អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើ​គេ​អាច​រក​ឃើញ​ភពក្រៅប្រព័ន្ធព្រះអាទិត្យដោយ​របៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពីការស្វែងរក​ភពក្រៅប្រព័ន្ធព្រះអាទិត្យ ជាពិសេស អំពី​តេឡេស្កុបអវកាស​កេព្ល័រ (Kepler Space Telescope) ដែល​ជា​តេឡេស្កុប​ជំនាញ​ខាង​ប្រមាញ់​រក​ភព​ក្រៅប្រព័ន្ធព្រះអាទិត្យ។

© NASA/JPL-Caltech
ផ្សាយពាណិជ្ជកម្ម

នៅក្នុងការ​សិក្សា​ទៅលើ​ចក្រវាល ដើម្បី​ឆ្លើយ​​ទៅនឹង​សំណួរ​ថា តើ​នៅ​ក្នុង​ចក្រវាល​នេះ​មានតែ​យើង ឬ​ក៏​អាច​មាន​ជីវិត​នៅ​កន្លែងផ្សេងទៀត អ្នក​វិទ្យាសាស្រ្ត​ផ្តោត​ការ​សិក្សា​លើ​ចំណុច​ដ៏​ចម្បងមួយ គឺ​ការ​ស្វែងរក​ភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « Exoplanet » ជាពិសេស គឺ​ស្វែងរក​ភព​ដែល​អាច​មាន​លក្ខខណ្ឌ​អំណោយផល​ដល់​ជីវិត។

នៅឆ្នាំ១៩៩៥ ​គេ​បាន​រកឃើញ​​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ជាលើកដំបូង។ ភពនេះ​ត្រូវ​បាន​រកឃើញ​ដោយ​ តារាវិទូស្វីសពីររូប គឺលោក មីស្ហែល ម៉ាយ៉រ (Michel Mayor) និង​ឌីដ្យេ កេឡូស (Didier Queloz) តាមរយៈ​ការ​សង្កេត​​ដោយ​​ប្រើ​តេឡេស្កុប Haute-Provence Observatory ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង។

ភពក្រៅប្រព័ន្ធអាទិត្យ​ដែល​គេ​ទើប​រកឃើញ​​​នេះត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា 51 Pegasi b Pegasi b ជាប្រភេទ​ភពឧស្ម័ន វិលជុំវិញផ្កាយ​មួយដួង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បណ្តុំផ្កាយសេះ ឬ Pegasus ហើយ​51 ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៥០ឆ្នាំ​ពន្លឺ​។

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០០៩ រ៉ុកកែតអវកាស​ធុន Delta II ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស នៅ Cape Canaveral រដ្ឋផ្លូរីដា។ នៅផ្ទុក​ពី​លើ​រ៉ុកកែតនោះ គឺ​តេឡេស្កុបអវកាស​កេព្ល័រ (Kepler Space Telescope) ហើយ​បេសកកម្ម​​ចម្បង​របស់​វា គឺ​តាម​សង្កេតមើល​​ជាប់​ជា​ប្រចាំ​នូវ​តំបន់​ដ៏តូចមួយ​ប៉ុណ្ណោះ ក្នុងកាឡាក់ស៊ីមីលីវេ តែ​ជា​តំបន់ ដែល​ប្រមូលផ្តុំ​ទៅដោយ​ផ្កាយ​ប្រមាណ​ជា ១៥ម៉ឺន​ដួង ស្រដៀង​នឹង​ព្រះអាទិត្យ​របស់​យើង។

នៅ​ក្នុងរយៈពេល​ជាង ៩ឆ្នាំ ចាប់តាំង​ពី​ពេល​បាញ់បង្ហោះ​នៅឆ្នាំ២០០៩ រហូតដល់​អស់ថាមពល​លែង​ដំណើរការ ហើយ​ត្រូវ​បញ្ចប់​បេសកកម្ម​​ជា​ស្ថាពរ នៅ​ឆ្នាំ២០១៨​កន្លងទៅ តេឡេស្កុបអវកាស​កេព្ល័រ​បាន​រកឃើញ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ រហូតដល់​ទៅ​ជាង ២៦០០ ដោយ​ជាប្រភេទ​ភពចម្រុះ គឺ​ទាំងប្រភេទភព​ឧស្ម័ន ដូចជា ភពព្រហស្បតិ៍ និង​ទាំង​​ភពសិលាស្រដៀង​នឹង​ផែនដី ដោយ​ក្នុង​ចំណោម​នោះ ក៏រួមមាន​ផងដែរ ភព​ដែល​ស្ថិត​ក្នុង​តំបន់ ដែល​អាច​មាន​អំណោយ​ផល​​ដល់​ជីវិត ដែល​គេហៅ​តាម​ភាសា​អង់គ្លេសថា Habitable Zone៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ