អានតួអត្ថបទ
បទយកការណ៍

៤០០ឆ្នាំនៃម៉ូលីយែរ​គ្មានព្រំដែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម៉ូលីយែរ បិតាហាសនាដកម្ម​បារាំង​នាសតវត្សរ៍ទី ១៧ មាន​ឥទ្ធិពលជ្រួតជ្រាប មិនថា នៅ​ក្នុង​សង្រ្គម​អក្សរសិល្បិ៍បារាំង ឬ​បរទេស រហូតធ្វើ​ឲ្យ​ភាសា​បារាំង ត្រូវគេ​ដាក់ឈ្មោះថា ជា​ភាសា​ម៉ូលីយែរ។ កវីម៉ូលីយែរ​បាន​បាត់បង់ជីវិត ទៅមែន ប៉ុន្តែ នៅ​រយៈពេលជាង​៣០០ឆ្នាំ​មកនេះ ស្នាដៃ​របស់​លោក​ម៉ូលីយែរ មិន​ចេះសាបសូន្យ និង​ផ្ទុយទៅវិញ​ត្រូវបាន​គេ​បកប្រែ យកទៅ​ដំឡើង​សម្រាប់​ការសំដែង​រឿងល្ខោន ក្នុងប្រទេស​ជា​ច្រើន ជាពិសេស​តាម​បណ្តាប្រទេស​និយាយ​ភាសា​បារាំង។ នៅក្នុង​ឱកាស​ខួប ៤០០ឆ្នាំ របស់​ម៉ូលីយ៉ែរ ដែល​ចាប់កំណើត​នៅទីក្រុង​ប៉ារីស ថ្ងៃទី​១៥ មិថុនា ១៦២២ វិទ្យុបារាំង​អន្តរជាតិ បាន​រៀបចំអត្ថបទ កម្រងឯកសារ និង​វីដេអូ​ជាច្រើន ជាមួយ​សាក្ខីកម្ម​របស់​អ្នកជំនាញ បារាំង លោក​Matrial Poirson។

លោក​ហ្សង់បាទីស ប៉ូកឺឡាំង ឬ ម៉ូលីយែរ កើតនៅឆ្នាំ ១៦២២ និង​ទទួលមរណភាពនៅ​ឆ្នាំ ១៦៧៣ នៅទីក្រុង​ប៉ារីស
លោក​ហ្សង់បាទីស ប៉ូកឺឡាំង ឬ ម៉ូលីយែរ កើតនៅឆ្នាំ ១៦២២ និង​ទទួលមរណភាពនៅ​ឆ្នាំ ១៦៧៣ នៅទីក្រុង​ប៉ារីស CC0 Paris Musées / Musée Carnavalet
ផ្សាយពាណិជ្ជកម្ម

៤សតវត្សរ៍​កន្លងផុតទៅ។ ស្នាដៃ​អក្សរសិល្បិ៍​របស់​កវីម៉ូលីយែរ​ដែលជាភាពរុងរឿងរបស់​ជាតិ​បារាំង​នៅតែបច្ចុប្បន្នភាព។ តើ​អ្នកណាម្នាក់​ដែល​មិន​ល្បីស្គាល់ស្នាដៃ​រឿងល្ខោន​ណាមួយ​របស់​កវីនិពន្ធ​ដ៏ឆ្នើមមានទេពកោសល្យ​លេចធ្លោរូបនេះ? មានលក្ខណៈកំប្លុកកំប្លែង ប៉ុន្តែ តិះដៀល ស្នាដៃនិពន្ធ​របស់​បិតាហាសនាដកម្ម​បារាំង​ប្រចាំ​សតវត្សរ៍ទី​១៧ លាតត្រដាង​ពីការស្រេកឃ្លាន​សេរីភាព គំនិតងើបបះបោរ ប្រឆាំង រាល់​ជនផ្តាច់ការ ភាពលាក់ពុតត្បុត និងជាពិសេស ប្រឆាំង​នឹង​ក្រុមមនុស្ស​ដ៏មានអំណាច ដូចជា​ឪពុក ប្តី មនុស្សក្លែងបន្លំ។

ដើម្បី​ស្វែងយល់ច្បាស់​ពី​វណ្ណកម្ម ភាពល្បីល្បាញ​របស់​ម៉ូលីយែរ ដែលមាន​ឈ្មោះ​ដើម​ហៅថា ហ្សង់បាទីស ប៉ូកឺឡាំង វិទ្យុបារាំង​អន្តរជាតិ​បានស្វែងរក​សក្ខីកម្ម​ពី​លោក​Martial Poirson ដែលជា​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​វប្បធម៌ និង​ជា​អ្នកសរសេរ​រឿងល្ខោន។ លើសពីនោះ លោក​Martial Poirson ក៏ជា​អ្នកទទួលខុសត្រូវ ពិព័រណ៌​នៅ​រាជវាំង​វ៉ែរសៃ Versailles ដែល​មាន​ឈ្មោះថា Molière, la fabrique d’une gloire nationale។

ម៉ូលីយែរ គ្មានព្រំដែន

កេរ្តិ៍ដំណែល​របស់​ម៉ូលីយែរ​មាន​នៅពាសពេញពិភពលោក។ ស្នាដៃរឿង​ល្ខោន​របស់​លោក​ត្រូវ​បានគេ​យក​ទៅ​បកប្រែ និង​សំដែង នៅតាម​ប្រទេស​ជា​ច្រើន។ តាម​លោក Martial Poirson ដែលជាអ្នករៀបចំ សន្និសីទ​ឈ្មោះថា ម៉ូលីយែរ គ្មានព្រំដែន នៅ រោងល្ខោន Montansier នៅរាជវាំងវ៉ែរសៃ Versailles ម៉ូលីយែរ​ជា​កវីនិពន្ធនិយាយភាសា​បារាំង​ដ៏ល្បីជាងគេ​នៅក្នុងពិភពលោក។ នៅអាហ្វ្រិក ក៏ដូចជា​នៅ​អាមេរិក ចិន ព័រទុយហ្កាល់ រុស្ស៊ី កម្ពុជា វៀតណាម វណ្ណកម្ម​របស់​ម៉ូលីយែរ​ត្រូវបាន​គេ​បកប្រែ និង​យកទៅ​ដំឡើង​សំដែង ដែល​សមស្របនឹង​ស្ថានភាព វប្បធម៌​ប្រទេស​រៀងៗខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ