អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ភពក្រៅប្រព័ន្ធព្រះអាទិត្យបែបណា​ដែលអាចមានលក្ខខណ្ឌអំណោយផលដល់ជីវិត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពីការស្វែងរក​ភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែល​អាច​មាន​លក្ខខណ្ឌ​អំណោយផល​ដល់​ជីវិត។

ដោយសារតែ​យើងធ្លាប់ស្គាល់តែជីវិតលើផែនដី ដូច្នេះ យើងមិនមានជម្រើសអ្វីផ្សេងទេ ក្រៅតែ​ពីយក​លក្ខខណ្ឌ​លើ​ផែនដី​ជា​គោល ក្នុងការ​ស្វែងរកជីវិតក្រៅភព
ដោយសារតែ​យើងធ្លាប់ស្គាល់តែជីវិតលើផែនដី ដូច្នេះ យើងមិនមានជម្រើសអ្វីផ្សេងទេ ក្រៅតែ​ពីយក​លក្ខខណ្ឌ​លើ​ផែនដី​ជា​គោល ក្នុងការ​ស្វែងរកជីវិតក្រៅភព © NASA
ផ្សាយពាណិជ្ជកម្ម

នៅក្នុងការ​ស្វែងរក​ជីវិត​ក្រៅភព អ្នក​វិទ្យាសាស្រ្ត​ផ្តោត​ជា​ចម្បង​លើ​ការ​ស្វែងរក​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ទាំងឡាយណា ដែល​អាច​មាន​លក្ខខណ្ឌ​អំណោយផល​ដល់ជីវិត។ ក៏ប៉ុន្តែ សំណួរសួរថា តើ​អ្វីទៅជា « លក្ខខណ្ឌដែល​អំណោយផលដល់ជីវិត »?

ដោយសារ​តែ​ជីវិត​នៅលើ​ភពផែនដី គឺ​ជា​ទម្រង់​ជីវិត​តែមួយគត់​ដែល​យើង​ធ្លាប់​ឃើញ និង​ធ្លាប់​ស្គាល់ ដូច្នេះ យើង​មិនមាន​ជម្រើស​អ្វីផ្សេងទៀត​នោះទេ ក្រៅតែ​ពីយក​ជីវិតនៅលើ​ផែនដី​នេះ​​ធ្វើ​ជា​ចំណុច​គោល ហើយ​ស្វែងរក​ភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែល​មាន​លក្ខណៈស្រដៀងគ្នា​ទៅនឹង​ភពផែនដី​របស់​យើង។

យើង​អាច​សង្កេតឃើញ​ថា ក្រៅពី​ត្រូវមាន​ស្រទាប់​បរិយាកាស និង​អុកស៊ីសែន លក្ខខណ្ឌ​ចាំបាច់​បំផុត​សម្រាប់ជីវិត គឺ​ត្រូវ​មាន​ទឹក​ក្នុងសភាពរាវ។ ហេតុដូច្នេះហើយ​បាន​ជា​គេ​ចាំបាច់​ត្រូវ​ស្វែងរក​ភព ដែល​មិនស្ថិត​នៅ​ជិតផ្កាយ​របស់​វា​ខ្លាំងពេក ដែល​នាំ​ឲ្យ​សីតុណ្ហភាព​ក្តៅខ្លាំង​ធ្វើ​ឲ្យ​ទឹកហួតអស់ ហើយ​ក៏​មិនស្ថិត​នៅ​ឆ្ងាយ​ពី​ផ្កាយ​ខ្លាំងពេក ដែល​នាំ​ឲ្យ​សីតុណ្ហភាព​ត្រជាក់​ខ្លាំងធ្វើ​ឲ្យ​ទឹក​ត្រូវកក។ ផ្ទុយ​ទៅវិញ គេរកភពទាំងឡាយណា ដែល​ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយល្មម​ពីផ្កាយ​​ មាន​សីតុណ្ហភាព​ល្មម​នឹង​អាច​ឲ្យ​ទឹកស្ថិត​នៅ​ជា​សភាពរាវ​បាន គឺ​តំបន់ ដែល​គេ​ឲ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា « Habitable Zone » ឬ « Goldilocks Zone »។

បន្ថែមពីលើ​ទៀត វា​ក៏​អាស្រ័យ​ផងដែរ ទៅលើ​ប្រភេទ​ផ្កាយ​​ ដែល​ភព​នោះ​វិលជុំវិញ ក៏ដូចជា​អាស្រ័យ​​ទៅលើ​ស្រទាប់បរិយាកាស និង​កម្លាំង​នៃ​ដែន​ម៉ាទិច​របស់​ភព។ ជាក់ស្តែង​ គឺ​ដូចជា​ភពផែនដី​របស់​យើង ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Habitable Zone ដែល​នាំ​ឲ្យ​មាន​សីតុណ្ហភាព​ក្តៅល្មម​អាច​ឲ្យ​ទឹក​ស្ថិត​នៅ​ជា​សភាព​រាវ​ផង ហើយ​បន្ថែម​ពីលើ​នេះ​ទៅទៀត ភពផែនដី​មាន​ដែន​ម៉ាញេទិច ដែល​បង្កើត​ឡើង​ដោយ​រង្វិល​នៃ​ស្នូល​ផែនដី បូករួម​ជាមួយ​នឹង​បរិយាកាស ដែល​គ្របដណ្តប់​ដោយ​​​ស្រទាប់​អូហ្សូន​នៅ​​ផ្នែក​ខាង​លើ​ បង្កើត​បាន​ជា​ខែល​ដ៏​រឹងមាំ​មួយ ដើម្បី​​ការពារ​ជីវិត ពី​វិទ្យុសកម្ម​របស់​ព្រះអាទិត្យ៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ