អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ហិនរីយេតា លេវីត៖ ស្រ្តីដែលរកឃើញវិធីវាស់ទំហំចក្រវាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសប្តាហ៍នេះ សេង ឌីណា សូមលើកឡើង អំពីប្រវត្តិស្រ្តីអ្នកវិទ្យាសាស្រ្ត​ដ៏ឆ្នើម​មួយរូបទៀត គឺលោកស្រី ហិនរីយេតា លេវីត ដែល​ស្នាដៃរបស់លោកស្រី គឺ​ជា​ចំណុចចាប់ផ្តើម​ដ៏​សំខាន់មួយ ជួយ​ឲ្យ​គេ​អាច​វាស់ចម្ងាយ​ក្នុងទីអវកាស​បាន​ឆ្ងាយ រហូត​អាច​ពង្រីក​ចំណេះដឹង​ទៅ​ផុត​ពី​កាឡាក់សាក់ស៊ីមីលគីវេ។

ហិនរីយេតា លេវីត (Henrietta Leavitt)
ហិនរីយេតា លេវីត (Henrietta Leavitt) © ESA/HUBBLE
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ១៩២៥ តារាវិទូអាមេរិក​ឈ្មោះ អ៊ែដវីន ហឺបល បានរកឃើញ​ថា អង់ដ្រូម៉ែដ ដែលពីមុន​ត្រូវបាន​គេ​សន្មត់ថា​គ្រាន់តែ​ជា​នេប៊ុយឡាមួយ នៅក្នុង​កាឡាក់ស៊ីមីលគីវេ​របស់​យើងនោះ តាមការពិតទៅ គឺ​ជា​កាឡាក់ស៊ី​មួយផ្សេង ហើយ​តាមការពិត​ទៅ ចក្រវាល​របស់យើង​នេះ​ក៏​មិនមែន​មាន​ទំហំ​​ត្រឹម​មីលគីវេ ដូចអ្វីដែល​មនុស្ស​យើង​ធ្លាប់​គិតពីមុនមកនោះដែរ។

អ្វីដែល អ៊ែដវីន ហឺបល បានរកឃើញ​នៅពេលនោះ គឺ​ជា​ចំណុ​ច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ ដែលនាំ​ទៅដល់​ការ​រកឃើញ​កាឡាក់ស៊ី​​ជាច្រើន​ផ្សេងទៀត ហើយចំណេះដឹង​របស់​មនុស្សជាតិយើង​ទៅលើចក្រវាល​ក៏​បាន​ពង្រីកព្រំដែន​ចេញ​ពី​មីលគីវេ រហូតទៅដល់​ចម្ងាយ​រាប់ពាន់លាន​ឆ្នាំ​ពន្លឺ។

អ៊ែដវីន ហឺបល ត្រូវ​បាន​ជាប់ឈ្មោះ​ជា​តារាវិទូ​ដ៏ឆ្នើម​មួយរូប ហើយ​រហូត​ត្រូវ​បានគេ​យក​ឈ្មោះ​ទៅដាក់​ឲ្យ​តេឡេស្កុបអវកាស គឺតេឡេស្កុបអវកាស​ហឺបល… ក៏ប៉ុន្តែ តាមការពិត​ទៅ អ្វីដែល​អ៊ែដវីន ហឺបល បានរកឃើញ​ គឺ​មិន​អាច​ធ្វើ​ទៅរួចទេ ប្រសិនបើ​គ្មាន​តារាវិទូ​មួយរូបទៀត ដែល​ជាទូទៅ គេមិនសូវ​ជា​ឮឈ្មោះច្រើន គឺ​ លោកស្រី ហិនរីយេតា លេវីត។

ហិនរីយេតា លេវីត កើតនៅឆ្នាំ១៨៦៨ នៅក្នុងរដ្ឋម៉ាសាជូសែត សហរដ្ឋ​អាមេរិក ហើយ​ក្រោយពីបាន​​​បញ្ចប់ការសិក្សា​ផ្នែក​តារាសាស្រ្ត​ពី​សកលវិទ្យាល័យ​ហាវ៉ាដ ហិនរីយេតា លេវីត បាន​ចូល​ធ្វើការ​នៅក្នុងក្រុមស្រាវជ្រាវ​មួយ​នៅ​ហាវ៉ាដ… ក្រុមស្រាវជ្រាវ ដែល​មាន​សមាជិក​សុទ្ធតែជាស្រ្តី ហើយដែល​​គេស្គាល់ជាទូទៅ​ថា « Harvard Computers »។

​មុខងារ​ចម្បង​របស់​ក្រុមស្រាវជ្រាវនេះ គឺ​ធ្វើ​ត្រឹមជា​អ្នក​​វិភាគទិន្នន័យ​ ដែលបាន​មក​ពី​ការសង្កេត​ដោយ​តេឡេស្កុប​ប៉ុណ្ណោះ ដោយ​នៅពេលនោះ ស្រ្តី​មិនត្រូវបានគេ​អនុញ្ញាត​ឲ្យ​ប្រើតេឡេស្កុប​ដោយ​ខ្លួនឯងនោះទេ។

​មែនទែនទៅ សកលវិទ្យាល័យហាវ៉ាដ​បាន​បង្កើត​ក្រុមស្រាវជ្រាវស្ត្រីនេះឡើង គឺ​ដោយសារ​តែ​ទិន្នន័យ​ដែល​បាន​ពីតេឡេស្កុប​នៅពេលនោះ​មាន​បរិមាណច្រើន​ពេក ដែល​ទាមទារ​ចាំបាច់​ឲ្យ​មាន​មនុស្សច្រើន​មកវិភាគ ហើយ​នៅពេលនោះ ការជួល​អ្នកវិទ្យាសាស្រ្ត​ជាស្រ្តី​ឲ្យមកធ្វើការ ត្រូវ​បង់ប្រាក់ឈ្នួល​តិចតួច បើធៀបទៅនឹង​អ្នកវិទ្យាសាស្រ្ត​ជា​បុរស។

នៅឆ្នាំ១៩០៣ នៅពេលដែល ហិនរីយេតា លេវីត ចាប់ផ្តើម​ចូលធ្វើការ… ​នៅ​ក្នុងក្រុមស្រាវជ្រាវស្រ្តី​នៃ​សកលវិទ្យាល័យហាវ៉ាដនោះ មានរៀមច្បង​ជា​តារាវិទូដ៏ឆ្នើម​ម្នាក់រួចទៅហើយ គឺ អានី ខាណុន (Annie Jump Cannon) ដែល​ជា​អ្នក​ចាត់ចំណាត់ថ្នាក់​ផ្កាយ​ទៅតាមស្ប៉ិចត្រូស្កូពី​នៃ​ពន្លឺ។ ក៏ប៉ុន្តែ នៅពេលនោះ ហិនរីយេតា លេវីត ត្រូវបាន​នាយកក្រុមស្រាវជ្រាវ​ចាត់ឲ្យ​ធ្វើការ​ទៅលើ​រឿងផ្សេងមួយទៀត គឺ​វិភាគ​ទិន្នន័យ អំពីផ្កាយ​ដែល​មាន​ពន្លឺប្រែប្រួល​ជាប់ជាប្រចាំ ហើយ​ដែល​គេ​ឲ្យឈ្មោះ​ថា « សេហ្វេអ៊ីដ » (Cepheid variable)។

ផ្កាយប្រភេទ​សេហ្វេអ៊ីដនេះ ដែល​ត្រូវ​បាន​គេ​រកឃើញ​ជា​ដំបូង កាលពីឆ្នាំ១៧៨៤ មានលក្ខណៈពិសេសមួយ គឺ​វាមាន​ពន្លឺប្រែប្រួល​ជាលក្ខណៈទៀងទាត់ ម្តងភ្លឺខ្លាំង ម្តងភ្លឺតិច ដោយ​វដ្ត​នៃ​បម្រែបម្រួល​ពន្លឺនេះ ពោលគឺ ថេរវេលា​ចាប់ពីពេល​ពន្លឺថយចុះដល់កម្រិតទាបបំផុត រហូតដល់​ពេល​ពន្លឺ​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត វាអាច​មាន​រយៈពេល​ត្រឹម ១ថ្ងៃ​សម្រាប់ផ្កាយខ្លះ ចំណែកផ្កាយខ្លះទៀត វាអាច​មានរយៈពេល​រហូតដល់​ទៅ រាប់ខែក៏មាន។

នៅក្នុងអំឡុងរយៈពេល​ប្រមាណ​ជា ៥ឆ្នាំ ហិនរីយេតា លេវីត បានរកឃើញ​ផ្កាយ​ប្រភេទ​សេហ្វេអ៊ីដ​នេះ​រហូតដល់​ទៅ​ ១៧៧៧​ផ្កាយ ហើយ​លើសពីនេះ​ទៅទៀត នៅ​ឆ្នាំ១៩០៨ ហិនរីយេតា លេវីត បានរកឃើញថា បម្រែបម្រួល​នៃ​ពន្លឺ​របស់​ផ្កាយ​ប្រភេទ​សេហ្វេអ៊ីដ​នេះ វា​មិនមែន​ជា​រឿង​ចៃដន់​នោះទេ តែតាមការពិត​ទៅ គឺវាមានទំនាក់ទំនង​ជាមួយ​នឹង​ទំហំ និង​ពន្លឺពិតប្រាកដ​របស់​ផ្កាយ ដោយ​ផ្កាយ​ដែល​មាន​វដ្ត​នៃ​បម្រែបម្រួលពន្លឺ​​ក្នុងថេរវេលា​ខ្លី គឺ​ជា​ផ្កាយ​ដែល​មាន​ពន្លឺ​តិច​ ហើ​យ​ផ្កាយ​ដែល​មាន​វដ្តនៃបម្រែបម្រួល​ពន្លឺ​​ក្នុងថេរវាលា​កាន់តែវែង គឺ​ជាផ្កាយ​ដែលមាន​ពន្លឺ​កាន់តែ​ខ្លាំង។

ទ្រឹស្តី​នៃ​ទំនាក់ទំនង​រវាង​បម្រែបម្រួល​ពន្លឺ​ និង​កម្រិត​ពន្លឺពិតប្រាកដ​របស់​ផ្កាយ​នេះ ត្រូវបានគេ​ឲ្យឈ្មោះ​ថា « ទ្រឹស្តីលេវីត » ឬ « Leavitt Law » ហើយ​តាមរយៈ​ការ​អនុវត្ត​ទ្រឹស្តី​លេវីត​នេះ ទៅលើ​ផ្កាយប្រភេទ​សេហ្វេអ៊ីដ ដែល​គេ​ដឹង​ពី​ចម្ងាយ​របស់​វា​រួចទៅហើយ តាមរយៈ​ការ​វាស់​ដោយ​ប្រើ​វិធី​ប៉ារ៉ាឡាក់ (Parallax) គេក៏​អាច​បង្កើត​ជា​ស្តង់ដា​មួយ ​កំណត់​ថា ផ្កាយសេហ្វេអ៊ីដ ដែលមាន​ថេរវេលា​នៃ​បម្រែបម្រួល​ពន្លឺ​ប៉ុណ្ណា ត្រូវ​មាន​កម្រិតពន្លឺពិតប្រាកដ​ប៉ុណ្ណា ហើយចេញពី​ការ​ដឹង​អំពី​កម្រិតនៃ​ពន្លឺដើម​របស់​ផ្កាយ​នេះហើយ ដែល​គេ​អាច​វាស់ចម្ងាយ​របស់​ផ្កាយបាន តាមរយៈ​ការប្រៀបធៀប​ជាមួយ​នឹង​កម្រិតពន្លឺ​របស់​ផ្កាយ ដែល​គេ​សង្កេតឃើញ ពី​ភពផែនដី​នេះ​ទៅ។

គេ​ដឹង​ថា ផ្កាយ ក៏ដូចជា​ប្រភពពន្លឺផ្សេងទៀត​ដែរ… ផ្កាយដែលមានពន្លឺដើមស្មើគ្នា ផ្កាយដែលនៅក្បែរយើង យើង​អាច​​​មើ​លឃើញ​ភ្លឺ​​ខ្លាំង​ជាង ហើយ​ផ្កាយដែលស្ថិត​​នៅ​កាន់តែ​ឆ្ងាយ​ពី​យើង យើង​ក៏​នឹង​មើល​ឃើញ​ពន្លឺ​របស់​វា​កាន់តែ​តិច​ទៅ​តាម​នោះដែរ​ ហើយការ​ថយចុះ​នៃ​កម្រឹត​ពន្លឺ​ដែល​យើង​សង្កេតឃើញ​នេះ វា​សមាមាត្រ​ទៅនឹង​ការ៉េ​នៃ​ចម្ងាយ ទៅតាម​ច្បាប់​មួយ ដែល​គេ​ឲ្យ​ឈ្មោះតាម​ភាសា​អង់គ្លេស​ថា « Inverse square law » (ឬតាមភាសាបារាំង Loi en carré inverse)។

ដូច្នេះ ប្រសិនបើ​គេអាច​ដឹង​អំពី​កម្រិតពន្លឺពិត​របស់​ផ្កាយ ហើយ​យកមកប្រៀបធៀបនឹង​កម្រិត​នៃ​ពន្លឺ ដែល​គេ​សង្កេតឃើញ​ពី​ភពផែនដី​នេះ​ទៅ គេ​នឹង​អាច​គណនា​រកឃើញ​ថា តើ​ផ្កាយនោះ​នៅ​ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណា​ពីយើង។

ចេញពីទ្រឹស្តី​ទំនាក់ទំនង រវាង​បម្រែបម្រួល និងកម្រិតពន្លឺពិត​របស់ផ្កាយ ដែលរកឃើញ​ដោយ ហិនរីយេតា លេវីត​នេះហើយ ដែល​នៅ​ឆ្នាំ១៩២៥ អ៊ែដវីន ហឺបល បាន​រកឃើញ និង​វាស់​ចម្ងាយ​​ផ្កាយប្រភេទ​សេហ្វេអ៊ីដ​ នៅ​ក្នុង​បណ្តុំផ្កាយអង់ដ្រូម៉ែដ ហើយរកឃើញ​ថា ផ្កាយទាំងនេះ​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​​ទៅ​រាប់លាន​ឆ្នាំ​ពន្លឺ​ឯណោះ ពោលគឺ វា​ត្រូវ​ស្ថិត​នៅ​ក្រៅ​​កាឡាក់ស៊ី​មីលគីវេ​របស់​យើង ដែល​មាន​មុខកាត់​ត្រឹមតែប្រមាណ​ជា ១០ម៉ឺន​ឆ្នាំពន្លឺ​ប៉ុណ្ណោះ។

ការរកឃើញ​របស់ អ៊ែដវីន ហឺបល​​នោះ ត្រូវបានគេ​ចាត់ទុក​ថា​ជា​ចំណុចរបត់​ដ៏សំខាន់​មួយ នៅក្នុង​ចំណេះដឹង​របស់​មនុស្ស​ជាតិ​ទៅលើ​ចក្រវាល ដែល​តាំងពី​រាប់ពាន់ឆ្នាំមកហើយ គេគិត​ថា អ្វីៗ​មាន​ត្រឹមតែ​នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវេ​របស់​យើង។ អ៊ែដវីន ហឺបល ដែល​បាន​ប្រើ​ទ្រឹស្តី​របស់​ ហិនរីយេតា លេវីត ដើម្បី​វាស់ចម្ងាយផ្កាយ​​ក្នុង​កាឡាក់ស៊ី​អង់ដ្រូម៉ែដ​នេះ ធ្លាប់បាន​លើកឡើង​ថា ហិនរីយេតា លេវីត ស័ក្តិសម​នឹង​ទទួលបាន​រង្វាន់ណូបែល​ចំពោះ​ការ​រកឃើញ​របស់​លោកស្រី ហើយ​ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត សមាជិក​រាជបណ្ឌិតសភា​ស៊ុយអែត​​ក៏​គ្រោង​ស្នើ​ផ្តល់​រង្វាន់ណូបែល​ដល់ ហិនរីយេតា លេវីត​ផងដែរ ក៏ប៉ុន្តែ ទម្រាំតែ​ដល់​ពេលនេះ ហិនរីយេតា លេវីត បាន​ទទួលមរណភាព​បាត់ទៅហើយ… ទទួលមរណភាព ដោយជំងឺមហារីក នៅ​ឆ្នាំ​១៩២១ នៅក្នុងវ័យ ៥៣ឆ្នាំ។

តាមការពិត​ទៅ ហិនរីយេតា លេវីត ទទួលមរណភាព តាំង​ពី​មុន​ពេល​ដែល អ៊ែដវីន ហឺបល រកឃើញ និងវាស់ចម្ងាយ​ផ្កាយ​ក្នុង​កាឡាក់ស៊ីអង់ដ្រូម៉ែដ​ទៅទៀត ដោយ​លោកស្រី​មិនបាន​នៅឃើញ​ដោយផ្ទាល់​ភ្នែក​ខ្លួនឯងនោះទេ​ថា អ្វីដែល​លោកស្រី​បានរកឃើញ វាគឺ​ជា​មូលដ្ឋានគ្រឹះដ៏ចម្បងមួយ ដែលនាំ​ទៅដល់​ការ​វាស់​ចម្ងាយ​បាន​រាប់លានឆ្នាំពន្លឺ ហើយ​អាច​ឲ្យ​មនុស្ស​យើង​ពង្រីកព្រំដែន​នៃ​ការ​យល់ដឹង​ទៅលើ​ចក្រវាល​រហូតដល់​ទៅ​រាប់ពាន់លាន​ឆ្នាំ​ពន្លឺ។

ហិនរីយេតា លេវីត ដែលកាលពីពេលនោះ​រស់ គ្រាន់តែ​ជាអ្នកស្រាវជ្រាវ​​អនាមិកម្នាក់ គ្មាន​ កេរ្តិ៍ឈ្មោះ ហើយ​គ្មានទាំង​សិទ្ធិចុះផ្សាយស្នាដៃផ្ទាល់ខ្លួនឯងផងនោះ បច្ចុប្បន្ន​នេះ ត្រូវបានគេទទួលស្គាល់​ជាទូទៅ​ថា ជា​តារាវិទូ​ដ៏​ឆ្នើម​មួយរូប នៅក្នុង​ប្រវត្តិ​នៃ​តារាសាស្រ្ត​សម័យ​ទំនើប ហើយ​មាន​អ្នកខ្លះ​ថែមទាំងបាន​​ដាក់រហស្សនាម ហិនរីយេតា លេវីត ថាជា « ស្រ្តីដែលរកឃើញវិធីវាស់ទំហំចក្រវាល » !

 

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ