អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

Planet 9៖ អាថ៌កំបាំងជុំវិញភពទី៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពីអាថ៌កំបាំង​ដ៏​ធំ​មួយ នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង គឺ​វត្តមាន​ភពទី៩ ឬ​ដែលកន្លងមក​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថា Planet X។

Artist impression of Planet 9
Artist impression of Planet 9 © Caltech
ផ្សាយពាណិជ្ជកម្ម

វត្តមាន​ភព​ដែលស្ថិត​​នៅ​ប៉ែក​ខាង​ក្រៅ​​ប្រព័ន្ធ​ព្រះអាទិត្យ ឆ្ងាយ​ហួស​ភព​ណិបទូន និង​ហួស​ភ្លុយតុង​ទៅទៀត ហើយ​​ដែល​ពេលខ្លះ​ត្រូវ​បាន​គេ​ហៅថា « Planet X » គឺ​តែងតែ​ជា​អាថ៌កំបាំង​ដ៏​ចម្បងមួយ តាំង​ពី​រាប់​ទសវត្សរ៍​មកហើយ។ ​ជាទូទៅ វា​ក៏តែងតែ​ត្រូវ​បាន​គេ​ភ្ជាប់​ផងដែរ​ទៅនឹង​ពាក្យចចាមអារ៉ាម ឬ​ការទស្សន៍ទាយ​ពី​ការ​រលត់រលាយ​នៃ​ភពផែនដី​របស់​យើង។

អ្នកវិទ្យាសាស្រ្ត​វិញ ក្នុងនោះ​រួមមាន​ទាំង ទីភ្នាក់ងារ​ណាសា​​ផង ​ធ្លាប់​បាន​ចេញមុខ​មក​ពន្យល់​បកស្រាយ​​តាម​លក្ខណៈវិទ្យាសាស្រ្ត​ថា ការទស្សន៍ទាយ​ពី​ការ​រលាយ​ផែនដី​ដោយសារ Planet X នេះ គឺ​គ្រាន់តែ​ជា​ពាក្យចចាម​អារ៉ាម និង​ជំនឿ​តៗគ្នា​តែ​ប៉ុណ្ណោះ ដោយ​​វា​មិនមាន​​​មូលដ្ឋាន​វិទ្យាសាស្ត្រ​ពិតប្រាកដ​នោះទេ។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ តារាវិទូ​ក៏​មិនបាន​ច្រានចោល​ទាំងស្រុង​នោះដែរ នូវ​សម្មតិកម្ម​នៃ​វត្តមាន​ភព​នៅ​ប៉ែក​ខាង​​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ហើយ​នៅ​ឆ្នាំ២០១៥​កន្លងទៅនេះ តារាវិទូ​អាមេរិក​ពីររូប​បាន​ចេញផ្សាយ​នូវ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​មួយ ដែល​បង្ហាញ​ពី​តម្រ៉ុយ​នៃ​វត្តមាន​ភពនៅប៉ែក​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​​ថា « Planet Nine » ឬ « ភពទី៩ »។ តម្រ៉ុយ​ គឺ​ចេញ​ពី​លក្ខណៈចម្លែក​នៃ​វត្ថុ​ចំនួន ៦ នៅ​ក្នុង​តំបន់​ខ្សែក្រវ៉ាត់​គុយពែរ ដែល​មាន​គន្លងតារាវិថី​ស្រដៀងគ្នា ស្ថិត​ក្នុង​ប្លង់​ដែល​ទ្រេត​ក្នុង​រង្វាស់​មុំ​ដូចគ្នា វិល​ជុំវិញ​ព្រះអាទិត្យ​ក្នុង​ទិស​ដៅ​ស្រដៀងគ្នា ប្រៀបដូចជា​ខ្លាស់ស្ទ័រ ហើយ​ដែល​នាំ​ឲ្យ​គេ​សង្ស័យ​ថា វា​កើតឡើង​ដោយសារ​តែ​មាន​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​របស់​ភព​ទី៩។

ចេញ​ពី​លក្ខណៈចម្លែក​នៃ​គន្លង​របស់​វត្ថុ​ទាំង ៦​នេះ តារាវិទូ​អាមេរិក​ទាំង​ពីររូប​បាន​គណនា​ទៅតាម​ម៉ូដែល​គណិតវិទ្យា ហើយ​កំណត់​ថា ដើម្បី​អាច​មាន​​ឥទ្ធិពល​កម្លាំង​ទំនាញ ទៅលើ​​​​វត្ថុ​ទាំង​៦​នេះ​ ហើយ​បង្កើត​ជា​គន្លង​ដ៏​​​ចម្លែក​ដូច​ដែល​អ្វី​ដែល​គេ​សង្កេតឃើញ​នេះ​បាន​​ ភព​ទី៩​នេះ ត្រូវ​មាន​ម៉ាស់ធំជាង​ភពផែនដី​ប្រមាណ​ជា ១០​ដង, ​មាន​គន្លង​តារាវិថី​ស្ថិត​នៅ​ចម្ងាយ​ជា​មធ្យមឆ្ងាយ​ជាង​ភព​ណិបទូន​​ដល់​ទៅ ២០ដង ហើយ​ត្រូវ​ចំណាយពេល​រហូតដល់​ទៅ ១ម៉ឺន ទៅ ២ម៉ឺន​ឆ្នាំ ទើប​អាច​ធ្វើ​ដំណើរ​បាន​មួយជុំព្រះអាទិត្យ។

ទោះជាយ៉ាងណា ទ្រឹស្តី គឺ​នៅត្រឹមតែ​ជា​ទ្រឹស្តី ហើយ​បើទោះបីជា​ម៉ូដែល​គណិតវិទ្យា​​នេះ​ធ្លាប់​ត្រូវ​បាន​គេ​ប្រើ ដោយ​ជោគជ័យ ក្នុងការ​ព្យាករ​ អំពី​វត្តមាន​ភព​ណិបទូន កាល​ពី​ពេល​កន្លងមក ក៏ប៉ុន្តែ ដរាបណា​គេ​នៅមិនទាន់​អាច​សង្កេតឃើញ​ដោយ​ផ្ទាល់ គេ​នៅតែ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយទេ​ថា ភព​ទី៩​នេះ គឺ​ពិត​ជា​មាន​ពិតប្រាកដមែន៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ