អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សេស៊ីលីយ៉ា ផេន៖ ស្រ្តីដែលរកឃើញថាផ្កាយមានធាតុផ្សំជាអ្វី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងប្រវត្តិនៃវិទ្យាសាស្ត្រ អ្នកប្រាជ្ញល្បីៗភាគច្រើន​បំផុត​គឺ​ជា​បុរស ក៏ប៉ុន្តែ តាមការពិត​ទៅ នៅក្នុង​ចំណោមស្រ្តី ថ្វីដ្បិត​តែ​ជាទូទៅ​ត្រូវបាន​គេ​មើលរំលង ក៏មាន​អ្នកប្រាជ្ញ​ដ៏ពូកែៗផងដែរ ដោយក្នុងករណីខ្លះ ភាពល្បីល្បាញ​របស់​អ្នកប្រាជ្ញ​ជាបុរសៗ គឺ​មាន​មូលដ្ឋានគ្រឹះ​ចេញ​ពី​របកគំហើញ​របស់​ស្រ្តី។ នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង អំពី​ប្រវត្តិ​របស់​ស្រ្តី​មួយរូប ឈ្មោះថា សេស៊ីលីយ៉ា ផេន (Cecilia Payne) ដែល​ជា​អ្នករកឃើញថា ព្រះអាទិត្យ​របស់​យើង ក៏ដូចជា​ផ្កាយផ្សេងទៀត​មាន​ធាតុផ្សំ​ជាអ្វី។

សេស៊ីលីយ៉ា ផេន (Cecilia Payne)
សេស៊ីលីយ៉ា ផេន (Cecilia Payne) © Public domain
ផ្សាយពាណិជ្ជកម្ម

ព្រះអាទិត្យ​គឺ​ជា​ប្រភពនៃជីវិត​លើ​ភពផែនដី ហើយ​ជាជាតួអង្គដ៏សំខាន់ នៅ​ក្នុង​ប្រវត្តិ​របស់​មនុស្សជាតិយើង។ ក៏ប៉ុន្តែ កាល​ពី​មុន ក្នុងរយៈពេល​រាប់ពាន់ រាប់ម៉ឺនឆ្នាំ​ ព្រះអាទិត្យ​ស្ថិត​នៅ​ជា​អាថ៌កំបាំង​ដ៏​ធំបំផុត​មួយ​ ដោយ​មិនមាន​អ្នកណា​ម្នាក់​ដឹងបាន​នោះទេ​ថា តើ​ព្រះអាទិត្យ​គឺ​ជា​អ្វីពិតប្រាកដ ហើយ​រហូតដល់​អារ្យធម៌​សម័យបុរាណ​ខ្លះ គោរពបូជា​ព្រះអាទិត្យ ដោយ​ចាត់ទុក​ថា ជាព្រះអាទិទេព។

រហូត​ទាល់តែ​មកដល់​ដើមសតវត្សរ៍​ទី២០​​ទើប​ គេអាចដឹង​បាន​ថា ព្រះអាទិត្យ​របស់​យើង​នេះ តាមពិតទៅ គឺគ្រាន់តែ​ជា​ផ្កាយ​មួយដួង ក្នុង​ចំណោម​ផ្កាយ​ផ្សេងទៀត​តែ​ប៉ុណ្ណោះ ហើយ​លើសពីនេះ​ទៅទៀត គេ​ថែម​ទាំងអាច​ដឹង​បាន​ទៀតផង​ថា ទាំងព្រះអាទិត្យ និង​ទាំងផ្កាយ​អស់ទាំងនេះ គឺ​ជា​ដុំស្វ៊ែរឧស្ម័ន ដែល​មាន​ធាតុផ្សំ​​ចម្បងជា​ឧស្ម័ន​អ៊ីដ្រូសែន (H) និង​អេល្យូម (He)។

ការរកឃើញ​ធាតុផ្សំ​របស់​​ព្រះអាទិត្យ​ ដែល​ស្ថិត​នៅចម្ងាយរហូតដល់​ទៅ ១៥០លាន​គីឡូម៉ែត្រ ក៏ដូចជា​​ផ្កាយ​ផ្សេងទៀត ដែល​​ស្ថិត​នៅ​ចម្ងាយ​​រហូតដល់​ទៅ​រាប់ឆ្នាំពន្លឺ​នោះ គឺ​ជា​ស្នាដៃ​របស់​ស្រ្តីដ៏ឆ្នើម​មួយរូប ក្នុងវិស័យតារាសាស្រ្ត គឺ សេស៊ីលីយ៉ា ផេន។

សេស៊ីលីយ៉ា ផេន កើតនៅថ្ងៃទី១០ ឧសភា ឆ្នាំ១៩០០ នៅក្នុង​ប្រទេស​អង់គ្លេស ហើយ​នៅពេល​ដែល​សេស៊ីលីយ៉ា​មានអាយុទើប​នឹង​បាន ៤ឆ្នាំ ឪពុកត្រូវស្លាប់ចោល បន្សល់ទុកតែម្តាយ ដែល​ត្រូវ​រ៉ាប់រងបន្ទុក​ចិញ្ចឹមកូន​ទាំង៣នាក់។

នៅឆ្នាំ១៩១៨ នៅក្នុងវ័យ ១៨ឆ្នាំ សេស៊ីលីយ៉ា​បាន​ទទួល​អាហារូបករណ៍ ទៅរៀន​នៅ​សកលវិទ្យាល័យ​ដ៏ល្បីល្បាញ​មួយ​នៅអង់គ្លេស​ គឺ​សកលវិទ្យាល័យ​ខេមប្រ៊ិច ក៏ប៉ុន្តែ នៅពេលនោះ សេស៊ីលីយ៉ា​មាន​ឈ្មោះ​ត្រឹមតែអាចចូលស្តាប់ការ​បង្រៀន​តែប៉ុណ្ណោះ ដោយ​មិន​អាច​ទទួលសញ្ញាបត្រ​បាននោះទេ ដោយសារ​តែពេលនោះ សកលវិទ្យាល័យ​ខេមប្រ៊ិច​មានគោលនយោបាយមួយ គឺ​មិន​អនុញ្ញាត​ឲ្យស្រ្តី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​ឧត្តមសិក្សា​នោះទេ។

ទោះជាយ៉ាងណា ការសិក្សា​នៅ​សកលវិទ្យាល័យ​ខេមប្រ៊ិច​នោះ បាននាំមកនូវការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ដំណើរជីវិត និង​អាជីព​ជា​អ្នក​វិទ្យាសាស្រ្ត​របស់​សេស៊ីលីយ៉ាផេន។

​នៅក្នុងអំឡុងពេលនោះ នៅសកលវិទ្យាល័យ​ខេមប្រ៊ិច មាន​សាស្រ្តាចារ្យ និង​ជា​តារាវិទូ​ដ៏ល្បីល្បាញ​មួយ​រូប គឺ​លោក អាធ័រ អេឌីងថុន (Arthur Eddington) ដែល​ត្រូវបានគេ​ស្គាល់ជាទូទៅ​ថា​ជា​អ្នក​ដែល​បានរកឃើញ​ភស្តុតាង​ជាក់ស្តែង បញ្ជាក់​ពី​ភាពត្រឹមត្រូវ នៃ​ទ្រឹស្តី General Relativity របស់​អាល់ប៊ែរ អាញ់ស្តាញ… ភស្តុតាង​ដែល​រកឃើញ​តាមរយៈ​ការ​សង្កេត​មើល​សូរ្យគ្រាស នៅឆ្នាំ១៩១៩។

នៅថ្ងៃមួយ សេស៊ីលីយ៉ា ផេន បាន​ចូល​ស្តាប់ការ​បង្រៀន​របស់​ អាធ័រ អេឌីងថុន អំពី​បេសកកម្ម​ទៅសង្កេតមើល​សូរ្យគ្រាស​នេះ ហើយ​នៅក្រោយ​ពេល​ដែល​បាន​ស្តាប់​ការ​បង្រៀន​របស់​ អាធ័រ អេឌីងថុន​ នោះហើយ ដែល​សេស៊ីលីយ៉ា ផេន បាន​ដក់ចិត្ត​នឹង​វិស័យតារាសាស្រ្ត ហើយ​​កំណត់​គោលដៅ​ក្នុងជីវិត​ថា ចង់ចាប់យក​អាជីព​ជា​តារាវិទូ។

ដោយសារ​តែ​នៅពេលនោះ សកលវិទ្យាល័យ​ខេមប្រ៊ិច ក៏ដូចជា​សាលាផ្សេងទៀត​នៅ​អង់គ្លេស មិន​អនុញ្ញាត​ឲ្យ​ស្រ្តី​រៀនដល់ថ្នាក់​ឧត្តមសិក្សា នៅឆ្នាំ១៩២៣ (ក្នុងវ័យ ២៣ឆ្នាំ) សេស៊ីលីយ៉ា ផេន បាន​ចាក​ចេញ​ពី​អង់គ្លេស ដើម្បី​ទៅបន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ហាវ៉ាដ (​Harvard) នៅសហរដ្ឋ​អាមេរិក ដោយនៅទីនោះ សេស៊ីលីយ៉ា ផេន បានចុះឈ្មោះ​រៀនថ្នាក់បណ្ឌិត ហើយជ្រើសរើស​យកការ​ស្រាវជ្រាវទៅលើ​ស្រទាប់បរិយាកាស​របស់ផ្កាយ មកធ្វើ​ជា​ប្រធានបទ​និក្ខេបបទបណ្ឌិត។

តាមការពិត គិតមកទល់នឹងពេលនោះ សកលវិទ្យាល័យហាវ៉ាដ​មិនត្រឹមតែ​មាន​ផ្នែកពិសេស​សម្រាប់សិស្សស្រី ហើយ​អនុញ្ញាត​ឲ្យ​ស្រ្តីរៀនដល់​ថ្នាក់បណ្ឌិតនោះទេ ក៏ប៉ុន្តែ ថែមទាំង​មាន​ក្រុមអ្នកស្រាវជ្រាវមួយ ដែល​មាន​សមាជិកសុទ្ធតែ​ជា​ស្រ្តី (ហើយ​ដែល​គេ​ឲ្យឈ្មោះ​ថា « Harvard Computer »)។

មុខងារ​ចម្បង​របស់​ក្រុមស្រាវជ្រាវ​នេះ គឺ​វិភាគទិន្នន័យ​ ដែលបាន​មក​ពី​ការសង្កេត​ដោយ​តេឡេស្កុប ហើយ​ក្នុងការ​សង្កេត និង​វិភាគទិន្នន័យ​នេះ គេ​មើលលម្អិតទៅលើ​ពន្លឺ​របស់​ផ្កាយ ដោយ​ប្រើ​វិធីសាស្រ្ត​មួយ ដែលគេ​ឲ្យ​ឈ្មោះ​ថា « ស្ប៉ិចត្រូស្កូពី » (Spectroscopy) ហើយដែលត្រូវបាន​រកឃើញ កាលពីដើមសតវត្សរ៍​ទី១៨ ដោយ​អ្នកប្រាជ្ញអាល្លឺម៉ង់ឈ្មោះ ចូសែហ្វ វ៉ុន ហ្វ្រោនហូហ្វ័រ។

តាមការពិតទៅ ចាប់តាំង​ពី​សម័យកាល​ញូតុន​មក គេ​ដឹង​ថា ពន្លឺ​ពីព្រះអាទិត្យ ក៏ដូចជា​ពន្លឺ​ពីផ្កាយ​ផ្សេងទៀត ដែល​គេមើលទៅឃើញ​ពណ៌ ស នោះ នៅពេល​ដែល​​​ចាំងកាត់​តាម​កែវព្រីស វា​ត្រូវ​បែងចែក​ចេញ​ជា​ពណ៌​ចម្រុះ ​ដូចគ្នា​ទៅនឹង​ពណ៌​របស់​ឥន្ទធនូ ហើយ​បើ​សិន​ជា​គេមើល​តាម​តេឡេស្កុប ពណ៌​ទាំងនេះ​ក៏​​មិនមាន​សភាព​ភ្លឺ​រលោង​ជាប់ៗគ្នា​​នោះដែរ ផ្ទុយ​ទៅវិញ វា​ត្រូវ​កាត់ផ្តាច់​ជា​ដុំៗ ដោយ​ខ្សែឆ្នូត​ខ្មៅ​ជាច្រើន​​​បញ្ឈរតម្រៀបគ្នា ប្រៀបបាន​ទៅនឹង​កូតបារ (Code-barres/Barcode) ដែលមាន​លក្ខណៈ​ពិសេស​ខុសៗគ្នា​ពីផ្កាយ​មួយ​ទៅផ្កាយ​មួយ។

តាមរយៈការសង្កេតមើល​លក្ខណៈពិសេស​ផ្សេងៗគ្នា​នេះ អានី ខាណុន (Annie Jump Cannon) តារាវិទូដ៏ឆ្នើម​ម្នាក់ នៅក្នុង​ក្រុមស្រាវជ្រាវស្ត្រី​របស់​សកលវិទ្យាល័យ​ហាវ៉ាដ បាន​បែងចែកផ្កាយទៅតាម​ប្រភេទ​ផ្សេងៗគ្នា ដោយ​ប្រភេទនីមួយៗ​សម្គាល់​ទៅដោយ​អក្សរ O, B, A, F, G, K, M។ ក៏ប៉ុន្តែ នៅពេលនោះ អានី ខាណុន នៅមិនទាន់ដឹង​នៅឡើយទេ​ថា តើ​ហេតុអ្វី​បានជា​ផ្កាយ​មាន​ពន្លឺ​តាម​ស្ប៉ិចត្រូស្កូពី​ខុសៗគ្នាបែបនេះ? ហើយ​​ក៏មិនទាន់ដឹង​នៅឡើយ​ដែរ​ថា តើ​ប្រភេទ​ផ្កាយ​​ទាំងប៉ុន្មាន​ខាងលើ​នេះ​មាន​អត្ថន័យ​យ៉ាងណា​ពិតប្រាកដ?

នៅពេលដែល​សេស៊ីលីយ៉ា ផេន មកដល់ហាវ៉ាដ ហើយ​សិក្សាលម្អិត​ទៅលើ​ស្រទាប់បរិយាកាស​ និង​សីតុណ្ហភាព​របស់​ផ្កាយ ក៏​បានរកឃើញ​ថា តាមការពិត​ទៅ ប្រភេទផ្កាយ ដែល​អានី ខាណុន បាន​បែងចែក​នេះ គឺ​វា​ត្រូវទៅនឹង​កម្រិត​សីតុណ្ហភាព​របស់​ផ្កាយ គឺផ្កាយក្នុងប្រភេទ O មាន​សីតុណ្ហភាព​ក្តៅជាងគេ (គឺប្រភេទផ្កាយខៀវ) ចំណែក​ផ្កាយ​ក្នុង​ប្រភេទ M មានសីតុណ្ហភាពទាបជាងគេ (គឺប្រភេទផ្កាយក្រហម)។

ប្រភេទផ្កាយ ទៅតាម​កម្រិត​សីតុណ្ហភាព​នេះ ត្រូវបានគេ​យក​មកប្រើ ហើយ​បន្តប្រើ​ រហូតមកទល់នឹង​បច្ចុប្បន្ន​នេះ ដោយ​ក្នុង​នោះ ព្រះអាទិត្យ​របស់​យើង ស្ថិត​នៅ​ក្នុងប្រភេទ G ផ្កាយស៊ីរីយូស ឬផ្កាយឆ្កែ ស្ថិត​នៅក្នុង​ប្រភេទ B ចំណែកផ្កាយ​បេតែលជូស ដែល​ជា​ផ្កាយយក្សក្រហម​ស្ថិត​ក្នុង​ផ្កាយយាមនង្គ័ល គឺស្ថិត​នៅក្នុង​ប្រភេទ M។

តាមការពិតទៅ សេស៊ីលីយ៉ា ផេន មិនត្រឹមតែ​បានរកឃើញ​ទំនាក់ទំនង រវាង​កម្រិត​សីតុណ្ហភាព និង​ប្រភេទ​របស់​ផ្កាយ​នេះ​ទេ ក៏ប៉ុន្តែ ស្នាដៃ​រឹតតែសំខាន់ជាងនេះ​ទៅទៀត គឺ​ការ​រកឃើញ​ធាតុផ្សំ​របស់​ព្រះអាទិត្យ ក៏ដូចជាផ្កាយ​ផ្សេងទៀត។

គិតមកទល់​នឹង​ដើម​សតវត្សរ៍​ទី២០​នោះ អ្នកវិទ្យាសាស្រ្ត​ជាទូទៅ​គិត​ថា ព្រះអាទិត្យ​ក៏មាន​ធាតុផ្សំ​ចម្រុះគ្នា​ដូចជា​ភពផែនដី​យើង​នេះដែរ គ្រាន់តែ​មាន​សីតុណ្ហភាព​ខ្ពស់​ជាង​តែប៉ុណ្ណោះ។ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា ប្រសិនបើ​ភពផែនដី​របស់​យើង​នេះ អាច​មាន​សីតុណ្ហភាពក្តៅខ្លាំង​ស្មើនឹង​ព្រះអាទិត្យ​នោះ ផែនដី​ក៏នឹង​អាចមានលក្ខណៈ​ដូច​ព្រះអាទិត្យ​នោះដែរ។

សេស៊ីលីយ៉ា ផេនវិញ បាន​រកឃើញ​ថា ព្រះអាទិត្យ ក៏ដូចជាផ្កាយ​ផ្សេងទៀត ថ្វីដ្បិតតែមាន​សារធាតុ​​ស្រដៀងនឹង​​ធាតុផ្សំ​ភពផែនដី​យើងពិតមែន ក៏ប៉ុន្តែ ធាតុផ្សំ​ដែល​ស្រដៀងនឹង​ភពផែនដីនោះ គឺគ្រាន់តែ​ជា​ចំណែក​ដ៏តូចមួយ​តែប៉ុណ្ណោះ។ រីឯធាតុផ្សំចម្បង ដែលមាន​អត្រាដ៏ច្រើន​លើសលុបបំផុតនោះ គឺ​ជាឧស្ម័ន​អ៊ីដ្រូសែន និង​អេលីយ្យូម។

នៅឆ្នាំ១៩២៥ ក្នុងវ័យ​ទើបនឹង​ ២៥ឆ្នាំ សេស៊ីលីយ៉ា ផេន បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ដោយជោគជ័យ ហើយ​ក្លាយ​ជា​ស្រ្តីដំបូង​បង្អស់ ដែល​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​ពី​សកលវិទ្យាល័យ​ហាវ៉ាដ។ ក៏ប៉ុន្តែ ពីដំបូង​នោះ សេចក្តីសន្និដ្ឋាន​របស់ សេស៊ីលីយ៉ា ផេន ដែលថា ព្រះអាទិត្យ និង​ផ្កាយ មាន​ធាតុផ្សំ​ចម្បងបំផុត​ជា​អ៊ីដ្រូសែន និង​អេលីយ្យូម​នោះ មិនត្រូវបាន​គេ​ទទួល​យក​នោះទេ ដោយសារ​តែ​វាផ្ទុយ​ពីអ្វីដែល​គេ​ធ្លាប់​ដឹង​។

រហូតទាល់តែ​ជាច្រើន​ឆ្នាំក្រោយ​មកទៀត ទើបគេ​ទទួលស្គាល់​ថា អ្វីដែល​សេស៊ីលីយ៉ា ផេន រកឃើញ​នោះ គឺ​ពិតជា​ត្រឹមត្រូវ ហើយ​រហូត​មកទល់នឹង​សព្វថ្ងៃនេះ តាមរយៈការសិក្សា​ដោ​យប្រើ​បច្ចេកវិទ្យា និង​ឧបករណ៍​ទំនើបៗ គេ​អាច​បញ្ជាក់បាន​យ៉ាងពិតប្រាកដ​ថា អ៊ីដ្រូសែន និង​អេលីយ្យូម មិនត្រឹមតែ​ជា​ធាតុផ្សំ​ចម្បង​របស់​​ផ្កាយ​នោះទេ ក៏ប៉ុន្តែ​ជាងនេះ​ទៅទៀត នៅ​ក្នុង​ចក្រវាល​របស់​យើង​​ទាំងមូល គឺ​អ៊ីដ្រូសែន និង​អេល្យូម​នេះ​ឯង ដែល​ជា​សារធាតុ​ដែល​មាន​បរិមាណ​ច្រើន​លើសលុប​ជាងគេបំផុត៕

 

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ