អានតួអត្ថបទ
បទយកការណ៍

យុវតីខ្មែរម្នាក់​ស្នើឲ្យពលរដ្ឋខ្មែរ​កុំទៅ​ធ្វើការ​នៅ​ស្រុក​គេ​ទាំង​ប្រថុយប្រថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាពក្រីក្រ​បាន​រុញច្រាន​យុវតីខ្មែរ​ម្នាក់​ឲ្យ​រសាត់​អណ្ដែត​ទៅ​ដល់​ប្រទេស​ចិន​តាម​រយៈការ​ចាញ់​បោក​មេខ្យល់​ដែល​សន្យា​ថា នឹង​រក​ការងារ​ឲ្យ​ធ្វើ​នៅ​ទី​នោះ​។ ជា​អកុល បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​ចិន នាង​បាន​រង​គ្រោះ​ដោយ​ទទួល​រងការ​រំលោភ​បំពាន​ផ្លូវ​ភេទ ដែល​បង្កឡើង​ដោយ​មេខ្យល់​និង​ប្ដី​ជន​ជាតិចិន​។ តាម​រយៈបទពិសោធន៍​នេះ យុវតី​ខ្មែរ​ម្នាក់​ស្នើឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​ទាំង​ប្រថុយ​ប្រថាន​។  តទៅ​នេះ សូម​ស្តាប់​ការ​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​យុវតីរូប​នេះ ដែល​ទើប​ត្រលប់​ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា និង​ទើប​បាន​មក​បញ្ចប់​ការ​ធ្វើ​ចត្តាឡី​ស័ក​នៅ​ថ្ងៃ​សៅរ៍​នេះ​តាម​រយៈបទ​យក​ការណ៍​របស់​ អោ ស្រីពេជ្រ៖

រូបតំណាង
រូបតំណាង © freepik
ផ្សាយពាណិជ្ជកម្ម

ជីវិតថ្មី ជាឈ្មោះ​របស់យុវតីម្នាក់​វ័យ​២០ឆ្នាំ ដែលត្រូវបានវិទ្យុបារាំងអន្តរជាតិដាក់ឲ្យ​ដើម្បី​រក្សា​ឯកជនភាព​របស់​នាង​។ ជីវិត​ថ្មី សម្រេច​ចិត្ត​ជឿ​តាម​មេខ្យល់ទៅធ្វើការនៅប្រទេសចិន ព្រោះ​សង្ឃឹមអាចរកប្រាក់កម្រៃ​​សម្រាប់ដោះស្រាយបញ្ហាជីវភាពគ្រួសារ​ ក៏ប៉ុន្តែនៅ​ទី​បំផុត នាងបែរ​ជា​ត្រូវ​បាន​រំលោភបំពានសេពសន្ថវៈ​​​​​យ៉ាងព្រៃផ្សៃទៅវិញ​។

«និយាយរួមទៅមិនមានសេរីភាពទេ គេឃុំឲ្យនៅតែក្នុងផ្ទះ។ មេខ្យល់ដែលយកយើងទៅលក់ គេវាយធ្វើបាបយើង និងបង្ខំឲ្យយើងដេកនៅជាមួយគេ។ ក្រោយពេលដែលគេដេកនៅជាមួយយើងបានសម្រេចហើយ ប្រហែលជា១អាទិត្យ គេ​យកយើងទៅលក់បន្តឲ្យ​ប្តី។ បើសិនជាយើងព្រមតាមគេ គេ​ឲ្យយើងទៅតែប្តីមួយទេ ក៏ប៉ុន្តែបើសិនជាយើងមិនព្រម គេនឹង​លក់យើងបន្តពីប្តីមួយទៅប្តីមួយទៀត។»

រយៈពេល៣ឆ្នាំ​រស់នៅជាមួយប្តីជនជាតិចិ​ន ជីវិតថ្មី រង​ការ​​​​ធ្វើទុក្ខបុក​ម្នេញរាងកាយផង និងផ្លូវចិត្តផង។

«ឪពុកម្តាយក្មេក គាត់បង្ខំអោយខ្ញុំមានកូនឲ្យគេ។ ​គេវាយខ្ញុំ​ពេលដែលខ្ញុំមិនទៅ​ពេទ្យជាមួយគេ។ គេបង្ខំឲ្យខ្ញុំទៅពេទ្យទៅយកកូន ហើយប្រសិនបើយើងមិនស្តាប់គេ គេហៅបងប្អូនគេមកវាយដំច្រំធាក់​ធ្វើបាប​យើង​។ បើយើងស្តាប់ យើងព្រមតាម យើងមិនឈឺខ្លួនទេ តែបើយើងរឹង នោះយើងនឹងឈឺខ្លួន​»។

«​គេមិនអោយទំនាក់ទំនង ម៉ែឪបងប្អូន។ ធម្មតាម៉ាក់ខ្ញុំគាត់ឈឺ ខ្ញុំទៅចិនដើម្បីរកលុយព្យាបាលជំងឺគាត់។ ម៉ាក់ខ្ញុំមានជំងឺដុះដុំសាច់​​ក្នុងស្បូន។ ខ្ញុំបានសុំគេទៅធ្វើការ គេមិនឲ្យ​យើងទៅធ្វើការទេ។ គេមិនឲ្យ​យើងគិត និងទំនាក់ទំនង​ម៉ែឪយើងនៅ​​ខ្មែរទេ បើ​គាត់មានអី គាត់​ហូបនឹងទៅ កុំបាច់ទៅគិតអី ធ្វើអីគិតតែ​គ្រួសារគេហ្នឹងទៅបានហើយ»

ជីវិតថ្មី ​ធំធាត់ឡើង​នៅខេត្តក្រចេះ។ ដោយសារ​​បញ្ហាជីវភាព នាងត្រូវបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី៤ ដើម្បីរកប្រាក់ចំណូលខ្លះផ្គត់ផ្គង់គ្រួសារ​។ នៅឆ្នាំ២០១៨ ​កាលនោះនាងមានអាយុ១៨ឆ្នាំ នាងសម្រេចចាកចេញពីស្រុកកំណើតមកធ្វើការរោងចក្រនៅភ្នំពេញ។ ធ្វើការមិនបាន​១ខែផង នាងស្រាប់​តែ​ធ្លាក់​ចូលក្នុងសំណាញ់​មេខ្យល់ បោកឲ្យទៅធ្វើការនៅប្រទេសចិន។

«គ្រួសារខ្ញុំអត់មានផ្ទះនៅផង បងក៏ទើបនឹងស្លាប់ និង​ម៉ែគាត់ឈឺធ្ងន់ ហើយអត់មានលុយព្យាបាល។ ខ្ញុំអត់មានពុកទេ ពួកគាត់លែងលះគ្នា។​ ពេលឡើងមកភ្នំពេញ ធ្វើការងារកាត់ព្រុយខោអាវតាមរោងចក្រ​ពីរោងចក្រមួយទៅ​រោងចក្រមួយ ក៏បានស្គាល់មនុស្សម្នាក់​បបួលខ្ញុំទៅចិនហ្នឹង។​ ស្គាល់គាត់​ប្រមាណ​៣ទៅ​៤ថ្ងៃ។ ខ្ញុំនិយាយរឿងគ្រួសារប្រាប់គាត់​ គាត់ថាមិនអីទេ បងស្លូតទេ បងនាំអូនទៅធ្វើការល្អ បានលុយច្រើនទៅជួយម៉ែ។ គាត់ថា ថៅកែគាត់នៅចិនកំពុងរកមនុស្សធ្វើការ និងអាចមានប្រាក់ខែច្រើនអាចជួយគ្រួសារបាន​។»

ជីវិតថ្មី រៀបរាប់ពីដំណើរជីវិតរសាត់អណ្តែត​​ទៅ​​ប្រទេសចិន​​ ក្រោយពេល​ចាកចេញពីប្រទេសខ្មែរយ៉ាងដូច្នេះថា៖ 

«ដល់ពេលទៅដល់ត្រឹមព្រំដែនវៀតណាម គាត់និយាយថា អូន​ទៅមុនទៅ បងនៅចាំយកគេ២នាក់ទៀតសិន ចាំទៅជួបគ្នានៅចិន។ នៅពេលខ្ញុំនៅប្រទេសចិន អត់មានឃើញគាត់ផង គាត់​អត់មកផង។​ ពេលនោះបានជួបគាត់ដែរ​តាមទូរស័ព្ទ​​ គាត់ថា ឲ្យ​ទៅតាមគេសិនទៅ គេយកអូនឯងទៅកន្លែង​ហើយ។ ពេលហ្នឹងខ្ញុំក៏អត់ដឹងថាកន្លែងអី គិតថាជាកន្លែងធ្វើការ​ ព្រោះនិយាយពីខ្មែមកថាធ្វើការ។ ក្រោយមកមេខ្យល់ប្រុសបើកឡានមកយក ក៏ទៅតាមគេ។ ទម្រាំទៅដល់ចិន គឺអស់ពេល២ទៅ​៣ថ្ងៃដែរ។ ហើយណាមួយអត់មានបាយអីហូបផង ជិះតាមឡានហ្នឹង​ គ្មានកម្លាំងអីទៅតតាំងជាមួយគេ មានតែព្រមទៅ។​» 

ចេញពីប្រទេសខ្មែរទៅវៀតណាម​តាមរថយន្ត ទៅដល់​វៀតណាមហើយ ជីវិតថ្មី ត្រូវបន្តឡើងយន្តហោះទៅប្រទេសចិន ដោយប្រើប្រាស់​លិខិតឆ្លងដែន​ខុសច្បាប់ដែលមេខ្យល់​ប្រគល់ឲ្យនាង។

«លិខិតឆ្លងដែនទិញឈ្មោះគេទៅ គឺវៀតណាម អ៊ីចឹងត្រូវ​​ចុះនៅ​ព្រំដែនរៀតណាម។​ ​ ​គ្រប់យ៉ាង (ឯកសារ) គឺនៅលើមេខ្យល់ទាំងអស់។  ពេលហ្នឹងអត់មានលុយផង មេខ្យល់ថា គេជាអ្នកចេញឲ្យគ្រប់យ៉ាង​។ នៅពេលទៅដល់ចិន គេដកទាំងអស់ពេលទៅដល់ចិន សូម្បីតែទូរស័ព្ទ។»

១ឆ្នាំក្រោយមក ​ការ​រស់នៅកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្រួសារ​ត្រូវបានផ្សារភ្ជាប់វិញ ដោយ​នាងបានលួងលោម​ប្តីជនជាតិចិន ឲ្យនាងអាច​​​ប្រើប្រាស់ទូរស័ព្ទដៃ​បាន។ ​

​«​ខ្ញុំសរសេរជាអក្សរ លួងលោមគេ។ តាំងពីឆ្នាំ​២០១៨ គេដកទូរស័ព្ទ។ ដល់ឆ្នាំ២០១៩ ទើបខ្ញុំអាចលេងទូរស័ព្ទ ទំនាក់ទំនងមកម៉ែនៅខ្មែរបាន។ ខ្ញុំអាចលេងបាន តែនិយាយមិន​បានទេ ព្រោះទូរស័ព្ទត្រូវកាត់ផ្តាច់សំឡេងហើយ។ ខ្ញុំលេងបានតែពេលយប់ទេ គឺ​ពេលដែលគេដេក។ ខ្ញុំកុហកគេថា ខ្ញុំយកមកមើលរឿងទេ ព្រោះអីទូរស័ព្ទនោះគ្មានស៊ីមទេ។»

ទីបំផុត ជីវិតថ្មី អាចគេចចេញពី​សំណាញ់​ប្តីជនជាតិចិនបាន តាមរយៈការដង្ហោយស្វែង​រក​ជំនួយតាម​ប្រព័ន្ធបណ្ដាញ​សង្គមហ្វេសប៊ុ​ក​៖

«​ហ្វេសប៊ុកដែលខ្ញុំលេងនឹង គឺខ្ញុំសុំគេដែល​ជាខ្មែរដែរ។ ម៉ាក់ខ្ញុំដឹងខែតុលា​ឆ្នាំ​២០១៩ ពេលនឹងកូវីដ​ផ្ទុះ អត់មានអ្នកណាមកយក។ ឆ្នាំ​២០២០ ខែ​១១ ថ្ងៃទី៣០ ខ្ញុំផុស (បង្ហោះ) រូបភាពនៅផ្ទះហ្នឹងឲ្យគេមើលទៅ បានមានគេ​ជួយ។ គេទំនាក់ទំនងស្រាវជ្រាវរកណ៎ាបង។ កាលនោះ បង្ហោះ​ជារូបភាព ព្រោះផុសជាវីឌីអូអត់ឮដដែល អ៊ីចឹងទៅក៏ផុសជារូបភាព ហើយសរសេរអក្សរនៅលើហ្នឹងតែម្ដង។​ ណាមួយ​អង្គការ គេបានជួយផ្សព្វផ្សាយ ជួយច្រើនដែរហើយ​។ » ​

ជីវិតថ្មី បានមកដល់ប្រទេសខ្មែរនៅថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២១ និងបានបញ្ចប់ការធ្វើចត្តាឡីស័ក​នៅថ្ងៃសៅរ៍​ទី​​១២កុម្ភៈ​ម្សិលមិញ​​។​ យ៉ាងណាមិញ ​បើទោះបីជាជីវិតថ្មី ​បានមកដល់ស្រុកកំណើត​ក៏ពិតមែន តែ​នាង​នៅតែមិនទាន់​​អាចភ្លេចរឿងរ៉ាវដែលបា​នកើតឡើងនៅឡើយទេ​។ ​អំពើ​​ឃោរឃៅទាំងនោះ នៅតែបន្ត​លង​បន្លាច​​រូបនាងនៅឡើយ។

«យូរដែរ អ៊ីចឹងរៀងធូរ ព្រោះបានមកដល់ស្រុកហើយ។ ក៏ប៉ុន្តែនិយាយអីនៅភ្លេងភ្លាំងៗខ្លះៗ។»

​ចេញពីជីវិតខ្មៅងងឹត ជីវិតថ្មី ចង់រៀន​ផ្នែកសម្អាង ជាជំនាញ​​​​សម្រាប់ចិញ្ចឹម​ជីវិត​​ និងគិតលែង​ចាកចេញទៅប្រទេសក្រៅទៀត។ នាងថា សុបិនរបស់នាង​ហាក់នៅឆ្ងាយ​ណាស់ ព្រោះនាងគ្មានសល់អ្វីទេនៅពេលនេះ។

តាម​រយៈ​ក្បាល​មេក្រូ​របស់​​​វិទ្យុបារាំងអន្តរជាតិ ជីវិតថ្មី​ ផ្តល់យោបល់ទៅកាន់ស្ត្រីខ្មែរដទៃទៀត ធ្វើ​យ៉ាង​ណា​​គិតគូរឲ្យបានច្បាស់លាស់ជាមុនសិន មុនពេលសម្រេចចិត្ត​ចាកចេញពីប្រទេស មិនថាទៅ​ធ្វើការឬរៀបការនោះទេ​។

«ចង់ឲ្យគាត់កុំឆាប់ជឿគេ ព្រោះ​មនុស្សយើងស្គាល់មុខ តែមិនស្គាល់ចិត្ត។ យើងលំបាកក្រអី នៅជាមួយម៉ែឪយើងទៅ។ ទោះបីក្រមានអី យើងនៅស្រុកយើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ