស្សពីជំងឺទឹកនោមផ្អែម
លំហាត់ប្រាណ គឺជាសកម្មភាពមួយដ៍ចាំបាច់ ក្នុងការបញ្ជៀសមនុស្សពីជំងឺទឹកនោមផ្អែម © Internet

ជួបជាមួយអ្នកកើតជំងឺទឹកនោមផ្អែមម្នាក់ទៀតជាបុរសឈ្មោះលោក សំ ឈាងម៉ៃ វ័យ៥៥ឆ្នាំ។ លោក ឈាងម៉ៃ រស់ជាមួយនឹងជំងឺទឹកនោមផ្អែម៥ឆ្នាំហើយដោយអាការៈរោគនេះចាប់ផ្ដើមទុក្ខនៅក្នុងឆ្នាំ២០​១​៥​៖ «ពីដំបូងឡើយ ខ្ញុំបត់ជើងតូចញឹកដល់ទៅជួសឈាម គេពិនិត្យឃើញកម្រិតទឹកនោមផ្អែមឡើងដល់៣០០។»  មុនពេលរកឃើញមានជំងឺទឹកនោមផ្អែម លោក សំ ឈាងម៉ៃ មានចំណង់ចំណូល​ចិត្តហូបសាច់ និងការទទួលទានស្រាស។ លោក សំ ឈាងម៉ៃ ក៏មិនខុសពីអ្នកស្រីលីណា ក្រោយដឹងខ្លួនថា មានជំងឺទឹកនោមផ្អែម បានប្ដូររបៀបរស់នៅ និងការហូបចុកស្ទើរតែទាំងស្រុង៖«ដំបូងវាពិបាកនៅក្នុងការតមអាហារ តែបើកាលណាមិនតមវារឹតតែធ្ងន់ធ្ងរ ដល់តមទៅវាធ្វើឲ្យស្ថានភាពយើងធូរស្រាល ជាតិស្ករថយចុះ។»

រស់នៅក្នុងជីវភាពធូរធា ផ្ទះថ្មបីជាន់ និងឡានមួយគ្រឿង លោក សំ ឈាងម៉ៃ គឺអ្នកជំងឺទឹកនោមផ្អែមម្នាក់ទទួលបានការយកចិត្តទុកដាក់ថែទាំពីភរិយាគឺអ្នកស្រី សុខ ចាន់ណា។ នៅចំពោះមុខលោក ឈាងម៉ៃ​ អ្នកស្រីចាន់ណា មានកាតព្វកិច្ចមើលថែប្ដីរបស់គាត់ តាមរយៈការរៀបចំរបបអាហារប្រចាំថ្ងៃ។ តាមរយៈទឹកមុខ និងពាក្យសម្ដីបង្ហាញមកថា អាណិតប្ដីដែលកំពុងតែកើតមានជំងឺទឹកនោមផ្អែម អ្នកស្រី សុខ ចាន់ណា លើកឡើងថា៖ «ជាមេផ្ទះអ៊ីចឹង! ត្រូវរៀបឲ្យបានត្រឹមត្រូវអាហារសម្រាប់គាត់ បន្ទាប់ពីហូបបាយហើយត្រូវមានផ្លែឈើ បន្លែ។ បើមិនមានក្រុមអាហារដូចខ្ញុំរៀបរាប់នេះទេ គឺគាត់នឹងមានប្រតិកម្មភ្លាមៗតែម្ដងៗ។ ហើយពេលគាត់មានប្រតិកម្មម្ដងៗ ខ្ញុំចាប់ផ្ដើមគិត និងបន្ទោសខ្លួនឯងថា រៀបចំខ្វះខាតមុខណាបានជាគាត់មិនស្រួលខ្លួនអ៊ីចឹង!»

 

អាហារដែលត្រូវបានអ្នកជំនាញអះអាងថា ជាមូលហេតុសំខាន់នាំឲ្យមនុស្សកើតជំងឺទឹកនោមផ្អែម
អាហារដែលត្រូវបានអ្នកជំនាញអះអាងថា ជាមូលហេតុសំខាន់នាំឲ្យមនុស្សកើតជំងឺទឹកនោមផ្អែម © Internet

ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ឃ្លាន និងភ្លេចខ្លួន លួចហូបអាហារតាមតែចិត្តចង់ ហើយការថែរក្សាអ្នកជំងឺកើតទឹកនោមផ្អែមដូចគ្នា នឹងការមើលថែទារកដែរ។ នេះបើតាមអ្នកស្រី សុខ ចាន់ណា ដែល អះអាងបន្តថា អំឡុងពេលថែទាំប្ដីជាឱកាសមួយដែលគាត់បង្ការខ្លួនឯងពីជំងឺទឹកនោមផ្អែមដែរ។ក្រៅពីហូបបន្លែបៃតងនៅរៀងរាល់ថ្ងៃ លោក សំ ឈាងម៉ៃ ត្រូវបានប្រពន្ធគាត់ផ្ដល់អាហារូបត្ថម្ភបន្ថែមជំនួយដល់រាងកាយ គឺប្រភេទផ្លែឈើសំបូរជាតិកាល់ស្យូមដូចជា៖ ត្របែក ទន្លាប់ ប៉ោម ក្រូចថ្លុងជាដើម​។

គួរ​បញ្ជាក់​ថា ជំងឺទឹកនោមផ្អែមកើតមានលើមនុស្សគ្រប់វ័យ គ្រប់ឋានៈ បុណ្យសក្ដិ មិនថា អ្នកមាន ឬអ្នកក្រឡើយ។ តែចំពោះអ្នកមានជីវភាពធូរធារ និងជីវភាពសមរម្យ គេមានរបៀបថែទាំខ្លួនបានល្អប្រសើរជាងអ្នកក្រខ្សត់។

រូបតំណាង អ្នកកើតទឹកនោមផ្អែមទាមទារការគ្រប់គ្រងអារម្មណ៍ក្នុងការស្រេកឃ្លានអាហារជាចាំបាច់
រូបតំណាង អ្នកកើតទឹកនោមផ្អែមទាមទារការគ្រប់គ្រងអារម្មណ៍ក្នុងការស្រេកឃ្លានអាហារជាចាំបាច់ © Internet

ដូចពាក្យចាស់លោកថា “ការពារប្រសើរជាងព្យាបាល” ! ប្រសិនបើយើងមានការប្រុងប្រយ័ត្ន និងចេះការពារជាមុន នោះគ្រោះកើតជំងឺទឹកនោមផ្អែម នឹងក្រកើតមានចំពោះខ្លួនយើង។ ការពារដែលមិនមែនមានន័យថាការពារមិនឲ្យកើតទេ តែគឺឲ្យក្រមានជំងឺទឹកនោមផ្អែម និងការពារកុំឲ្យជំងឺនេះធ្លាក់ដុនដាបខ្លាំង បំផ្លាញសុខភាពនិងជីវិតរស់នៅប្រចាំថ្ងៃបានឆាប់រហ័សពេក។

អ្នកជំនាញសុខភាពឬអ្នកជំងឺ សុទ្ធតែបន្ទោសលើភេសជ្ជៈកំប៉ុង ដែលនាំឲ្យមនុស្សភាគច្រើនមានជំងឺទឹកនោមផ្អែម ឬកំពុងមានជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។ ដូច្នេះទម្លាប់​ល្អក្នុងគ្រួសារ​កាត់បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​ដល់​៨០%

ត្បិតតែមិនមែនជាប្រភេទជំងឺឆ្លងតែទឹកនោមផ្អែមត្រូវបានចង្អុលមុខដោយអ្នកជំនាញសុខភាពថា ជាឃាតករលាក់មុខ និងព្យាបាលមិនជាឡើយ។ នៅកម្ពុជាអត្រាមរណនៃជំងឺមិនឆ្លង រួមមាន៖ ទឹកនោមផ្អែម ជំងឺស្ទះសរសៃបេះដូង មហារីក ជាដើមចូលរួមសម្លាប់មនុស្ស៦៤ភាគរយក្នុងចំណោមប្រជាជនសរុប១៦លាននាក់។

លោកវេជ្ជបណ្ឌិត ឃាង សូយទី ប្រធានអង្គការអភិវឌ្ឍសុខភាព និងសង្គម (HSD) ថ្លែងថា មែនទែនទៅមានមនុស្សតិចណាស់ដែលដឹងថា ខ្លួនឯងកំពុងមានទឹកនោមផ្អែម៖ «ដឹងបានលុះត្រាតែ ទៅដល់សេវាសុខាភិបាលហើយអ្នកជំនាញប្រាប់ថា ជាតិស្ករឡើង ស្របពេលដែលអ្នកជំងឺនោះទៅពិនិត្យរករោគអ្វីផ្សេង។ អ៊ីចឹង! ហើយបានជាគេលើកឡើងថា ទឹកនោមផ្អែមជាឃាតករលាក់មុខ។ ឃាតករលាក់មុខហ្នឹងយ៉ាងម៉េច? គឺរោគទឹកនោមផ្អែមនេះ អត់បានលេចមុខមកហឹកហាក់អីហ្នឹងគេទេ ក៏ប៉ុន្តែដល់ពេលចេញជារូបរាងមកគឺធ្វើឲ្យយើងមានផលលំបាកតែម្ដង ហើយផលលំបាកនោះអាចប៉ះពាល់ទៅលើសេរីរាង្គសំខាន់ៗដូចជាៈតម្រង់នោម​ សរសៃឈាមបេះដូង និងសរសៃភ្នែកតូចៗ។ បើស្ថានភាពនេះអូសបន្លាយយូរពេក វាធ្វើឲ្យប៉ះពាល់ឈានដល់កាត់អវយវៈ ហើយ យើងវាអត់ចង់ឲ្យស្ថានភាពទឹកនោមផ្អែមឈានទៅដល់ស្ថានភាពហ្នឹង។»

 

លោកវេជ្ជបណ្ឌិត ឃាង សូយទី ប្រធានអង្គការអភិវឌ្ឍសុខភាព និងសង្គម (HSD)
លោកវេជ្ជបណ្ឌិត ឃាង សូយទី ប្រធានអង្គការអភិវឌ្ឍសុខភាព និងសង្គម (HSD) © FB

កុំឲ្យក្លាយខ្លួនជាមនុស្សពិការដោយសារតែឃាតករលាក់មុខនេះ លោកវេជ្ជបណ្ឌិតសូយទី ណែនាំយ៉ាងដូច្នេះ៖ «ចាប់ពីអាយុ៤០ឆ្នាំ សូមចាប់ផ្ដើមស្រាវជ្រាវ រកជំងឺទឹកនោមផ្អែម តាមរយៈការឆែកសុខភាព រកបរិមាណស្ករ ហើយបច្ចុប្បន្ននេះ យើងក៏មានម៉ាស៊ីនតូច អាចវាស់កម្រិតជាស្ករបានដែរ​។​នៅពេលដែលយើងថា កម្រិតជាស្ករប៉ុណ្ណាហើយនោះ យើងអាចបង្ការវាជាមុនបានតាមរយៈការប្ដូរឥរិយាបថរស់នៅ ជាពិសេសសតាមរយៈរបបអាហារកុំញាំតាមឃ្លាន​ និងអនុវត្តកាយវប្បកម្ម លំហាត់ប្រាណ) ឲ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន។»

សូមកុំភ្លេចថា អាការៈទឹកនោមផ្អែមស្ដែងឡើងដោយធាតុ​សំខាន់​បួន​យ៉ាង​ នោម​ច្រើន ស្រេក​ទឹក ចុះ​ស្គមអស់​កម្លាំង។ សូមជម្រាបជូនថា ជំងឺទឹកនោមផ្អែមកំពុងក្លាយជាក្ដីបារម្ភរបស់ពិភពទាំងមូល និងនិយាយដោយឡែកសម្រាប់ប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០១៦ អត្រានៃអ្នកកើតទឹកនោមផ្អែមនៅកម្ពុជាមានចំនួន១០ភាគរយស្មើនឹង១លាននាក់ដែលមានអាយុចន្លោះពី១៨ទៅ៦៩ឆ្នាំ។គ្រោះថ្នាក់នៃជំងឺគ្រប់ប្រភេទពិសេស​​ជំងឺទឹកនោមផ្អែម ត្រូវ​បាន​អ្នកឯកទេសផ្នែកសុខភាពពន្យល់​ថា គួរបញ្ចូលនៅក្នុងកម្មវិធីអប់រំតាំងពីថ្នាក់មតេយ្យ។ ហើយបន្ថែមលើនេះរាល់ការសម្ដែងនានា មិនថា ក្នុងទម្រង់សិល្បៈណាឡើយ គួរតែបញ្ចូលសារអប់រំពីគ្រោះថ្នាក់​នៃជំងឺទឹកនោមផ្អែមផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ