អានតួអត្ថបទ
បទយកការណ៍

Autism៖ឪពុក-ម្ដាយអាចប្រែក្លាយវិបត្តិទៅជាឱកាសបាន!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាការៈ​អូទីហ្សឹម(Autism) កំពុង​ក្លាយ​ជា​កង្វល់​សម្រាប់​ឪពុក​ម្ដាយ​គ្រប់រូប​នៅ​កម្ពុជា និង​និយាយ​ដោយឡែក​សម្រាប់​ឪពុក​ម្ដាយ​ដែល​មាន​កើត​អូទីហ្សឹម​រួច​ទៅ​ហើយ។ សម្រាប់​អ្នក​ដែល​មាន​កូន​កើត​អូទីហ្សឹមអ្នក​ជំនាញ​ផ្នែក​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​ឪពុក-ម្ដាយ ងើប​ឈរ​ឡើង​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​ឱកាស​ប្រសើរ​ជាងគេច​វេស​ពី​ការ​ពិត​និង​បន្ទោស​លើ​ព្រហ្មលិខិត។ ចំណែក​ឪពុកម្ដាយ​ដែល​មិន​ទាន់​មាន​កូន​កើត​អាការៈ​អូទីហ្សឹម ត្រូវ​តែ​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​តាម​ដាន​ការវិវត្តន៍​របស់​កូន​ឲ្យ​បាន​ជាប់​លាប់។

យូអ៊ីនៅក្នុងផ្ទះរបស់នាង
យូអ៊ីនៅក្នុងផ្ទះរបស់នាង © U E Khmer Autism
ផ្សាយពាណិជ្ជកម្ម
យូអ៊ីនៅក្នុងទម្លាប់សិក្សាប្រចាំថ្ងៃ
យូអ៊ីនៅក្នុងទម្លាប់សិក្សាប្រចាំថ្ងៃ © U E Khmer Autism
យូអ៊ី​ជា​ក្មេងស្រី​ម្នាក់​ដែល​មាន​សំណាង​ទទួល​បាន​ការ​ថ្នាក់ថ្នម និង​ការ​យក​ចិត្ត​ទុកដាក់​ថែ​ទាំ​ពី​ម្ដាយ​ក្រោ​យ​ដឹង​ថា ​នាង​កើត​មាន​អាការៈ​អូទីហ្សឹម។ លោកស្រី កែវ ពិសី ជា​ម្ដាយ​របស់​យូអ៊ី​គាត់​បាន​សម្រាក​ពីការងារ​ឯកជន​មក​ថែទាំ​កូនស្រី​តាំងតែ​ពី​នាង​មាន​អាយុ​៥ឆ្នាំ ហើយ​ពេល​នេះ​យូអ៊ី​មាន​អាយុ​១១ឆ្នាំ។ បង្រៀន​អក្សរ បង្រៀន​និយាយ បង្ហាញ​ការ​ថ្នាក់ថ្នម​និង​នាំ​យូអ៊ី​ចេញ​ដើរលេង​ដើម្បី​មើល​បរិយាកាស​ខាងក្រៅ​និង​ការ​រាំ​កំសាន្ត​តាម​បែប​កូនក្មេង​ជាដើម​បាន​ក្លាយ​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​លោកស្រី​ពិសី​ទៅ​ហើយនៅក្នុងការបង្រៀនយូអ៊ី«អ្នកម៉ាក់​ងើប​ឡើង អ្នកម៉ាក់……? one two three ១.២.៣។»

លោកស្រី កែវ ពិសី ចាប់​ផ្ដើម​ជួយ​កូនស្រី​នៅ​ពេល​នាង​មាន​អាយុ​៧​ឆ្នាំ​បន្ទាប់​ពី​គាត់​ចំណាយ​ពេល​បាក់ទឹក​ចិត្ត​អស់​រយៈ​ពេល​២​ឆ្នាំ​ក្រោយ​ដឹង​ថា យូអ៊ី​កើត​មាន​អាការៈ​អូទីហ្សឹម«ដំបូង​ខ្ញុំ​អត់​ទាន់​ស្គាល់​ថា អូទីហ្សឹមហ្នឹង​ជា​អី​ទេ តែ​ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​ស្រាវជ្រាវ​ឯកសារ ក៏​ផ្ដើម​រក​មូល​ហេតុ​ថា ហេតុអ្វី​បាន​ជា​កុមារ​កើតមាន​អូទីហ្សឹម? តែ​យ៉ាងណាក៏ដោយ​មូល​ហេតុ​ពិត​នៃ​អូទីហ្សឹម​គេ​អត់​ទាន់​រក​ឃើញ​ទេ អ៊ីចឹង​ខ្ញុំ​ក៏​អត់​ទាន់ដឹង​ដែរ​ថា កូន​ខ្ញុំ​កើត​អូទីហ្សឹម​ដោយ​សារ​អ្វី?»

យូអ៊ីនៅក្នុងភាពស្ងៀមស្ងាត់ជាមួយនឹងបរិយាកាសចេញក្រៅ
យូអ៊ីនៅក្នុងភាពស្ងៀមស្ងាត់ជាមួយនឹងបរិយាកាសចេញក្រៅ © U E Khmer Autism

ពី​ដំបូង​ឡើយ​ក្រោយ​ដឹង​ថា យូអ៊ី​នាង​កើត​មាន​អាការៈ​អូទីហ្សឹម​លោកស្រីពិសី ខូច​ចិត្ត​មិន​តិច​ឡើយ«ខ្ញុំ ខូច​ចិត្ត​ខ្លាំង​ក្នុងនាម​ជា​ម្ដាយ​ម្នាក់ ហើយ​ពិបាក​មែនទែន​គាត់(កូន)អត់​មាន​ទំនាក់​ទំនង​អីសោះ​ រស់​នៅ​ក្នុងពិភព​របស់​គាត់​តែ​ឯង កាច ឆេវឆាវ ធ្វើ​បាប​ខ្លួន​ឯង​តាម​រយៈ​ការ​វាយ​ដំ​លើ​រាងកាយ​ ដល់​ឃើញ​បែប​ហ្នឹងយើង​ធ្លាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង។»

បន្ទាប់​ពី​ខូចចិត្ត​និង​បាក់​ទឹកចិត្ត​រយៈពេល​២     ឆ្នាំលោកស្រី​ពិសី​ចាប់​ផ្ដើម​ងើប​ឈរ​ឡើង​ប្រឆាំង​នឹង​អូទីហ្សឹមដោយ​ផ្ដើម​ចេញ​ពី​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​មុន«ខ្ញុំ​ចាប់​ផ្ដើម​ស្រាវជ្រាវ ខ្ញុំ​ចាប់​ផ្ដើម​រក​វិធី​ជួយ​កូន ហើយ​ចុះឈ្មោះ​ចូល​រៀន​ជាមួយ​អង្គការ​នានា​ពី​វិធីសាស្ត្រ​បង្រៀន​កូន កូន​ក៏​មាន​ភាព​ល្អ​ប្រសើរ​បន្តិច​ម្ដង​បន្តិច​ម្ដង​ខ្ញុំក៏​មាន​សង្ឃឹម មាន​កម្លាំង​ចិត្ត ថា​កូន​ខ្ញុំ​នឹង​បាន​ប្រសើរ​នៅ​ថ្ងៃ​ក្រោយ។»

យូអ៊ីនិងម្ដាយដែលជាលោកស្រី កែវ ពិសី
យូអ៊ីនិងម្ដាយដែលជាលោកស្រី កែវ ពិសី © U E Khmer Autism

កម្លាំង​ចិត្ត​មួយ​ទៀត​ដែល​លោក​ស្រី​ពិសី​ទទួល​បាន​នោះ​គឺ​សម្លឹង​មើល​ពិភព​លោក​ខាង​ក្រៅ​ដែល​សូម្បីតែ​បុគ្គល​ល្បីៗ​មួយ​ចំនួន​ក៏​ធ្លាប់​ឆ្លង​កាត់​អាការៈ​អូទីហ្សឹម«ខ្ញុំ​ចាប់​ផ្ដើម​ស្រាវជ្រាវ​លើ​មនុស្ស​ល្បីៗ​ជា​ច្រើនលើ​ពិភព​លោក​ដែល​គាត់​ធ្លាប់​ជា​កុមារ​អូទីហ្សឹម​ពី​មុន​មក​ដូច​ជាៈអាល់បឺតអេនស្ទេន (Albert Einstein) ​ប្រធានា​ធិបតី​អាមេរិកម្នាក់​ក៏​ធ្លាប់​មាន​សញ្ញា​អូទីហ្សឹម​ដែរ កាល​ពី​តូច ហើយ​បើ​ទោះ​បី​ជា​អ្វី​ដែល​ខ្ញុំ​ដឹង​និង​ស្រាវជ្រាវនេះ​មិនអាច​ជួយ​កូន​ខ្ញុំ​បាន​ទាំង​ស្រុង  អាច​ជួយ​កុមារ​ផ្សេង​ទៀត​បាន​ដែរ​តាមរយៈ​ការ​ចែករំលែក​បទ​ពិសោធន៍​ខ្ញុំកន្លង​មក។»

ក្រៅ​ពី​អ្នក​ជំនាញ បេសកម្ម​សង្គ្រោះ​កុមារ​អូទីហ្សឹម ផ្ដើម​ចេញ​ពី​មនុស្ស​គ្រប់​រូប​ពិសេស​មនុស្ស​ក្នុង​រង្វង់គ្រួសារ«មិន​ថា​ម្ដាយ​ឬ​ឪពុក​ទេ​សូម្បី​តែ​ជីដូន​ជីតា​ក៏​ដោយ យើង​ត្រូវ​រួម​គ្នា​ដើម្បី​ជួយ​កុមារ​អូទីហ្សឹម​ហ្នឹង។ ចំណែក​ឪពុក​ទោះ​បី​ជា​មេគ្រួសារ​ក៏​ដោយ​ក៏​ត្រូវ​ចូលរួម​ដែរ ពេល​ទំនេរ​ពី​ការងារ ព្រោះ​អី​កូន​វា​ត្រូវ​ការទំនាក់​ទំនងទាំង​អស់​ពី​គ្រួសារ។»

បន្ទាប់​ពី​ទទួល​បាន​ការ​ថែទាំ​ពី​ម្ដាយ​និង​ក្រុមគ្រួសារ​ទាំង​មូល​ដោយ​ចិត្ត​ទុកដាក់​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​មកនេះ​យូអ៊ី​បាន​ផ្លាស់​ប្ដូរ​ឥរិយាបថ​រឹងរូស​មក​ស្ដាប់​បង្គាប់។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រាប់​បញ្ចូល​ការ​ប្រែ​ក្លាយវិបត្តិ​ទៅ​ជា​ឱកាស​សម្រាប់​លោកស្រី​ពិសី ហើយ​ឱកាស​មួយ​ទៀត​ដែល​លោកស្រី​ពិសី​រាប់​បញ្ចូល​ដែរនោះ​គឺ​ការ​បង្កើត​ទំព័រ​ហ្វេសបុក​ចែករំលែក​ថែរក្សា​កុមារ​អូទីហ្សឹម​ក្រោម​ឈ្មោះ​ថា U E Khmer Autism។«ពេល​ខ្ញុំ​បង្កើត​ផេក​នេះ​ឡើង ខ្ញុំ​ក៏​បាន​បង្ហាញ​សម្ភារៈ​សម្រាប់​កូន​រៀន ក៏​មាន​ការ​ចាប់​អារម្មណ៍​ពី​ឪពុកម្ដាយ​មួយ​ចំនួន​ខ្ញុំ​ក៏​បង្កើត​សម្ភារៈ​ទាំងនោះ​សម្រាប់​លក់​តែ​ម្ដង​ទៅ​ ហើយ​ឪពុកម្ដាយ​ខ្លះ​គាត់​ក៏​ផ្ញើ​កូន​គាត់​ឲ្យ​មក​រៀន​ជាមួយ​ខ្ញុំ​ នេះ​ជា​ផ្នែក​មួយ​ជួយ​ខ្ញុំ​រក​ចំណូល​បាន​ពី​នេះ​ ជំនួស​ការងារ​ខ្ញុំ​ដែល​បាត់បង់​។»

សុំ​កុំភ្លេច​ថា កុមារ​ដែល​មាន​អាការៈ​អូទីហ្សឹម​ហើយ​ពួកគេ​ត្រូវ​រស់​នៅ​ជាមួយ​អូទីហ្សឹម​រៀង​រហូត។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ឪពុកម្ដាយ​មាន​កូន​កើត​អូទី​ហ្សឹម​ហើយ កុំ​ទម្លាក់​កំហុស​លើ​ព្រហ្មលិខិត ឬ​ជំនឿ​ផលកម្ម។ នេះ​ជា​ការ​ផ្ដាំផ្ញើ​របស់​លោក ចាន់ សារិន ប្រធាន​អង្គការ​ជំនួយ​នៃ​ក្ដី​សង្ឃឹម​សម្រាប់​សហគមន៍។ ជំនួស​ឲ្យ​ការបាក់​ទឹក​ចិត្ត​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​យុទ្ធសាស្ត្រ«សូម្បី​តែ​ខ្ញុំ​ពិការ​ជើងម្ខាង​តាំង​ពី​អាយុ​៣​ឆ្នាំ អង្គុយ​លើ​តែ​រទេះ​ផង ខ្ញុំ​នៅ​អត់​ជឿ​លើ​កម្មផល ហើយ​គេ​មើល​ងាយ​សព្វ​គ្រប់ ដូច្នេះ​ឪពុក​ម្ដាយ​មួយ​ចំនួនពេល​គាត់​ជួប​បញ្ហា​សូម​ប្ដូរ​វា​មក​ជា​យុទ្ធ​សាស្ត្រ​មក ​កុំ​ទុក​រឿង​ហ្នឹង​នៅ​ក្នុង​ចិត្ត​នាំ​ឲ្យ​គាត់​ស្ត្រេស​ទៅ​ជា​ការបង្កើត​បញ្ហា​ផ្សេង​ទៀត។»

លោក ចាន់ សារិន ប្រធានអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍
លោក ចាន់ សារិន ប្រធានអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ © kimhong

ទោះ​បី​ជាជន​រងគ្រោះ​ខំរើ​បម្រះ​ពី​បញ្ហា​អូទីហ្សឹម​យ៉ាងណាក៏ដោយ តែ​ពួក​គេ​គេច​មិន​ផុត​ពី​ការ​រើសអើង​ឡើយ។ ការ​រើសអើង​កើត​មាន​គ្រប់​រូបភាព​នៅ​ក្នុង​សង្គម​ទោះ​បីជា​ដឹង​ថា គ្រួសារ​មួយ​កំពុង​មាន​វិបត្តិដោយ​សារ​កូន​កើត​អូទីហ្សឹម​ក៏​សង្គម​មិន​លើក​លែង​ដែរ«ដោយ​សារ​ភាព​រើសអើង​ក្នុង​សង្គម ឪពុក​ម្ដាយ​មួយចំនួន​អត់​ចង់​បញ្ចេញ​អត្តសញ្ញាណ​កូន​គាត់​ទេ ហើយ​ពេល​ដែល​ឪពុកម្ដាយ​ដទៃ ឃើញ​អាកប្បកិរិយា​កូនយើង​មាន​បញ្ហា គាត់​រើសអើង គាត់​មើល គាត់​ពេប​ជ្រាយ ធ្វើ​ឲ្យ​យើង​ដែល​ជា​ឪពុកម្ដាយ​កុមារ​អូទីហ្សឹម​ហ្នឹង​ពាល់​អារម្មណ៍​ពេល​នាំ​កូន​ចេញ​ក្រៅ។»

គេ​វិភាគ​លើ​បី​ចំណុច​ដើម្បី​ឲ្យ​ដឹង​ថា កុមារ​មាន​ផ្ទុក​អូទីហ្សឹម។ បី​ចំណុច​នោះ​រួមមាន៖ទំនាក់ទំនងសង្គម ការ​ប្រើប្រាស់​ភាសា  អាកប្បកិរិយា។ នៅ​ចំពោះ​មុខ​ការ​កើន​ឡើង​នៃ​អាការៈ​អូទីហ្សឹម​នៅ​កម្ពុជា​ទោះ​បីជាមិន​ទាន់​មាន​ការ​ស្រាវជ្រាវ​មក​បញ្ជាក់​ក៏​ដោយ តែ​ឪពុក​ម្ដាយ​ដែល​មាន​កូន​កើត​អូទីហ្សឹម​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ទ្វេដង​តាមរយៈ​ការ​ទ្រទ្រង់​ផ្នែក​ថវិកា និង​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​បង្រៀនផ្នែក​នេះ។ បើ​តាម​អ្នក​ជំនាញ​លក្ខណៈ​ពិសេស​របស់​កុមារ​អូទីហ្សឹម​គេ​ចូលចិត្ត​សិក្សា​ពី​ជំនាញ​កសិកម្ម បច្ចេក​វិទ្យា និង​សិល្បៈ​តូរ្យ​តន្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ