អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

វេរ៉ា រូប៊ីន៖ ស្រ្តីដែលរកឃើញភស្តុតាងនៃ « សារធាតុងងឹត »

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសប្តាហ៍នេះ សេង ឌីណា សូមលើកឡើង អំពីប្រវត្តិស្រ្តីអ្នកវិទ្យាសាស្រ្ត​ដ៏ឆ្នើម​មួយរូបទៀត គឺលោកស្រី វេរ៉ា រូប៊ីន (Vera Rubin) ដែលជាអ្នករកឃើញ​ភស្តុតាង​បញ្ជាក់​អំពី​វត្តមាន​នៃ « សារធាតុងងឹត » ឬ « Dark Matter »។

Vera Rubin
Vera Rubin © Smithsonian Institution
ផ្សាយពាណិជ្ជកម្ម

នៅក្នុងវិស័យតារាសាស្រ្តបច្ចុប្បន្ន​នេះ មាន​អាថ៌កំបាំង​ដ៏ធំមួយ ដែល​ជា​ចំណាប់អារម្មណ៍​ដ៏​ចម្បង​របស់​អ្នក​វិទ្យាសាស្រ្ត គឺ​​សារធាតុងងឹត ឬហៅតាមភាសា​អង់គ្លេស « Dark Matter »។ ជាសារធាតុ​ដែល​មិនបញ្ចេញពន្លឺ ហើយ​ក៏​គ្មាន​ប្រតិកម្ម​ជាមួយនឹងពន្លឺ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ឃើញ​បាន ហើយ​គិតរហូតមកទល់នឹង​ពេលនេះ គេនៅតែ​មិនទាន់ដឹង​នៅឡើយថា វា​គឺ​ជា​អ្វីពិតប្រាកដ។

ក៏ប៉ុន្តែ អ្វីដែល​គេ​អាច​ដឹងបាន​នោះ គឺ​វាជា​សារធាតុ​ដែល​មាន​ម៉ាស់ មាន​កម្លាំង​ទំនាញ ហើយ​វាមាន​វត្តមាន​នៅ​គ្រប់ទីកន្លែង នៅ​ពាសពេញ​ក្នុង​ចក្រវាល​ទាំងមូល ដោយ​វត្តមាន​របស់​វា​ត្រូវបាន​គេ​បញ្ជាក់​យ៉ាងច្បាស់​តាមរយៈ​ការ​សង្កេតជាក់ស្តែង ហើយ​អ្នក​ដែល​បានរកឃើញ​ភស្តុតាង​បញ្ជាក់អំពីវត្តមាន​នៃ​សារធាតុ​ងងឹត​នេះ គឺ​តារាវិទូ​អាមេរិក​មួយរូប​ឈ្មោះ​ថា វេរ៉ា រូប៊ីន។

តាមការពិត​ទៅ អាថ៌កំបាំង​ជុំវិញ​សារធាតុ​ងងឹត​​បាន​ចាប់ផ្តើម​ឡើង តាំងពី​មុន​វេរ៉ា រូប៊ីន​ទៅទៀត គឺ​​តាំង​ពី​អំឡុង​ចុងសតវត្សរ៍​ទី១៩ និង​ដើម​សតវត្សរ៍​ទី២០​មកម៉្លេះ ដោយ​នៅ​ពេលនោះ អ្នក​វិទ្យាសាស្រ្ត ចាប់ផ្តើម​ពី​ Lord Kelvin នៅអង់គ្លេស និង​ក្រោយ​មក​ទៀតលោក Henri Poincaré នៅបារាំង បាន​នាំគ្នា​សិក្សា​ទៅលើ​ចលនា​របស់​ផ្កាយ នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវេ ហើយ​បានសន្និដ្ឋាន​ថា បើ​គេ​រាប់តែ​ម៉ាស់​របស់​ផ្កាយ និង​គ្រប់​សារធាតុ​ផ្សេងទៀត​នៅ​ក្នុង​មីលគីវេ​នេះ គឺ​វា​មិន​អាច​មាន​កម្លាំង​ទំនាញ​គ្រប់គ្រាន់ ដើម្បី​អាច​ទាញ​ផ្កាយឲ្យ​នៅ​ផ្តុំ​គ្នា​ក្នុង​មីលគីវេ​នេះ​បាន​នោះទេ។ ដូច្នេះ គឺ​ប្រាកដ​ជា​មាន​សារធាតុ​អ្វីផ្សេងទៀត ដែល​យើង​មើល​មិនឃើញ សារធាតុ​ចម្លែក ដែល​អ្នកវិទ្យសាស្រ្ត​ស្វ៊ីស​ឈ្មោះ ហ្វ្រីត ស្វ៊ីគី (Fritz Zwicky) ដាក់ឈ្មោះ​ឲ្យ​​ថា « សារធាតុងងឹត » (Dark Matter)។

ក៏ប៉ុន្តែ គិតរហូតមកទល់នឹង​ពេលនោះ អ្វីៗ​គឺ​នៅត្រឹម​ជា​ទ្រឹស្តីតែ​ប៉ុណ្ណោះ ដោយ​នៅមិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់ ដើម្បី​ជា​ភស្តុតាង​បញ្ជាក់​ច្បាស់លាស់​នៅឡើយនោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ សារធាតុងងឹត​នេះ​ហាក់ត្រូវបានគេ​បំភ្លេច​ចោលទៅវិញ រហូតទាល់តែមកដល់​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ទើប​​​ភស្តុតាង​នៃ​វត្តមាន​សារធាតុ​ងងឹត​នេះ​ត្រូវ​បានរកឃើញ ដោយ​វេរ៉ា រូប៊ីន។

វេរ៉ា រូប៊ីន កើតនៅ​ឆ្នាំ១៩២៨ នៅរដ្ឋផិនស៊ីលវេញ៉ា (Pennsylvania) សហរដ្ឋ​អាមេរិក។ វេរ៉ា គឺ​ជា​ក្មេងស្រី​ដែលចាប់អារម្មណ៍​លើ​វិស័យ​តារាស្ត្រ​តាំង​ពី​ក្មេង ជាពិសេស ចូលចិត្ត​មើល​ផ្កាយ​តាមបង្អួច​ពីក្នុងបន្ទប់ ហើយ​នៅ​ក្នុង​វ័យ ១៤ឆ្នាំ វេរ៉ា និង​ឪពុក ដែល​ជា​វិស្វករអគ្គិសនី បាន​ច្នៃបង្កើត​តេឡេស្កុប​ខ្លួនឯង ដើម្បី​ឆ្លុះមើលផ្កាយ។

នៅក្នុងសម័យកាល​នោះ ឳកាស​សម្រាប់​ស្រ្តី ក្នុងការ​រៀន​ផ្នែក​តារាសាស្រ្ត​ដល់​កម្រិត​ឧត្តមសិក្សា គឺមិនសូវ​ជា​មាន​ច្រើន​ប៉ុន្មាន​នោះទេ ដោយ​សកលវិទ្យាល័យ​ភាគច្រើន​មិនទទួល​ឲ្យ​សិស្ស​ស្រី​ចូលរៀន។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា វេរ៉ា រូប៊ីន នៅតែ​តស៊ូ​​ព្យាយាម​ រហូត​រៀន​ចប់ថ្នាក់បណ្ឌិត​ផ្នែក​តារាសាស្រ្ត​ពី​សកលវិទ្យាល័យ​ដ៏ល្បីល្បាញមួយ​នៅ​អាមេរិក គឺ​សកលវិទ្យាល័យ​ចចថោន (Georgetown University)។

ចាប់តាំងពីពេល​កំពុង​រៀន​ តាំងពីថ្នាក់​បរិញ្ញាបត្រ រហូតដល់​ថ្នាក់​បណ្ឌិត និង​ពេល​រៀនចប់​ចេញ​ធ្វើការ​ជា​អ្នក​ស្រាវជ្រាវ វេរ៉ា រូប៊ីន មាន​ចំណាប់អារម្មណ៍​ទៅលើ​ប្រធានបទ​មួយ គឺ​សិក្សា​ទៅលើ​កាឡាក់ស៊ី ជាពិសេស គឺផ្តោត​ទៅលើ​​ទម្រង់ និង​ចលនា​រង្វិល​ជុំវិញខ្លួនឯង​របស់​កាឡាក់ស៊ី​នីមួយៗ។

នៅក្នុងការ​សង្កេតទៅលើ​​កាឡាក់ស៊ី​អង់ដ្រូម៉ែដ វេរ៉ា រូប៊ីន​បាន​កត់សម្គាល់ឃើញ​លក្ខណៈដ៏ចម្លែកមួយ គឺ​ជាយប៉ែកខាងក្រៅនៃ​កាឡាក់ស៊ី​មាន​ចលនា​ក្នុងល្បឿន​លឿន​ខ្លាំង ដែលផ្ទុយ​ស្រឡះ​ពី​ទ្រឹស្តីនៃ​កម្លាំងទំនាញសកល ដែលគេធ្លាប់ស្គាល់ចាប់តាំងពី​សម័យកាល​អ៊ីសាក់ញូតុន​រហូតមកទល់នឹង​សម័យកាល​អាល់ប៊ែរ អាញស្តាញ។

ដើម្បី​អាច​យល់​អំពី​ភាពចម្លែក​ដែល​វេរ៉ា រូប៊ីន បាន​កត់សម្គាល់នេះ គេគួរពិនិត្យមើល​ទៅលើ​ទំនាក់ទំនង រវាង​​ល្បឿន និង​កម្លាំងទំនាញ នៅក្នុង​យន្តការគន្លងតារាវិថី (Orbital Mechanics)។ តាមគោលការណ៍​នៃ​គន្លង​តារាវិថី​នេះ ដើម្បី​ឲ្យ​វត្ថុ​ពីរ ឬច្រើន​អាច​មាន​ចលនា​វិលជុំវិញគ្នា ក្នុង​គន្លង​មួយ​ដែល​មាន​ស្ថិរភាព​បាន គឺ​ចាំបាច់​ត្រូវតែ​មាន​តុល្យភាព រវាង​ល្បឿន និង​កម្លាំង​ទំនាញ។ បើ​សិន​ជា​ល្បឿន​យឺតពេក វា​នឹង​ត្រូវ​ខិតចូលគ្នា​រហូត​ត្រូវ​បុកទង្គិច និង​រលាយចូលគ្នា ហើយ​បើ​ល្បឿន​លឿនពេក វា​នឹង​ត្រូវ​មាន​ចលនា​ចេញឆ្ងាយ​ពី​គ្នាបន្តិចម្តងៗ… ចេញទៅ​​ជារៀងរហូត​ដោ​យ​មិន​ត្រឡប់។ គេដឹង​ផងដែរ​ថា កម្លាំងទំនាញ រវាង​វត្ថុពីរ គឺ​អាស្រ័យ​ទៅលើ​ចម្ងាយ និង​ម៉ាស់​សរុប​របស់​វត្ថុ​ទាំងនោះ។

ដើម្បីងាយយល់ត្រង់ចំណុចនេះ គេគួរពិនិត្យ​មើល​ទៅលើ​ករណី​ជាក់ស្តែង នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង ដែល​គេ​សង្កេតឃើញ​ថា ភពដែលស្ថិត​នៅ​កាន់តែជិត​ព្រះអាទិត្យមាន​ចលនា​ជុំវិញព្រះអាទិត្យ​ក្នុងល្បឿន​កាន់តែលឿន ចំណែក​ភពដែល​ស្ថិត​នៅ​កាន់តែ​ឆ្ងាយ​មាន​ល្បឿន​កាន់តែ​យឺត​… ភពពុធ ដែល​ស្ថិត​នៅ​ក្បែរព្រះអាទិត្យ​ជាងគេ ត្រូវ​មាន​ចលនា​ជុំវិញ​ព្រះអាទិត្យ​ក្នុងល្បឿន​រហូតដល់​ទៅ​ជាង ៤៧គីឡូម៉ែត្រ​ក្នុងមួយវិនាទី ចំណែក​ណិបទូនវិញ ដែល​ជា​ភព​ស្ថិត​នៅ​ឆ្ងាយ​ជាងគេ មាន​ចលនា​ក្នុងល្បឿន​​ត្រឹមតែ​ជាង ៥គីឡូម៉ែត្រ​ក្នុងមួយវិនាទី។

នេះ​គឺ​ដោយសារ​តែ​​​​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​របស់​ព្រះអាទិត្យ​ទៅលើ​ភព​ដែលនៅជុំវិញ​ត្រូវ​កំណត់​ដោយ​កត្តា​ពីរ គឺទីមួយ ​ម៉ាស់​របស់​ព្រះអាទិត្យ ដែល​ជា​ចំណុចកណ្តាល​នៃ​កម្លាំងទំនាញ និងទីពីរ ​ចម្ងាយ​​ពី​ព្រះអាទិត្យ​ទៅ​ភពនីមួយៗ។ ភពដែល​ស្ថិត​នៅកាន់តែក្បែរព្រះអាទិត្យ ត្រូវទទួល​ឥទ្ធិពល​កម្លាំងទំនាញ​​កាន់តែខ្លាំង ដូច្នេះ ត្រូវ​មាន​ចលនា​វិលជុំវិញ​ព្រះអាទិត្យ​ក្នុងល្បឿន​លឿន ទើប​អាច​ស្ថិត​នៅ​ក្នុង​គន្លងតារាវិថី​ស្ថិរភាព​មួយ​បាន។ ចំណែក​ភពដែល​ស្ថិត​នៅ​កាន់តែ​ឆ្ងាយ​ពីព្រះអាទិត្យ​ ទទួល​ឥទ្ធិពល​កម្លាំងទំនាញ​កាន់តែ​តិច ដូច្នេះ ត្រូវ​មាន​ចលនា​ក្នុងល្បឿន​ក៏​កាន់តែ​យឺត។

ក៏ប៉ុន្តែ អ្វីដែល​វេរ៉ា រូប៊ីន បាន​សង្កេតឃើញ​ទៅលើ​កាឡាក់ស៊ីអង់ដ្រូម៉ែដ គឺ​វា​ផ្ទុយពី​គោលការណ៍​នេះ​ទាំងស្រុង ដោយ​​អ្វីៗ​ដែល​ស្ថិត​នៅ​ជាយប៉ែក​​ខាងក្រៅ​​កាឡាក់ស៊ីមាន​ល្បឿន​ប្រហាក់ប្រហែល​នឹង​ប៉ែកខាងក្នុង​ក្បែរ​ចំណុចកណ្តាល​នៃ​កាឡាក់ស៊ី។

បើ​យើងប្រៀបធៀប​នឹង​ប្រព័ន្ធព្រះអាទិត្យ អ្វីដែល​វេរ៉ា រូប៊ីន​បាន​សង្កេតឃើញ​នោះ គឺប្រៀបដូចជា​ភពណិបទូន​មាន​ល្បឿន​ស្មើ​នឹង​ភពពុធ ដែល​​បើ​គិត​ទៅតាមម៉ាស់​របស់​ព្រះអាទិត្យ ល្បឿនលឿន​ស្មើ​នឹង​ភពពុធបែបនេះ ភពណិបទូន​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពីព្រះអាទិត្យ ​ប្រាកដ​ជា​នឹង​ត្រូវមាន​ចលនា​ចេញ​ទៅក្រៅ​ប្រព័ន្ធព្រះអាទិត្យ​ដោយ​គ្មាន​ថ្ងៃត្រឡប់។

ដើម្បី​ឲ្យ​ភពណិបទូន​អាចមាន​ចលនា​ក្នុងល្បឿន​លឿន​ស្មើ​នឹង​ភពពុធ ហើយ​អាច​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថីមួយ​ប្រកបដោយស្ថិរភាព​បាន គឺ​ចាំបាច់​ត្រូវតែមាន​កម្លាំងទំនាញ​អ្វីផ្សេង​បន្ថែម​ពីលើ​កម្លាំង​ទំនាញ​របស់​ព្រះអាទិត្យ ហើយ​ដើម្បី​អា​ចមាន​កម្លាំងទំនាញ​ឲ្យ​លើសពីនេះ គឺ​ចាំបាច់​ត្រូវបាន​តែ​មាន​សារធាតុអ្វីផ្សេង​ដែល​មាន​ម៉ាស់​បន្ថែម​ពីលើ​ម៉ាស់​របស់​ព្រះអាទិត្យ។

ទៅតាម​ឡូស៊ិច​នេះ​ហើយ ដែល​វេរ៉ា រូប៊ីន បាន​សន្និដ្ឋាន​ថា ការណ៍​ដែល​អ្វីៗ​នៅ​ប៉ែក​ខាង​ក្រៅ​កាឡាក់ស៊ី​អង់ដ្រូម៉ែដ​អាច​មាន​ចលនា​ក្នុងល្បឿន​យ៉ាងលឿន ក៏ប៉ុន្តែ​ នៅតែ​អា​ចស្ថិត​នៅ​ក្នុង​កាឡាក់ស៊ីបាន គឺ​ដោយសារ​តែ​មាន​សារធាតុ​អ្វីផ្សេង ក្រៅពី​សារធាតុ​ដែល​គេ​អាច​មើល​ឃើញ ហើយ វេរ៉ា រូប៊ីន ក៏​បាន​គណនា​រកឃើញផងដែរ​ថា សារធាតុ​ចម្លែក​នេះ​មាន​ម៉ាស់​​រហូតដល់​ទៅ​​ជាង ៨០%​ ឯណោះ​នៃ​ម៉ាស់​សរុប​របស់​កាឡាក់ស៊ី​ទាំងមូល។

បន្ថែម​ពីលើ​នេះ​ទៅទៀត តាមរយៈ​ការ​សង្កេត​លម្អិត​បន្ថែម​ក្រោយៗមកទៀត វេរ៉ា រូប៊ីន បានរកឃើញ​ថា សារធាតុ​ចម្លែកនេះ​មិនមែន​មាន​តែ​នៅ​ក្នុង​កាឡាក់ស៊ី​អង់ដ្រូម៉ែដ​មួយ​នោះទេ ក៏ប៉ុន្តែ ​មាន​នៅ​ក្នុង​កាឡាក់ស៊ី​ជាច្រើន​ផ្សេងទៀត ពោលគឺ​វា​ជា​សារធាតុ​ដែល​មាន​ជាទូទៅ នៅ​ពាសពេញ​ក្នុងចក្រវាល​របស់​យើង​ទាំងមូល។

អ្វីដែល​វេរ៉ា រូប៊ីន រកឃើញ​នៅពេលនោះ គឺ​ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​វត្តមាន​នៃ​សារធាតុ​ងងឹត (Dark Matter) ហើយ​អ្វីដែល​ធ្លាប់​បាន​លើកឡើង​ត្រឹម​ជា​ទ្រឹស្តី ដោយហ្វ្រីត ស្វ៊ីគី (Fritz Zwicky) ក៏ប៉ុន្តែ ត្រូវបាន​គេ​បដិសេធ​ចោល កាល​ពី​ឆ្នាំ១៩៣៣ ក៏​បាន​ក្លាយ​ជា​តថភាព​វិទ្យាសាស្រ្ត​មួយ ដែលត្រូវបាន​គេ​ទទួលស្គាល់​ជាទូទៅ​រហូតមកទល់នឹង​សព្វថ្ងៃ។

វេរ៉ា រូប៊ីន បាន​ទទួល​មរណភាព កាល​ពី​ឆ្នាំ២០១៦​កន្លងទៅ ក្នុងវ័យ ៨៨ឆ្នាំ ហើយ​បើទោះបីជា​ស្នាដៃ​របស់​លោកស្រី ត្រូវបាន​គណៈកម្មការ​ណូបែល​​​មើល​រំលងពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ ក៏ប៉ុន្តែ វេរ៉ា រូប៊ីន ត្រូវបាន​គេ​ទទួលស្គាល់​ជាទូទៅ​ថា​ជា​អ្នក​វិទ្យាសាស្រ្ត​ដ៏​ឆ្នើម​មួយរូប ហើយ​ឈ្មោះ « វេរ៉ា រូប៊ីន » ត្រូវបាន​គេ​យក​ទៅ​ដាក់​ឲ្យ​តេឡេស្កុប​ដ៏ទំនើបមួយ ដែល​អាមេរិក​កំពុង​សាងសង់​នៅលើ​ទឹកដី​ស្ហ៊ីលី។ ចំណែក​បំណែក​អាចម៍ផ្កាយ​មួយ ដែល​គេ​រកឃើញ កាល​ពីឆ្នាំ១៩៨៨ ព្រមទាំង​ជួរភ្នំមួយ​នៅលើ​ភពអង្គារ ដែល​ជាទីតាំង​សិក្សា​របស់​យាន​ Curiosity ក៏​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​តាម វេរ៉ា រូប៊ីន ផងដែរ៕

 

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ