អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

Oumuamua ៖ បំណែក​មក​ពី​ក្រៅប្រព័ន្ធព្រះអាទិត្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពីអាថ៌កំបាំង​ជុំវិញ​បំណែក​ដ៏ចម្លែកមួយ ដែល​មក​ពី​ក្រៅប្រព័ន្ធព្រះអាទិត្យ ដែល​គេ​បានរកឃើញ កាល​ពីឆ្នាំ២០១៧ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា "Oumuamua"។

European Southern Observatory/AFP/File
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ តាមរយៈ​ការ​សង្កេត​ដោយ​តេឡេស្កុប Pan-STARRS នៅហាវ៉ៃ តារាវិទូ​បាន​រកឃើញ​វត្ថុ​ថ្មី​មួយ​ហោះកាត់​ក្នុងចន្លោះ​ រវាង​គន្លង​ផែនដី និង​ភព​អង្គារ។ កាល​ពីដំបូង អ្នកវិទ្យាសាស្រ្ត​គិត​ថា អ្វីដែល​គេ​ទើប​នឹង​រកឃើញ​ថ្មី​នេះ គឺ​ជា​បំណែក​អាចម៍ផ្កាយ ហើយ​ក៏​​បាន​ដាក់ឈ្មោះ​ទៅតាម​ស្តង់ដា​ឈ្មោះ​របស់​​អាចម៍ផ្កាយ (1I/2017 U1)។

ក៏ប៉ុន្តែ​ក្រោយមក ក្រោយ​ពីបានសិក្សា​លម្អិតដោយ​ប្រើ​តេឡេស្កុប​ជាច្រើន​ផ្សេងទៀត ក្នុងនោះ​រួមមាន​ទាំង​តេឡេស្កុប​អវកាស​ហឺបល​ផង អ្នក​វិទ្យាសាស្រ្ត​ក៏​បានរកឃើញ​​ថា បំណែក​ដែល​គេទើប​នឹង​រកឃើញ​ថ្មី​នេះ​មាន​លក្ខណៈ​ដ៏ចម្លែក គឺ​មានទម្រង់​ជា​អាចម៍ផ្កាយ​ក៏​មិនចំជាអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ​ក៏​មិនចំជាផ្កាយដុះកន្ទុយ។ ពិសេស​​ជាងនេះ​ទៅទៀត គេ​ក៏​បាន​គណនា​ឃើញ​ផងដែរ​ថា ​គន្លង​របស់​វា​បញ្ជាក់​យ៉ាងច្បាស់​ថា​ វា​​​មិនមែន​ជា​បំណែក​ដែល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើងនោះទេ តែមាន​ប្រភព​មក​ពី​កន្លែងផ្សេង។

នៅពេលនោះហើយ ដែល​គេ​បាន​សម្រេច​ដាក់ឈ្មោះ​​ថ្មី​ ហើយ​ដោយសារ​តែ​បំណែក​នេះ​ត្រូវ​បានរកឃើញ​ដោយ​តេឡេស្កុប​នៅ​ហាវ៉ៃ គេ​ក៏​បាន​ដាក់ឈ្មោះ​​ទៅតាម​ភាសារបស់​អ្នកស្រុក​​ហាវ៉ៃ គឺ អ៊ូមូអាមូអា (Oumuamua) ដែល​មាន​ន័យ​ថា « អ្នកនាំសារដែលមកពីឆ្ងាយ »។

មកទល់នឹង​ពេលនេះ គេ​ដឹង​បានត្រឹមតែ​ថា អ៊ូមូអាមូអា​នេះ គឺ​ជា​វត្ថុ​មក​ពី​ក្រៅប្រព័ន្ធព្រះអាទិត្យ​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេថា តើ​វា​ជា​អ្វី​ពិតប្រាកដ​? ហើយ​មានលក្ខណៈដ៏ចម្លែកមួយទៀត ដែល​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​ នៅមាន​យោបល់​ខ្វែងគ្នា​នៅឡើយ គឺ​ចម្លែក​ត្រង់​ថា អ៊ូមូអាមូអា​នេះ នៅពេល​ធ្វើ​ដំណើរ​ចេញ​ពី​ព្រះអាទិត្យ​ទៅ វា​មាន​ល្បឿន​កើនឡើង​ហួស​ពីអ្វីដែល​គេ​ព្យាករ ទៅតាម​គោលការណ៍​នៃ​កម្លាំង​ទំនាញ ហើយ​រហូតមកទល់​នឹង​ពេលនេះ អ្នកវិទ្យាសាស្រ្ត​នៅតែ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ថា តើ​មាន​អ្វី ដែល​ធ្វើ​ឲ្យ​អ៊ូមូអាមូអា​​​អាច​បង្កើន​ល្បឿន​បានបែបនេះ?

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ