អានតួអត្ថបទ
បទយកការណ៍

ផលនៃឥណទាននាំមកនូវប្រយោជន៍វិលជុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាគ​ច្រើន​អ្នក​ប្រកប​របរ​រក​ស៊ី​មិន​ដែល​មើល​រំលង​ប្រភព​ទុន​ដែល​ជា​កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​ទេ។ កម្ចី​ខ្លះ​លោត​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ ហើយ​កម្ចី​មួយ​ចំនួន​ទៀត​ហក់​ដល់​ខ្ទង់​លាន​ដុល្លារ​ក៏​មាន អាស្រ័យ​លើ​ប្រភេទ​អាជីវកម្ម​នីមួយៗ។ ជាក់ស្ដែង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​ក្នុង​ខេត្ត​តាកែវ បាន​ប្រើប្រាស់​កម្ចី​ឥណទាន​ចំនួន​៣លាន​ដុល្លារ សម្រាប់​បើក​ដំណើរ​ការ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក។ បើ​តាមម្ចាស់​កសិដ្ឋាន ដ្បិត​តែ​ការ​បើក​ដំណើការ​អាជីវកម្ម​ត្រូវ​ប្រើប្រាស់​ទុន​ដ៏​ច្រើន​សម្បើម​ក៏​ពិត​មែន តែ​ផលដែល​ទទួល​បាន​ក៏​មាន​ច្រើន​ដែរ ជាពិសេស​ការ​បន្ត​ផ្ដល់​ការ​ងារ​ដល់​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​កសិដ្ឋាន ពីឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ។ 

កសិដ្ឋានចិញ្ចឹមជ្រូក (រូបតំណាង)
កសិដ្ឋានចិញ្ចឹមជ្រូក (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម
កសិដ្ឋានចិញ្ចឹមជ្រូក នុត រ៉ានី
កសិដ្ឋានចិញ្ចឹមជ្រូក នុត រ៉ានី © សហការី

បង្កើត​នៅ​ក្នុង​ឆ្នាំ២០១៩ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក នុត រ៉ានី ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ទំហំ​១៥​ហិកតា និង​បានផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ជិត​៣០​នាក់ ដែល​ពួក​គេ​ភាគ​ច្រើន ជា​អ្នក​រស់​នៅ​ក្នុង​ខេត្តតា​កែវ​ស្រាប់។ កសិករ​ដែល​ធ្វើការ​នៅ​កសិដ្ឋាន​មួយ​នេះ ទទួល​បាន​របប​អាហារបី​ពេល​ក្នុង​មួយ​ថ្ងៃ កន្លែង​ស្នាក់​នៅ​សមរម្យ ជា​ប្រភេទ​ផ្ទះ​តៀម​សង់​ជាប់​នឹង​ដី ដំបូល​ប្រក់​ស័ង្គសី​ពណ៌​ខៀវ ដែល​មើល​ទៅ​ធានា​បាន​ផា​សុខភាព ជាមួយ​នឹង​បរិស្ថាន​ធម្មជាតិ​ស្រស់​បំព្រង ដោយ​មាន​ដើម​ឈើ​តូច​ធំ​ដុះ​ប្រជែង​គ្នា។

ចំណែក​រោង​ចិញ្ចឹម​ជ្រូកវិញ គឺជ្រូក​ជិត​៣ម៉ឺន​ក្បាល​កំពុងពពាក់​ពពូន​រត់​ជាន់​លើ​គ្នា គេច​ចេញ​ពី​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ ដោយ​មាន​បុគ្គលិក​មិន​ក្រោម​១០​នាក់​ឡើយកំពុង​មើល​ការ​ខុស​ត្រូវ។ នៅ​ក្នុង​សម្លៀក​បំពាក់​ពណ៌​ក្រហម​ឈាម​ជ្រូក ដែល​ជា​ឯកសណ្ឋាន​សម្រាប់សម្គាល់​ជា​មេការ លោក នាង សៅឌី អ្នក​មើល​ការ​ខុស​ត្រូវ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក នុត រ៉ានី ឲ្យ​ដឹង​ថា កសិដ្ឋាន​ដែល​លោក​កំពុង​មើល​ការ​ខុស​ត្រូវ​នេះ ដំណើរ​ការ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន CP។ «ទោះ​ជាចិញ្ចឹម​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ CP ក៏​ដោយ តែ​ពូជ​ជ្រូក​ដែល​យើង​ចិញ្ចឹម​ជា​ពូជ​នៅ​ក្នុង​ស្រុក​ទេ។ នៅពេល​ដែល​យើង​ចិញ្ចឹម​សហការ​ជាមួយ CP យើង​មិន​កង្វល់​នៅ​ក្នុង​ការរកទីផ្សារទេ។»

លោក នាង សៅឌី អ្នកមើលការខុសត្រូវនៅកសិដ្ឋានចិញ្ចឹម
លោក នាង សៅឌី អ្នកមើលការខុសត្រូវនៅកសិដ្ឋានចិញ្ចឹម © សហការី

ការ​ចិញ្ចឹម​ជ្រូក​ដែល​ល្អ​និង​ត្រូវ​តាម​ស្តង់​ដា​តាម​ការ​ចង់​បាន​របស់​ទីផ្សារ មិនមែន ចិញ្ចឹម ឲ្យ តែ បាន ទេ ពោល​គឺ​មាន​ដំណាក់​កាល​របស​វា ដូចជា៖ ដំណាក់​កាល​ផ្ដល់​វ៉ាក់​សាំង​ការ​ពារជំងឺ បំបែក​ជ្រូក​ជា​ចេញ​ពីជ្រូក​ឈឺ និង​ការ​ផ្ដល់​ចំណី​ទៅ​តាម​វ័យ​របស់​ជ្រូក​ជា​ដើម។

សត្វជ្រូកនៅកសិដ្ឋាន នុត រ៉ានី
សត្វជ្រូកនៅកសិដ្ឋាន នុត រ៉ានី © សហការី

សាំ​ត្រចៀក​នឹង​សម្រែក​ជ្រូក លោក នាង សៅឌី ដែល​មាន​សម្បុរ​ខ្មៅ​មាឌ​ធំ​ប្រាប់​ថា លោក​ទទួល​បានការ​បណ្ដុះ​បណ្ដាល​អំពី​របៀប​ថែ​ទាំជ្រូក​ពី​ពេទ្យ​សត្វ​របស់​ក្រុម​ហ៊ុន CP។ «ខ្ញុំ​មក​កាន់​ការ​ខុស​ត្រូវ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​ពី​ដំបូង​ឡើយ​ខ្ញុំ​គ្មាន​ជំនាញ​អ្វី​ទេ។ បន្ទាប់​មក​ ខ្ញុំ​ក៏​រៀនសូត្រ​ពី​អ្នក​ជុំវិញ​ខ្លួន​ដែល​គេ​មាន​កសិដ្ឋាន និង​គោរព​តាម​គោលការណ៍​ពេទ្យ​របស់​ក្រុម​ហ៊ុន​ CP។»

នៅ​ក្នុង​បរិបទ​កូវីដ១៩ ទីផ្សារ​ការងារ​មាន​ភាព​ចង្អៀត​ជាង​មុន​ដោយ​កន្លែ​ងរកស៊ី  កាត់​បន្ថយ​បុគ្គលិក ឬកាត់​តម្រឹម​ប្រាក់​ខែ​បុគ្គ​លិក ហើយ​កន្លែង​ខ្លះ​ឈាន​ដល់​ការ​កាត់​បន្ថយ​ពាក់​កណ្ដាល​ផង​ក៏​មាន។ តែ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដែល​លោក សៅឌី កំពុង​មើល​ការ​ខុស​ត្រូវ លំនឹង​នៃ​ប្រាក់​ខែ​នៅ​ដដែល គ្មាន​ថយ​ចុះនោះ​ឡើយ។ «មិនថា មុន​ផ្ទះ​ឬ​ក្រោយ​ផ្ទុះ​កូវីដ ប្រាក់​ខែ​គឺ​ទទួល​បាន​តាម​កាល​កំណត់​រៀង​រាល់​ដំណាច់​ខែ ហើយ​ទាំង​ខ្ញុំ​និង​បុគ្គលិក​ផ្សេង​ទៀត យើង​នៅ​ទទួល​បាន​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​យ៉ាង​ច្រើន​។»

កសិដ្ឋានចិញ្ចឹមជ្រូក
កសិដ្ឋានចិញ្ចឹមជ្រូក © សហការី

លោក​វឌ្ឍនា​ឯណេះ ជា​អ្នក​ភ្នំពេញ បាន​ទៅ​ធ្វើការ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដោយ​ក្ដី​ពេញ​ចិត្ត ព្រោះ​គេទទួល​បាន​ប្រាក់​ខែ​សមរម្យ ៩០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។ ក្រៅពី​ប្រាក់​ខែ ​ថៅកែ​ផ្ដល់​អាហារ​បីពេល កន្លែងស្នាក់​នៅ​សមរម្យ រួម​នឹង​ប្រាក់​អតីតភាព​ការ និង​ប្រាក់​លើក​ទឹក​ចិត្ត​ថែម​ទៀត។ «បើ​យើង​ធ្វើការ​បាន​១​ឆ្នាំបៀវត្សរ៍​យើង​នឹង​ឡើង​១០​ម៉ឺន​បន្ថែម​ទៀត​ពី​លើ​ប្រាក់​ខែ​គោល​៨០​ម៉ឺន ហើយ​លទ្ធផល​ការងារ​របស់​យើង ល្អ​ឬ​មិន​ល្អ អាស្រ័យ​លើ​ការ​វាយ​តម្លៃ​របស់​គ្រូពេទ្យ​ជំនាញ​មក​ពី CP ថា ការ​ចិញ្ចឹម​ជ្រូក​របស់​យើង​ត្រូវតាម​គីឡូ​ស្តង់ដា​ដែរ​ឬ​អត់​អ៊ី​ចឹង!»

មាន​លំនឹង​ប្រាក់​ខែ និង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​លើ​ស្នាដៃ​ការងារ ក៏​ដោយ​សារ​តែ​ថៅកែ​មានទុន​បំរុង​ច្រើន​នៅ​ក្នុង​ដៃ រួមផ្សំ​ជាមួយ​ដើមទុន​ជា​ប្រាក់​កម្ចី​ផ្ដល់​ដោយ​ធនាគារ។ ជួប​ជាមួយ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក លោក នុត រ៉ានី មាន​វ័យ​ជាង​៤០​ឆ្នាំ តែ​មាន​មុខ​ជំនួញ​ធំ​ៗ​នៅ​ក្នុង​ដៃ​ដល់​ទៅ​បី។ លោកមាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន ចម្ការ​អំពៅ​ដែល​ដាំ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស និង​មុខ​របរ​ចុង​ក្រោយ បង្កើត​ឡើង​ក្នុង​បរិបទ​កូវីដ​១៩ គឺ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​ឯង ហើយ​បី​មុខ​របរ​នេះ ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ជាង​១០០​នាក់។

ជាមួយ​នឹង​ភាព​រួស​រាយរាក់​ទាក់​លាយ​ឡំ​នឹង​សំណើច លោក នុត រ៉ានី ប្រាប់​ដោយ​មិន​លាក់លៀម​ថា លោក​បាន​ខ្ចី​លុយ​ធនាគារ​៣​លាន​ដុល្លារ ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​ឡើង ហើយ​បង់​សង​ត្រឡប់​ទៅ​ធនាគារ​វិញ ក្នុង​ទឹក​ប្រាក់​ជិត​៥​ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ។ ទោះ​ជា​ស្ថិត​នៅ​ក្នុង​វិបត្តិកូវីដ​១៩​ក៏ដោយ ក៏​លោក​នៅ​តែ​មាន​លទ្ធភាព​បង់​សង​ត្រឡប់​ទៅ​ធនាគារ​ទាន់​ពេល​វេលា។

ទីធ្លាកសិដ្ឋានចិញ្ចឹមជ្រូក នុត រ៉ានី
ទីធ្លាកសិដ្ឋានចិញ្ចឹមជ្រូក នុត រ៉ានី © សហការី

«របរ​ចិញ្ចឹម​ជ្រូក​ខ្ញុំ​នេះ បង្កើត​ភ្លាម កូវីដ​ចូល​មក​ភ្លែត។ ថា ទៅ​ភ័យ​ដែរ​ ខ្លាច​ខាត​ដើម​ខាត​ចុង តែ​គិត​ឡើងវិញ​ថា​មិន​អី​ទេ។ យើង​មាន​មុខ​របរ​នៅ​ក្នុង​ដៃ​ច្រើន បង្វិល​ចុះ​ឡើង​ទៅ គឺ​អាច​បញ្ចៀស​បញ្ហា​បាន​ហើយ។ ហើយ​ម្យ៉ាង​ទៀត​គិត​ថា ខ្ជី​លុយ​ធនាគារ​មក​រក​ស៊ីវា មិន​ជា​បញ្ហា​ទេ ព្រោះ​លុយ​បង្វិល​ចុះ​ឡើង។»

ភាព​មាន​បាន​របស់​ក្រុមហ៊ុន​គឺ​មាន​ការ​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​ពី​បុគ្គ​លិក។ តបស្នង​នឹង​កិច្ច​ខិត​ខំប្រែង​របស់​បុគ្គលិក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក នុត រ៉ានី បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​លើ​ប្រាក់​ខែ​គោលជូន​បុគ្គលិក​ដោយ​មិន​រួញរា។ «អំឡុង​ពេល​កូវីដ កន្លែង​ផ្សេង​អាច​នឹង​កាត់​ប្រាក់ខែ​ដោយ​មូល​ហេតុ​ផ្សេងៗ​ តែ​សម្រាប់​កន្លែង​ខ្ញុំ ប្រាក់​ខែ​បុគ្គលិក​មាន​តែ​ឡើង​ក្នុង​មួយ​ឆ្នាំ សម្រាប់​បុគ្គលិក​ណា​ដែល​សកម្ម​នឹង​ការងារ ចិញ្ចឹម​ជ្រូក​មិន​សូវ​ងាប់​ជាដើម។»

នៅ​ក្នុង​សម័យកាល​កូវីដ មុខ​របរ​ផ្នែក​ចំណី​អាហារ​ដែល​រួម​បញ្ចូល​ទាំង​សាច់​ជ្រូក​ផង​នោះ មិន​បាន​ចោទជា​បញ្ហា​ក្នុង​ការ​លក់​មិន​ចេញ​ជន់ជោរ​លើ​ទីផ្សារ​ទេ ពោល​គឺ​ឋិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ មនុស្ស​រមែង​ត្រូវការ​ស្បៀង​ជាប់​ជានិច្ច។

ទិដ្ឋភាពលក់ដូរក្នុងផ្ទះអ្នកស្រី ផល្លាប
ទិដ្ឋភាពលក់ដូរក្នុងផ្ទះអ្នកស្រី ផល្លាប © សហការី

ក្នុង​ផ្នែក​អាហារ​ដែរ តែ​ផ្ដោត​លើ​មុខ​ទំនិញ​វិញ អ្នកស្រី សេង ផល្លាប បាន​ប្រើប្រាស់ទុនសរុប​១៥​ម៉ឺនដុល្លារ ដើម្បី​បើក​មុខ​របរ​លក់​ចាប់ហួយ​ឡើង​អំឡុង​ពេល​កូវីដ១៩ ដែល​គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ។ «បង​មាន​ទុន​ខ្លួន​ឯង​៥០​ភាគរយ ខ្ជី​ធនាគារ​បន្ថែម​៥០​ភាគ​រយ​ទៀត ក្នុង​ការបើក​មុខ​របរ​លក់​ចាប់​ហួយ​នេះ​ឡើង។

ពី​ដំបូង​ឡើយ អ្នកស្រី សេង ផល្លាប ជា​អ្នក​ធ្វើការ​ទេ តែ​ដូច​ពាក្យ​គេ​តែង​និយាយ​ថា ធ្វើ​ការ​ឲ្យ​គេ​មិនងាយ​មាន ដូច​ចេញ​មក​រក​ស៊ី​ខ្លួន​ឯង។ ចំណុច​នេះបាន​ផ្លាស់​ប្ដូរ​ការ​គិត​របស់​អ្នកស្រី ហើយ​ជំរុញ​ឲ្យ​អ្នកស្រី​ឈប់​ពី​ការងារ ងាក​មក​បង្កើត​មុខ​របរ​ខ្លួន​ឯង។ មុខ​របរ​លក់​ចាប់​ហួយ​របស់​អ្នកស្រី សេង ផល្លាប មាន​ទី​តាំង​នៅ ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល។

អ្នកស្រីផល្លាប
អ្នកស្រីផល្លាប © សហការី

កម្ចី​ធនាគារ​យក​មក​បង្កើត​មុខ​របរ បាន​ផ្លាស់ប្ដូរ​ជីវិត​គាត់​សន្សឹមៗ តែ​ភាគ​ស្មុគស្មាញ​នៃ​ការ​ធ្វើ​កម្ចី​ម្ដងៗនាំ​ឲ្យ​ធុញ​ទ្រាន់​ម្ដងម្កាល​ដែរ។ «ថា​ទៅ យើង​ខ្ជី​កម្ចី​ច្រើន​ដែរ អ៊ីចឹង​ទៅ​ខាង​ធនាគារ​គេ​សិក្សា​ពី​យើង​ជិត​១ខែ​ដែរ ដ្បិតថា វា​ស្មុគស្មាញ​បន្តិច​មែន តែ​ប្រយោជន៍​ដែល​យើង​ទទួល​បាន គឺ​អត្រា​ការ​ប្រាក់​ទាប។»

តាមរយៈ​មុខ​របរ​ខ្នាត​មធ្យម​នេះ អ្នកស្រី​រួម​ចំណែក​ផ្ដល់​ឱកាស​ការងារ​ដល់​អ្នក​ភូមិ​បាន​៣នាក់​ដែរ។ បើ​ទោះ​បី​វា​ជា​ចំនួន​តិចតួច​ក៏​ពិត​មែន ប៉ុន្តែ​អ្នកស្រី​យល់​ថា វា​ក៏​រួម​ចំណែក​បាន​ខ្លះ​ដែរ ក្នុង​ការ​កាត់បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយ​ប្រថាន​របស់​អ្នក​ស្រុក។

រូបិយបណ័្ណខ្មែរ
រូបិយបណ័្ណខ្មែរ © Internet

ប្រភព​កម្ចី​ធ្វើ​ឲ្យ​ដំណើរ​ការ​អាជីវកម្ម​មាន​ភាព​រីក​ចម្រើន។ លោក សឹង ភន នាយកប្រតិបត្តិ​ឥណទាន​នៃធនាគារ​អេស៊ីលីដា​ភី​អិល​ស៊ី​លើក​ឡើង​ថា កម្ចី​ធនាគារ​ជា​ដើម​ទុន​ដ៏​ចាំ​បាច់​បំផុត​ក្នុង​ការ​បង្កើត​អាជីវកម្មគ្រប់​ប្រភេទ។ «នៅ​ពេល​ដែល​អាជីវកម្ម​រីក​ចម្រើន នោះ​វា​នឹង​ផ្ដល់​ការងារ​កាន់​តែ​ច្រើន​ដល់​ពលរដ្ឋ  តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។ ហើយ​ផល​ទាំង​នោះ ​នឹង​ជះ​ឥទ្ធិពល​បន្តទៅ​រដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ តាម​រយៈ​ការ​បង់​ពន្ធ​ប្រចាំ​ឆ្នាំ។»

យ៉ាងណាក៏​ដោយ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា កម្ចី​ប្រៀប​ដូច​ជា​ឱសថ​អ៊ីចឹង​ដែរ។ បើ​កាល​ណា​ប្រើ​ត្រូវ នោះ​អ្នកជំងឺ​នឹង​ជា​សះ​ស្បើយ​លឿន តែ​បើ​ឱសថ​នោះ​មិន​ដាក់​ឲ្យ​ចំ​ជំងឺ​ទេ ស្ថានភាព​ជំងឺ​នឹង​ធ្លាក់​ចុះ​ដុនដាប។ នេះ​ជា​ការ​ព្រមាន​របស់​លោក សឹង ភន ដដែល។ «ការ​ផ្ដល់​កម្ចី យើង​ក៏​ត្រូវ​ប្រយ័ត្នប្រយែង​ដែរ ព្រោះ​បើអតិថិជន​ប្រើ​ខុស​គោល​ដៅ វា​នាំ​ឲ្យ​មាន​ផល​លំបាក​មក​ខ្លួន​ឯង​វិញ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​បុគ្គលិក ឲ្យ​មាន​ជំនាញ​វិភាគ​វិនិច្ឆ័យ​ទៅ​លើ​ប្រភេទ​អាជីវកម្ម​របស់​អតិថិជន​មុន​ផ្ដល់​កម្ចី។»

អ្នកជំនាញ​រូបនេះ​មើល​ឃើញ​ជា​ទូទៅ​ថា  ទោះ​ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនគារ​មាន​ការ​ប្រយ័ត្នប្រយែង ក្នុង​ការ​ផ្ដល់​កម្ចី​ជូន​អតិថិជន​យ៉ាង​ណា​ក៏ដោយ ក៏​ពលរដ្ឋ​មួយ​ចំនួន​ចៀស​មិន​ផុត​ពី​គ្រោះ​ថ្នាក់​នៃការ​ប្រើប្រាស់​កម្ចី។ នេះ​អាច​បណ្ដាល​មក​ពី​ភាគី​ទាំងពីរ​មិន​បាន​សិក្សា​ស្វែង​យល់​ពី​គ្នា​ឲ្យ​ច្បាស់ មុនពេល​សម្រេច​ចិត្ត​ចុះ​កិច្ច​សន្យា​ប្រើប្រាស់​កម្ចី។

បើតាមលោក សឹង ភន អតិថិជន​៧៥​ភាគរយ បាន​ប្រើប្រាស់​កម្ចី​របស់​អេស៊ីលីដា ក្នុង​ការ​ប្រកប​អាជីវកម្ម​ខ្នាត​តូច និងមធ្យម។ ហើយអេស៊ីលីដា មាន​លទ្ធភាព​ផ្ដល់​កម្ចី​ជូន​អតិថិជន​ក្នុង​រង្វង់​ពី​២០​ទៅ​៣០លាន​ដុល្លារ អាស្រ័យ​លើ​ប្រភេទ​អាជីវកម្ម​នីមួយៗ។

រូបិយបណ័្ណដុល្លារអាមេរិក
រូបិយបណ័្ណដុល្លារអាមេរិក © Internet

ផ្អែក​តាម​ទិន្ន័យ​ចុង​ក្រោយ ប្រជាជន​ដែល​ប្រើប្រាស់​ឥណទាន​របស់​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន​ចំនួន​៣លាន៥សែន​នាក់ ដែល​មាន​ទំហំ​ឥណទាន​ជាង​៤៦ប៊ីលាន​ដុល្លារ។ គ្រាន់​តែ​វិស័យ​មីក្រូហិរញ្ញវត្ថុ​តែ​ឯង បាន​ផ្ដល់​ឥណទាន​ដល់​ប្រជាជន​ប្រមាណ​២លាន​នាក់ ក្នុង​ទំហំ​ឥណទាន​ជាង​៨ពាន់លាន​ដុល្លារ។

របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា ស្តី​ពីវឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង វិស័យ​ធនាគារ​ឆ្នាំ​២០២១ និង ទស្សន​វិស័យ​ឆ្នាំ​២០២២ បានឲ្យ​ដឹង​ថា  ប្រជាពលរដ្ឋ​កម្ពុជា​មាន​ជំនឿ​ទុក​ចិត្ត​មក​លើ​ប្រព័ន្ធ​ធនាគារ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើន​ប្រាក់​បញ្ញើ​អតិថិជន (Deposit) ដែល​មាន​ប្រមាណ​ជាង ៣៨ប៊ីលានដុល្លារ​អាមេរិក គិត​ត្រឹម​ចុង​ឆ្នាំ​២០២១។ ក្នុងនោះ​គណនី​ប្រាក់​បញ្ញើ កើន​ដល់ ១២លាន​គណនី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ