អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើស្ថានីយ៍អវកាសចិននឹង​មានទម្រង់បែបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល២ទសវត្សរ៍កន្លងទៅនេះ​ ស្ថានីយ៍អវកាស​អន្តរជាតិ គឺ​ជា​កន្លែង​តែមួយគត់ ដែលអនុញ្ញាត​ឲ្យ​មនុស្ស​​​យើងមាន​វត្តមានជាអចិន្រ្តៃយ៍​នៅ​ក្នុង​ទីអវកាស ហើយ​ស្ថានីយ៍អវកាស​អន្តរជាតិ​នេះ ដែល​ជា​កិច្ចសហប្រតិបត្តិការ​ចម្រុះជាតិ ​រវាង​ប្រទេស​ចំនួន ១៥ ក្នុងនោះ រួមមាន​ទាំង សហរដ្ឋ​អាមេរិក រុស្ស៊ី ជប៉ុន កាណាដា និង​ប្រទេស​ចំនួន ១១ នៅ​ក្នុង​តំបន់​អឺរ៉ុប ​មានប្រទេស​ដ៏សំខាន់មួយ ដែលត្រូវបានគេ​ផាត់ចេញ គឺ​ប្រទេស​ចិន។ ក៏ប៉ុន្តែ នៅពេលនេះ ចិនកំពុងរៀបចំ​ដំឡើង​ស្ថានីយ៍អវកាស​មួយផ្ទាល់ខ្លួនឯង។

រូបតំណាង​បង្ហាញ​ពី​ស្ថានីយ៍អវកាស​ចិន នៅក្រោយ​ពេល​ដំឡើង​ចប់ជាស្ថាពរ
រូបតំណាង​បង្ហាញ​ពី​ស្ថានីយ៍អវកាស​ចិន នៅក្រោយ​ពេល​ដំឡើង​ចប់ជាស្ថាពរ © CCTV via Reuters
ផ្សាយពាណិជ្ជកម្ម

ផ្នែកទីមួយ​នៃស្ថានីយ៍អវកាស​ចិន​​ត្រូវបាន​គេ​បាញ់បង្ហោះ កាល​ពីថ្ងៃទី២៩ ខែមេសា​កន្លងទៅ ដោយផ្ទុកពីលើ​រ៉ុកកែត​ឆាងចឹង ដែលគេស្គាល់ជាទូទៅ​តាម​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Long March 5B បាញ់បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌលអវកាស​​វិនឆាង លើកោះហៃណាន​ប្រទេស​ចិន។

ផ្នែកដំបូង​នៃ​ស្ថានីយ៍អវកាស​ចិន​នេះ មានឈ្មោះ​ថា « ធានហឺ » (Tianhe) មានទទឹង ៤ម៉ែត្រ និង​បណ្តោយ ១៦ម៉ែត្រ គឺ​ជា​ម៉ូឌុលមេ (Core Module) ដែល​មាន​កន្លែង​សម្រាប់​ទទួល​​អវកាសយានិក​ឲ្យ​​ស្នាក់នៅ​ចំនួន​ ៣នាក់ មានប្រព័ន្ធបញ្ជា ប្រព័ន្ធផ្គត់ផ្គង់ថាមពល និងប្រព័ន្ធទ្រទ្រង់ជីវិត។

បន្ថែម​ពីលើ​នេះ ម៉ូឌុលធានហឺមាន​​កន្លែងសម្រាប់​តភ្ជាប់​ជាមួយយាន​ផ្សេង ដែល​ហៅ​តាម​ភាសា​​អង់គ្លេសថា Docking Port ចំនួន ៥ កន្លែង គឺ ៤ នៅខាងមុខ និង​១​នៅ​ខាងក្រោយ។ គឺ​នៅ Docking Port ខាងក្រោយ​នេះហើយ ដែល​ជា​កន្លែង​សម្រាប់​តភ្ជាប់​ជាមួយនឹង​យាន​ដឹកសម្ភារៈ គឺយានឈ្មោះ « ធានចូវ » (Tianzhou) ដែល​ចិនគ្រោង​បាញ់បង្ហោះ នៅ​ថ្ងៃទី២០ឧសភា​ខាងមុខ។

​បន្ថែម​ពីលើ​ម៉ូឌុលធានហឺ​នេះ ចិនគ្រោង​​បញ្ជូន​ម៉ូឌុល​ចំនួនពីរ​ទៅបន្ថែម​ទៀត សម្រាប់​ប្រើ​ជា​មន្ទីរពិសោធន៍។ ម៉ូឌុលទីមួយ ឈ្មោះ « វឹនធាន » (Wentian) គ្រោងបាញ់បង្ហោះ​នៅក្នុងចន្លោះខែឧសភា​និង​មិថុនា​ឆ្នាំ២០២២ ដោយ​ត្រូវ​ទៅ​​​តភ្ជាប់​ជាមួយនឹង Docking Port ខាងមុខប៉ែកខាងឆ្វេងម៉ូឌុលធានហឺ ចំណែក​ម៉ូឌុលទីពីរ ឈ្មោះ « មឹងធាន » (Mengtian) ត្រូវ​បាញ់បង្ហោះ​នៅក្នុងចន្លោះ​ខែសីហា​និង​កញ្ញា​ឆ្នាំ២០២២ ហើយ​ត្រូវ​តភ្ជាប់​ នៅប៉ែក​ខាងស្តាំ។

គិតជាសរុប ស្ថានីយ៍អវកាស​ចិន ដែលមាន​ឈ្មោះ​រួម​ថា « ធានគុង » (Tiangong)  ​នឹង​ត្រូវមាន៣ផ្នែក (ឬ៣ម៉ូឌុល) គឺ ម៉ូឌុលមេធានហឺ​នៅ​ចំកណ្តាល ម៉ូឌុលវឹនធាន​ និង​ម៉ូឌុលមឹងធាន​ជាមន្ទីរពិសោធន៍​ស្ថិត​នៅ​ខាងឆ្វេង និង​ខាងស្តាំ ចេញ​ជា​រាង​អក្សរ « T » ហើយ​​បន្ថែម​ពីលើនេះ​ទៅទៀត Docking Port នៅប៉ែកខាងក្រោយ ទុកជាកន្លែងសម្រាប់​ទទួល​យាន​ដឹកសម្ភារៈ (យានធានចូវ) ចំណែក​ Docking Port នៅប៉ែកខាងមុខ ទុក​ទទួលយាន​ដឹកអវកាសយានិក (យានស្ហឹនចូវ)។

ជារួមទៅ គេអាច​សង្កេតឃើញ​ថា ស្ថានីយ៍អវកាស​ចិន​នេះ នៅក្រោយពេល​ដំឡើង​ចប់សព្វគ្រប់ នឹង​ត្រូវ​មាន​រូបរាង និង​រចនាសម្ព័ន្ធ​ស្រដៀងគ្នាច្រើន​ទៅនឹង​ស្ថានីយ៍អវកាស​មៀរ (MIR) ​របស់​រុស្ស៊ី ដែល​ធ្លាប់ត្រូវបាន​គេដាក់​ឲ្យ​ដំណើរការ​ក្នុង​គន្លងតារាវិថី​ជុំវិញផែនដី នៅក្នុងចន្លោះ​ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០០១​កន្លងទៅ៕

 

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ