អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ណាប៉ូឡេអុង​និង​វិទ្យាសាស្រ្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងឳកាស​ខួប២០០ឆ្នាំ នៃ​មរណភាព​អធិរាជ​ណាប៉ូឡេអុង នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមរៀបរាប់ អំពី​ចំណុច​ចម្បងមួយ ដែល​ជាទូទៅ​ហាក់ត្រូវបានគេមើលរំលង ទាក់ទង​នឹង​ជីវិត និង​ស្នាដៃ​របស់​ណាប៉ូឡេអុង គឺ​សមិទ្ធផល​ក្នុង​វិស័យ​វិទ្យាសាស្រ្ត។

ណាប៉ូឡេអុង គឺ​ជា​អធិរាជ​ដែល​ចូលចិត្ត​វិទ្យាសាស្រ្ត ហើយ​បានជំរុញ​វិស័យវិទ្យាសាស្រ្ត​បារាំង​ឲ្យ​ស្គាល់​ភាពរុងរឿង នៅ​ចុងសតវត្សរ៍​ទី១៨ និងដើមសតវត្សរ៍ទី១៩
ណាប៉ូឡេអុង គឺ​ជា​អធិរាជ​ដែល​ចូលចិត្ត​វិទ្យាសាស្រ្ត ហើយ​បានជំរុញ​វិស័យវិទ្យាសាស្រ្ត​បារាំង​ឲ្យ​ស្គាល់​ភាពរុងរឿង នៅ​ចុងសតវត្សរ៍​ទី១៨ និងដើមសតវត្សរ៍ទី១៩ © Public domain
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី៥ខែឧសភា ឆ្នាំ២០២១ខាងមុខនេះគឺជាខួប២០០ឆ្នាំគត់នៃមរណភាពរបស់អធិរាជណាប៉ូឡេអុងដែលត្រូវបានគេស្គាល់ជាទូទៅថាជាអធិរាជដ៏ខ្លាំងពូកែម្នាក់ជាអ្នកជំនាញខាងយុទ្ធសាស្រ្តសង្រ្គាមក៏ដូចជាខាងយុទ្ធសាស្រ្តនយោបាយហើយដែលបានដឹកនាំបារាំងឲ្យស្គាល់នូវសម័យកាលដ៏​​រុងរឿងបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។ក៏ប៉ុន្តែកាលណានិយាយអំពីភាពរុងរឿងនាសម័យកាលណាប៉ូឡេអុងនោះគេមិនអាចមិននិយាយបានទេអំពីវិស័យវិទ្យាសាស្ត្រ។

ណាប៉ូឡេអុងបូណាប៉ាតមិនមែនត្រឹមតែជាមេដឹកនាំដែលយកចិត្តទុកដាក់ជំរុញវិស័យវិទ្យាសាស្រ្តឲ្យជឿនលឿនតែប៉ុណ្ណោះទេក៏ប៉ុន្តែតាមពិតទៅណាប៉ូឡេអុងខ្លួនឯងផ្ទាល់ជាអ្នកមានចំណូលចិត្តខាងវិទ្យាសាស្រ្តហើយក៏ជាអ្នកដែលមានចំណេះដឹងខាងវិទ្យាសាស្រ្តផងដែរជាពិសេសខាងផ្នែកគណិតវិទ្យា។

គេដឹងថាណាប៉ូឡេអុងជាសិស្សដែលរៀនពូកែខាងគណិតវិទ្យាតាំងពីក្មេងហើយដោយសារតែពូកែខាងគណិតវិទ្យានេះហើយដែលណាប៉ូឡេអុងបានប្រឡងជាប់ចូលរៀននៅសាលាទាហានឈ្មោះថា Ecole militaire ដោយចំណាយពេលត្រឹមតែមួយឆ្នាំអាចរៀនចប់ហើយក្នុងវ័យត្រឹម១៦ឆ្នាំបានក្លាយជានាយទាហានមួយរូបនៅក្នុងកងកាំភ្លើងធំដែលនៅក្នុងសម័យកាលនោះត្រូវបានគេចាត់ទុកថាជាផ្នែកទ័ពដែលទាមទារចាំបាច់នូវចំណេះដឹងខាងវិទ្យាសាស្រ្តជាពិសេសខាងមេកានិចនិងគណិតវិទ្យាពីព្រោះថានៅក្នុងសម័យកាលដែលមិនទាន់មានកុំព្យូទ័រនៅឡើយការគណនាចម្ងាយគន្លងនិងថេរវេលានៃគ្រាប់ផ្លោងចាំបាច់ត្រូវធ្វើដោយដៃ។

បន្ថែមពីលើនេះទៅទៀតនៅឆ្នាំ១៧៩៧ណាប៉ូឡេអុងដែលនៅពេលនោះបានក្លាយជាមេទ័ពដ៏ឆ្នើមមួយរូបត្រូវបានគេបោះឆ្នោតបញ្ចូលជាសមាជិកវិទ្យាស្ថានមួយឈ្មោះថា Institut de France ដែលជាវិទ្យាស្ថានប្រមូលផ្តុំទៅដោយអ្នកប្រាជ្ញល្បីៗរបស់បារាំង។នៅពេលនោះណាប៉ូឡេអុងដែលទើបនឹងបានទទួលជោគជ័យក្នុងសង្រ្គាមនៅអ៊ីតាលីបានលើកឡើងនៅចំពោះមុខសមាជិកវិទ្យាស្ថានថាជោគជ័យពិតប្រាកដជោគជ័យដែលយើងគ្មានថ្ងៃនឹងស្តាយក្រោយគឺជោគជ័យទៅលើភាពអវិជ្ជា។

ណាប៉ូឡេអុងក៏​​ធ្លាប់បានលើកឡើងផងដែរថាប្រសិនបើលោកមិនធ្វើជាមេទ័ពទេនោះលោកប្រាកដជានឹងចាប់យកអាជីពជាអ្នកវិទ្យាសាស្រ្តដោយដើរតាមគន្លង​​របស់​ ​កាលីលេនិងញូតុន។

ជាការពិតយើងសង្កេតឃើញថាបើទោះបីជាមិនបានចាប់យកអាជីពជាអ្នកវិទ្យាសាស្រ្តក៏ប៉ុន្តែណាប៉ូឡេអុងនៅក្នុងអាជីពជាមេទ័បនៅតែផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើវិស័យវិទ្យាសាស្រ្តហើយឧទាហរណ៍សំខាន់មួយអំពីចំណែកនៃវិទ្យាសាស្រ្តនៅក្នុងយុទ្ធនាការកងទ័ពរបស់ណាប៉ូឡេអុងគឺសង្រ្គាមនៅអេហ្ស៊ីប។

នៅពេលដែលណាប៉ូឡេអុងលើកទ័ពចូលឈ្លានពានអេហ្ស៊ីបនៅឆ្នាំ១៧៩៨ណាប៉ូឡេអុងមិនយកតែទាហានទៅច្បាំងតែប៉ុណ្ណោះទេក៏ប៉ុន្តែក៏បានយកទៅជាមួយផងដែរអ្នកប្រាជ្ញចំនួន១៥០នាក់ទាំងអ្នកជំនាញខាងវិទ្យាសាស្រ្តវិស្វកម្មប្រវត្តិសាស្រ្តនិងបុរាណវិទ្យាគោលដៅគឺសិក្សាលម្អិតអំពីអរិយធម៌អេហ្ស៊ីបដែលធ្លាប់ជាអរិយធម៌ដ៏រុងរឿងមួយកាលពីសម័យបុរាណ។

នៅទីចុងបំផុតទៅយុទ្ធនាការនៅអេហ្ស៊ីប​​ត្រូវទទួលបរាជ័យខាងផ្នែកយោធាដោយណាប៉ូឡេអុងមិនអាចដណ្តើមកាន់កាប់អេហ្ស៊ីបបានក៏ប៉ុន្តែខាងផ្នែកវិទ្យាសាស្រ្តវិញយុទ្ធនាការនៅអេហ្ស៊ីបត្រូវបានគេចាត់ទុកថាជាជោគជ័យដ៏ចម្បងមួយដោយអ្វីដែលអ្នកវិទ្យាសាស្រ្តរបស់ណាប៉ូឡេអុងបានសិក្សាត្រូវបានគេប្រមូលយកមកចងក្រងជាសៀវភៅដែលមានចំណងជើងថា« La Description de l’égypte » ដែលក្រោយមកបានក្លាយជាឯកសារគោលនៅក្នុងការសិក្សាអំពីអរិយធម៌អេហ្ស៊ីបសម័យបុរាណ។

ក្រោយមកទៀតក្រោយពីបានឡើងកាន់តំណែងជាប្រមុខដឹកនាំបារាំងណាប៉ូឡេអុងនៅតែបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកវិទ្យាសាស្រ្តហើយវិស័យវិទ្យាសាស្រ្តនេះគឺជាផ្នែកដ៏ចម្បងបំផុតមួយ​​នៃមហាអំណាចបារាំងក្រោមការដឹកនាំរបស់ណាប៉ូឡេអុង។

ក្រោមអធិរាជណាប៉ូឡេអុងបារាំងត្រូវបានគេទទួលស្គាល់ថាជាមហាអំណាចដ៏ចម្បងមួយខាងវិទ្យាសាស្រ្តដោយអ្នកប្រាជ្ញល្បីៗជាច្រើនរបស់បារាំងគឺ​​មានប្រភពចេញពីសម័យកាល​​នោះក្នុងចំណោមនោះមានអ្នកប្រាជ្ញដ៏ល្បីល្បាញមួយរូបគឺព្យែរស៊ីម៉ុងដឺឡាផ្លាស់ (Pierre-Simon de Laplace)

ព្យែរស៊ីម៉ុងដឺឡាផ្លាស់ធ្លាប់ជាគ្រូរបស់ណាប៉ូឡេអុងកាលពីនៅសាលាទាហាន Ecole militaire ហើយក៏​​ធ្លាប់​​​​ត្រូវបានណាប៉ូឡេអុងតែងតាំងឲ្យធ្វើជា​​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមួយរយៈពេលខ្លីផងដែរ។ស្នាដៃចម្បងៗរបស់ដឺឡាផ្លាស់គឺ​​មានទាំងខាងផ្នែក​ ​គណិតវិទ្យាទ្រឹស្តីទាក់ទងនឹងប្រូបាប៊ីលីតេនិងទាំងផ្នែកតារាសាស្រ្តជាពិសេសគឺការសិក្សាលម្អិតទៅលើទ្រឹស្តីកម្លាំងទំនាញសកលរបស់អ៊ីសាក់ញូតុននិងការអនុវត្តទ្រឹស្តីកម្លាំងទំនាញទៅលើប្រព័ន្ធព្រះអាទិត្យរបស់យើង។ស្នាដៃរបស់ព្យែរស៊ីម៉ុងដឺឡាផ្លាស់ដែលមានសរសេរនៅក្នុងសៀវភៅដែលមានចំណងជើងជាភាសាបារាំងថា « Traité de mécanique céleste » ត្រូវបានគេចាត់ទុកថាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃការអនុវត្តទ្រឹស្តីគណិតវិទ្យាទៅលើវិស័យតារាសាស្រ្ត។

នៅក្នុងវិស័យគណិតវិទ្យានិងតារាសាស្រ្តនេះក្រៅពីព្យែរស៊ីម៉ុងដឺឡាផ្លាស់នៅមានអ្នកប្រាជ្ញបារាំងផ្សេងទៀតរួមមានដូចជាGaspard Monge (ដែល​​ជាអ្នកបង្កើតមែកធាងធរណីមាត្រថ្មីមួយដែលគេហៅតាមភាសាបារាំងថា Géométrie descriptive ធរណីមាត្របរិយាយ), Louis Lagrange ដែលក្រៅពីបានបង្កើតទ្រឹស្តីតារាសាស្រ្តដែលគេហៅថា « Point de Lagrange » ព្រមទាំងទ្រឹស្តីគណិតវិទ្យាមួយចំនួនផ្សេងទៀតក៏ជាអ្នកដែលចូលរួមផងដែរនៅក្នុងការបង្កើតប្រព័ន្ធខ្នាតរង្វាស់ដែលគេហៅតាមភាសាបារាំងថា « Système métrique » ដែលមានជាអាទិ៍ម៉ែត្រគីឡូក្រាម។ល។ដែលក្រោយមកបានក្លាយជាខ្នាតរង្វាស់អន្តរជាតិដែលគេប្រើជាទូទៅរហូតមកទល់នឹងសព្វថ្ងៃ។

នៅក្នុងផ្នែកគីមីវិទ្យាបន្ទាប់ពី Antoine Lavoisier ដែលជាទូទៅត្រូវបានគេចាត់ទុកថាជាបិតានៃគីមីវិទ្យាសម័យទំនើបគឺមានClaude Berthollet ដែលជាអ្នករកឃើញរូបមន្តផលិតទឹកហ្សាវែលដែលយើងបន្តប្រើរហូតមកទល់សព្វថ្ងៃ, Joseph Louis Gay-Lussac ដែលបានរកឃើញទ្រឹស្តីមួយចំនួនទាក់ទងនឹងឧស្ម័នជាពិសេសទ្រឹស្តីនៃការរីកមាឌឧស្ម័នព្រមទាំងគីមីវិទូជាច្រើនផ្សេងទៀតនៅសម័យកាលនោះរួមមាន Jean Chaptal , Antoine Fourcroy, Nicolas Vauquelin, Louis Thenard…

នៅមានអ្នកប្រាជ្ញដ៏ល្បីល្បាញមួយទៀតក្នុងសម័យកាលណានោះដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយណាប៉ូឡេអុងដែរគឺអាឡេសាន់ដ្រូវ៉ុលតា (Alessandro Volta) ដែលជាអ្នកប្រាជ្ញខាងអគ្គិសនីដ៏ល្បីក្នុងប្រវត្តិសាស្រ្តជាអ្នករកឃើញគំនិតបង្កើតថ្មពិលជាលើកដំបូងហើយឈ្មោះរបស់វ៉ុលតាត្រូវបានគេយកមកប្រើជាខ្នាតរង្វាស់តង់ស្យុងអគ្គិសនីគឺ « វ៉ុល »

អាឡេសាន់ដ្រូវ៉ុលតាមិនមែនជាអ្នកប្រាជ្ញបារាំងនោះទេគឺជាអ្នកប្រាជ្ញអ៊ីតាលីក៏ប៉ុន្តែនៅក្នុងសម័យកាលនោះអ៊ីតាលីត្រូវស្ថិតក្រោមការកាន់កាប់របស់ណាប៉ូឡេអុងហើយគេដឹងជាទូទៅថាណាប៉ូឡេអុងស្ញប់ស្ញែងស្នាដៃរបស់វ៉ុលតាហើយបានផ្តល់រង្វាន់ព្រមទាំងងារជាអភិជនកម្រិតកំពូលដល់វ៉ុលតាដើម្បីជាការលើកទឹកចិត្តនិងជំរុញការសិក្សាស្រាវជ្រាវរបស់វ៉ុលតា

ជាការពិតថាវិទ្យាសាស្រ្តនៅក្នុងសម័យណាប៉ូឡេអុងនោះមានមួយផ្នែកធំជាវិទ្យាសាស្រ្តដែលប្រើក្នុងវិស័យយោធាតម្រូវទៅតាមកាលៈទេសៈនៃមហិច្ឆតារបស់ណាប៉ូឡេអុងក្នុងការ​​ពង្រីកចក្រភពបារាំងក៏ប៉ុន្តែណាប៉ូឡេអុងដែលជាអ្នកមានចំណង់ចំណូលចិត្តខាងវិទ្យាសាស្រ្តទូទៅផ្ទាល់ខ្លួនឯងនោះក៏ធ្លាប់បានលើកឡើងផងដែរថាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាគឺជាកត្តាចម្បងមួយក្នុងការធ្វើឲ្យជីវិតកាន់តែប្រសើរឡើងលើកតម្កើងជីវភាពប្រជាជនក៏ដូចជាជាជំរុញសេដ្ឋកិច្ចជាតិរបស់បារាំង។

ការយកចិត្តទុកដាក់លើវិស័យវិទ្យាសាស្រ្តការចំណាយកញ្ចប់ថវិការរដ្ឋទៅលើវិស័យវិទ្យាសាស្រ្តជំរុញលើកទឹកចិត្តការស្រាវជ្រាវវិទ្យាសាស្រ្ត... ទាំងអស់នេះមិនត្រឹមតែបានធ្វើឲ្យវិស័យវិទ្យាសាស្រ្តបារាំងស្គាល់នូវភាពរុងរឿងតែនៅក្នុងសម័យកាលណាប៉ូឡេអុងនោះទេ។ក៏ប៉ុន្តែវាក៏ជាថ្នាលផងដែរបណ្តុះអ្នកវិទ្យាសាស្រ្តល្បីៗជាច្រើនក្រោយៗមកទៀតរាប់ចាប់តាំងពីល្វីប៉ាស្ទ័រ (Louis Pasteur) ជីវវិទូដែលរកឃើញ​​វ៉ាក់សាំង, គណិតវិទូអង់រីព័ងការ៉េ (Henri Poincaré) រហូតមកដល់ព្យែរនិងម៉ារីគួរីអ្នកប្រាជ្ញដែលបានរកឃើញសារធាតុវិទ្យុសកម្ម៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ