អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ចិនចុះចតយានលើភពអង្គារដោយជោគជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី១៥ ឧសភា ២០២១ កម្មវិធីអកាសចិន​បាន​បោះជំហាន​ជាប្រវត្តិសាស្រ្តមួយ ដែល​អាច​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​នៃ​ការ​ប្រជែង​អវកាស​ក្នុងសម័យ​ថ្មី គឺ​ចិន​ទទួលជោគជ័យ​ក្នុងការ​ចុះចត​យាន​ប្រភេទរ៉ូវ័រ នៅលើ​ដីភពអង្គារ។

Artist impression of Chinese rover "Zhurong" on Mars
Artist impression of Chinese rover "Zhurong" on Mars © CCTV via AP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​គម្រោង​ធានវិននេះ ដែលជាបេសកកម្ម​លើកដំបូង​បង្អស់​របស់​ចិន​ទៅកាន់​ភពអង្គារ ចិនបញ្ជូន​យាន​ទាំង៣ប្រភេទ នៅ​ក្នុងបេសកកម្ម​​តែមួយ គឺ​​មាន​ទាំង Orbiter សម្រាប់​ហោះ​​​ក្នុង​គន្លង​តារាវិថី​, Lander សម្រាប់​ចុះចត​ និង Rover សម្រាប់​ផ្លាស់ទី​នៅលើដីភពអង្គារ។

ធានវិន​ត្រូវបានទីភ្នាក់ងារ​អវកាស​ចិន (CNSA) បាញ់បង្ហោះ​ កាល​ពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២០ ដោយផ្ទុកពីលើ​រ៉ុកកែត​ឆាងចឹង ដែលគេស្គាល់ជាទូទៅ​តាម​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Long March 5 បាញ់បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌលអវកាស​​វិនឆាង លើកោះហៃណាន​ប្រទេស​ចិន។

ក្រោយពីធ្វើ​ដំណើ​រ​អស់រយៈពេល​ជិត ៧ខែ ធានវិន​បាន​ទៅដល់​ភពអង្គារ នៅថ្ងៃទី១០​កុម្ភៈ​ឆ្នាំ២០២១ ហើយ​ពេលទៅដល់​ក្បែរភពអង្គារ យានធានវិន​​បាន​បញ្ឆេះម៉ូទ័រ ទៅតាមយន្តការ​ដែលគេ​ឲ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា « Orbit insertion maneuver » ​​​ដើម្បីបន្ថយល្បឿន​ឲ្យ​យឺតល្មម​អាច​ឲ្យ​កម្លាំងទំនាញ​ភពអង្គារ​ទាញចូល​ទៅ​ក្នុង​គន្លងតារាវិថី។

ក្រោយពីបាន​​​​​ចំណាយពេល​ជាង​៣ខែ ​ប្រមូលទិន្នន័យនៅ​ក្នុង​គន្លងតារាវិថី ជាពិសេស​​ថតរូបភាព​លម្អិត​អំពី​សណ្ឋានដីភពអង្គារ នៅត្រង់​ទៅតាំង​ដែល​ត្រូវ​ចុះចត​រ៉ូវ័រ ធានវិន​ត្រូវផ្តាច់ខ្លួន​ជាពីរ គឺ Orbiter បន្ត​ស្ថិត​នៅ​ក្នុង​គន្លងតារាវិថី ចំណែក Lander ដែល​មាន​ផ្ទុក​រ៉ូវ័រ​នៅលើ​នោះផង ត្រូវ​ចេញ​ពី​គន្លង​តារាវិថី ដើម្បី​សំដៅ​ទៅចុះចត​លើ​ដីភពអង្គារ។

ក្រោយ​ពី​ឆ្លងកាត់​ដំណាក់កាល​ដ៏សែនស្មុគស្មាញ ដែល​ក្រុមអ្នកវិទ្យាសាស្រ្ត​របស់​ណាសា តែងតែ​នាំគ្នាហៅថា “Seven Minutes of Terror” រ៉ូវ័រ​របស់​ចិន ដែល​មានឈ្មោះ​ថា « ជូរ៉ុង » (Zhurong) បាន​ចុះចត​ដោយជោគជ័យ​លើដីភពអង្គារ។ ​៤ថ្ងៃក្រោយ​ចុះចត រូបថត​ដំបូង​បង្អស់​ដែល​យាន ជូរ៉ុង​ ថត​នៅលើ​ដីភពអង្គារ ត្រូវ​បាន​ទីភ្នាក់ងារ​អវកាស​ចិន​ចេញផ្សាយ​ នៅថ្ងៃទី១៩​ឧសភា។

តាមគម្រោង យាន​ជូរ៉ុង ត្រូវ​បាន​សាងសង់ឡើង​ឲ្យ​​​​អាច​មាន​ដំណើរការ​លើ​ដីភពអង្គារ​រយៈពេល ៩០ថ្ងៃ ដើម្បី​សិក្សាលម្អិត​អំពី​ធាតុផ្សំ និង​សណ្ឋានដី​របស់​ភពអង្គារ ក្នុងពេល​ដែល Orbiter ​ដែល​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី បន្ត​ប្រមូលទិន្នន័យ​ពី​ក្នុង​គន្លងតារាវិថី​ដើម្បីបន្ត​សិក្សា​ទៅលើ​ភពអង្គារ​នោះ​ផង ហើយ​ក៏​នឹង​ដើរតួផងដែរ​ជា​ផ្កាយ​រណប ដើម្បី​ភ្ជាប់​ទំនាក់ទំនង រវាង​យាន​ជូរ៉ុង និង​ភពផែនដី៕

 

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ