អានតួអត្ថបទ
បទយកការណ៍

ស្ត្រីម្នាក់មានវិប្បដិសារីប្រៀបដូចជាយកថ្នាំពុលឲ្យកូនផឹកបន្ទាប់ពីជ្រើសរើសម្សៅទឹកដោះគោខុស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ទិវា​សប្ដាហ៍​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ម្ដាយ​ឆ្នាំ​២០២១ ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៧​សីហា។ នៅ​កម្ពុជា​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​នៅ​តែ​ជា​បច្ចុប្បន្ន​ភាព នៃ​ការ​ជម្រុញ​ទៅ​កាន់​គ្រួសារទាំង​មូល​ជាពិសេស​ស្ត្រី​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​ចាំ​បាច់​នៃ​ទឹក​ដោះ។ បើតាម​អ្នក​ជំនាញ ភាព​សម្បូរ​បែប​នៃ​ម្សៅ​ទឹកដោះ​គោ​ជម្រុញ​ឲ្យ​ស្ត្រី​មើល​រំលង​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ។​  លើស​ពី​នេះ​ទៀត​កត្តា​ជីវភាព និង​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន ក៏​បង្ខំ​ឲ្យ​ស្ត្រី​បោះបង់​ចោល​ប្រយោជន៍​នៃ​ទឹក​ដោះ​សម្រាប់​ទារក​ដែរ។ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ដែល​វិទ្យុ​បារាំង​បាន​ជួប​សម្ភាស​មាន​វិប្បដិសារី​ប្រៀប​ដូច​ជា​យក​ថ្នាំ​ពុល​ឲ្យ​កូន​ផឹក​បន្ទាប់​ពី​ជ្រើស​រើស​ម្សៅ​ទឹក​ដោះគោ​ខុស។ ផ្ទុយ​មក​វិញ​សម្រាប់​ស្ត្រី​ម្នាក់​ទៀត​ដែល​ព្យាយាម​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​រយៈ​ពេល​មួយ​ឆ្នាំ​បង្ហាញមោទក​ភាព​ចំពោះ​ភាព​រឹងមាំ​របស់​កូន។

កុមារដែលទទួលបានការផ្គត់ផ្គង់ដោយទឹកដោះម្ដាយ (រូបតំណាង)
កុមារដែលទទួលបានការផ្គត់ផ្គង់ដោយទឹកដោះម្ដាយ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វ័យ​៣១​ឆ្នាំ​អ្នក​នាង ជា សុគន្ធារី ដែល​ទើប​សម្រាល​កូន​ប្រុស​ទី២​បាន​ជិត​១សប្ដាហ៍​នៅ​ក្នុង​ខែ​សីហា​នេះ​បង្ហាញ​ក្ដី​សោក​សង្រេង​បន្ទាប់ពីជ្រើស​រើស​ម្សៅ​ដោះ​គោ​ខុស​សម្រាប់​បំបៅ​ដោះ​កូន​ជំនួស​ឲ្យ​ការ​បំបៅ​ដោះ​។«ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ឲ្យ​កូន​ទី១បៅ​ដោះ​គោ គេ​ក៏​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក និង​ខ្វះ​គ្រាប់​ឈាម​ខ្លាំង​ដោយសារ​រើស​ដោះ​គោ​ខុស។​ បច្ចុប្បន្ន​នេះ​កូន​ទី២ ដែល​ទើប​សម្រាល​ខ្ញុំ​ព្យាយាម​បំបៅ​ដោះ​គាត់(កូន)​ឲ្យ​បាន​ច្រើន​កុំ​ឲ្យ​ប៉ះពាល់​ដូច​កាល​កូន​ទី១។ កាល​ពី​កូន​ទី១​ហ្នឹងខ្ញុំ​មិនមាន​ទឹក​ដោះ​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ឲ្យ​កូន ហើយ​ពេល​ហ្នុង​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ព្រម​ព្យាយាម​បន្ថែម​ទៀត​ក៏​សម្រេចទិញ​ម្សៅ​ដោះគោ​ឲ្យ​កូន​បៅ​ជំនួស។»

គ្រប់​ម្សៅ​ដោះគោ​មិនមែន​សុទ្ធ​តែ​មិន​ល្អ! តែ​វា​នឹង​ជះ​ផល​អាក្រក់ បើ​អ្នក​ម្ដាយ​ជ្រើស​រើស​ផលិតផល​ដោះ​គោ​យកមក​ប្រើ​ដោយ​គ្រាន់​តែ​ភាព​ពេញ​និយម​តាម​គ្នា។  និយាយ​ដោយ​មិន​លាក់លៀម​អ្នកនាង ជា សុគន្ធារី បាន​លើកឡើង​ទាំង​សំឡេង​ខ្សឹប​ខ្សួរ​អួល​ដើម​ក​ថា នាង​ជឿ​លើ​ការ​ឃោសនា​របស់​តារា​ខ្មែរ​មួយ​ចំនួន​ផ្សព្វផ្សាយ​ពាណិជ្ជកម្មលើ​ម៉ាក់​ម្សៅ​ដោះគោ​មួយ​ប្រភេទ ​ទើប​បន្សល់​ទុក​ភាព​សៅហ្មង​ដល់​ឥលូវ​នៅ​ចំពោះមុខ​កូន​ប្រុស​ទី១​អាយុ​២ឆ្នាំ។«ខ្ញុំ​គិត​ថា កូន​តារា​គេ​នៅ​ប្រើ​ដោះ​គោ​ម៉ាក់​ហ្នឹង​បាន រឿង​អី​យើង​មិន​ហ៊ាន​ប្រើ​តាម​គេ។ កាល​ហ្នឹង​ពេល​កូន​អឹម(បៅ​ដោះ​គោ)អ៊ីចឹង! កូន​កន្ទ្រាក់​ដៃ កន្ទ្រាក់​ជើង មុខ​មាត់​អត់​ស្អាត ដក​ដង្ហើម​ខុស​ពីគេ ដែល​ទាំង​អស់​នេះ យើង​អត់ដឹង​ថា កូន​កំពុង​តែ​រង​គ្រោះ​ដោយ​សារ​ម្សៅ​ទឹក​ដោះ​គោ​សោះ។ ពេល​ដឹង​មូលហេតុ​ខ្ញុំ​បន្ទោស​ខ្លួន​ឯង​ដូច​ជា យក​ថ្នាំពុល​ឲ្យ​កូន​ផឹក​អ៊ីចឹង! ពេល​ចូល​ពេទ្យ​ម្ដងៗ​កូន​ខ្ញុំ​ចាក់​ម្ជុល​តាម​ដៃ​មិន​ចូល​បែរ​ជា​ចាក់​តាម​សសៃរ​ជើង​ទៅវិ​ញ។»

បច្ចុប្បន្ន​កូន​ប្រុស​ទី១​របស់​អ្នក​នាង​ជា សុគន្ធារី មាន​ភាព​ល្អ​ប្រសើរ​បន្តិច​តែ​មិន​ទាន់​រឹងមាំ​ទាំង​ស្រុង​ឡើយ។«តាំងពី​ដឹង​មូល​ហេតុ​ថា កូន​ឈឺ​ដោយ​សារ​ដោះ​គោ​មក ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដូរ​ទឹកដោះ​គោ ហើយ​ផ្ដល់​អាហារ​រូបត្ថម្ភ​បន្ថែម និងតាមដាន​សុខភាព​ជាមួយ​ពេទ្យ​នៅ​រៀង​រាល់​ខែ។ តែ​យ៉ាង​ណា​គេ​មិន​ទាន់​រឹងមាំ​ទាំងស្រុង​ទេ​ដើរ​ក្នុង​ដំណើរ​មួយ​ទន់ អត់​សូវ​មាំទាំ​ដូច​កូន​គេ​ដទៃ។»

 

ការបំបៅកូនដោយទឹកដោះ (រូបតំណាង)
ការបំបៅកូនដោយទឹកដោះ (រូបតំណាង) © FB

បទ​ពិសោធន៍​លើក​ទី១​បាន​បង្រៀន​អ្នក​ម្ដាយ​រូប​នេះ អត់​ធ្មត់​ក្នុង​ការ​បំបៅ​ដោះ​កូន​ទី២ ដោយ​យក​ចិត្ត​ទុក​ដាក់។ ការ​បំបៅ​ដោះកូន​ត្រូវ​បាន​កំណត់​នៅ​ក្នុង​បរិមាណ​ស្តង់ដា​៦ខែ តែ​រយៈ​ពេល​នេះ​អាច​លំបាក​សម្រាប់​អ្នក​ម្ដាយ​គ្រប់រូប​ដែល​បំពេញ​ការងារ​តាម​វិស័យ​ឯកជន ក្រុមហ៊ុន ជាដើម។«ខ្ញុំ​ក៏​បាន​គិត​ពី​បញ្ហា​ហ្នឹង​ដែរ​ថា បន្ទាប់​ពី​សម្រាក​មាតុភាព​៣ខែ តើ​ខ្ញុំ​ត្រូវ​ប្ដូរ​ការងារ​ដើម្បី​ឲ្យ​បាន​នៅ​ជិត​កូន​មាន​ពេល​បំបៅ​ដោះ​គេ​ឲ្យ​បាន​គ្រប់គ្រាន់​ឬ​យ៉ាងណា? ព្រោះ​ខ្ញុំអត់​ចង់​មាន​វិប្បដិសារី​ដូច​កូន​ទី១​ទេ។»

បូម​ទឹក​ដោះ​ទុក​ជា​វិធីសាស្ត្រ​មួយ ដែល​អ្នក​ម្ដាយ​សម័យ​ថ្មី​អនុវត្ត ខណៈ​ដែល​ខ្លួន​ត្រូវ​ចេញ​មក​ធ្វើការ​បន្ទាប់​ពី​ចប់មាតុ​ភាព។ នេះ​ជា​ទម្លាប់​របស់ អ្នកនាង ទេ រ័ត្ននីរ៉ា វ័យ​២៩​ឆ្នាំ​ដែល​បាន​ព្យាយាម​បំបៅ​ដោះ​កូន​បាន​រយៈ​ពេល១ឆ្នាំ​និង​បន្ត​បំបៅ​រហូត​ដល់​កូន​តូច​មាន​អាយុ​២​ឆ្នាំ។«បំបៅ​ដោះ​កូន​មួយ​ឆ្នាំ​មក​នេះ គឺ​មាន​ភាព​លំបាក​ច្រើនដែរ តែ​ត្រូវ​ទាមទារ​ឲ្យ​យើង​ព្យាយាម​និង​អត់ធ្មត់។ ពេល​ខ្ញុំ​ទៅ​ធ្វើការ​ខ្ញុំ​ត្រូវ​ងើប​ពី​ព្រលឹម​ដើម្បី​បូម​ទឹក​ដោះទុក​ឲ្យ​កូន​បៅ ហើយ​ត្រឡប់​មក​ពី​ធ្វើការ​វិញ​យើង​ត្រូវ​បូម​ទឹក​ដោះ​ជាថ្មី​ទៀត សរុប​មក​សកម្មភាព​នេះ​វា​ធ្វើ​ឲ្យ​យើង​ហត់​ ធម្មតា​ពេលយើង​ចេញ​មក​ធ្វើការ​ទឹកដោះ​លែង​សូវ​ចេញ​ដូច​មុន​ហើយ អ៊ីចឹង​ហើយ​បាន​ជា​ទាមទារ​ឲ្យ​ខ្លួន​យើង​គ្រប់គ្រង​ខ្លួន​ឯងឲ្យ​បាន​ល្អ​ទាំង​របប​អាហារ អារម្មណ៍​ផ្លូវ​ចិត្ត លំហាត់​ប្រាណ​ជា​ដើម​ហ្នឹង!» 

បើ​តាម​នីរ៉ា ទម្លាប់​ប្រចាំ​ថ្ងៃ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ មិន​បាន​ប៉ះពាល់​ដល់​ការងារ​របស់​នាង​ទេ។«ការ​បន្ត​បំបៅដោះ​កូន​វា​មិន​ប៉ះពាល់​រហូត​ដល់​ធ្វើ​ឲ្យ​យើង​មិន​អាច​មក​ធ្វើការ​បាន​នោះ​ទេ​ព្រោះ​សម័យ​នេះ​បច្ចេកទេស​យើង​ទំនើបជាពិសេស​ការ​បូម​ទឹក​ដោះ​ទុក​នេះ​ឯង។» ភាព​ជោគជ័យ​ដែល​ព្យាយាម​បំបៅ​ដោះ​កូន​មួយ​ឆ្នាំ​មក​នេះ អ្នកនាង ទេ រ័ត្ន​នីរ៉ា កត់​សម្គាល់​ឃើញ​ថា កូន​មាន​ភាព​រឹងមាំ ការ​លូតលាស់​របស់​កូន​ត្រូវ​តាមស្តង់​ដា សុខភាព​របស់​គេ​មួយ​ឆ្នាំមក​នេះ​មិន​ឈឺ​ថ្កាត់​នោះ​ទេ។

ស្ត្រីបំបៅដោះកូន (រូបតំណាង)
ស្ត្រីបំបៅដោះកូន (រូបតំណាង) © FB/Helen Keller International-Cambodia

នៅ​កម្ពុជា​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​តាំង​ពី​កើត​រហូត​ដល់​អាយុ​៦ខែ ធ្លាប់​ទទួល​បាន​ជោគជ័យ​ម្ដងហើយ​ដែល​មាន​អត្រា​ពី​១១​ភាគរយ​ដល់​ជាង​៧០​ភាគរយ​នៅ​ចន្លោះ​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១០។ ដោយ​មើលឃើញ​ពី​កំណើ​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ការ​ប្រារព្ធ​សប្ដាហ៍​ពិភពលោក​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ម្ដាយ​ត្រូវបាន​បញ្ឈប់​នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​ផ្ទុយ​មក​វិញ ការ​ប្រារព្ធ​សប្ដាហ៍​ពិភពលោក​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​បាន​ត្រឡប់​មក​ជាថ្មី​នៅ​ឆ្នាំ​២០១៥ ក្រោយ​របាយការណ៍​មួយ​ក្នុង​ឆ្នាំ២០១៤​បង្ហាញ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​បាន​ធ្លាក់​ចុះ ហើយ​ការ​ប្រើប្រាស់​ផលិតផលទឹកដោះ​គោ​មាន​ការ​កើន​ឡើង​ទៅ​វិញ។

បើ​តាម​អ្នក​ជំនាញ គេ​មិន​អាច​បន្ទោស​លើ​ស្ត្រី​ស្រុង​បានទេ​អំពី​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​បំបៅ​ដោះកូ​​ន។ ក្រៅពី​ភាព​សម្បូរ​បែប​នៃ​ផលិតផល​ម្សៅ​​ទឹក​ដោះគោ ​ស្ត្រី​ជា​ម្ដាយ​អាច​ជួបប្រទះ​នឹង​បញ្ហា​សុខ​ភាព​ខ្វះ​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុមគ្រួសារ​ក្នុង​ការ​បំបៅ​ដោះកូន​និង​កត្តា​ជីវភាព​ជាដើម។ លោក ហ៊ូ ក្រើន នាយករង​នៃ​អង្គការ​ហេឡែន ខេលល័រ អន្តរជាតិ​ប្រចាំ​កម្ពុជា​លើក​ឡើង​ថា «ការ​ជម្រុញ​ពី​គ្រួសារ កន្លង​មក​យើង​ធ្លាប់​គិត​ថា ការ​បំបៅ​ដោះកូន​ជា​ផ្ដាច់​មុខរបស់​ម្ដាយ ប៉ុន្តែ​ផ្អែក​តាម​ការ​សិក្សា​ស្ត្រី​ជា​ម្ដាយ​ត្រូវ​ការ​កម្លាំង​ចិត្ត ពីប្ដី ពី​ម្ដាយ ម្ដាយ​ក្មេក​ជា​ដើម។ ហើយ​ភាព​សម្បូរបែប​នៃ​ការ​ផ្សព្វផ្សាយ​ម្សៅ​ដោះគោ​ហ្នឹង ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ច្រើន​ណាស់​អំពី​គុណ​តម្លៃ​ល្អ​ឥត​ខ្ចោះ​នៃ​ម្សៅ​ទឹកដោះគោ។ ចុង​ក្រោយ​គឺ​ជា​កត្តា​ជីវភាព​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មិន​អាច​បំបៅ​ដោះ​កូន​ឲ្យ​បាន​ពេញ​លេញ​ដោយ​ត្រូវ​បង្ខំ​ចិត្ត​ឡើងមក​ធ្វើ​ការ​ឬ​ចំណាក​ស្រុក​រក​ការ​ធ្វើ​នៅ​ក្រៅ​ប្រទេស។» 

លោក រឿន ភារិន ដែល​មាន​ភរិយា​កំពុង​ពពោះ​បាន​លើក​ឡើង​ថា«ខ្ញុំ​តែងតែ​ជម្រុញ​ទៅ​ប្រពន្ធ​ខ្ញុំ​ឲ្យ​គាត់​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ត្រឹម​រយៈ​ពេល​បីខែ ទម្រាំ​គាត់​ចូល​ធ្វើការ​វិញ។ ខ្ញុំ​ធ្លាប់​មើល​ក្មួយ​ឃើញ​ថា ពេល​គេ​បៅ​ដោះ​ម្ដាយត្រឹម​តែ៦ខែ គេ​មាំ​មួន អត់​សូវ​ឈឺ ហើយ​មើល​ទៅ​រហ័ស​រហួន។  ចំណែក​ប្រពន្ធ​ខ្ញុំ​មើល​ទៅ​គាត់​រឹងមាំ​ស្រាប់ សុខភាពក៏ល្អ ហើយ​ប្រភេទ​ឈាម​គាត់​ក៏​ល្អ​ទៀត  វា​រឹត​តែ​ជា​កត្តា​ជម្រុញ​ឲ្យ​ខ្ញុំ​ចង់​ឲ្យ​គាត់​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ខ្លាំងណាស់។»

 

ស្ត្រីនិងកូន (រូបតំណាង)
ស្ត្រីនិងកូន (រូបតំណាង) © FB/Helen Keller International-Cambodia

 

ការ​សិក្សា​អន្តរជាតិ​ថ្មី​មួយទៀត ក្នុង​ប្រទេស​ចំនួន​១៦៤ បាន​បង្ហាញ​ថា​ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ អាច​បញ្ចៀស​​មរណភាព​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ បាន​ ៨២៣០០០​នាក់​ ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​ពិភពលោក និង អាច​បញ្ចៀស​ជំងឺ​ឆ្លង​កុមារ​ជា​ច្រើន​មុខ។ មិន​តែ​ប៉ុណ្ណោះការ​បំបៅ​ដោះ​កូន អាច​ជួយ​​កាត់​បន្ថយ​គ្រោះ​មរណៈ​របស់​មាតា​ពី​ជំងឺ​មហារីក​ដោះ​ បាន​ដល់ទៅ​​ពីរ​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ដូច្នេះមានមូលហេតុ​១០​យ៉ាង​ដែល​ស្ត្រីគួរ​បំបៅ​ដោះ​កូន

សូមជម្រាបជូនថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​នឹង​ជួយ​សន្សំ​សំចៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​រហូត​ដល់៥​លាន​ដុល្លារ​និង​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​ក្នុង​គ្រួសារ​១០៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែល​ជា​តម្លៃ នៃ​ការ​ទិញផលិតផល​ទឹក​ដោះ​គោ សម្រាប់​ទារ​កដែល​មិន​បៅ​ទឹក​ដោះ​ម្ដាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ