អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ម៉ារី គួរី៖ ស្រ្តីឆ្នើមក្នុងវិស័យវិទ្យាសាស្រ្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងឳកាស​ទិវា​សិទ្ធិស្រ្តី ៨មីនា​ឆ្នាំ២០២១នេះ វិទ្យុបារាំងអន្តរជាតិ សូមឧទ្ទិសជាពិសេស ចំពោះ​ស្រ្តី នៅ​ក្នុង​វិស័យ​វិទ្យាសាស្រ្ត ហើយ​នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​របស់​យើង សេង ឌីណា សូមរៀបរាប់ អំពី​ប្រវត្តិ​ស្រ្តី​ដ៏ឆ្នើម​មួយរូប ក្នុង​វិស័យវិទ្យាសាស្រ្ត គឺ​លោកស្រី ម៉ារី គួរី (Marie Curie)។

ម៉ារី គួរី (Marie Curie) អ្នករកឃើញ​សារធាតុ​វិទ្យុសកម្ម និង​ជា​ជ័យលាភី​រង្វាន់ណូបែល​​ចំនួន​ពីរ ក្នុង​មុខវិជ្ជាវិទ្យាសាស្រ្ត​ពីរផ្សេងគ្នា (រូបវិទ្យា និង​គីមីវិទ្យា)
ម៉ារី គួរី (Marie Curie) អ្នករកឃើញ​សារធាតុ​វិទ្យុសកម្ម និង​ជា​ជ័យលាភី​រង្វាន់ណូបែល​​ចំនួន​ពីរ ក្នុង​មុខវិជ្ជាវិទ្យាសាស្រ្ត​ពីរផ្សេងគ្នា (រូបវិទ្យា និង​គីមីវិទ្យា) Bettmann Archive - Bettmann
ផ្សាយពាណិជ្ជកម្ម

នៅក្នុងវិស័យវិទ្យាសាស្រ្តសម័យទំនើបនេះមានសន្និសីទមួយដែលគេស្គាល់ជាទូទៅគឺសន្និសីទសុលវេ (Solvay Conference) នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិចហើយក្នុងចំណោមសន្និសីទនេះទៀតសោតដែលចាប់ផ្តើមធ្វើជាលើកដំបូងនៅឆ្នាំ១៩១១គឺសន្និសីទលើកទី៥នៅឆ្នាំ១៩២៧ដែលប្រហែលជា​​មានឈ្មោះល្បីជាងគេ។សន្និសីទដែលផ្តោតជាពិសេសទៅលើ​ « អេឡិចត្រុងនិងហ្វូតុង » និងការជជែកតស៊ូមតិគ្នាជុំវិញទ្រឹស្តីថ្មីស្រឡាងមួយគឺរូបវិទ្យាកង់ទិច។

សន្និសីទនោះមានការចូលរួមពីសំណាក់អ្នកវិទ្យាសាស្រ្តដ៏ល្បីៗបំផុតនៅក្នុងប្រវត្តិសាស្រ្តរួមមានជាអាទិ៍បិតារូបវិទ្យា « Relativity » អាល់ប៊ែរអាញ់ស្តាញ់និងស្ថាបនិកទ្រឹស្តីរូបវិទ្យាកង់ទិចសម័យថ្មីគឺ Max Planck, Niels Bohr, Erwin Schrödinger និង Werner Heisenberg

ក៏ប៉ុន្តែចំណុចសំខាន់មួយទៀតដែលគេគួរកត់សម្គាល់គឺនៅក្នុងចំណោមអ្នកវិទ្យាសាស្រ្តល្បីៗទាំង២៩រូបដែលចូលរួមក្នុង​​សន្និសីទនោះមានស្រ្តីតែមួយរូបគត់គឺលោកស្រីម៉ារីគួរីអ្នកវិទ្យាសាស្រ្តដែលបានរកឃើញសារធាតុវិទ្យុសកម្ម។

ម៉ារីគួរីមានឈ្មោះដើមម៉ារីយ៉ាស្កូដូស្កា (Maria Salomea Sklodowska) កើតនៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ១៨៦៧នៅក្នុងប្រទេសប៉ូឡូញដែលនៅពេលនោះមិនទាន់ជាប្រទេសឯករាជមួយនៅឡើយតែ​​​ជាដែនដីមួយស្ថិតក្រោមការត្រួតត្រាដោយ​​ចក្រភពរុស្ស៊ី។

ជាកូនពៅក្នុងចំណោមបងប្អូន៥នាក់ក្នុងគ្រួសារមួយដែលទាំងឳពុកនិងទាំងម្តាយសុទ្ធតែជាគ្រូបង្រៀនម៉ារីយ៉ាគឺជាសិស្សពូកែម្នាក់តាំងពីក្មេងហើយមានបំណងចង់សិក្សាផ្នែករូបវិទ្យាដល់ថ្នាក់សកលវិទ្យាល័យ។ក៏ប៉ុន្តែនៅប៉ូឡូញនាសម័យកាលនោះមានតែបុរសប៉ុណ្ណោះដែលមានសិទ្ធិចុះឈ្មោះចូលរៀនថ្នាក់សកលវិទ្យាល័យចំណែកស្រ្តីវិញមិនត្រូវបានគេអនុញ្ញាតឲ្យ​​រៀនរហូតដល់​​ថ្នាក់ឧត្តមសិក្សានោះទេ។

ទោះជាយ៉ាងនេះក៏ដោយម៉ារីយ៉ាក៏នៅតែមិនបោះបង់គោលដៅរបស់ខ្លួនចោលនោះដែរ  ដោយម៉ារីយ៉ាបាន​​ខិតខំរៀនផងធ្វើការផងដើម្បី​​សន្សំលុយរហូតអាចចេញទៅបន្តការសិក្សានៅក្នុងទីក្រុងប៉ារីសនៅឆ្នាំ១៨៩១ដោយបានចូលរៀននៅក្នុងសកលវិទ្យាល័យដ៏ល្បីល្បាញបំផុតមួយនៅក្នុងសម័យកាលនោះគឺសកលវិទ្យាល័យសរបោន។

នៅក្នុងទីក្រុងប៉ារីសម៉ារីយ៉ារស់នៅក្នុងជីវិតជានិស្សិតក្រីក្រមួយរូបដែលរស់នៅដាច់ឆ្ងាយពីក្រុមគ្រួសារត្រូវ​​រៀនផងធ្វើការផងហើយ​​ទទួលទានតែនំប៉័ងជាមួយបឺរក៏ប៉ុន្តែទោះជាយ៉ាងណាម៉ារីយ៉ានៅតែរៀនបានលទ្ធផលយ៉ាងល្អដោយត្រឹមតែពីរឆ្នាំក្រោយចុះឈ្មោះចូលរៀនម៉ារីយ៉ាបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែករូបវិទ្យានៅឆ្នាំ១៨៩៣និងមួយឆ្នាំក្រោយមកទៀតបញ្ចប់ថ្នាក់បរិញ្ញាបត្រមួយទៀតផ្នែកគណិតវិទ្យានៅឆ្នាំ១៨៩៤។

នៅក្នុងឆ្នាំ១៨៩៤នោះម៉ារីយ៉ាដែលបានប្តូរឈ្មោះទៅជា « ម៉ារី » ទៅតាមបែបបារាំងបានចូលធ្វើការនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅប៉ារីសហើយនៅទីនោះហើយដែលម៉ារីបានជួបជាមួយអនាគតស្វាមីគឺព្យែរគួរី (Pierre Curie)ម៉ារីនិងព្យែរបាន​​​រៀបអាពាហ៍ពិពាហ៍នៅខែកក្កដាឆ្នាំ១៨៩៥ហើយម៉ារីយ៉ាស្កូដូស្កាក៏បានក្លាយទៅជាម៉ារីគួរី។

គិតមកទល់នឹងពេលនោះព្យែរដែលអាយុច្រើនជាងម៉ារី៨ឆ្នាំគឺជាអ្នកវិទ្យាសាស្រ្តដ៏មានឈ្មោះល្បីមួយរូបរួចទៅហើយនៅក្នុងប្រទេសបារាំង។ហើយក្រោយពីរៀបអាពាហ៍ពិពាហ៍អ្នកទាំងពីរមិនត្រឹមតែក្លាយជាគូជីវិតតែប៉ុណ្ណោះទេតែក៏ជាដៃគូក្នុងការស្រាវជ្រាវវិទ្យាសាស្រ្តដ៏សំខាន់មួយផងដែរ។ដៃគូស្រាវជ្រាវដែលក្រោយមកទទួលបានលទ្ធផលដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្តសម័យទំនើប។

នៅក្នុងឆ្នាំ១៨៩៥នោះអ្នកវិទ្យាសាស្រ្តជាទូទៅនាំគ្នាចាប់អារម្មណ៍ទៅលើរបកគំហើញដ៏ថ្មីស្រឡាងមួយដោយអ្នកប្រាជ្ញអាល្លឺម៉ង់វីលហិមរ៉នហ្កិន (Wilhem Röntgen) គឺកាំរស្មីអ៊ិច។ម៉ារីគួរីវិញដែលមើលឃើញថាគេចាប់អារម្មណ៍ស្រាវជ្រាវលើរឿងនេះស្ទើរតែគ្រប់គ្នាទៅហើយនោះក៏ងាកទៅផ្តោតលើប្រធានបទថ្មីមួយទៀតដែលនៅមិនទាន់មានអ្នកស្រាវជ្រាវច្រើននៅឡើយគឺទៅលើកាំរស្មីចម្លែកមួយទៀតដែលចេញពីសារធាតុអ៊ុយរ៉ាញ៉ូមហើយដែលរកឃើញដោយអ្នកវិទ្យាសាស្រ្តបារាំង​​ឈ្មោះអង់រីបេកឺរែល (Henri Becquerel)

នៅពេលនោះគេនៅមិនទាន់ដឹងថាកាំរស្មីដ៏ចម្លែកនេះគឺជាអ្វីពិតប្រាកដនៅឡើយទេហើយពេលខ្លះ​​គេបានឲ្យឈ្មោះកាំរស្មីនេះថា« កាំរស្មីបេកឺរែល » ឬខ្លះទៀតថា « កាំរស្មីអ៊ុយរ៉ាញ៉ូម » ដោយសារតែគេគិតថាវាជាកាំរស្មីដែលចេញតែពីសារធាតុអ៊ុយរ៉ាញ៉ូម។

ម៉ារីគួរីបានយក​​ការសិក្សាស្រាវជ្រាវលើកាំរស្មីនេះយកធ្វើជាប្រធានបទ​​និក្ខេបបទថ្នាក់បណ្ឌិតដោយ​​ផ្តោតការស្រាវជ្រាវទៅលើចំណុចសំខាន់់មួយថាកាំរស្មីនេះពិត​​ជាកាំរស្មីពិសេសដែលចេញតែពី​​​អ៊ុយរ៉ាញ៉ូមមួយក៏អាចចេញពី​​សារធាតុគីមីផ្សេងទៀត?

នៅទីបំផុតនៅឆ្នាំ១៨៩៨ម៉ារីគួរីបានរកឃើញថាកាំរស្មីដែលបញ្ចេញពីអ៊ុយរ៉ាញ៉ូមនេះពិតជាមាននៅក្នុងសារធាតុគីមីផ្សេងទៀតមែន។នៅពេលនោះហើយដែលព្យែរគួរីបានចាប់ផ្តើមងាកមកផ្តោតអារម្មណ៍ខ្លាំងលើប្រធានបទស្រាវជ្រាវរបស់​​ម៉ារីហើយក៏បានសម្រេចបោះបង់ប្រធានបទដែលខ្លួនកំពុងស្រាវជ្រាវហើយមកចូលរួម​​ស្រាវជ្រាវនិងធ្វើ​​ពិសោធន៍​​ជាមួយម៉ារីជាភរិយា។

នៅក្នុងរយៈពេលត្រឹមតែប៉ុន្មានខែម៉ារីនិងព្យែរមិនត្រឹមតែបានរកឃើញភស្តុតាងបញ្ជាក់ច្បាស់អំពីវត្តមានកាំរស្មីអ៊ុយរ៉ាញ៉ូមនៅក្នុងសារធាតុគីមីផ្សេងៗគ្នានោះទេក៏ប៉ុន្តែសំខាន់ជាងនេះទៅទៀតអ្នកទាំងពីរថែមទាំងបានរកឃើញសារធាតុគីមីថ្មីស្រឡាងចំនួនពីរដែលបញ្ចេញកាំរស្មីចម្លែកនេះដោយសារធាតុទីមួយត្រូវបានគេដាក់ឈ្មោះថា « ប៉ូឡូញ៉ូម » (Po) ដោយយកតាមឈ្មោះប្រទេសកំណើតរបស់ម៉ារីគួរីគឺប៉ូឡូញ។ចំណែកសារធាតុគីមីទីពីរត្រូវបានគេដាក់ឈ្មោះថា « រ៉ាដ្យូម » (Ra) ហើយកាំរស្មីចម្លែកដែលបញ្ចេញពីសារធាតុគីមីអស់ទាំងនេះត្រូវបានម៉ារីគួរីដាក់ឈ្មោះថា« Radioactive » « វិទ្យុសកម្ម »

លទ្ធផលនៃការស្រាវជ្រាវនេះបានជួយឲ្យម៉ារីគួរីទទួលសញ្ញាបត្របណ្ឌិតវិទ្យាសាស្រ្តនៅឆ្នាំ១៩០៣ហើយនៅឆ្នាំដដែលនោះស្នាដៃនៃការរកឃើញវិទ្យុសកម្មត្រូវបានគេស្នើជាជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យា។ក៏ប៉ុន្តែពីដំបូងបេក្ខជនដែលគេស្នើប្រគល់រង្វាន់ណូបែលនេះបែរជាមិនមានឈ្មោះម៉ារីគួរីផ្ទុយទៅវិញ​​​មានឈ្មោះតែពីរនាក់ប៉ុណ្ណោះគឺអង់រីបេកឺរែលនិងព្យែរគួរី។រហូតទាល់តែក្រោយពី​​​មានការតវ៉ាពីសំណាក់ព្យែរគួរីទើបចុងក្រោយទៅគេបានសម្រេចប្រគល់រង្វាន់ណូបែលទៅឲ្យ​​អ្នកទាំង៣រួមគ្នាគឺអង់រីបេកឺរែលព្យែរគួរីនិងម៉ារីគួរី។

នៅពេលនោះម៉ារីគួរីបានក្លាយជាស្រ្តីទីមួយនៅក្នុងប្រវត្តិសាស្រ្តដែលបានទទួលរង្វាន់ណូបែលហើយ៨ឆ្នាំក្រោយមកទៀតគឺនៅឆ្នាំ១៩១១ម៉ារីគួរីត្រូវបានគេប្រគល់រង្វាន់ណូបែលថ្មីមួយទៀតដោយលើកនេះបានរង្វាន់តែម្នាក់ឯងគឺរង្វាន់ណូបែលគីមីវិទ្យាទាក់ទងនឹងការរកឃើញនិងការសិក្សាលម្អិតអំពីសារធាតុគីមី « រ៉ាដ្យូម »

ម៉ារីគួរីបានទទួលមរណភាពនៅថ្ងៃទី៤ខែកក្កដាឆ្នាំ១៩៣៤ដោយជំងឺមហារីកដែលគេគិតថាកើតឡើងដោយសារតែការចំណាយពេលច្រើនក្នុងការធ្វើពិសោធន៍ជាមួយសារធាតុដែលមានវិទ្យុសកម្ម។ក៏ប៉ុន្តែវិទ្យុសកម្មនិងសារធាតុរ៉ាដ្យូមដែលម៉ារីគួរីបានរកឃើញបានក្លាយទៅជាវិធីសាស្រ្តដ៏ចម្បងមួយដែលគេប្រើរហូតមកទល់នឹងពេលបច្ចុប្បន្ននេះនៅក្នុងការព្យាបាលជំងឺមហារីក។

នៅក្នុងវិស័យវិទ្យាសាស្រ្តទូទៅវិញមកទល់នឹងពេលបច្ចុប្បន្ននេះម៉ារីគួរីថ្វីដ្បិតតែពេលខ្លះហាក់ដូចជាត្រូវបានគេមើលរំលងបើធៀបនឹងអ្នកវិទ្យាសាស្រ្តបុរសៗក៏ប៉ុន្តែតាមការពិតទៅអ្វីដែលលោកស្រីបានរកឃើញទាំង​​ការរកឃើញ​​វិទ្យុសកម្មនិងការរកឃើញសារធាតុរ៉ាដ្យូមគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៅក្នុងវិទ្យាសាស្រ្តសម័យទំនើបជាពិសេសទ្រឹស្តីរបស់លោកស្រីដែលថាវិទ្យុសកម្មមិនមែនមានប្រភពពីធាតុគីមីណាមួយក៏ប៉ុន្តែផ្ទុយទៅវិញគឺមានប្រភពចេញពីរចនាសម្ព័ន្ធនៃអាតូមវាត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃ​​បដិវត្តន៍​​រូបវិទ្យាផ្នែករូបធាតុ(Particle physics) ពីព្រោះថាគិតមកទល់នឹងសម័យកាលនោះទ្រឹស្តីវិទ្យាសាស្រ្តជាទូទៅកំណត់ថាអាតូមគឺជាភាគល្អិតដ៏តូចបំផុតដោយមិនមានអ្វីតូចជាអាតូមទៀតនោះទេ។ក៏ប៉ុន្តែនៅក្នុងទ្រឹស្តីវិទ្យុសកម្មរបស់លោកស្រីម៉ារីគួរីអាតូមមិនមែនជាភាគល្អិតតូចជាងគេបំផុតនោះទេផ្ទុយទៅវិញអាតូមនីមួយៗមានរចនាសម្ព័ន្ធខុសៗគ្នាហើយ​​ផ្សំឡើងដោយភាគល្អិត​​ដែលកាន់តែតូចជាងនេះទៅទៀតដែលគេឲ្យឈ្មោះថា « ភាគល្អិតក្រោមអាតូម » តាមភាសាអង់គ្លេសថា « Subatomic particles »

ទ្រឹស្តីវិទ្យុសកម្មរបស់ម៉ារីគួរីបូករួមជាមួយនឹងការរកឃើញរបស់អ្នកវិទ្យាសាស្រ្តមួយចំនួនទៀតនៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នាក្នុងនោះរួមមានទាំងទ្រឹស្តីរបស់អាល់ប៊ែរអាញ់ស្តាញផងគឺ​​ជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងដំណើរវិវឌ្ឍនៃរូបវិទ្យានុយក្លេអ៊ែរដែលជាវិទ្យាសាស្រ្តដ៏សំខាន់មួយចាប់តាំងពីក្នុងសតវត្សរ៍ទី២០រហូតមកទល់នឹងសតវត្សរ៍ទី២១នេះ។

រឹតតែសំខាន់ជាងនេះទៅទៀតដំណើរជីវិតនិងស្នាដៃរបស់លោកស្រីម៉ារីគួរីក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរនៅក្នុងសង្គមជាពិសេសឥទ្ធិពលទៅលើការកែប្រែផ្នត់គំនិតទៅលើស្រ្តីក្នុងវិស័យវិទ្យាសាស្រ្ត។

ពីក្មេងស្រីដែលកើតនិងធំដឹងក្តីនៅក្នុង​​ប្រទេសដែលមនុស្សស្រីមិនទាំងត្រូវបានគេអនុញ្ញាតឲ្យចូលរៀនថ្នាក់សកលវិទ្យាល័យផងនោះម៉ារីយ៉ាស្ករដូស្កាបានតស៊ូព្យាយាមនិងពុះពារគ្រប់ឧបសគ្គរហូតបានក្លាយជាម៉ារីគួរីស្រ្តីដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តដែលទទួលពានរង្វាន់ណូបែលស្រ្តីដំបូងបង្អស់​​ដែលត្រូវបានតែងតាំងជាសាស្ត្រាចារ្យ​​នៅសកលវិទ្យាល័យសរបោនហើយគិតរហូតមកទល់នឹង​​ពេលបច្ចុប្បន្ននេះម៉ារីគួរីនៅតែជាមនុស្សតែម្នាក់គត់ (មិនថាស្រ្តីបុរស) ជាមនុស្សតែម្នាក់គត់ដែលបានទទួលរង្វាន់ណូបែលរហូតដល់ទៅ​​ពីរក្នុងមុខវិជ្ជាវិទ្យាសាស្រ្តពីរផ្សេងគ្នា

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ