អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើការបាញ់បង្ហោះយានទៅកាន់ស្ថានីយ៍អវកាសមានដំណើរការយ៉ាងដូចម្តេច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី២៣មេសា​២០២១ អវកាសយានិកបារាំង តូម៉ា ប៉េស្កេ (Thomas Pesquet) រួមជាមួយ​អវកាស​យានិក​អាមេរិក​ពីររូប និង​អវកាសយានិក​ជប៉ុន​មួយរូប បាន​ធ្វើ​ដំណើរ​ទៅកាន់ស្ថានីយ៍អវកាស​អន្តរជាតិ នៅក្នុង​បេសកកម្ម​​រយៈពេល ៦ខែ។ បេសកកម្ម​នេះ​ត្រូវបាន​ធ្វើឡើង តាមរយៈ​យាន Crew Dragon និង​រ៉ុកកែតធុន Falcon 9 របស់ក្រុមហ៊ុន SpaceX។

ESA astronaut Thomas Pesquet OF France, NASA astronauts Shane Kimbrough and Megan McArthur, and JAXA astronaut Akihiko Hoshide of Japan await the launch of their NASA commercial crew mission to the International Space Station, within the Crew Dragon capsule of the SpaceX Falcon 9 rocket at Kennedy Space Center in Cape Canaveral, Florida, U.S., April 23, 2021 in a still image from video.
ESA astronaut Thomas Pesquet OF France, NASA astronauts Shane Kimbrough and Megan McArthur, and JAXA astronaut Akihiko Hoshide of Japan await the launch of their NASA commercial crew mission to the International Space Station, within the Crew Dragon capsule of the SpaceX Falcon 9 rocket at Kennedy Space Center in Cape Canaveral, Florida, U.S., April 23, 2021 in a still image from video. via REUTERS - NASA TV
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ដំណាក់កាល​សំខាន់ៗ នៃ​ការ​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ តាមរយៈយាន Crew Dragon ចាប់តាំង​ពី​ពេល​បាញ់បង្ហោះ​ចេញ​ពីដី រហូត​ទៅដល់​ការ​ភ្ជាប់ខ្លួន​ជាមួយ​នឹង​ស្ថានីយ៍អវកាស​អន្តរជាតិ។

យាន Crew Dragon ដែលផ្ទុក​អវកាសយានិក​ទាំង៤រូប នឹង​ត្រូវ​គេ​ដាក់ពីលើ​រ៉ុកកែត​ធុន Falcon 9 ហើយ​ត្រូវ​បាញ់បង្ហោះ​ចេញ​ពី​​មជ្ឈមណ្ឌល​អវកាស Cape Canaveral រដ្ឋផ្លរីដា​ សហរដ្ឋ​អាមេរិក។

នៅពេល​ហោះចេញ​ពីដី ពីដំបូង Falcon 9 ត្រូវហោះត្រង់ទៅលើ មុននឹង​បត់ក្បាល​ទៅ​ទិស​ខាងកើត ស្រប​ទៅតាមទិសនៃ​រង្វិលផែនដី (Gravity Turn)។

២នាទី​និង៣៦វិនាទី ក្រោយហោះចេញ​ពីដី កំណាត់ទី១ (First Stage) ដែលប្រើ​អស់ឥន្ធនៈ ត្រូវ​ពន្លត់​ម៉ូទ័រ បន្ទាប់មក​ផ្តាច់​ខ្លួនចេញ រួចហើយ​ហោះ​ទៅ​ចុះចត​នៅលើ​កប៉ាល់ ដែលរង់ចាំ នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិច។

នៅក្នុងពេល​ដែល​កំណាត់​ទី១​ហោះ​សំដៅទៅដីវិញនោះ កំណាត់​ទី២ (Second Stage) ចាប់បញ្ឆេះម៉ូទ័រ ដើម្បី​​បន្ត​ដំណើរ​ទៅមុខ រហូត​ចូល​ទៅ​ដល់​ក្នុង​គន្លងតារាវិថីជុំវិញ​ផែនដី ទើប​កំណាត់​ទី២​នេះ​ត្រូវ​ពន្លត់ម៉ូទ័រ និង​ផ្តាច់ខ្លួនចេញ ដោយទុកតែ​តួយាន Crew Dragon។

គិតមកត្រឹមដំណាក់កាលនេះ យាន Crew Dragon អាចស្ថិត​ក្នុង​គន្លងតារាវិថី​​ វិលជុំវិញ​ផែនដី​បាន​ដោយ​ខ្លួនឯង ដោយ​មិនត្រូវការ​​ជំនួយ​​ពី​កម្លាំង​ម៉ូទ័រ​​បន្ថែមទៀតនោះទេ។ ក៏ប៉ុន្តែ នៅពេលនោះ គន្លងតារាវិថី​​របស់ Crew Dragonនេះ វាស្ថិត​នៅ​ក្នុងរយៈកម្ពស់​ទាប​ជាង​គន្លង​តារាវិថី​របស់​ស្ថានីយ៍អវកាស​អន្តរជាតិ ដែល​ស្ថិត​នៅ​រហូតដល់​ទៅ​ជាង ៤០០គីឡូម៉ែត្រ​ពីដី។

ដូច្នេះ ដើម្បី​អាច​ទៅ​ដល់​ស្ថានីយ៍អវកាស​អន្តរជាតិ​បាន យាន Crew Dragon ត្រូវ​បង្កើន​​រយៈកម្ពស់​​ឲ្យ​ស្មើ​នឹង​​ស្ថានីយ៍អវកាស​អន្តរជាតិ ហើយ​ការ​បង្កើនរយៈកម្ពស់​នេះ​ត្រូវ​ធ្វើឡើង​ដោយ​ប្រើ​​ម៉ូទ័រ​​ ​ដែល​នៅ​ជាប់នឹង​តួយាន​ Crew Dragon ដោយផ្ទាល់។

ការធ្វើ​ដំណើរ​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ​នេះ​​​មិនមែន​​ជា​ការ​ហោះឡើង​ដោយ​ត្រង់​ទៅតែម្តងនោះដែរ គឺ​ត្រូវ​ធ្វើ​​ទៅតាម​យន្តការមួយ ដែលគេ​ឲ្យ​ឈ្មោះ​ ជា​ភាសា​អង់គ្លេស​ថា Orbit Transfer។​ នៅក្នុង​ដំណាក់កាល​នេះ យាន Crew Dragon ត្រូវ​បញ្ឆេះម៉ូទ័រ​ជាច្រើន​លើក ដើម្បី​បង្កើន​ល្បឿន​យាន ដោយ​ក្នុង​ការ​បង្កើន​ល្បឿន​មួយលើកៗ វាធ្វើ​ឲ្យ​រង្វង់​នៃ​គន្លង​តារាវិថី​​ត្រូវ​រីកកាន់តែធំ​ រហូត​អាច​ស្មើ​នឹង​រង្វង់​នៃ​គន្លង​តារាវិថី​របស់​ស្ថានីយ៍អវកាស​អន្តរជាតិ។

ប្រតិបត្តិការ​នេះ​ត្រូវ​ធ្វើឡើង​ទៅតាមពេលកំណត់​មួយ​ដ៏ជាក់លាក់​បំផុត ដើម្បី​ធានាថា យាន Crew Dragon មិនត្រឹមតែ​អាច​​ធ្វើ​ដំណើរ​ទៅដល់​គន្លង​តារាវិថី​ស្មើ​នឹង​គន្លង​របស់​​ស្ថានីយ៍អវកាស​អន្តរជាតិ​នោះទេ ក៏ប៉ុន្តែ​ជាងនេះ​ទៅទៀត គឺ​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ទៅដល់​ត្រូវ​ពេលគ្នា ហើយ​អាច​ហោះ​ជួបគ្នា​បាន នៅក្នុង​ដំណាក់កាល​ ដែល​គេ​ហៅថា Rendez-vous។

ដំណាក់កាល​បន្ទាប់ និង​ជា​ដំណាក់កាលចុងក្រោយ គឺ​យាន Crew Dragon ត្រូវ​ហោះទៅ​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​ស្ថានីយ៍អវកាស​អន្តរជាតិ នៅក្នុង​យន្តការ ដែលគេ​ឲ្យ​ឈ្មោះ​ថា « Docking » ដើម្បី​ផ្ទេរ​អវកាសយានិក​ចេញ​ពី​យាន ចូល​ទៅ​ក្នុង​ស្ថានីយ៍អវកាស​អន្តរជាតិ។

Crew Dragon ត្រូវ​ស្ថិតនៅ​ជាប់នឹង​ស្ថានីយ៍អវកាស​អន្តរជាតិ​នោះ រហូតទាល់តែ​ចប់​បេសកកម្ម​៦ខែ ទើប​ដឹកអវកាសយានិក​ទាំង៤រូបចេញ​ពី​ស្ថានីយ៍អវកាស​អន្តរជាតិ វិល​ត្រឡប់​មក​ចុះចត​លើ​ផែនដីវិញ។

 

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ