អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើ​ពិតជាអាចមាន​មនុស្សក្រៅភពមែនឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពីសំណួរ​ដ៏ចម្បងមួយ ដែលគេតែងតែ​ចោទសួរ​នៅ​ក្នុងការ​សិក្សា​អំពី​ចក្រវាល គឺថា តើ​នៅក្នុងចក្រវាល​ដ៏ធំធេងនេះ ពិតជា​អាច​មាន​មនុស្សក្រៅភព​ដែរ​ឬ​ក៏​យ៉ាងណា?

Hubble's sharpest view of the Orion Nebula
Hubble's sharpest view of the Orion Nebula © NASA, ESA
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចក្រវាល​របស់​យើង​នេះ មាន​កាឡាក់ស៊ី​រហូតដល់​ទៅ​រាប់រយពាន់លាន ហើយ​ក្នុង​កាឡាក់ស៊ី​នីមួយ​ៗ​មាន​ផ្កាយ​ដូចជា​ព្រះអាទិត្យ​របស់​យើង​នេះ​រហូតដល់​ទៅ​រាប់រយពាន់លាន។ ប្រសិនបើ​ផ្កាយមួយដួង​ស្មើ​នឹង​ខ្សាច់មួយគ្រាប់ បើទោះបីជា​យើង​អាច​រាប់​ចំនួន​គ្រាប់ខ្សាច់​នៅ​គ្រប់​ឆ្នេរ​នៅ​ទូទាំង​ភពផែនដី​ទាំងមូល ក៏​នៅ​មិនទាន់​អាច​ស្មើ​នឹង​ចំនួន​ផ្កាយ នៅ​ក្នុង​ចក្រវាល​នៅឡើយផង។ សំណួរ​ចោទឡើង​ថា តើ​ក្នុង​ចក្រវាល​ដ៏​មហាធំធេង​នេះ ភពផែនដី​យើង​ជា​កន្លែង​តែមួយគត់​ដែល​មាន​ជីវិត ឬ​ក៏​ជីវិត​អាច​មាន​នៅ​កន្លែងផ្សេងទៀត?

The Drake Equation

នៅ​ឆ្នាំ១៩៦១ តារាវិទូ​អាមេរិក​មួយរូប ឈ្មោះ ហ្វ្រែង ដ្រេក (Frank Drake) បាន​បង្កើត​សមីការមួយ ដើម្បី​គណនា​អំពី​ប្រូបាប៊ីលីតេ​ថា តើ​គ្រាន់តែ​នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវេ​របស់​យើង​មួយ​នេះ អាច​មាន​ជីវិត​ក្រៅភព​ប៉ុន្មាន​ ដែល​ជា​អរិយធម៌ជឿនលឿន មាន​បច្ចេកវិទ្យា​ទំនាក់ទំនង​ឆ្លង​ភព ​អាច​ទាក់ទង​ជាមួយ​មនុស្សយើងបាន?

N = R* x fp x ne x fl x fi x fc x L

យោងតាម​សមីការ​របស់​លោក ហ្វ្រែង ដ្រេក ដែល​គេ​ច្រើន​ហៅ​តាម​ភាសា​អង់គ្លេស​ថា Drake Equation ចំនួន​អរិយធម៌ក្រៅភព​ដែល​អាច​មាន​ទំនាក់ទំនង​​ជាមួយ​នឹង​យើង​បាន N គឺ​អាស្រ័យ​ទៅ​កត្តា​ចម្បងៗ​មួយ​ចំនួន ក្នុងនោះរួមមាន​៖

R* ​អត្រា​នៃ​ការ​ចាប់កំណើតផ្កាយ​ ឬ​និយាយ​ដោយ​សាមញ្ញ គឺ​អាស្រ័យ​ថា តើ​នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវេ​របស់​យើង​នេះ​មាន​ផ្កាយ​ចំនួន​ប៉ុន្មាន

fp តើ​នៅ​ក្នុង​ចំណោម​ផ្កាយ​អស់ទាំងនេះ មាន​ប៉ុន្មាន​ភាគរយ ​ជា​ប្រព័ន្ធផ្កាយ ដែល​មាន​ភព​ស្ថិត​នៅ​ជុំវិញ​ (ដូចជា​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង)

ne  ក្នុង​ចំណោម​ភព​ទាំងអស់នោះ មាន​ប៉ុន្មាន​ភាគរយ​ ដែល​មាន​លក្ខខណ្ឌ​អំណោយផល​ដល់​ជីវិត

fl   ក្នុងចំណោម​ភពដែល​មាន​លក្ខខណ្ឌ​អំណោយផល​ដល់ជីវិតនោះ តើ​មាន​ប៉ុន្មាន​ភាគរយ ដែល​មាន​ជីវិត​កកើតឡើង​ពិតប្រាកដ​មែន

fi  ក្នុងចំណោម​ភពដែល​មាន​ជីវិត​កកើត​នោះ តើ​មាន​ប៉ុន្មាន​ភាគរយ ដែល​ជីវិតអាច​វិវឌ្ឍ​ទៅ​ជា​ទម្រង់​ជីវិត​ជឿនលឿន​មាន​បញ្ញា​ដូចជា​មនុស្ស (Intelligent life)

fc  ក្នុង​ចំណោម​​ជីវិត​ជឿនលឿន​ទាំងនោះ តើ​មាន​ប៉ុន្មាន​ភាគរយ​ ដែល​ជា​អរិយធម៌​​ជឿនលឿន រហូត​មាន​បច្ចេកវិទ្យា​​​អាច​ទាក់ទង​ឆ្លង​ទីអវកាស (Interstellar radio communication)

L តើ​អរិយធម៌​ជឿនលឿន​អស់ទាំងនេះ អាច​មាន​វត្តមាន​នៅលើ​ភព​របស់​ពួកគេ ក្នុងរយៈពេល​ប៉ុន្មាន

បើ​គិត​ទៅតាម​សមីការដ្រេក​នេះ នៅ​ក្នុង​កាឡាក់ស៊ីមីលគីវេ​​របស់​យើង ដែល​មាន​ទំហំ​ជាង ១០ម៉ឺនឆ្នាំ​ពន្លឺ ហើយ​មាន​អាយុកាល​រហូតដល់​ទៅ​ជាង ១៣ពាន់​លាន​ឆ្នាំ​ហើយ​នេះ បើទោះជា​មាន​មនុស្សក្រៅភព​ច្រើន ក៏ប៉ុន្តែ បើ​មនុស្សក្រៅភព​ទាំងនេះ​ចាប់កំណើត​នៅ​ក្នុង​ពេល​ផ្សេងៗគ្នា​ពី​យើង ហើយមាន​អាយុខ្លី យើង​ក៏​មិន​អាច​រកមនុស្ស​ក្រៅភព​ទាំងនោះ​ឃើញ​បាន​ដែរ។

មនុស្សក្រៅភពខ្លះ​អាច​ចាប់កំណើតឡើង​តាំង​ពី​រាប់ពាន់លាន​ឆ្នាំមុន គឺ​តាំង​ពីពេល​ដែល​ភពផែនដី​របស់​យើង​នៅ​មិនទាន់​កកើតឡើង​នៅឡើយផង ហើយ​ទម្រាំតែ​មនុស្ស​យើង​ចាប់កំណើត​នៅលើ​ភពផែនដី​ មនុស្សក្រៅភព​ទាំងនោះ​ត្រូវ​ស្លាប់​ផុតពូជ​ទៅវិញ​អស់ តាំង​ពី​រាប់លាន​ឆ្នាំមុនមកម៉្លេះ។ ឬ​ក៏​មាន​មនុស្សក្រៅភពខ្លះទៀត ទើប​នឹង​ចាប់កំណើត​ថ្មីៗ មិនទាន់​មាន​បច្ចេកវិទ្យា​ទាក់ទង​ឆ្លងភពបាន ឬ​ក៏​ទើប​នឹង​បញ្ជូន​សញ្ញា​ឆ្លងភព​នាពេល​ថ្មីៗ ក៏ប៉ុន្តែ ដោយសារ​តែ​មនុស្ស​ក្រៅភព​ទាំងនោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​យើង ដូច្នេះ សញ្ញា​ដែល​ពួកគេ​បញ្ជូន​ចេញមក នៅមិនទាន់​អាច​ធ្វើ​ដំណើរ​មក​ដល់​ផែនដី​នៅឡើយ ហើយ​ទម្រាំតែ​សញ្ញា​នោះ​មកដល់​ ​មនុស្ស​យើង​ក៏​ប្រហែល​ជា​លែង​​មាន​ជីវិត​រស់​នៅលើ​ភពផែនដី​នេះ​​បានទៀតក៏​អាច​ថាបាន។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ