អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើមានភពក្រៅប្រព័ន្ធព្រះអាទិត្យប៉ុន្មានដែលគេបានរកឃើញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពីចំនួន​នៃ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែល​គេ​បានរកឃើញ ព្រមទាំង​លក្ខណៈ​ពិសេស​នៃ​ភព​អស់ទាំងនោះ ធៀប​នឹង​ភព​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង។

© NASA
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​ពេល​ដែល​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ត្រូវបាន​គេរកឃើញ​ជាលើកដំបូង កាលពីឆ្នាំ១៩៩៥ រហូត​មកទល់​នឹង​សព្វថ្ងៃនេះ អ្នក​វិទ្យាសាស្រ្ត​បាន​រកឃើញ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ ចំនួន​​ជាង ៤៣០០ ដែល​គេ​អាច​បញ្ជាក់​បាន​ច្បាស់លាស់​ថា​​ពិត​ជា​ភព និង​ជាង ៥ពាន់​ផ្សេងទៀត កំពុង​រង់ចាំ​ការសិក្សា​លម្អិតបន្ថែម។

ជាទូទៅ ភពក្រៅប្រព័ន្ធព្រះអាទិត្យ​​ដែល​មាន​លក្ខណៈ​ចម្រុះខុសប្លែកៗ​គ្នា​អស់ទាំងនេះ​ត្រូវ​បាន​គេ​បែងចែក​ទៅ​ជា ៤ប្រភេទខុសៗគ្នា។

១-ភព​ « ស្រដៀងនឹង​ណិបទូន » ឬ « Neptune-Like »

ភពប្រភេទ​នេះ គឺ​ជា​ភព​ ដែល​មាន​ទំហំ ម៉ាស់ និង​ធាតុផ្សំ ស្រដៀងគ្នា​ទៅនឹង​ភព​ណិបទូន និង​អ៊ុយរ៉ានុស នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង ពោលគឺ​ជា​ភព ដែល​អាច​មាន​ស្នូលប៉ែក​ខាងក្នុង​ជា​សិលា ក៏ប៉ុន្តែ ស្រទាប់​ខាងលើ​ជា​ឧស្ម័ន និង​ទឹកកក ហើយ​ដែល​ពេលខ្លះ គេ​តែងហៅ​ជា​ភាសា​អង់គ្លេស « Ice Giant »។

២-ភពឧស្ម័ន ឬ « Gas Giant »

ជា​ភព​ដែល​មាន​​​ម៉ាស់ និង​ទំហំ​យ៉ាងធំសម្បើមៗ ហើយ​មាន​ធាតុផ្សំ​ចម្បង​ជា​អ៊ីដ្រូសែន និង​អេលីយ៉ូម ពោលគឺ​ ​​​មាន​លក្ខណៈស្រដៀង​គ្នា​ទៅ​នឹង​ភពព្រហស្បតិ៍ និង​ភពសៅរ៍ នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង។

ក៏ប៉ុន្តែ ខុសពី​ភពឧស្ម័ន​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ក្រៅ​ ឆ្ងាយ​ពីព្រះអាទិត្យ ភពឧស្ម័ន ដែល​គេរកឃើញ​ក្រៅប្រព័ន្ធព្រះអាទិត្យ មាន​ខ្លះ​​ស្ថិត​នៅ​យ៉ាង​កៀក​បំផុត​​ទៅនឹង​ផ្កាយ​របស់​វា ហើយ​ដែល​គេ​ប្រសិទ្ធនាម​តាម​ភាសា​អង់គ្លេស​ថា « Hot Jupiter »។

៣-ភព « Super Earth »

ឈ្មោះ​ថា Super Earth នេះ គឺ​គេ​មិន​សំដៅ​លើ​លក្ខណៈស្រដៀង​នឹង​ភពផែនដី​របស់​យើង​នោះទេ ក៏ប៉ុន្តែ សំដៅ​លើ​ភព​ដែល​​មានទំហំ​ធំជាង​ផែនដី ក៏ប៉ុន្តែ តូចជាង​ភព​ណិបទូន។ ភពប្រភេទ​នេះ មាន​ម៉ាស់​ធំជាង​ផែនដី​ ចាប់ពី ២ដង ទៅ ១០ដង អាច​មាន​ធាតុផ្សំ​ជា​សិលា ឬ​ជា​ឧស្ម័ន ឬ​ធាតុផ្សំ​ទាំងពីរ​នៅ​ជាមួយគ្នា ជា​ប្រភេទ​ភព ដែល​មិនមាន​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ក៏ប៉ុន្តែ នៅ​ក្នុង​ចំណោម​ភពក្រៅប្រព័ន្ធព្រះអាទិត្យ គឺ​មាន​ច្រើន ប្រហាក់ប្រហែល​នឹង​ប្រភេទ​ភពឧស្ម័ន​ (Gas Giant)។

ដោយសារ​តែ​ភពប្រភេទ​នេះ​មិនមាន​នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង ប្រភេទភព Super Earth នេះ នៅតែ​មាន​អាថ៌កំបាំង​ជាច្រើន ដែល​អ្នក​វិទ្យាសាស្រ្ត​នៅមិនទាន់​យល់​ច្បាស់។ ក៏ប៉ុន្តែ គេដឹង​បានថា ភពប្រភេទ Super Earth គឺ​ជា​ប្រភេទ​ភព ដែល​អាច​ស្ថិត​ក្នុង​តំបន់​ដែល​មាន​អំណោយផល​ដល់​ជីវិត (Habitable Zone)។

៤-ភពសិលា

​ស្រដៀង​នឹង​ភពទាំង ៤ នៅ​ប៉ែក​ខាង​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង គឺ​ភពអង្គារ ភពផែនដី ភពសុក្រ និង​ភពពុធ។ នៅក្នុង​ចំណោម​ភពក្រៅប្រព័ន្ធព្រះអាទិត្យ ភពដែល​គេ​ចាត់បញ្ចូល​ជា​ប្រភេទ​ភពសិលា គឺ​អាច​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ភពផែនដី ឬ​តូចជាង​ផែនដី ក៏ប៉ុន្តែ អាច​ធំជាង​ផែនដី​យ៉ាងច្រើន​បំផុត​ត្រឹម​២​ដង​ប៉ុណ្ណោះ ពីព្រោះ បើ​ធំជាង​ផែនដី​លើស​ពី២ដង​ទៅ វា​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ប្រភេទ Super Earth។

ក្នុង​ចំណោម​ភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែល​គេ​បានរកឃើញ​ទាំង​ជាង ៤៣០០ មកទល់​នឹង​ពេលនេះ ​ភព​សិលា គឺ​ជា​ប្រភេទភព ​ដែល​មាន​ចំនួន​តិច​ជាងគេ គឺ​មានតែ​ ១៦៣​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ គឺ​ប្រភេទ​ភពសិលា​នេះ​ហើយ ដែល​គេ​ផ្តោត​ការ​ចាប់អារម្មណ៍​ស្វែងរក​ខ្លាំងជាងគេ ដោយសារ​តែ​គេ​គិត​ថា បើ​គេ​ចង់​រក​ជីវិត​ក្រៅភពផែនដី គឺ​នៅលើ​ភព​ប្រភេទ​សិលា​នេះ​ឯង ដែល​ជា​កន្លែង​មាន​ប្រូបាប៊ីលីតេ​ខ្ពស់​ជាងគេ៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ